ប្រទេសកម្ពុជា កំពុងខំពុះពារដើម្បីបង្កើតប្រព័ន្ធអប់រំសិក្សាធិការល្អបំផុត បើធៀបទៅនឹងប្រទេស និងតំបន់រដ្ឋបាលពិសេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកមានចំណងជើងថា«ភាពឈ្លាសវៃកាន់តែប្រសើរឡើង៖ ការរៀនសូត្រ និងការអភិវឌ្ឍប្រកបដោយសមធម៌ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក» ដែលបានចេញផ្សាយជាសាធារណៈកាលពីពាក់កណ្តាលខែមីនានេះ។
របាយការណ៍នេះបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ និងផែនការយុទ្ធសាស្ត្រអប់រំសិក្សាធិការនៅកម្ពុជា បានបើកឲ្យទទួលបានការអប់រំ សិក្សាកាន់តែទូលាយ នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ អត្រាចុះឈ្មោះចូលរៀនថ្នាក់បឋមបានកើនឡើងគួរឲ្យកត់សម្គាល់ ដោយឥឡូវនេះក្មេងស្រីមានឱកាសស្មើក្មេងប្រុសក្នុងការទទួលបានការរៀនសូត្រ។ របាយការណ៍នេះបានបន្តថា ប្រទេសកម្ពុជាបានផ្តល់ការសិក្សាដល់សិស្សប្រមាណ៣,៥លាននាក់ ពីកម្រិតមុនថ្នាក់បឋម រហូតដល់មហាវិទ្យាល័យ និងបានផ្តល់ការងារដល់គ្រូបង្រៀនប្រមាណ៨៥០០០នាក់ នៅក្នុងកម្រិតមុនបឋមសិក្សាទៅដល់អនុវិទ្យាល័យ។
ប៉ុន្តែប្រទេសកម្ពុជាកំពុងស្វះស្វែងបង្កើតឲ្យមានប្រព័ន្ធសិក្សាល្អបំផុត ធៀបនឹងប្រទេសក្បែរខាង ក៏ដូចជាបណា្តប្រទេស និងតំបន់រដ្ឋបាលពិសេសដទៃ នៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក។
របាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ឲ្យដឹងថា តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកជាកន្លែងប្រមូលផ្តុំនូវប្រព័ន្ធអប់រំសិក្សាធិការចំនួនប្រាំពីរ ក្នុងចំណោមប្រព័ន្ធអប់រំមានដំណើរការខ្ពស់ចំនួន១០ នៅទូទាំងពិភពលោក ដែលក្នុងនោះ ប្រទេសចិន និងប្រទេសវៀតណាម បានបង្ហាញវឌ្ឍនភាព ជាដុំកំភួនក្នុងការបង្កើនគុណភាព បង្រៀននៅតាមសាលារៀននៅក្នុងប្រទេសរៀងៗខ្លួន។ វឌ្ឍនភាពនេះ ជាសមិទ្ធផលធំធេងមួយ ដែលផ្តល់មេរៀនមានសារៈសំខាន់ដល់បណ្តាប្រទេសឯទៀត នៅជុំវិញពិភពលោក។
របាយការណ៍នេះបានសរសរក្នុងន័យដើមថា៖
«យ៉ាងណាក៏ដោយ មួយផ្នែកធំនៃតំបន់នេះ នៅមានសិស្សរហូតដល់ទៅ ៦០ភាគរយ ដែលកំពុងរៀននៅតាមសាលាដែលដំណើរការខ្វះគុណភាព ក្នុងការបំពាក់ឲ្យពួកគេនូវជំនាញចាំបាច់ សម្រាប់ឈានទៅសម្រេចជោគជ័យ នាពេលអនាគត»។
