គ្រូបង្រៀន៤រូបនៅខេត្តសៀមរាបត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌដោយបញ្ជាក់ថា គ្រូបង្រៀនទាំង៤រូបអវត្តមានដោយគ្មានច្បាប់អនុញ្ញាត។ នេះបើយោងតាមលិខិតបួនដាច់ដោយឡែកពីគ្នា ដែលគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។
យ៉ាងណាក៏ដោយ ក្រុមគ្រូបង្រៀនទាំង៤រូបបានបញ្ជាក់ប្រាប់ VOA ថា ការលុបនេះគឺជាប់ពាក់ព័ន្ធនឹងនយោបាយ ដោយសារពួកគេជាអតីតក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង។
លិខិតចំនួន៤ ដែលចេញកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហើយដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ បានប្រកាសលុបឈ្មោះបុគ្គលិកអប់រំក្នុងខេត្តសៀមរាបចំនួន៤រូបចេញពីក្របខណ្ឌក្រសួងអប់រំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។
បុគ្គលិកក្រសួងអប់រំទាំងបួននេះមានឈ្មោះ លោក ពៀត ម៉ាប់ បម្រើការងារនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប លោក ច័ន្ទ សុភា បម្រើការងារនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស លោក ហុង សុជា បម្រើការងារនៅសាលាបឋមសិក្សា ហ៊ុន សែន តាពេញ និងលោក មុត ផល្លា បម្រើការងារនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប។
លោក ពៀត ម៉ាប់ គ្រូង្រៀននៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប ដែលត្រូវបានក្រសួងលុបឈ្មោះចេញពីក្របខណ្ឌ បានប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ការប្រកាសលុបឈ្មោះលោក និងគ្រូបង្រៀន៣រូបផ្សេងទៀត ដែលសុទ្ធតែជាអតីតមន្រ្តីរបស់គណបក្សសង្គ្រោះជាតិគឺជារឿងអយុត្តិធម៌ និងជាការធ្វើឡើងដោយសារពាក់ព័ន្ធនឹងនយោបាយ។
លោកបញ្ជាក់ថា៖
«ខ្ញុំនៅតែចាត់ទុកថា វាអយុត្តិធម៌ ហើយនេះជាចេតនានយោបាយ។ បើនិយាយពីលក្ខន្តិកៈមន្រ្តីរាជការក៏ត្រូវមានការព្រមានស្តីបន្ទោសដែរ ព្រោះអានេះជាក្របខណ្ឌដែលកើតដោយសារការខិតខំរៀនសូត្រ ហើយប្រឡង ហើយទៅធ្វើការងារ។ អីចឹង បើនិយាយពីតាមអាហ្នឹង វាអត់មានស្អី ដែលខ្ញុំត្រូវទទួលបានការលុបទេ យ៉ាងច្រើនស្តីបន្ទោស ឬដក ផ្លាស់ពីកន្លែងមួយទៅកន្លែងមួយហ្នឹង។ បើថា ខ្ញុំខុស។ ប៉ុន្តែខ្ញុំនៅតែចាត់ទុកថា ខ្ញុំអត់មានរឿងអីដែលខុសទេ»។
