សាកលវិទ្យាល័យជាង ២០០ នៅក្នុងសហរដ្ឋអាមេរិក បានចុះហត្ថលេខាគាំទ្រពាក្យបណ្ដឹងរបស់សាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ MIT ដែលជំទាស់ទៅនឹងសេចក្ដីណែនាំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមិនឲ្យផ្ដល់ទិដ្ឋាការដល់និស្សិតអន្តរជាតិណា ដែលការសិក្សាត្រូវធ្វើតាមអនឡាញទាំងស្រុង។
សាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ MIT បានប្រកាសដំបូងគេថា ពួកគេបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងសេចក្ដីណែនាំថ្មី ដែលចេញដោយទីភ្នាក់ងារអន្តោប្រវេសន៍ និងការអនុវត្តច្បាប់គយរបស់សហរដ្ឋអាមេរិក ICE កាលពីសប្ដាហ៍មុន។
កាលពីថ្ងៃទី ១០ ខែកក្កដា ក្រុមសាកលវិទ្យាល័យចំនួន ១៨០ ដែលគេស្គាល់ថាអង្គការ Presidents' Alliance on Higher Education and Immigration បានដាក់សារណាគាំទ្រចំពោះពាក្យបណ្ដឹងនេះ។
អ្នកស្រី Miriam Feldblum នាយកប្រតិបត្តិនៃអង្គការនេះ បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «សាកលវិទ្យាល័យមួយចំនួនដែលបាននិយាយជំនួសនិស្សិតអន្តរជាតិ បានបង្ហាញនូវទំហំនៃការគាំទ្រចំពោះនិស្សិតអន្តរជាតិ និងដឹងគុណចំពោះការរួមចំណែកដ៏ធំធេងរបស់និស្សិតទាំងនេះនៅក្នុងសាកលវិទ្យាល័យ»។
បើយោងតាមទីភ្នាក់ងារ ICE ទិដ្ឋាការនឹងមិនផ្ដល់ដល់និស្សិតណាដែលចុះឈ្មោះរៀនតាមអនឡាញពេញម៉ោងនោះទេ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា ចៅក្រមមួយរូបគ្រោងនឹងបើកសវនការស្ដាប់អំណះអំណាងនៅថ្ងៃអង្គារនេះ។ ប្រសិនបើចៅក្រមគោរពតាមសេចក្ដីណែនាំរបស់ទីភ្នាក់ងារ ICE នោះសាកលវិទ្យាល័យនានានឹងមានពេលត្រឹមថ្ងៃពុធដើម្បីជូនដំណឹងដល់ទីភ្នាក់ងារ ICE ថាតើការសិក្សានឹងធ្វើឡើងតាមអនឡាញទាំងស្រុង ឬក៏យ៉ាងណានោះ៕