ប្រព័ន្ធអប់រំសិក្សាធិការដែលល្អបំផុតឈរក្នុងលំដាប់កំពូលចំនួន៧ រួមមាន ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉ ប្រទេសសិង្ហបុរី កោះតៃវ៉ាន់ តំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេស ម៉ាកាវ និងតំបន់រដ្ឋបាលពិសេសសៀងហៃ។
របាយការណ៍ឲ្យដឹងថា ប្រទេសកម្ពុជាឋិតក្នុងប្រទេសដែលកំពុងខំប្រឹងបង្កើតប្រព័ន្ធល្អមួយនៅក្នុងតំបន់។ ប្រទេសដទៃដែលមានស្ថានភាពដូចគ្នានឹងកម្ពុជា ក្នុងនោះ រួមមានប្រទេសលាវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា ឬភូមា ប៉ាពួរញូវគីណេ (Papua New Guinea) និង ទីម័រខាងកើត (Timor-Leste) ជាដើម។
លោក Michael Crawford អ្នកជំនាញនាំមុខក្នុងវិស័យអប់រំសិក្សាធិការរបស់ធនាគារពិភពលោក ថ្លែងថា មានការប្រសើរឡើងនៅក្នុងកិច្ចការអប់រំសិក្សាធិការនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយសារការកែប្រែគោលនយោបាយដែលកំពុងបន្តកើតមាន ហើយថា កិច្ចការអប់រំសិក្សាធិការនៅកម្ពុជាកំពុងឆ្ពោះទៅរកគោលដៅត្រឹមត្រូវមួយ។ លោកថា មានភាពប្រសើរឡើងមិនត្រឹមតែសម្រាប់សិស្សដែលកំពុងរៀនក្នុងសាលានោះទេ ក៏ប៉ុន្តែកិច្ចការអប់រំសិក្សាធិការក៏បានគ្របដណ្តប់លើការអប់រំក្មេងៗតាំងពីកុមារភាព។
យ៉ាងណាមិញ លោកថា កម្ពុជាត្រូវធ្វើកិច្ចការបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យអប់រំសិក្សាធិការរបស់ខ្លួន ក្នុងនោះគឺផ្តល់ហិរញ្ញប្បទានឲ្យមានប្រសិទ្ធភាពដើម្បីបម្រើដល់កិច្ចការអប់រំសិក្សាធិការ និងការបន្តហ្វឹកហ្វឺនគ្រូដែលកំពុងបំពេញការងារជាដើម។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានមួយធ្វើឡើងកាលពីថ្ងៃទី១៥ ខែ មីនាក្នុងទីក្រុងភ្នំពេញយ៉ាងដូច្នេះ៖
«ចាំចាច់ត្រូវតែមានទំនាក់ទំនងរួមគ្នារវាងគោលនយោបាយនានា។ តួយ៉ាង ការជ្រើសរើសតែគ្រូបង្រៀនមិនគ្រប់គ្រាន់ទេ ប៉ុន្តែត្រូវបំប៉នគ្រូបន្ថែមទៀត ក្នុងពេលបំពេញវិជ្ជាជីវៈ។ ការធ្វើឲ្យលទ្ធភាពទទួលបានហិរញ្ញប្បទានមិនគ្រប់គ្រាន់ទេ តែត្រូវនាំយកហិរញ្ញប្បទានមកប្រើដោយសមធម៌ សម្រាប់សិស្សដែលរៀនមិនទាន់គេ និងការផ្ទេរធនធានហិរញ្ញវត្ថុ និងគ្រូទៅឲ្យសាលាដែលអាចនឹងបរាជ័យ»។
ទោះបីរបាយការណ៍ធនាគារពិភពលោកបានបង្ហាញឲ្យឃើញការកើនឡើងនៃភាពប្រសើរក្នុងវិស័យអប់រំសិក្សាធិការនៅកម្ពុជា និងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកក៏ដោយ ក៏ប៉ុន្តែរបាយការណ៍នេះក៏បានបង្ហាញឲ្យឃើញនូវចំណុចដែលគួរឲ្យបារម្ភផងដែរ។
