ហាងកាហ្វេ និងភោជនីយដ្ឋាន បានបើកឡើងវិញកាលពីថ្ងៃចន្ទម្សិលមិញជាលើកទី១ចាប់តាំងពីការរឹតត្បិតសកម្មភាពសង្គមដើម្បីរារាំងការរាលដាលនៃមេរោគកូរ៉ូណាបានចូលជាធរមានកាលពីថ្ងៃទី១៤ ខែមីនាមក។
ប្រធានាធិបតីបារាំង លោកម៉ានុយអែល ម៉ាក្រុង បានប្រកាសពីការបើកឡើងវិញនៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍កាលពីថ្ងៃអាទិត្យ។ ហាងកាហ្វេ និងភោជនីយដ្ឋាន បានត្រូវអនុញ្ញាតឱ្យបើកឡើងវិញរួចហើយនៅក្នុងផ្នែកនានានៃប្រទេសបារាំងដែរ។
លោកប្រធានាធិបតីម៉ាក្រុងបានមានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងវីរុសមិនទាន់ចប់ទេហើយ «យើងមិនអាចទម្លាក់ចោលការប្រយ័ត្នប្រយែងបានទេ។ លោកប្រធានាធិបតី បានមានប្រសាសន៍ទៀតថា ពលរដ្ឋត្រូវតែគោរពការឃ្លាតឆ្ងាយពីគ្នា ហើយនឹងត្រូវប្រុងប្រៀបក្នុងករណីដែលវីរុសនោះ ត្រឡប់មកវិញរឹតតែខ្លាំងឡើង។
សង្កាត់ Bastille នៅក្នុងទីក្រុងប៉ារីស កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ អតិថិជនខ្លះអាចត្រូវគេឃើញពាក់ម៉ាស ខណៈដែលខ្លះទៀតមិនពាក់ម៉ាសទេ។ អ្នកចាត់ចែងហាងកាហ្វេម្នាក់បានសារភាពថា វាជាការពិបាកដើម្បីទទូចឱ្យមនុស្សស្ថិតនៅឆ្ងាយពីគ្នានៅពេលដែលអតិថិជនមកអង្គុយនៅក្នុងហាងកាហ្វេនោះ ក៏ប៉ុន្តែបាននិយាយថា ពួកអតិថិជនដឹងពីភាពគ្រោះថ្នាក់ ដូច្នេះប្រសិនបើពួកគេចង់អង្គុយជាមួយគ្នាយូរ ពួកគេអាចធ្វើបាន។
លោកប្រធានាធិបតីបារាំងក៏បានប្រកាសដែរថា សាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិទ្យាល័យ នឹងបើកឡើងវិញ។ ក្នុងអំឡុងនៃការរាតត្បាតនៃជំងឺកូវីដ១៩ ថ្នាក់រៀន បានកម្រិតឱ្យសិស្សរៀនជាក្រុមតូចៗតែប៉ុណ្ណោះ ហើយកូនក្មេងជាច្រើនទៀតបានស្ថិតនៅផ្ទះ៕