នៅតាមបណ្ដាទីក្រុងមួយចំនួននៅអឺរ៉ុប ក្រុមបាតុករកាលពីថ្ងៃសៅរ៍ បាននាំគ្នាតវ៉ាប្រឆាំងនឹងការរឹតត្បិតនានាដែលត្រូវបានកំណត់ ចាប់តាំងពីជំងឺកូវីដ១៩ បានចាប់ផ្ដើមផ្ទុះឆ្លងរាតត្បាតមក។
បាតុកររាប់ម៉ឺននាក់បាននាំគ្នាដើរដង្ហែក្បួននៅតាមដងផ្លូវក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីតវ៉ាប្រឆាំងនឹងវិធានការតម្រូវឲ្យពាក់ម៉ាស់ និងតម្រូវឲ្យរក្សាគម្លាតពីគ្នា។ ប៉ូលិសនិយាយថា ពួកគេបានចាប់ខ្លួនបាតុករប្រមាណ ៣០០ នាក់។
នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្រុមបាតុករបាននាំគ្នាជួបជុំគ្នានៅទីលាន Trafalgar ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាគឺជា «ការគាបសង្កត់ផ្នែកវេជ្ជសាស្ត្រ» ទៅលើពួកគេដែលតម្រូវឲ្យពួកគេពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា។
ចំណែកឯនៅទីក្រុងប៉ារីស ប្រទេសបារាំងវិញ បាតុកររាប់រយនាក់តវ៉ាប្រឆាំងនឹងវិធានការតម្រូវឲ្យពាក់ម៉ាស់ជាកំហិតនៅក្នុងទីក្រុងនេះ។
រីឯនៅទីក្រុង Zurich ប្រទេសស្វីស ឯណោះវិញ បាតុករប្រមាណ ១ ពាន់នាក់ ដែលមានមន្ទិលសង្ស័យចំពោះវិធានការរឹតត្បិតដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ បានអំពាវនាវសុំឲ្យរដ្ឋាភិបាលផ្ដល់ «សេរីភាពដូចមុនវិញ»៕