របាយការណ៍បានបញ្ជាក់ឲ្យដឹងថា ជាង៤០ភាគរយនៃកុមារគ្រប់អាយុចូលរៀន ចំនួនប្រមាណ៣៣១លាននាក់នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានចូលរៀនក្នុងប្រព័ន្ធសាលាដែលដំណើរការល្អ និងអនុញាតឲ្យពួកគេរៀនបានច្រើនជាងសិស្សជាច្រើនទៀត នៅកន្លែងផ្សេងក្នុងពិភពលោក។ ក៏ប៉ុន្តែ សិស្សរាប់រយលាននាក់បានទៅតែសាលា តែមិនបានរៀនឲ្យដិតដល់ស្របតាមនិយាមកំណត់នោះទេ។
របាយការណ៍បានសរសេរក្នុងន័យដើមថា៖
«សិស្សចំនួនដល់ទៅជិត៦០ភាគរយបានចូលក្នុងប្រព័ន្ធសាលាដែលមានដំណើរការមិនល្អ។ សិស្សទាំងនេះភាគច្រើនបានផ្តល់លទ្ធផលក្រោមកម្រិតប្រើការបាន ឬមិនចេះតែម្តង សម្រាប់មុខវិជ្ជាសំខាន់ៗ»។
របាយការណ៍បានលើកជាឧទាហរណ៍ថា នៅប្រទេសឥណ្ឌូនេស៊ី ពិន្ទុធ្វើតេស្តបានឲ្យដឹងថា សិស្សនៅក្នុងប្រទេសទាំងនោះរៀនយឺតជាងបីឆ្នាំ បើប្រៀបធៀបទៅនឹងសិស្ស ស្របាលគ្នា ដែលរៀនចេះស្ទាត់ជំនាញ នៅក្នុងប្រទេសឯទៀតក្នុងតំបន់នេះ។ នៅក្នុងប្រទេសផ្សេងទៀត តួយ៉ាង «កម្ពុជា និងទីម័រខាងកើត មួយភាគបី ឬលើសនេះនៃសិស្សថ្នាក់ទី២ នៅតែមិនអាចអានដាច់សូម្បីតែមួយពាក្យក្នុងការធ្វើតេស្តអំណាននោះ»។
លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ថ្លែងថា កំណែទម្រង់នៅកម្រិតបឋមសិក្សា ជាផ្នែកសំខាន់មួយ ដើម្បីពង្រឹងគុណភាពអប់រំសិក្សាធិការ។ លោកបញ្ជាក់ថា កិច្ចខិតខំរបស់ក្រសួងអប់រំក្នុងការពង្រឹងសិស្សនៅថ្នាក់វិទ្យាល័យនោះ មិនគ្រប់គ្រាន់ឡើយ។
«សំខាន់ក្រសួងអប់រំ ក៏ដូចជារដ្ឋាភិបាលយើងត្រូវសម្លឹងមើលនៅថ្នាក់កម្រិតបឋមសិក្សា ពីព្រោះបឋមសិក្សាជាមូលដ្ឋានគ្រឹះ។ យើងមិនត្រូវតែទៅពង្រឹងនៅតែពេលប្រឡងបាក់ឌុបនោះទេ ពីព្រោះមូលដ្ឋានគ្រឹះគឺនៅកម្រិតបឋម។ បើសិនជាបឋមហ្នឹងមានកំណែទម្រង់ឲ្យបានល្អ ហើយសិស្សមានគុណភាពពីបឋមទៅ អីចឹងបាក់ឌុបវាទៅ automatic [ស្វ័យប្រវត្តិ] ហើយ ពីព្រោះបឋមយើងត្រូវធ្វើម៉េច ឲ្យគ្រូអីហ្នឹងយកចិត្តទុកដាក់»។
លោក រ៉ុង ឈុន បានបន្តទៀតថា សិស្សសាលានៅកម្ពុជាមួយចំនួនកំពុងប្រឈមនឹងការគ្មានបន្ទប់រៀនសូត្រឲ្យបានត្រឹមត្រូវផងដែរ ហើយក៏មានការរើសអើងខាងនយោបាយនៅតាមសាលារៀន ដែលលោកថា ការរើសអើងបែបនេះ គួរតែត្រូវបានបញ្ចប់។ លោកថ្លែងយ៉ាងដូច្នេះ៖
