មនុស្សចំនួន ៤ នាក់ បានរងរបួសក្នុងការវាយប្រហារដោយកាំបិតមួយ កាលពីថ្ងៃសុក្រ ក្បែរអតីតស្នាក់ការកាសែត Charlie Hebdo ដែលជាសារព័ត៌មានលក្ខណៈរិះគន់បែបកំប្លែង ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ជនសង្ស័យពីរនាក់បានរត់គេចខ្លួន នេះបើតាមការឲ្យដឹងរបស់ប៉ូលិស។
អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AP ដែលបានទៅដល់កន្លែងកើតហេតុ ឃើញវត្តមានប៉ូលិសជាច្រើន នៅតំបន់កើតហេតុ ក្នុងភាគខាងកើតទីក្រុងប៉ារីស ក្បែរទីស្នាក់ការស្ថានីយ៍រថភ្លើងក្រោមដីRichard Lenoir។
ក្រុមប៉ូលិសកំពុងតាមចាប់ជនល្មើស និងបានបិទតំបន់ជុំវិញកន្លែងកើតហេតុ ដែលរួមមានទីតាំងអតីតស្នាក់ការកាសែត Charlie Hebdo ផងដែរ បន្ទាប់ពីប្រទះឃើញកញ្ចប់សង្ស័យមួយនៅក្បែរនោះនេះបើតាមការឲ្យដឹងរបស់មន្ត្រីប៉ូលិសម្នាក់។
ប៉ូលិសនិយាយថា ពួកគេចាប់បានជនសង្ស័យម្នាក់។ មុនដំបូងឡើយ ប៉ូលិសគិតថា ជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពនៅក្នុងឧប្បទ្ទវហេតុនោះ ប៉ុន្តែពេលនេះប៉ូលិសនិយាយថា មានជនល្មើសតែម្នាក់ប៉ុណ្ណោះ ដែលធ្វើការវាយប្រហារនេះ។
មូលហេតុនៃការវាយប្រហារនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយគេក៏មិនដឹងថា មានជាប់ពាក់ព័ន្ធនឹងកាសែត Charlie Hebdo នោះដែរឬក៏យ៉ាងណា។ កាសែតនេះបានរើចេញពីទីតាំងនេះក្រោយក្រុមអ៊ីស្លាមជ្រុលនិយម បានវាយប្រហារទៅលើការិយាល័យនិពន្ធរបស់ខ្លួន កាលពីឆ្នាំ ២០១៥ ដោយបានសម្លាប់មនុស្ស ១២ នាក់នៅពេលនោះ។
ប៉ូលិសមិនបានបញ្ចេញអត្តសញ្ញាណរបស់ជនល្មើស ឬអ្នករងរបួសទេ ដែលក្នុងនោះអ្នករងរបួសពីរនាក់កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ នេះបើតាមការឲ្យដឹងរបស់មន្រ្តីប៉ូលិស ដែលមិនត្រូវបានអនុញ្ញាតឲ្យបង្ហាញឈ្មោះជាសាធារណៈនោះទេ។
ឧប្បទ្ទវហេតុនេះកើតមានឡើង ខណៈដែលតុលាការបារាំង ក្នុងសប្តាហ៍នេះ កំពុងជំនុំជម្រះបទល្មើសភេរវកម្មលើជនល្មើស ១៤ នាក់ ទាក់ទងនឹងការវាយប្រហារដ៏ប្រល័យលើកាសែត Charlie Hebdo កាលពីឆ្នាំ ២០១៥ ៕