សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃអង្គារនេះប្រកាសថា សមាគមនឹងធ្វើបាតុកម្មនៅខាងមុខក្រសួងអប់រំ ប្រសិនបើក្រសួងមិនអនុញ្ញាតឲ្យគ្រូបង្រៀនចំនួន១៣នាក់ ដែលត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌ បានចូលបម្រើការងារវិញទេនោះ។ នេះបើតាមការអះអាងពីលោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
ការលើកឡើងរបស់លោក រ៉ុង ឈុន ធ្វើឡើងបន្ទាប់ពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាពេលថ្មីៗនេះ បានចេញលិខិតជាច្រើនច្បាប់សម្រេចលុបឈ្មោះបុគ្គលិកអប់រំចំនួន១៣នាក់ ដែលបម្រើការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ក្នុងនោះមានទាំងលោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលត្រូវបានជ្រើសចេញពីគណបក្សប្រឆាំងផង ដោយយោងលើមូលហេតុថា បុគ្គលិកអប់រំទាំងនោះអវត្តមានពីការងារ ដោយគ្មានច្បាប់អនុញ្ញាត។
លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ការសម្រេចលុបឈ្មោះបុគ្គលិកអប់រំដោយយោងលើមូលហេតុថា អវត្តមានដោយគ្មានច្បាប់នោះគឺជាការសម្រេចផ្ទុយពីច្បាប់ ដោយថា ជាការគុំគួនផ្នែកនយោបាយ ដោយសារបុគ្គលិកអប់រំទាំងនោះជាអតីតសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ។ លោកបន្ថែមថា ការលុបឈ្មោះគ្រូបង្រៀនជាបន្តបន្ទាប់ដោយមិនមានមូលហេតុបែបនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គម។
លោកមានប្រសាសន៍ថា៖
«យើងឃើញថា ទំហំនៃការបញ្ឈប់នេះ វាជាទំហំធំហើយ ពីព្រោះបញ្ឈប់បញ្ញវ័ន្ត ហើយការបញ្ឈប់ដោយមិនគោរពទៅតាមនីតិវិធី មិនគោរពច្បាប់បែបនេះ វាជារឿងមួយអាក្រក់ណាស់សម្រាប់កម្ពុជាយើង។ ហើយជាស្ថាប័នអប់រំ ស្ថាប័នអប់រំជាស្ថាប័នបណ្តុះបណ្តាលធនធានមនុស្ស ជាស្ថាប័នមួយគំរូ បែរជាលោករដ្ឋមន្រ្តី ធ្វើបែបនេះទៅវិញ»។
លោក រ៉ុង ឈុន បន្ថែមថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដាក់លិខិតដាច់ដោយឡែកពីគ្នាទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីស្នើសុំអន្តរាគមន៍។ លោកថា ប្រសិនបើការលុបឈ្មោះបុគ្គលិកអប់រំទាំងនេះមិនមានដំណោះស្រាយណាមួយទេនោះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនឹងធ្វើបាតុកម្មនៅខាងមុខក្រសួងអប់រំ។ លោកមានប្រសាសន៍ថា៖
«ដំណាក់កាលចុងក្រោយ បើអត់មានដំណោះស្រាយទេ វាអាចនឹងឈានទៅដល់នាំគ្នាឈរលើកបដានៅក្រសួងអប់រំ ដើម្បីស្វែងរកការអន្តរាគមន៍ ឬ មួយលើកបដានៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក រស់ សាលីន និងលោក ឌី ខាំបូលី ដែលអ្នកនាំពាក្យក្រសួងអប់រំបានទេ។
យ៉ាងណាក៏ដោយ ក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពីការសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំឆ្លើយនឹងសំណួររបស់ VOA យ៉ាងខ្លីថា ក្រសួងបញ្ឈប់បុគ្គលិកអប់រំ ដែលជាគ្រូបង្រៀនទាំងនោះ ដោយធ្វើទៅតាមច្បាប់។
លោកបញ្ជាក់ថា៖
«បាទ! តាមពិតយើងអនុវត្តទៅតាមច្បាប់របស់ក្រសួង»។
មាត្រា៤៧នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការចែងថា ការចោទប្រកាន់អំពីកំហុសខាងវិន័យត្រូវធ្វើការអង្កេតជាមុនសិន ចំពោះទណ្ឌកម្មវិន័យថ្នាក់ទី២ (ឬវិន័យដែលឈានដល់ការលុបឈ្មោះចេញពីក្របខណ្ឌ)។ សំណុំរឿងអង្កេតត្រូវបញ្ជូនទៅប្រធានស្ថាប័នដើម្បីពិនិត្យ និងសម្រេចថា គួរបញ្ជូនអ្នករាជការដែលជាប់ចោទនោះទៅឲ្យក្រុមប្រឹក្សាវិន័យ ឬអត់។ ក្នុងករណីដែលប្រធានស្ថាប័នយល់ថា គួរបន្តការចោទប្រកាន់ សំណុំរឿងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យដែលត្រូវអញ្ជើញអ្នករាជការជាប់ចោទមកពន្យល់ ដោះសារដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរមុនពេលក្រុមប្រឹក្សាវិន័យធ្វើការសន្និដ្ឋានអំពីកំហុស និងទណ្ឌកម្ម ដើម្បីជាយោបល់ដល់អ្នកមានសមត្ថកិច្ចសម្រេច។
គ្រូបង្រៀនមួយចំនួនដែលត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌនាពេលកន្លងមក បានច្រានចោលការលើកឡើងរបស់ក្រសួងអប់រំ ដោយពួកគេអះអាងថា ពួកគេមិនដែលត្រូវបានក្រសួង ឬមន្ទីរអប់រំហៅទៅសួរនាំ មុននឹងសម្រេចលុបឈ្មោះពួកគេចេញពីក្របខណ្ឌនោះទេ។ លោកគេអះអាងថា ការលុបឈ្មោះនេះទាក់ទងនឹងហេតុផលនយោបាយ ព្រោះពួកគាត់ជាសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ។
កាលពីខែធ្នូ ឆ្នាំ២០១៧ អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិចំនួន៥០០៧ត្រូវបានបែងចែកទៅឲ្យគណបក្សកាន់អំណាច និងគណបក្សតូចៗផ្សេងទៀត បន្ទាប់ពីគណបក្សប្រឆាំងដែលទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋជាង៣លាននាក់កាលពីឆ្នាំ២០១៣ ត្រូវបានតុលាការកំពូលសម្រេចរំលាយ កាលពីខែវិច្ឆិកាកន្លងទៅ៕