«យើងមើលឃើញ ខេត្តដាច់ស្រយាលមួយចំនួន សូម្បីតែសាលា បន្ទប់រៀនហ្នឹង ក៏មិនទាន់គ្រប់គ្រាន់ដែរ ឃើញរៀននៅក្រោមដើមឈើ ដើមអីនៅឡើយទេ។ អីចឹងត្រូវធ្វើម៉េច ផ្តល់សាលារៀន ផ្តល់សម្ភារៈសិក្សាអីហ្នឹង ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយពិនិត្យ ពង្រឹងទៅលើពេលវេលា វិន័យ ហើយមានការលើកទឹកចិត្តដល់គ្រូបង្រៀន។ ហើយកុំឲ្យវាមានការរើសអើង ត្រូវតែធ្វើម៉េច ឲ្យវាមានតម្លាភាពក្នុងការដាក់ទណ្ឌកម្ម ដាក់វិន័យទៅលើគ្រូណាម្នាក់ កុំដាក់តែ គ្រូមិនគាំទ្រខ្លួនបានទទួលទណ្ឌកម្ម ឯគ្រូដែលគាំទ្រខ្លួន ទោះបីមានកំហុសបែបម៉េចក៏ដោយ បែរជាមិនបានដាក់ទណ្ឌកម្ម មិនបានណែនាំអី»។
VOA ព្យាយាមសុំការអធិប្បាយពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ តែលោកមិនលើកទូរស័ព្ទ។
ក៏ប៉ុន្តែ យោងតាមសុន្ទរកថារបស់លោក ហង់ ជួនណារ៉ុន ដែលបានធ្វើឡើងនៅក្នុងសន្និបាតប្រចាំរបស់ក្រសួងអប់រំកាលពីពេលថ្មីៗនេះ វិស័យអប់រំសិក្សាធិការនៅកម្ពុជាបានរីកចម្រើនគួរជាទីមោទនៈ ដោយសារការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមពីសហគមន៍ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដី សប្បុរជន យុវជន មាតាបិតា និងសិស្ស និស្សិតទាំងអស់។
សុន្ទរកថារបស់លោក ហង់ ជួនណារ៉ុន បានឲ្យដឹងថា តាមលទ្ធផលដែលសម្រេចបានពីឆ្នាំ២០១៦ និង ២០១៧ កម្ពុជាមានសាលាមត្តេយ្យសិក្សា និងសាលារៀនចំណេះទូទៅទាំងសាធារណៈ និងឯកជនសរុបចំនួន១៤១៨៩ រួមមានសាលាមត្តេយ្យចំនួន៤៦៣២ សាលាបឋមសិក្សាមានចំនួន៧៦២១ អនុវិទ្យាល័យ១៣០៣ និងវិទ្យាល័យ៦៣៣។ ជាមួយនេះ មត្តេយ្យសិក្សាសហគមន៍មានចំនួន២៩៥៥កន្លែង កុមារចូលរៀនចំនួន៦៧៣៩៣ ក្នុងនោះមានកុមារី ៥១,៣៣ភាគរយ។
លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន បានឲ្យដឹងតាមសុន្ទរកថារបស់លោកថា បច្ចុប្បន្នកុមារអាយុ៥ឆ្នាំបានចូលរៀននៅមត្តេយ្យសិក្សាគ្រប់រូបភាព បានកើនដល់៦៨,៥ភាគរយ ដែលមានកុមារី៦៩,៧ភាគរយ។ អត្រាពិតនៃការសិក្សានៅបឋមសិក្សាសាធារណៈ និងឯកជនមាន៩៧,៨ ភាគរយ (ស្រី៩៨,១ភាគរយ) ស្ថិតក្នុងស្តង់ដារ និងក្នុងកម្រិតប្រហាក់ប្រហែលប្រទេសក្នុងតំបន់។
សុន្ទរកថា របស់លោក ហង់ ជួនណារ៉ុន បានសរសរក្នុងន័យដើមថា៖
