នៅពេលស្ត្រីៗមកដល់កន្លែងដែលមានសុវត្ថិភាព ពួកគេមានសភាពតក់ស្លុត ហើយភាគច្រើនមានឱបក្រសោបកូនៗមកជាមួយ។ ពួកគេត្រូវបានគេជួយសង្គ្រោះក្រោយពីបានលួចផ្ញើសាររាយការណ៍តាមទូរស័ព្ទ តាមអ៊ីមែល និងតាម Instagram ឬក្រោយពីរាយការណ៍អំពីការឈ្លោះប្រកែកគ្នា ឬនៅពេលផ្ទុះឡើងអំពើហិង្សា។ ជនរងគ្រោះផ្សេងៗទៀត អាចលួចទៅប្រាប់ឱសថការី ដោយប្រើភាសាកូដ ពណ៌នាអំពីស្ថានភាពលំបាកលំបិនរបស់ពួកគេ។
អ្នកជំនាញលើកឡើងថា ទូទាំងទ្វីបអឺរ៉ុប ប្រជាជនមានអារម្មណ៍តានតឹងព្រោះការហាមឃាត់មិនឲ្យចេញពីផ្ទះ ដោយសារតែវីរុសកូរ៉ូណាប្រភេទថ្មី និងការព្រួយបារម្ភពីការរាតត្បាតកាន់តែខ្លាំងឡើងនៃវីរុសនេះ។ ការណ៍នេះកំពុងតែបង្កឲ្យមានការកើនឡើងអំពើហិង្សាក្នុងគ្រួសារ។ រដ្ឋាភិបាលជាច្រើន បានផ្ដោតខ្លាំងតែលើការគ្រប់គ្រងការរីករាលដាលនៃវីរុសនេះ ប៉ុន្តែមិនបានគិតគូរពីវិបត្តិនៃអំពើហិង្សាក្នុងគ្រួសារនោះទេ។
ទើបតែក្នុងពេលនេះប៉ុណ្ណោះដែលអាជ្ញាធរមួយចំនួន ប្រឹងប្រែងឆ្លើយតបដោះស្រាយបញ្ហានេះ បើទោះបីជាក្រុមការពារសិទ្ធិស្ត្រីបានឲ្យដឹងថា គេត្រូវការធនធានជាច្រើនទៀតដើម្បីទប់ទល់នឹងអំពើហិង្សាក្នុងគ្រួសារក្នុងពេលនេះ និងពេលអនាគតក៏ដោយ។ អ្នកស្រី Marceline Naudi ប្រធានអង្គការ GREVIO ដែលជាក្រុមបឹក្សាអឺរ៉ុបស្ដីពីអំពើហិង្សាប្រឆាំងស្ត្រី បាននិយាយថា៖ «មិនដែលមានតម្រូវការខ្លាំងបែបនេះពីមុនមកក្នុងការរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលផ្ដោតលើកិច្ចប្រឹងប្រែងធ្វើយ៉ាងណាឲ្យស្ត្រី និងកុមារមានសុវត្ថិភាពចៀសផុតពីអំពើហិង្សានោះទេ»។
អ្នកស្រីបន្ថែមថា៖ «តើប្រទេសទាំងនោះបានត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងតំបន់? អ្នកស្រីអាចនិយាយថា៖ «ប្រហែលជាមិនទាន់ទេ»។
ការរាតត្បាតនៃវីរុសកូរ៉ូណាប្រភេទថ្មីកំពុងរីករាលទូទាំងពិភពលោក ហើយវាក៏ធ្វើឲ្យកើនឡើងនូវភាពភ័យខ្លាចដែលបង្កឡើងដោយការរំលោភបំពានរាងកាយ និងពាក្យសម្ដីផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសរសេរសារលើបណ្ដាញសង្គម Twitter កាលពីពេលថ្មីនេះៗថា «ស្ត្រីជាច្រើនដែលកំពុងស្នាក់នៅក្នុងផ្ទះដើម្បីការពារខ្លួនពីជំងឺ #COVID19 ប្រឈមនឹងអំពើហិង្សានៅកន្លែងដែលពួកគេគិតថាមានសុវត្ថិភាពបំផុត៖ គឺនៅក្នុងផ្ទះរបស់ពួកគេ»។ លោក Guterres បានហៅការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារនេះថា «ជារឿងអាក្រក់មួយ» ហើយលោកក៏បានជំរុញឲ្យរដ្ឋាភិបាលនានាបញ្ចូលការការពារស្ត្រីទៅក្នុងផែនការទប់ទល់ជាមួយនឹងវីរុសកូរ៉ូណាប្រភេទថ្មីរបស់ពួកគេផងដែរ។
កំណើនតួលេខនៅទ្វីបអឺរ៉ុប
ក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា នៅក្នុងទ្វីបអឺរ៉ុប ប្រទេសដាណឺម៉ាក់ បានរាយការណ៍ពីការកើនឡើងនូវចំនួនស្ត្រី ដែលកំពុងស្វែងរកទីជ្រកកោន ហើយនៅក្នុងប្រទេសអេស្ប៉ាញ បានរាយការណ៍ពីការកើនឡើងនៃការហៅទូរស័ព្ទចូលបណ្ដាញទូរស័ព្ទទាន់ហេតុការណ៍ស្តីពីការរំលោភបំពាន។ ស្របពេលគ្នានេះដែរ ប្រទេសអ៊ីតាលី និងបារាំង កំពុងសម្ដែងក្ដីពីបារម្ភដូចគ្នាអំពីការធ្លាក់ចុះនៃចំនួនការហៅទូរស័ព្ទចូលបណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់ខ្លួន។
អ្នកស្រី Anne-Cecile Mailfert នាយិកាអង្គការ Fondation des Femmes ដែលជាក្រុមតស៊ូមតិប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារក្នុងប្រទេសបារាំងបាននិយាយថា៖ «វាមិនមែនមានន័យថាករណីអំពើហិង្សាក្នុងគ្រួសារធ្លាក់ចុះនោះទេ [ពេលចំនួនការហៅចូលបណ្ដាញទូរស័ព្ទទាន់ហេតុការណ៍ថយចុះនោះ] វាផ្ទុយពីនេះទៅវិញទេ។ នេះវាមានន័យថាស្ត្រីមិនអាចហៅទូរស័ព្ទចូលដោយសុវត្ថិភាពតទៅទៀតបាន»។
នៅទូទាំងប្រទេសក្នុងពេលបីសប្ដាហ៍ដំបូងនៃការហាមឃាត់ពលរដ្ឋមិនឲ្យចេញក្រៅផ្ទះ អាជ្ញាធរបារាំងបានប្រកាសពីការកើនឡើងមួយភាគបីនៃករណីអំពើហិង្សាក្នុងគ្រួសារ បន្ថែមពីចំនួនមធ្យមដែលត្រូវបានរាយការណ៍ក្នុងមួយឆ្នាំៗប្រមាណ ២សែន ១ម៉ឺនករណី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Christophe Castaner បានប្រាប់វិទ្យុក្នុងស្រុកមួយកាលពីពេលថ្មីៗនេះថា៖ «ខ្ញុំបដិសេធមិនឲ្យការឃុំឃាំងនេះ ក្លាយទៅជានិទ្ទណ្ឌភាពឡើយ»។
