ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណុច ៤ យ៉ាង ដែល​ត្រូវ​ដឹង បន្ទាប់ពី​ស.រ.អា លុបចោល​សេចក្តី​ណែនាំ​រឿង​ទិដ្ឋាការ​និស្សិត​បរទេស 


រូបឯកសារ៖ និស្សិតចិន​រង់ចាំ​នៅខាងក្រៅ​ស្ថានទូតសហរដ្ឋ​អាមេរិក​សម្រាប់ការសម្ភាសន៍សុំទិដ្ឋាការរបស់ពួកគេ នៅទីក្រុងប៉េកាំង នៃប្រទេសចិន។
រូបឯកសារ៖ និស្សិតចិន​រង់ចាំ​នៅខាងក្រៅ​ស្ថានទូតសហរដ្ឋ​អាមេរិក​សម្រាប់ការសម្ភាសន៍សុំទិដ្ឋាការរបស់ពួកគេ នៅទីក្រុងប៉េកាំង នៃប្រទេសចិន។

សេចក្តី​សម្រេច​របស់​ទីភ្នាក់ងារ ICE នេះ បាន​ដោះស្រាយ​ពាក្យ​បណ្តឹង​មួយ​ដែល​ផ្តើម​ដោយ​សាកល​វិទ្យាល័យ Harvard និង​សាកល​វិទ្យាល័យ MIT នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

កាលពីថ្ងៃ​អង្គារ​ទី ១៤ ខែ​កក្កដា អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ បាន​លុប​ចោល​សេចក្តី​ណែនាំ​មួយ ​ដែល​មាន​បំណង​រារាំង​និស្សិត​បរទេស​ ដែល​មាន​ទិដ្ឋាការ​មិន​ឱ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក ប្រសិនបើ​សាកលវិទ្យាល័យ​របស់​ពួកគេ​ត្រូវ​បង្រៀន​តាម​អនឡាញ​ទាំង​ស្រុង ក្នុង​អំឡុងពេល​មាន​ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ នេះ។

សេចក្ដី​ណែនាំ​ចេញ​របស់​ទីភ្នាក់ងារ​អន្តោ​ប្រវេសន៍ និង​អនុវត្ត​ច្បាប់​គយ​របស់​សហរដ្ឋ​អាមេរិក ICE ដែល​ត្រូវ​បាន​លុប​ចោល​នេះ ក៏​បាន​ចែង​ផង​ដែរ​ថា និស្សិត​បរទេស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​មិន​រៀន​ដោយ​ផ្ទាល់​ក្នុង​ថ្នាក់ អាច​ត្រូវ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក។

សេចក្តី​សម្រេច​របស់​ទីភ្នាក់ងារ ICE នេះ បាន​ដោះស្រាយ​ពាក្យ​បណ្តឹង​មួយ​ដែល​ផ្តើម​ដោយ​សាកល​វិទ្យាល័យ Harvard និង​សាកល​វិទ្យាល័យ MIT នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​បាន​បញ្ឈប់​ការ​ដាក់​បណ្តឹង​ដោយ​សាកល​វិទ្យាល័យ​ឯទៀតៗ និង​រដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ខាង​ក្រោម​នេះ​ជា​ចំណុច ៤ យ៉ាង​ដែល​ត្រូវ​ដឹង​ទាក់ទិន​នឹង​រឿង​នេះ៖

១- ការ​សិក្សា​តាម​អនឡាញ​ត្រូវ​បាន​អនុញ្ញាត​ជា​ថ្មី​ឡើង​វិញ

នៅ​ក្នុង​សវនការ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ទី ១៤ ខែ​កក្កដា​កន្លង​ទៅ​នេះ អ្នកស្រី​ចៅក្រម Allison Burroughs បាន​និយាយ​ថា អាជ្ញាធរ​អន្តោ​ប្រវេសន៍​សហរដ្ឋ​អាមេរិក​បាន​យល់ព្រម​ឲ្យ «ស្ថានការណ៍​វិល​ត្រឡប់​ដូច​ដើម​វិញ»។

ចំណុច​នេះ​មាន​ន័យ​ថា និស្សិត​បរទេស​ដែល​មាន​វត្តមាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ដែល​នឹង​ចាប់ផ្តើម​ការ​សិក្សា​បវេសនកាល​ថ្មី​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នេះ អាច​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន ទោះបីជា​ការ​សិក្សា​របស់​ពួកគេ​ត្រូវ​ធ្វើ​ទាំង​ស្រុង​តាម​អនឡាញ​ក៏​ដោយ។

អ្នកស្រី Rosanna Berardi ដែល​ជា​មេធាវី​ខាង​អន្តោ​ប្រវេសន៍​បាន​ពន្យល់​ប្រាប់​វីអូអេ​ថា៖ «ដរាប​ណានិស្សិត​ទាំង​នេះ​រៀន​ពេញ​ម៉ោង ពួកគេ​អាច​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន។ របៀប​សិក្សា​របស់​ពួកគេ​មិន​មែន​ជា​បញ្ហា​នោះ​ទេ​នៅ​ពេល​នេះ»។

២- លទ្ធភាព​របស់​និស្សិត​បរទេស​ក្នុង​ការ​រៀន​តាម​អនឡាញ​ដោយ​រក្សា​ទិដ្ឋាការ​បែប​នេះ អាច​មិន​បន្ត​រហូត​នោះ​ទេ

