អាជ្ញាធរខណ្ឌសែនសុខ រាជធានីភ្នំពេញ បានកោះអញ្ជើញតំណាងគណបក្សភ្លើងទៀនមកសាកសួរនៅព្រឹកថ្ងៃចន្ទនេះ ពាក់ព័ន្ធនឹងការប្រមូលផ្តុំតវ៉ាទាមទារឱ្យដោះលែងអ្នកនយោបាយ កាលពីសប្តាហ៍មុន ដែលអាជ្ញាធរថា មិនមានការអនុញ្ញាត។
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ យុវជនគណបក្សភ្លើងទៀនជាង១០០នាក់បានប្រមូលផ្តុំគ្នាជួបជុំលើកបដានៅខាងមុខទីស្នាក់ការគណបក្សដើម្បីទាមទារឱ្យដោះលែងសកម្មជននយោបាយមួយចំនួន។
នាយករដ្ឋបាលខណ្ឌសែនសុខ លោក ងួន ច័ន្ទឡុង បានកោះហៅប្រធានស្នាក់ការគណបក្សភ្លើងទៀន មានទីតាំងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មកសាលប្រជុំសាលាខណ្ឌសែនសុខនៅថ្ងៃទី១០ ខែមេសានេះ ដើម្បីបញ្ជាក់ទាក់ទង«ករណីប្រារព្ធពិធីនៅលើផ្លូវសាធារណៈ ដោយគ្មានការអនុញ្ញាត»។ នេះបើតាមលិខិតអញ្ជើញរបស់រដ្ឋបាលខណ្ឌសែនសុខ ចុះថ្ងៃទី៧ ខែមេសា។
លោក ថន ចន្ថា ប្រធានស្ដីទីចលនាយុវជនគណបក្សភ្លើងទៀន ដែលបានទៅជួបមន្ត្រីខណ្ឌសែនសុខ បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោកបានជួបជាមួយមន្ត្រីខណ្ឌសែនសុខ ប្រមាណកន្លះម៉ោង ដោយមន្ត្រីខណ្ឌបានស្នើសុំឱ្យមានការជូនដំណឹងមកអាជ្ញាធរ នៅពេលដែលមានការជួបជុំណាមួយនៅខាងក្រៅស្នាក់ការគណបក្សភ្លើងទៀន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងងាយស្រួលបញ្ជូនកម្លាំងការពារ និងរកកន្លែងរៀបចំជួបជុំឱ្យ។
លោកថ្លែងថា៖ «ក្នុងករណីដែលយើងធ្វើការជួបជុំលើកបដាតវ៉ាអីហ្នឹង គឺស្នើសុំឱ្យយើងជូនដំណឹងទៅគាត់ទៅ ដើម្បីទី១ គាត់រកទីតាំងណាដែលទូលាយឱ្យយើងធ្វើ ដើម្បីកុំឱ្យមានការកក់ស្ទះចរាចរណ៍ និងមួយទៀត គឺបើសិនជាអត់មានទីតាំងណាសមរម្យទេ គាត់នឹងជួយសម្រួលចរាចរណ៍ឱ្យមកយើង»។
លោកបន្តថា មូលហេតុដែលកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌសែនសុខចុះមកសួរនាំយុវជនគណបក្សភ្លើងទៀនដែលប្រមូលផ្តុំកាលពីថ្ងៃទី៧ ខែមេសា គឺដោយសារមានពលរដ្ឋប្តឹងទៅអាជ្ញាធរខណ្ឌថា ការជួបជុំនៅខាងមុខស្នាក់ការគណបក្សភ្លើងទៀន ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានការបិទផ្លូវទាំងស្រុង។
លោកថា អាជ្ញាធរក៏បានឃើញដោយផ្ទាល់ថា មិនមានការបិទផ្លូវអ្វីនោះទេ នៅថ្ងៃជួបជុំលើកបដានោះ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី បានដែរ។
កាលពីថ្ងៃទី៧ ខែមេសា ចលនាយុវជនគណបក្សភ្លើងទៀនទាំង២៥ខេត្តក្រុងជាង១០០នាក់ បានប្រមូលផ្តុំជួបជុំគ្នាលើកបដា និងស្រែកទាមទារឱ្យមានការដោះលែងលោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនគណបក្សថ្នាក់ជាតិ និងទាមទារឱ្យដោះលែងសកម្មជនគណបក្សមួយចំនួនទៀត ដែលកំពុងជាប់ពន្ធនាគារ។ ពួកគេក៏ទាមទារឱ្យដោះលែង លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនផងដែរ។ នេះបើតាមលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ដែលចូលរួមសកម្មភាពនោះ។
បើតាមលោក រ៉ុង ឈុន មូលហេតុដែលយុវជនគណបក្សភ្លើងទៀនជាង១០០នាក់ ប្រមូលផ្តុំលើកបដា នៅខាងមុខស្នាក់ការគណបក្សភ្លើងទៀន ក្នុងសង្កាត់ភ្នំពេញថ្មី គឺដោយសារអាជ្ញាធររាជធានីភ្នំពេញបានបដិសេធសំណើរបស់ប្រធានស្តីទីចលនាយុវជន ដោយមិនអនុញ្ញាតឱ្យក្រុមយុវជនជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែមេសានេះ ដើម្បីសម្តែងមតិ ទាមទារឱ្យដោះលែងសកម្មជននយោបាយ។
លោក រ៉ុង ឈុន ចាត់ទុកថា ការមិនអនុញ្ញាតឱ្យមានការជួបជុំនេះគឺជាការរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការសម្តែងមតិ។
លោកថ្លែងថា៖ «សាលាក្រុងត្រូវបានបដិសេដ ហើយយើងមើលឃើញការបដិសេធនេះមិនបានបើកលម្ហសេរីភាពជូនដល់ប្រជាពលរដ្ឋទូទៅក្នុងការប្រមូលផ្តុំសម្តែងមតិ។ យើងឃើញថា វាជាការរឹតត្បិតថ្មីមួយទៀតសម្រាប់នៅកម្ពុជាយើង»។
លោក រ៉ុង ឈុន ក៏បានចាត់ទុកថា ការរឹតត្បិត ការរារាំងមិនឱ្យមានការជួបជុំ ការប្រមូលផ្តុំសម្តែងមតិរបស់ប្រជាពលរដ្ឋនេះប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាខែកក្កដាខាងមុខនេះផងដែរ។ ដូច្នេះលោកស្នើទៅរដ្ឋាភិបាលឱ្យបើកលម្ហសេរីភាពឱ្យបានទូលាយទាក់ទងសិទ្ធិជួបជុំប្រមូលផ្តុំសម្តែងមតិនេះ ដើម្បីកុំឱ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ៕