ប៉ុន្តែអ្នកជំនាញជឿជាក់ថា អំពើហិង្សាក្នុងតំបន់នេះ ហាក់ដូចជានឹងបន្តកើតឡើង ឬកើនឡើងក្នុងពេលដែលប្រជាជនត្រូវនៅតែក្នុងផ្ទះ។ វាកើតឡើងភាគច្រើនតាមរយៈការភ័យខ្លាចពេលរស់នៅក្នុងការឃុំឃាំងនៅក្នុងអគារអាផាតមិនតូចៗក្នុងទីក្រុង ដែលជាកន្លែងដែលសមាជិកគ្រួសាររស់នៅផ្ដុំគ្នា ក្នុងអំឡុងពេលអនុវត្តបញ្ជាស្នាក់នៅក្នុងផ្ទះ។ ប៉ុន្តែនៅតាមតំបន់ដាច់ស្រយាល និងទីជនបទ ក៏មានការកើនឡើងនូវអំពើហិង្សាក្នុងគ្រួសារដែរ។
អ្នកនាង Mailfert បាននិយាយថា៖ «អ្នកជិតខាងមិនអាចឮ ឬរាយការណ៍អំពីរឿងដែលកំពុងកើតឡើងទេ»។
នៅក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបារាំងបានចេញវិធានការបន្ថែមដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ ដែលរួមមានយុទ្ធវិធីថ្មីៗ សម្រាប់ឲ្យស្ត្រីទទួលបានជំនួយផ្លូវច្បាប់តាមអ៊ីមែល ឬការផ្ញើសារតាមទូរស័ព្ទ។ ប្រទេសបារាំងក៏បានធ្វើតាមប្រទេសអេស្ប៉ាញក្នុងការបង្កើតឲ្យមានពាក្យសម្ងាត់ សម្រាប់ជនរងគ្រោះ ផ្ដល់ដំណឹងដល់ឱសថស្ថាននានា ហើយឱសថការីនឹងរាយការណ៍បន្តទៅប៉ូលិស។
លោក Jean-Marie Guillemin ដែលជាប្រធានក្រុមប្រឹក្សាភិបាលឱសថការីក្នុងស្រុកមួយនៅក្នុងតំបន់ Haute-Garonne បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា៖ «ឱសថស្ថានស្ទើរតែជាអាជីវកម្មតែមួយគត់ដែលនៅបើកទ្វារ ក្នុងប្រទេសបារាំង ហើយយើងមានបទពិសោធន៍ក្នុងការនិយាយទៅកាន់អ្នកជំងឺរបស់យើង។ អ្នកគ្រប់គ្នានៅក្នុងអាជីពនេះគាំទ្រការធ្វើបែបនេះ»។
វិធីសាស្ត្រថ្មីផ្សេងៗទៀតរួមមាន មជ្ឈមណ្ឌលផ្ដល់ប្រឹក្សាចល័ត និងការផ្ដល់សេវាកម្មហិរញ្ញវត្ថុដល់ស្ត្រីឲ្យបានច្រើនជាងនេះ។ វិធីសាស្ត្រខ្លះមានភាពចម្រូងចម្រាស ដូចជាការបង្កើតប្រព័ន្ធទូរស័ព្ទហៅចូលបន្ទាន់សម្រាប់ជនល្មើសប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារជាដើម។
អ្នកនាង Mailfert បាននិយាយថា៖ «អ្នកស្រីភ្ញាក់ផ្អើល ដោយសារជនបង្កភាគច្រើនមានល្បិចខ្ពស់។ ក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងផ្ទះ រឿងដែលសំខាន់បំផុតនោះគឺបំបែកមនុស្សចេញពីគ្នា»។
តម្រូវការធនធានបន្ថែម