ច្បាប់​អន្តោ​ប្រវេសន៍​សហរដ្ឋ​អាមេរិក​តម្រូវ​ឱ្យ​និស្សិត​បរទេស​សិក្សា​ដោយ​ផ្ទាល់​ក្នុង​ថ្នាក់​ដើម្បី​អាច​រក្សា​ឋានៈ​កាន់​ទិដ្ឋាការ​ស្រប​ច្បាប់​បាន។ ច្បាប់​នេះ​មិន​មែន​ជា​ការ​តម្រូវ​ថ្មី​នោះ​ទេ គឺ​វា​មាន​តាំង​ពី​មុន​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ទៅ​ទៀត។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ការ​លើក​លែង​ចំពោះ​បទ​បញ្ញត្តិ​នេះ​កាល​ពី​ខែ​មីនា នៅ​ពេល​ដែល​សាកល​វិទ្យាល័យ និង​មហា​វិទ្យាល័យ​ជា​ច្រើន​បាន​ចាប់ផ្តើម ឬ​ក៏​ពង្រីក​ការ​បង្រៀន​តាម​អនឡាញ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។ នៅពេល​ណា​ដែល​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ​ចប់ នៅ​ពេល​នោះ​ការ​លើកលែង​នេះ​ក៏​ប្រហែល​ជា​នឹង​បញ្ចប់​ដែរ។ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និយាយ​ថា ការណ៍​នេះ​ជា​ស្ថានភាព​មួយ​មិន​ទៀងទាត់​នោះ​ទេ។

៣- ច្បាប់​អន្តោ​ប្រវេសន៍​សហរដ្ឋ​អាមេរិក​នៅតែ​តឹងរ៉ឹង​ជា​ទូទៅ​សម្រាប់​និស្សិត​បរទេស

ច្បាប់​អន្តោ​ប្រវេសន៍​សហរដ្ឋ​អាមេរិក​ចែង​ថា និស្សិត​បរទេស​ត្រូវតែ​ចុះ​ឈ្មោះ​ជា​និស្សិត​រៀន​ពេញ​ម៉ោង​ដើម្បី​អាច​នៅ​កាន់​ទិដ្ឋាការ​បាន។ នេះ​គឺ​ជា​ច្បាប់​មួយ​ដែល​មិន​មាន​ការ​បន្ធូរបន្ថយ​នោះ​ទេ ទោះបីជា​និស្សិត​បរទេស​ជា​ច្រើន​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ជួប​ប្រទះ​បញ្ហា​សេដ្ឋកិច្ច​នៅ​ក្នុង​អំឡុង​ពេល​មាន​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នេះ​ក៏​ដោយ។

អ្នកស្រី Rosanna Berardi បាន​ថ្លែង​ថា៖ «វា​គឺ​ជា​ការ​រំឮក​ដ៏​ល្អ​មួយ​ថា ប្រសិនបើ​និស្សិត​មាន​បញ្ហា​ខាង​សុខភាព ឬ​ខាង​ហិរញ្ញវត្ថុ ពួកគេ​មិន​អាច​ឈប់​រៀន​មុខវិជ្ជា​ខ្លះ​បាន​នោះ​ទេ»។

និស្សិត​ទាំង​នោះ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ទាក់ទង​ការិយាល័យ​អន្តរជាតិ​នៃ​មហាវិទ្យាល័យ​របស់​ពួកគេ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ពួកគេ​នៅតែ​អាច​រៀន​មុខវិជ្ជា​ទាំង​អស់​បាន ដែល​មិន​បណ្ដាល​ឱ្យ​ពួកគេ​បាត់បង់​ឋានៈ​ទិដ្ឋាការ​របស់​ពួកគេ​នោះ​ឡើយ។

៤- និស្សិត​ដែល​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​អាច​ប្រឈម​នឹង​ឧបសគ្គ

និស្សិត​ដែល​គ្រោង​វិល​ត្រឡប់​មកកាន់​សហរដ្ឋ​អាមេរិក​វិញ​សម្រាប់​ការ​សិក្សា​ក្នុង​ឆមាស ឬ​ក៏​ត្រីមាស​ថ្មី​ខាង​មុខ​នេះ អាច​ប្រឈម​នឹង​ការ​រឹតត្បិត​ខាង​ការ​ធ្វើ​ដំណើរ ហើយ​អាច​តម្រូវ​ឱ្យ​ស្ថិត​នៅ​ដាច់​ពី​គេ​ដែល​ជា​ការ​តម្រូវ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ទោះបីជា​ថ្នាក់​សិក្សា​ដែល​ពួកគេ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ផ្ទាល់​ជិត​ចាប់ផ្តើម​ក៏​ដោយ។

អ្នកស្រី Rosanna Berardi បាន​និយាយ​ថា៖ «និស្សិត​បរទេស​ត្រូវ​គិត​ថា នៅ​ពេល​ដែល​ពួកគេ​មក​ដល់​សហរដ្ឋ​អាមេរិក ពួកគេ​ប្រាកដ​ជា​មាន​ចម្ងល់​ថា​តើ​ពួកគេ​ត្រូវ​នៅ​ដាច់​ពី​គេ ឬ​ក៏​ថា​តើ​បទបញ្ញត្តិ​នៃ​រដ្ឋ​ដែល​ពួកគេ​ត្រូវ​រស់នៅ​តម្រូវ​ឲ្យ​ធ្វើ​អ្វី​ខ្លះ​ជា​ដើម។ វា​ជា​ការ​សំខាន់​ដែល​ពួកគេ​ត្រូវ​ស្វែងយល់ និង​ដឹង​អំពី​ស្ថានភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ម្នាក់ៗ៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG