ស្ថិតក្រោមម្លប់ដើមឈើយ៉ាងត្រឈឹងត្រឈៃក្នុងបរិវេណដ៏ចំណាស់នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សារឿន សុធារដ្ឋ កំពុងអង្គុយ សញ្ជប់សញ្ជឹង ស្វះស្វែងរកភាពច្នៃប្រឌិត សម្រាប់ធ្វើកិច្ចការសាលារបស់ខ្លួន។
សុធារដ្ឋ គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សរាប់ពាន់នាក់ដែលពុំទទួលបានជោគជ័យក្នុងការប្រឡងលើកទី១នៃសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបទេ បន្ទាប់ពីក្រសួងបានអនុវត្តការរឹតបន្តឹងនានារួមទាំងលុបបំបាត់ការលួចចម្លងជាដើម។
ក្នុងឆ្នាំដំបូងដែលមានកំណែទម្រង់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិត្រូវបានចាប់ផ្តើមអនុវត្តដោយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំមានអត្រាសិស្សប្រឡងធ្លាក់រហូតដល់៧០ភាគរយនៃចំនួនសរុបនៃសិស្សថ្នាក់ទី១២ទាំងអស់។ មុនមានកំណែទម្រង់នេះ សិស្សស្ទើរតែទាំងអស់ អាចលួចចម្លង សូកសំណូកមេប្រយោគជាដើម ដែលមានសិស្សពីឆ្នាំកន្លងៗទៅបានធ្វើដើម្បីជាប់សញ្ញាប័ត្រនេះ។
លោក ហង់ ជួន ណារ៉ុន បានអះអាងថា «អ្នកចេះ ទើបជាប់»។ ក្នុងឆ្នាំដដែលនោះក្រសួងបានបង្កើតការប្រឡងលើកទីពីរដើម្បីផ្តល់ឱកាសដល់សិស្សដែលប្រឡងធ្លាក់។
សុធារដ្ឋនិយាយថា៖ «ពេលហ្នុងខ្ញុំគិតថាគេនិយាយចោល។ គេធ្វើអីចឹងល្អតែគ្រាន់វារាងលឿនពេក។ អត់មានអ្នកណាគេគិតថា វាអីចឹងពេក ពេលខ្ញុំធ្លាក់ភ្លាម ខ្ញុំដូចស្តាយ ស្តាយក្រោយអីចឹង។ ពីព្រោះខ្ញុំរំពឹងខ្ញុំជាប់ ដល់ពេលចេញលទ្ធផលមកខ្ញុំធ្លាក់។ របៀបថាខ្ញុំក៏ជាសិស្សពូកែដែរ»។
យើងមើលឃើញថា លទ្ធផលនៃការប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិមានការកើនឡើងជាបន្តបន្ទាប់ ក្រោយពីមានកំណែទម្រង់អស់រយៈកាលកន្លងទៅ។ ការអនុវត្តរបស់ លោក ហង់ ជួន ណារ៉ុន មើលទៅហាក់ដូចជាទទួលបានជោគជ័យ គឺនៅឆ្នាំចុងក្រោយនេះ អត្រាសិស្សជាប់សឹងតែពីរភាគបីនៃបេក្ខជនទាំងអស់។
បើទោះបីជាមានមតិវិជ្ជមានពីក្រសួងក៏ដោយ លោក រ៉ុង ឈុន ដែលសព្វថ្ងៃនេះជា ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានឱ្យដឹងថា ការរឹតបន្តឹងការប្រឡងមិនអាចឆ្លុះបង្ហាញពីគុណភាពវិស័យអប់រំបាននោះទេ។
លោកបន្តថា៖ «សិស្សានុសិស្សឥឡូវហ្នឹងឱ្យតែថា គេមិនឱ្យមើលប៉្រុយយុង[សំណើឯកសារ]មិនឱ្យចម្លងគ្នាថាការរឹតបន្តឹង»។
លោកបានពន្យល់លម្អិតបន្ថែមទៀតថា៖ «ប៉ុន្តែដូចកាលសម័យខ្ញុំអីចឹងការប្រឡងតឹងធូរគេសំដៅទៅលើប្រធានវិញ្ញាសាតែវិញ្ញាសាឥឡូវហ្នឹងគេងាយឱ្យសិស្សជាប់។ ពីព្រោះគណិតវិទ្យាក្តី វាមិនមែនប្រធានដែលប្រទាក់ក្រឡាគ្នា។ ប្រធានភាគច្រើនដាច់ៗពីគ្នា»។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡានិយាយថា៖ «ប្រជាជនកម្ពុជាគួរផ្តោតលើចំណុចវិជ្ជមាននៃកំណែទម្រង់នេះ។ ការណ៍ដែលមានចំនួនសិស្សជាប់ពិន្ទុខ្ពស់ៗកាន់តែច្រើនឡើងៗជាងឆ្នាំមុនៗ បានឆ្លុះបញ្ចាំងពី «ការកើនឡើងនៃ គុណភាពវិស័យអប់រំ ដូចជាការរៀន និងការបង្រៀន»។
មុនការដាក់ចេញកំណែទម្រង់ថ្មីនេះ មានសិស្សតែមួយចំនួនតូចប៉ុណ្ណោះដែលទទួលបាននិទ្ទេស A ហើយសិស្សនិទ្ទេស A ទាំងតែងតែត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់រង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ។ នាពេលថ្មីនេះអ្នកដែលប្រឡងជាប់និទ្ទេស A បានកើនឡើងយ៉ាងច្រើន ហើយកាលពីសម័យប្រឡងបាក់ឌុបឆ្នាំ២០១៧ចំនួនសិស្សនិទ្ទេស A សរុបមានដល់៤០០នាក់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបានអះអាងថា ខ្លួនមិនបានបន្ធូរបន្ថយប្រធានវិញ្ញាសាប្រឡងដើម្បីធ្វើឱ្យសិស្សងាយស្រួលក្នុងការប្រឡងជាប់នោះទេ។
លោករដ្ឋមន្ត្រីបាននិយាយថា៖«ដើម្បីធានាបាននៅការប្រឡងមួយដែលមានគុណភាពខ្ពស់ យើងបានរៀបចំជាស្តង់ដាប្រធានវិញ្ញាសា»។
លោករដ្ឋមន្ត្រីបានបន្តថា៖ «ហើយស្តង់ដាប្រធានវិញ្ញាសានេះគឺទៅតាមគេហៅថាកម្រិតនៃការគិត កម្រិតនៃចំណេះដឹង មានន័យថា តើប្រធានវិញ្ញាសាអីដែលទាមទារត្រឹមតែការចងចាំទន្ទេញចាំមាត់ ប្រធានវិញ្ញាសាអីគឺត្រូវទាមទារមិនត្រឹមទន្ទេញចាំមាត់ទេ ប៉ុន្តែត្រូវយល់។ ប្រធានវិញ្ញាសាអីមិនត្រឹមតែយល់ទេ គឺត្រូវចេះអនុវត្តបន្ថែមទៀត ចេះវិភាគ ចេះបង្កើតថ្មី ទៅតាមកម្រិតនៃចំណេះដឹងនៃប្រធានវិញ្ញាសានោះ។ ដូច្នេះគឺយើងរៀបចំយ៉ាងហ្មត់ចត់នូវប្រធានវិញ្ញាសាដើម្បីបង្ហាញឱ្យឃើញថាយើងមិនបន្ធូរទេនៅប្រធានវិញ្ញាសានោះទេ»។
ឈរ រតនៈទេពី សព្វថ្ងៃជានិស្សិតទើបតែបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានសរសេរប្រាប់ VOA ពីបទពិសោធន៍ផ្ទាល់ខ្លួនកាលពីសម័យកំណែទម្រង់ដំបូង តាមសារអេឡិចត្រូនិកថា៖
«កាលពីឆ្នាំ២០១៤ វិញ្ញាសាប្រឡងមានដូចជាការចងចាំដែលផ្អែកលើការគិត។ ប៉ុន្តែប្រធានវិញ្ញាសានៅខ្វះកម្រិតស្តង់ដារួមមួយត្រង់ថា គ្រូនីមួយៗតែងមានរបៀបប្រើពាក្យឬ ការតាក់តែងពាក្យលំហាត់ផ្សេងៗពីគ្នាហើយកត្តានេះអាចប៉ះពាល់ដល់ការយល់ដឹងរបស់សិស្សចំពោះលំហាត់តែមួយ»។
នាងបន្តថា៖ «ជាបន្ថែមខ្ញុំគិតថា ប្រធានវិញ្ញាសាប្រឡងគួររួមបញ្ចូលបន្តិចម្តងៗនូវការគិតបែបស៊ីជម្រៅក្នុងគោលបំណងបង្កើនឲ្យបានកាន់តែច្រើននូវការបំប៉នដល់ការអប់រំនិងចំណេះដឹងរបស់សិស្ស។ ប៉ុន្តែខ្ញុំនៅតែគិតថារាល់ប្រធានវិញ្ញាសាប្រឡងទាំងអស់គួរតែអាចឲ្យសិស្សគិតទៅរកចំណេះដឹងដែលខ្លួនធ្លាប់បានរៀនក្នុងថ្នាក់»។
