ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា សហរដ្ឋអាមេរិកកំពុងជួបការប្រឈមធ្ងន់ធ្ងរជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ប្រទេសប្រជាធិបតេយ្យនានាមានកម្លាំងកាន់តែខ្លាំង ហើយរបបផ្តាច់ការមានភាពកាន់តែទន់ខ្សោយជាងមុន។
ក្នុងការគូសបញ្ជាក់ពីសមិទ្ធផលនៃគោលនយោបាយការបរទេសនិងការប្រឈមរបស់លោក នៅក្នុងសុន្ទរកថាស្តីពីស្ថានភាពប្រទេសអាមេរិក ដែលលោកបានថ្លែងកាលពីយប់ថ្ងៃអង្គារម្សិលមិញទៅកាន់សភាអាមេរិកនោះ លោកប្រធានាធិបតីអាមេរិក បានថ្លែងសង្កត់ធ្ងន់ដោយភាពសុទិដ្ឋិនិយមនិងម៉ឺងម៉ាត់ ដោយផ្តោតសុន្ទរកថារបស់លោកលើគណបក្សកុម្មុយនីស្តចិននិងមេដឹកនាំរុស្ស៊ី លោក Vladimir Putin។
ប៉ុន្មានថ្ងៃបន្ទាប់ពីបាឡុងស៊ើបការណ៍សម្ងាត់របស់ចិន បានហោះមកលើដែនអាកាសអាមេរិក ដែលធ្វើឱ្យមានការលុបចោលនូវដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសចិននោះ លោក Biden បានលើកឡើងពីការមើលឃើញនូវទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទសចិននាពេលបច្ចុប្បន្ននេះ។
លោកប្រធានាធិបតីនិយាយថា លោកនៅតែបើកចំហរក្នុងការធ្វើការជាមួយប្រទេសចិន ដែលអាចលើកកម្ពស់ដល់ផលប្រយោជន៍របស់អាមេរិក និងផ្តល់ផលល្អដល់ពិភពលោកទាំងមូល។
លោកបន្ថែមទៀតថា «ប៉ុន្តែសូមកុំយល់ច្រឡំលើរឿងនេះ។ ដូចយើងបាននិយាយយ៉ាងច្បាស់កាលពីសប្តាហ៍មុនរួចហើយ ប្រសិនបើចិនគំរាមកំហែងលើបូរណភាពទឹកដីរបស់យើងនោះ យើងនឹងចាត់ការដើម្បីការពារប្រទេសយើង ហើយយើងបានធ្វើវារួចហើយ»ក្នុងរឿងនេះ។
សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនបានរិះគន់លោក Biden ថាមិនបានបញ្ជាឱ្យបាញ់ទម្លាក់បាឡុងរបស់ចិននោះឱ្យបានលឿងជាងនេះបន្តិច ដោយទុកឱ្យវាហោះលើដែនអាកាសអាមេរិកអស់មួយរយៈពេល។
សហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានសន្និដ្ឋានថា បាឡុងដែលគេសង្ស័យថាជាបាឡុងចារកម្មរបស់ចិនគឺជាផ្នែកមួយនៃកម្មវិធីតាមដានដ៏ទូលំទូលាយមួយដែលធ្វើប្រតិបត្តិការដោយយោធាចិន។
ការភ្ជាប់ទំនាក់ទំនងបាឡុងនេះទៅនឹងយោធាចិនត្រូវបានរាយការណ៍ដំបូងកាលពីថ្ងៃអង្គារដោយកាសែត The Washington Post និងក្រោយមកទូរទស្សន៍ CNN ក៏បានបញ្ជាក់អះអាងអំពីរឿងនេះផងដែរ។
បាឡុងនេះគឺជាផ្នែកមួយនៃកងយានអាកាសគ្មានអ្នកបើកបរដែលត្រូវបានធ្វើប្រតិបត្តិការមួយផ្នែកចេញពីខេត្ត Hainan នៅភាគខាងត្បូងប្រទេសចិន។
កាសែត The Washington Post បានដកស្រង់សម្ដីរបស់មន្ត្រីសហរដ្ឋអាមេរិកមួយចំនួនដែលមិនបញ្ចេញឈ្មោះដែលបាននិយាយថា កម្មវិធីនេះបានធ្វើបេសកកម្មតាមដាននៅក្នុងប្រទេសនិងតំបន់នានាដែលមានប្រយោជន៍លេចឡើងផ្នែកយុទ្ធសាស្ត្រដូចជាប្រទេសជប៉ុន ឥណ្ឌា វៀតណាម ហ្វីលីពីន និងកោះតៃវ៉ាន់ជាដើម។
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Wendy Sherman បានជូនដំណឹងអំពីរឿងនេះដល់មន្ត្រីការទូតបរទេសប្រហែល ១៥០ នាក់មកពីស្ថានទូតចំនួន ៤០ អំពីកម្មវិធីតាមដានរបស់យោធាចិននេះ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Reuters។