លោក ពៀត ម៉ាប់ បន្ថែមថា លោកចាប់ផ្តើមបង្រៀនតាំងពីឆ្នាំ១៩៩២រហូតដល់ឆ្នាំ២០០៩។ នៅពេលលោកជាប់ជាក្រុមប្រឹក្សាខណ្ឌគណបក្សប្រឆាំង លោកបានដាក់ពាក្យស្នើទៅមន្ទីរ និងក្រសួងអប់រំដើម្បីបម្រើការក្រៅក្របខណ្ឌដើម ហើយថា ក្រសួងបានយល់ព្រមអនុញ្ញាតតាមការស្នើរបស់លោក សុំបម្រើការក្រៅក្របខណ្ឌដើម រហូតដល់ឆ្នាំ២០១៩។ លោកបន្ថែមថា ក្រោយពេលតុលាការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ លោកក៏បានស្នើសុំបម្រើការងារជាគ្រូវិញ តែត្រូវបានខាងមន្ទីរប្រាប់ឲ្យរង់ចាំរហូតមានប្រកាសពីខាងក្រសួងជាមុន។ ប៉ុន្តែលោកថា ក្រសួងបានចេញប្រកាសលុបឈ្មោះលោកចេញពីក្របខណ្ឌ ដោយមិនមានការសួរនាំណាមួយនោះទេ។
ស្រដៀងគ្នានេះដែរ គ្រូបង្រៀនម្នាក់ទៀត លោក មុត ផល្លា ប្រាប់វីអូអេថា ចាប់តាំងពីលោកដាក់ពាក្យសុំចូលបម្រើការងារជាគ្រូបង្រៀនវិញ ក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ កាលពីចុងឆ្នាំ២០១៧ លោកមិនដែលត្រូវបានក្រសួង ឬមន្ទីរហៅសួរនាំនោះទេ។ លោកថា ការសម្រេចលុបឈ្មោះលោកចេញពីក្របខណ្ឌគឺជារឿងមិនត្រឹមត្រូវ និងផ្ទុយពីច្បាប់ដែលមានចែង។
លោកមានប្រសាសន៍ថា៖
«ការសម្រេចនេះវាមិនឈរលើបែបបទនៃនីតិវិធីរដ្ឋបាល ឬការងារបច្ចេកទេសទេ។ យើងមើលទៅហាក់ដូចមានក្នុងន័យជាលក្ខខណ្ឌនយោបាយច្រើនជាង ដោយសារតែទី១ខ្ញុំជាអតីតសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអតីតប្រធានប្រតិបត្តិខេត្តសៀមរាប»។
គ្រូបង្រៀន ដែលជាអតីតសមាជិកក្រុមប្រឹក្សាខេត្តសៀមរាបមកពីគណបក្សប្រឆាំងរូបនេះបន្ថែមថា៖
«ក្រោយតុលាការរំលាយនៅថ្ងៃទី១៦ខែវិច្ឆិកាហ្នឹង រហូតដល់ខែ១២នេះ ពួកយើងខ្ញុំចាប់ផ្តើមដាក់ពាក្យ ហើយដាក់ពាក្យដាក់ចុងខែ។ ហើយមន្ទីរសម្រេចឲ្យពួកយើងខ្ញុំប្រើប្រាស់លទ្ធភាពថ្ងៃទី១ ខែមករា ប៉ុន្តែដល់ឃើញប្រកាសហ្នឹង គេដាក់ថា ពួកខ្ញុំអវត្តមាន។ ហើយក្នុងចន្លោះ ដែលពួកខ្ញុំដាក់ពាក្យ មានមន្ទីរក៏បានណែនាំថា បើពួកខ្ញុំដាក់ពាក្យ ប្រកាសមិនទាន់ធ្លាក់ ពួកខ្ញុំមិនបាច់ទាន់ធ្វើការទេ រងចាំប្រកាសធ្លាក់។ ដល់ពេលប្រកាសធ្លាក់ វាចេញសេចក្តីប្រកាសលុប ដូចលោក រ៉ុង ឈុនដែរ»។
គ្រូបង្រៀនទាំងនោះ ដែលត្រូវបានក្រសួងលុបឈ្មោះ បានលើកឡើងថា ពួកគេនឹងដាក់ពាក្យប្តឹងទៅក្រសួងអប់រំឲ្យពិនិត្យមើលឡើងវិញ និងប្តឹងទៅអង្គការអន្តរជាតិនានាដើម្បីរកយុត្តិធម៌។
មាត្រា៤៧នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការចែងថា ការចោទប្រកាន់អំពីកំហុសខាងវិន័យត្រូវធ្វើការអង្កេតជាមុនសិន ចំពោះទណ្ឌកម្មវិន័យថ្នាក់ទី២ (ឬវិន័យដែលឈានដល់ការលុបឈ្មោះចេញពីក្របខណ្ឌ)។ ការអង្កេតត្រូវប្រគល់ឲ្យតំណាងប្រធានស្ថាប័នសាមីមួយរូប ឬច្រើនរូប ដែលមានឋានន្តរស័ក្តិ និងថ្នាក់ខ្ពស់ជាង ឬអតីតភាពច្រើនជាងអ្នករាជការដែលត្រូវជាប់ចោទ។ សំណុំរឿងអង្កេតត្រូវបញ្ជូនទៅប្រធានស្ថាប័នដើម្បីពិនិត្យ និងសម្រេចថា គួរបញ្ជូនអ្នករាជការដែលជាប់ចោទនោះទៅឲ្យក្រុមប្រឹក្សាវិន័យ ឬក៏សម្រេចថា គួរបញ្ឈប់ការចោទប្រកាន់វិញ។ ក្នុងករណីដែលប្រធានស្ថាប័នយល់ថា គួរបន្តការចោទប្រកាន់ សំណុំរឿងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យដែលត្រូវអញ្ជើញអ្នករាជការជាប់ចោទមកពន្យល់ដោះសារដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរមុននឹងក្រុមប្រឹក្សាវិន័យធ្វើការសន្និដ្ឋានអំពីកំហុស និងទណ្ឌកម្ម ដើម្បីជាយោបល់ដល់អ្នកមានសមត្ថកិច្ចសម្រេច។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានទេ នៅថ្ងៃព្រហស្បតិ៍នេះ រីឯលោករស់ សាលីន អ្នកនាំពាក្យក្រសួងនេះ បានបដិសេធមិនធ្វើអធិប្បាយ។
លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា លោកអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង។
លោកមានប្រសាសន៍ថា៖
«គេលើកម៉េចក៏លើកតាមតែគាត់ទៅ ខ្ញុំអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង។ ខ្ញុំជាប់ប្រជុំនាងណា ខ្ញុំជាប់ប្រជុំ»។
នេះមិនមែនជាលើកទីមួយទេដែលក្រសួងអប់រំលុបឈ្មោះគ្រូបង្រៀនមួយចំនួន ពីក្របខណ្ឌក្រសួងអប់រំ តួយ៉ាងការលុបឈ្មោះលោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនឯករាជ្យ និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដែលត្រូវបានជ្រើសចេញពីគណបក្សប្រឆាំង កាលពីពេលថ្មីៗ ដោយមូលហេតុថា លោកអវត្តមានដោយគ្មានច្បាប់ដូចគ្នា។
លោកសន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់ VOA ថា ការសម្រេចលុបឈ្មោះមន្រ្តីរាជការណាម្នាក់ពីក្របខណ្ឌគឺត្រូវមានការសាកសួរពីសាម៉ីខ្លួនជាមុន ដើម្បីបង្ហាញពីតម្លាភាព និងសុក្រឹត្យភាពក្នុងសង្គម។
លោកមានប្រសាសន៍ថា៖
«ខ្ញុំនៅតែចង់ឲ្យមានការជជែកគ្នាមុននឹងមានការសម្រេចលុបឈ្មោះ ពីព្រោះថា ក្រែងលោពាក្យដែលថា អវត្តមានហ្នឹងវាយោងលើមូលហេតុអីខ្លះ? ហើយខាងសាម៉ីខ្លួនហ្នឹងគួរតែមានការបំភ្លឺគ្នាទៅវិញទៅមក។ យើងដឹងហើយ នីតិវិធី ឬហៅថា ការងាររដ្ឋបាលរបស់ក្រសួង មិនមែនមានតែកម្រិតក្រសួងទេ មានថ្នាក់មន្ទីរអប់រំរាជធានីខេត្តទៀត។ អីចឹងក្រែងមានចន្លោះប្រហោងណាមួយ»។
កាលពីខែធ្នូ ឆ្នាំ២០១៧ អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិចំនួន៥០០៧ត្រូវបានបែងចែកទៅឲ្យគណបក្សផ្សេង បន្ទាប់ពីគណបក្សប្រឆាំងដែលទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋជាង៣លាននាក់កាលពីឆ្នាំ២០១៣ ត្រូវបានតុលាការកំពូលរំលាយ៕