«ឆ្នាំ២០១៨នេះ ជាឆ្នាំចុងក្រោយនៃការអនុវត្ត «ផែនការយុទ្ធសាស្ត្រវិស័យអប់រំសិក្សាធិការឆ្នាំ២០១៤-២០១៨» ដែលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រីកការរៀនសូត្ររបស់កុមារតូច ការបង្កើនលទ្ធភាពទទួលបានការសិក្សានៅកម្រិតមធ្យមសិក្សា និងក្រោយមធ្យមសិក្សា ព្រមទាំងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាមួយនឹងការពង្រីក កម្មវិធីសិក្សាក្រៅប្រព័ន្ធ ការសិក្សាបច្ចេកទេស ការអភិវឌ្ឍការងារយុវជន និងការអប់រំកាយ និងកីឡា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល និងអាទិភាពអប់រំសិក្សាធិការនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៤-២០១៨»។
យ៉ាងណាក្តី ធនាគារពិភពលោកបានរកឃើញថា ប្រព័ន្ធអប់រំ ដែលមានដំណើរការល្អ ចាយថវិកាប្រកបដោយប្រសិទ្ធផលទៅលើហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងទៅលើគ្រូ មាននីតិវិធីជ្រើសរើសបុគ្គលិក សម្រាប់ធ្វើយ៉ាងណា ទាក់ទាញឲ្យបានបេក្ខជនល្អបំផុត យកមកបង្រៀន និងមានរចនាសម្ព័ន្ធប្រាក់បៀវត្សរ៍មួយ ដែលផ្តល់រង្វាន់គ្រូបង្រៀនណា ដែលបំពេញកិច្ចការបានល្អនៅក្នុងថ្នាក់រៀន។
របាយការណ៍ដដែលរបស់ធនាគារពិភពលោកក៏បានឲ្យដឹងដែរថា មុខរបរគ្រូបង្រៀននៅប្រទេសកម្ពុជា គឺជាមុខរបរដែលមិនមានការទាក់ទាញដល់អ្នកដែលបានបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សា ដោយសារតែប្រាក់ខែមានកម្រិតទាប។
របាយការណ៍បានឲ្យដឹងថា អ្នកទទួលការបណ្តុះបណ្តាលធ្វើជាគ្រូបង្រៀនស្ទើរតែទាំងអស់ ដែលបានចុះឈ្មោះទទួលការបណ្តុះបណ្តាលនៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលគឺជាអ្នកដែលធ្វើបានល្អក្នុងកម្រិតកណ្តាលនៅក្នុងការប្រឡងបញ្ចប់ថ្នាក់ទី១២។
លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងបន្ថែមថា លោកទទួលស្គាល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ខែ និងប្រាក់បៀវត្សរ៍ដល់គ្រូបង្រៀន ដែលរហូតមកដល់ពេលនេះ បានជាងមួយលានរៀល បើបូកបន្ថែមនឹងប្រាក់បំណាច់ផ្សេងទៀត។ លោកអះអាងថា ការដំឡើងប្រាក់ខែនេះមិនគ្រប់គ្រាន់សម្រាប់គ្រូបង្រៀននោះទេ ពោលគឺរដ្ឋាភិបាលត្រូវគ្រប់គ្រងឲ្យបាននូវការឡើងថ្លៃទំនិញទីផ្សារផងដែរ។ លោកមានប្រសាសន៍ថា ទោះបីប្រាក់ខែគ្រូឡើងដល់បីលានរៀលក៏ដោយចុះ ក៏វាគ្មានន័យ ប្រសិនបើតម្លៃទំនិញទីផ្សារឡើងតាមដែរនោះ៕