និស្សិត និងអ្នកអប់រំបានបង្ហាញអារម្មណ៍ធូរស្រាល និងសេចក្ដីសប្បាយរីករាយ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដកចេញនូវក្បួនច្បាប់ដែលតម្រូវឲ្យនិស្សិតបរទេសត្រូវមានវត្តមាននៅសាកលវិទ្យាល័យ បើមិនដូច្នេះទេនឹងប្រឈមនឹងការបាត់បង់ឋានៈទិដ្ឋាការរបស់ខ្លួននោះ។
ចាប់តាំងពីសប្ដាហ៍មុនមក និស្សិត និងអ្នកអប់រំនានាមានអារម្មណ៍វិលវល់ និងអន្ទះអន្ទែងពាក់ព័ន្ធនឹងភាពស្រពិចស្រពិលអំពីថាតើពួកគេនឹងត្រូវបានអនុញ្ញាតឲ្យរៀនតាមអនឡាញជំនួសឲ្យការរៀនផ្ទាល់ក្នុងថ្នាក់ ឬក៏យ៉ាងណានោះ។ ចាប់តាំងពីខែមីនាមក សាកលវិទ្យាល័យជាច្រើនបានបិទទ្វារ និងប្ដូរពីការរៀនក្នុងថ្នាក់ទៅរៀនតាមអនឡាញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
សាកលវិទ្យាធិការសាកលវិទ្យាល័យ Harvard លោក Lawrence Bacow បានសរសេរនៅក្នុងអ៊ីមែលផ្ញើទៅកាន់សហគមន៍របស់សាកលវិទ្យាល័យ Harvard ថា៖ «នេះគឺជាជោគជ័យដ៏សំខាន់មួយ។ សេចក្ដីបង្គាប់កន្លងមកបានបង្អាក់ដល់ការអប់រំថ្នាក់ឧត្តមសិក្សាទាំងអស់នៅសហរដ្ឋអាមេរិក។ ខ្ញុំបានឮពីនិស្សិតអន្តរជាតិជាច្រើនថា សេចក្ដីបង្គាប់កាលពីថ្ងៃទី ៦ ខែកក្កដា បានធ្វើឲ្យពួកគេប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ។ ឥឡូវពួកគេអាចធូរស្បើយក្នុងចិត្ត និងផ្ដោតលើការសិក្សារបស់ពួកគេបានហើយ ដែលនេះជារឿងតែមួយគត់ដែលពួកគេចង់ធ្វើ»។
សាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ MIT បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រសួងសន្តិសុខមាតុភូមិ និងទីភ្នាក់ងារអន្តោប្រវេសន៍ និងការអនុវត្តច្បាប់គយ ដែលបានចេញសេចក្ដីបង្គាប់ថា និស្សិតបរទេសចាំបាច់ត្រូវសិក្សាដោយផ្ទាល់នៅក្នុងថ្នាក់នៅបវេសនកាលថ្មីខាងមុខនេះ មិនមែនតាមអនឡាញនោះទេ បើមិនដូច្នេះទេ ពួកគេនឹងបាត់បង់ឋានៈទិដ្ឋាការ និងប្រឈមនឹងការបញ្ជូនចេញពីសហរដ្ឋអាមេរិក៕