លោក សុខ អាន តំណាងរដ្ឋាភិបាលកម្ពុជា លោក Joachim Baron von Marschall ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា និងតំណាងសាលាក្តីខ្មែរក្រហមបានសម្ពោធបូជនីយដ្ឋាននៃការចងចាំមួយនៅថ្ងៃព្រហស្បតិ៍នេះ នៅអតីតគុកទួលស្លែង។
អ្នកទោសនៅទីនេះ យ៉ាងហោចណាស់ចំនួន១២៣៨០នាក់ត្រូវបានធ្វើទារុណកម្មយ៉ាងឃោរឃៅ និងសម្លាប់ចោលដោយពួកខ្មែរក្រហម។
បូជនីយដ្ឋាននេះធ្វើឡើងសម្រាប់រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះទាំងនេះ និងជាផ្នែកមួយនៃសំណងជានិមិត្តរូបផ្នែកផ្លូវចិត្ត និងជាសមូហភាពដល់ជនរងគ្រោះ និងគ្រួសាររបស់ពួកគេ។ ឈ្មោះជនរងគ្រោះត្រូវឆ្លាក់លើថ្មម៉ាបពណ៌ខ្មៅ ដែលគេសង់លើដីជារាងក្តារមឈូសដែលតំណាងឲ្យផ្នូររបស់ជនរងគ្រោះ។ ហើយថ្មម៉ាបពណ៌ខ្មៅនេះត្រូវគេសង់ព័ទ្ធជុំវិញស្តូបរាងបួនជ្រុង កម្ពស់៦ម៉ែត្រ និងមានដំបូលក្បាច់រចនាដូចជាក្បាច់ប្រាសាទខ្មែរ។ នៅលើជញ្ជាំងនៃស្តូបបូជនីយកិច្ចនេះមានសរសេរអក្សរជាបីភាសាគឺខ្មែរ បារាំង និងអង់គ្លេស ដែលមានន័យថា«ចងចាំគ្មានថ្ងៃភ្លេចនូវឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ»។
លោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រដ្ឋាភិបាលទទួលបន្ទុកកិច្ចការសាលាក្តីខ្មែរក្រហម បានថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មានក្រោយពីលោកបានទាញខ្សែបូរបើកសម្ពោធបូជនីយដ្ឋានរំឭកវិញ្ញាណក្ខន្ធនេះ។
«ដើម្បីរំឭក ដើម្បីបញ្ជាក់ថែមទៀតនូវការចងចាំអំពីឧក្រិដ្ឋកម្ម អំពីអំពើឃោរឃៅសព្វបែបយ៉ាង ដែលប្រព្រឹត្តក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩»។
លោកសុខ អានបន្ថែមថា បូជនីយដ្ឋាននេះនឹងប្រើជាកន្លែងអប់រំសម្រាប់យុវជនជំនាន់ក្រោយដើម្បីឲ្យគេចងចាំ និងបញ្ចៀសកុំឲ្យមានរបបឃោរឃៅបែបខ្មែរក្រហមកើតមានសារជាថ្មីនៅកម្ពុជា។
ទួលស្លែងគឺជាអតីតវិទ្យាល័យ ហើយត្រូវពួកខ្មែរក្រហមប្រែក្លាយទៅជាមន្ទីរឃុំឃាំង និងសម្លាប់មនុស្ស ក្រោយពីពួកគេឡើងកាន់អំណាចនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥។ គុកនេះហៅជាផ្លូវការដោយពួកខ្មែរក្រហមថា ជាមន្ទីរសន្តិសុខស-២១។
អតីតប្រធានគុកទួលស្លែងឈ្មោះកាំង ហ្គិចអ៊ាវ ហៅឌុច ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងការកាត់ទោសសំណុំរឿង០០១។
បូជនីយដ្ឋាន និងកន្លែងរំឭកវិញ្ញាណក្ខន្ធនេះផ្តល់មូលនិធិសាងសង់ដោយរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់។
លោក Joachim Baron von Marschall ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា បានរំឭកថា ស្តូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដោយរបបខ្មែរក្រហមនេះគឺជាកន្លែងមេរៀន និងក្តីសង្ឃឹមសម្រាប់ពលរដ្ឋកម្ពុជា។
«ស្តូបដែលយើងសម្ពោធនៅថ្ងៃនេះនឹងក្លាយជានិមិត្តរូបសម្រាប់ការផ្សះផ្សាររវាងការភ័យរន្ធត់នៃអតីតកាល និងអនាគតដ៏រីករាយ និងភ្លឺស្វាងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ វាមិនគ្រាន់តែជាទីកន្លែងនៃវិប្បដិសារី និងទុក្ខសោកប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលប្រជាពលរដ្ឋអាចនឹកគិតពីក្តីសង្ឃឹមសម្រាប់អនាគតពួកគេនិងអនាគតនៃកូនៗរបស់ពួកគេ»។
ក្នុងចំណោមជនរងគ្រោះនៅក្នុងគុកទួលស្លែងជាង១២០០០នាក់នោះ មានតែអតីតអ្នកទោសមិនដល់ដប់នាក់ទេដែលនៅរស់រានមានជីវិត។
លោកនង ចាន់ផល អតីតអ្នកទោសកុមារនៅទួលស្លែង ដែលឪពុកម្តាយរបស់លោកត្រូវសម្លាប់នៅទីនេះ លោកជុំ ម៉ី និងលោកប៊ូ ម៉េង អតីតអ្នកទោសនៅទីនេះដែរ មានវត្តមាននៅក្នុងពិធីសម្ពោធបូជនីយដ្ឋាននៅថ្ងៃនេះជាមួយសមាជិកគ្រួសារនៃអ្នកទោសដែលត្រូវសម្លាប់មួយចំនួនទៀត។
លោកជុំ ម៉ីបានលើកឡើងថា ជនរងគ្រោះមានក្តីរីករាយនឹងទទួលយកស្តូបនិមិត្តរូបសម្រាប់ជាយុត្តិធម៌របស់ខ្លួន៕