បើយោងតាម សៀ វុត្ថា ដែលបច្ចុប្បន្នជាសិស្សឆ្នាំទីបួនផ្នែកភាសាអង់គ្លេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឱ្យដឹងថា វិធីសាស្ត្រកំណែទម្រង់នេះមានលក្ខណៈលឿនពេក។
គាត់និយាយថា៖ «ចង់និយាយថា បើគាត់ដូរ គាត់ដូរពីក្រោមមក។ បើនៅពេលហ្នឹង វារាង៩០ដឺក្រេពេកពីព្រោះអី ចង់និយាយថា គាត់អត់ព្រមកែ curriculum [កម្មវិធីសិក្សា] សិន ហើយចាំកែការប្រឡងហ្នឹងក្រោយ។ តែនេះគាត់កែប្រឡងហ្នឹងហ្មង អីចឹងវាអត់សូវស្តង់ដារ»។
កត្តាមួយដែលជំរុញឱ្យមានការសូកប៉ាន់ និងការលួចបន្លំនាសម័យមុនៗគឺអាច មកពីគ្រូបង្រៀនពុំទទួលបានប្រាក់បៀវត្សគ្រប់គ្រាន់។ គឺគ្រូត្រូវបង្ខំបើកថ្នាក់បង្រៀនគួរ ហើយផ្តល់ចម្លើយមុនពេលប្រឡងក្នុងថ្នាក់ដើម្បីរកលុយផ្គត់ផ្គង់គ្រួសារ។
ដោយហេតុថា គ្រូបង្រៀនទទួលបានកម្រៃតិចពេកពីប្រាក់បៀវត្សខ្លួន ពួកគេពុំគិតថាអាជីពខ្លួនត្រូវបានគេផ្តល់សិទ្ធិអាទិភាពនោះទេ ហើយប្រាក់ខែរបស់គ្រូពុំអាចទប់ទល់នឹងការកើនឡើងនៃអតិផរណាបានទេ។
លោក រ៉ុង ឈុន ក៏មានប្រសាសន៍បន្ថែមថា៖ «ប្រាក់ខែរបស់គាត់ហ្នឹងវាតិចតួច ដូចឥឡូវហ្នឹង ក្រសួងអប់រំនិងរដ្ឋាភិបាលគេថា គ្រូបង្រៀនឥឡូវប្រាក់ខែជាង៣០០ជាមធ្យម។ រឿងអីដែលនៅធ្វើអីចឹងទៀត តែគុយទាវមួយចានប៉ុន្មាន? យើងត្រូវមើលអាហ្នឹង។ ជាង៣០០ ទឹកសុទ្ធមួយដបប៉ុន្មាន សាំងមួយលីត្រប៉ុន្មាន។ អីចឹងបានគេប្រើពាក្យមួយថា គ្រូបង្រៀននៅតែប្រាក់ខែជាងមួយជីរហូត»។
បើយោងតាមរបាយការណ៍ឆ្នាំ២០១៨ របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានឈ្មោះថា «Growing Smarter Learning and Equitable Development in East Asia and Pacific» គ្រូបង្រៀននៅកម្ពុជាទទួលបានប្រាក់ខែតិចហើយតែងតែយឺតយ៉ាវ ហើយកត្តានេះជំរុញឲ្យមានការបើកបង្រៀនគួរក្រៅម៉ោងដើម្បីរកប្រាក់បន្ថែមសម្រាប់ផ្តត់ផ្គង់ជីវភាព។
តែទោះបីជាមានលទ្ធផលបែបនេះក៏ដោយ ការស្ទង់មតិមួយបន្ទាប់ពីការដាក់ចេញកំណែទម្រង់ដែលត្រូវបានធ្វើឡើងដោយមូលនិធិអាស៊ីលើប្រធានបទ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៤ បានបង្ហាញថាមានមតិភាគច្រើនគាំទ្រការកែប្រែនេះដែលក្នុងនោះមានទៅដល់៩៦ភាគរយនៃចំនួន៥០០នាក់នៃអ្នកផ្តល់មតិទាំងអស់ គាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់ក្រសួងក្នុងការបង្កើនការរឹងបន្តឹងការប្រឡងនេះ។
វុត្ថា និស្សិតភាសាអង់គ្លេសមួយរូបនេះ យល់ឃើញថាប្រសិទ្ធភាពនៃកំណែទម្រង់នេះនៅមិនទាន់អាចជឿជាក់នៅឡើយ។
គាត់ពុំបានបង្ហាញពីសុទិដ្ឋិនិយមចំពោះកំណែទម្រង់នេះទេ ដោយយល់ឃើញថា ចលនាការអប់រំដទៃជាច្រើនទៀតដូចជា គុណភាព ការបង្រៀន បរិក្ខារសិក្សា និងកម្មវិធីសិក្សានៅមានកម្រិតនៅឡើយ៕