ប្រទេសបារាំងមិនមែនជាប្រទេសតែមួយ ដែលបានបង្កើតយុទ្ធសាស្ត្រច្នៃប្រឌិតទប់ទល់នឹងអំពើហិង្សាក្នុងគ្រួសារទេ។ ប្រទេសអ៊ីតាលី បានដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទថ្មីមួយដើម្បីរាយការណ៍ពីអំពើហិង្សាក្នុងគ្រួសារ។ រដ្ឋធានីរបស់ប្រទេសប៊ែលហ្ស៉ិក បានបើកដំណើរការសណ្ឋាគារពិសេសមួយសម្រាប់ជនរងគ្រោះ។
អ្នកជំនាញនិយាយថា ប៉ុន្តែថវិកាដែលមានសម្រាប់ឆ្លើយតបទៅនឹងគ្រប់ករណីទាំងអស់មិនគ្រប់គ្រាន់ឡើយ ហើយថាថវិកាដើម្បីទប់ទល់នឹងជំងឺ COVID-19 ក៏មិនគ្រប់គ្រាន់ដូចគ្នាដែរ។
អ្នកស្រី Naudi នៃអង្គការក្រុមប្រឹក្សាអឺរ៉ុបដែលមានប្រទេសចំនួន ៤៧ ជាសមាជិក បាននិយាយថា៖ «ជាទូទៅថវិកាផ្ដល់សេវាកម្មផ្សេងៗ ដល់ស្ត្រីគឺមិនគ្រប់គ្រាន់ទេ នៅក្នុងប្រទេសនានាដែលយើងកំពុងត្រួតពិនិត្យ»។ អ្នកស្រីបន្ថែមថា៖ «សេវាកម្មគឺមិនគ្រប់គ្រាន់ ពួកគេមិនមានថវិកាគ្រប់គ្រាន់ទេ ហើយថវិកាដែលពួកគេមានគឺមិនស្ថិតស្ថេរនោះទេ»។
ប៉ុន្តែក្រុមមួយចំនួនកំពុងតែប្រមូលថវិកាពីធនធានថ្មីដែលមានក្នុងពេលបច្ចុប្បន្ន បើទោះបីជាប្រភពថវិកានេះមិនសូវរឹងមាំយ៉ាងណាក៏ដោយ។
នៅក្នុងតំបន់រដ្ឋធានីប៉ារីស អ្នកស្រី Brigitte Chabert ដែលជាប្រធានសមាគមគាំទ្រស្ត្រីឈ្មោះ Du Côté des Femmes និយាយថា អន្តេវាសិកដ្ឋានរបស់និស្សិតដែលគ្មានអ្នកស្នាក់នៅ ត្រូវបានគេយកធ្វើជាទីជម្រកនៃជនរងគ្រោះ។ បន្ទប់ទាំងនោះនៅទំនេររហូតដល់ខែកក្កដា។
អ្នកស្រីបន្ថែមថា៖ «យើងឃើញមានជនរងគ្រោះដោយសារអំពើហិង្សាគ្រប់ប្រភេទដូចជាអំពើហិង្សាផ្លូវភេទ ឬដោយសារកុមារបង្កឲ្យមានសំឡេងរំខានខ្លាំងហួសហេតុ ឬសូម្បីតែដៃគូខឹងខ្លាំងព្រោះតែស៊ុបក្ដៅពេក ឬត្រជាក់ពេក»។
បន្ទប់ចំនួនពីរនៅក្នុងអន្តេវាសិកដ្ឋាននិស្សិតត្រូវបានប្រើប្រាស់សម្រាប់ជាកន្លែងក្មេងលេង និងបន្ទប់កីឡា ដែលគ្រួសារជនរងគ្រោះនីមួយៗ ប្រើប្រាស់ដោយឡែកពីគ្នា ដោយសារការព្រួយបារម្ភពីសុវត្ថិភាពផ្នែកសុខភាព។ មានបុគ្គលិកផ្នែកសេវាសង្គមផ្ដល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងបញ្ហាផ្លូវចិត្តដល់ជនរងគ្រោះ។
អ្នកស្រី Chabert ថ្លែងថា៖ «ពួកគេមកដល់ទីនេះក្នុងស្ថានភាពដុនដាបបំផុត។ ពួកគេត្រូវការពេលវេលា ដើម្បីគិតពីជំហានបន្ទាប់ទៀត»៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា