ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហោ ណាំង​ហុង​ ​ពន្យល់​អង្គ​ទូត​ពី​​ដំណើរ​នីតិវិធី​ចាប់ខ្លួនលោក សម រង្ស៊ី


លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)
លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)

លោក ​ហោ ណាំហុង ​បាន​កោះ​ប្រជុំ​ជាមួយ​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ស្តាប់​ការ​ពន្យល់​របស់​លោក​អំពី​នីតិវិធី​ក្នុង​ការ​ចាប់​ខ្លួន​លោក​ សម រង្ស៊ី។

បន្ទាប់ពី​រដ្ឋសភា​ជាតិ ​ដែល​គ្រប​ដណ្តប់​ដោយ​សមាជិក​សភា​នៃ​គណបក្ស​កាន់​អំណាច​បាន​ដក​អភ័យ​ឯកសិទ្ធិ​របស់លោក ​សម​ រង្ស៊ី ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ ដែល​នឹង​អាច​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​តាម​ដីកា​របស់​តុលាការ​នោះ​ លោក ​ហោ ណាំហុង ​បាន​កោះ​ប្រជុំ​ជាមួយ​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ស្តាប់​ការ​ពន្យល់​របស់​លោក​អំពី​នីតិវិធី​ក្នុង​ការ​ចាប់​ខ្លួន​លោក​ សម រង្ស៊ី។ លោក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ បាន​ជម្រាប​អង្គទូត​ទាំង​នោះ​ថា​ ដីកា​របស់​តុលាការ​មិន​បាន​ធ្វើ​ឡើង​ទៅ​តាម​ឥទ្ធិពល​នយោបាយ​នោះ​ទេ។​

លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ​បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ជំនួប​មួយ​រៀបចំ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​នីរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។​

បន្ទាប់​ពី​ការ​ជួប​ប្រជុំ​ជាមួយ​អង្គទូត​បស្ចឹម​ប្រទេស​ និង​អាស៊ី​ចំនួន​ប្រមាណ​ជាង​៣០​នាក់​ អស់​រយៈ​ពេលជិត​មួយ​ម៉ោង​ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​ចេញ​ដីកា​របស់​តុលាការ​ដើម្បី​ចាប់​ខ្លួន​លោក​ សម រង្ស៊ី ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ ពុំ​បាន​រង​ឥទ្ធិពល​ពី​ការ​បញ្ជា​របស់​ឥស្សរ​ជន​នយោបាយ​រូប​ណា​នោះ​ទេ ​ដោយសារ​សំណុំ​រឿង​របស់​លោក​ សម រង្ស៊ី ​គឺ​ជា​សំណុំ​រឿង​បុគ្គល​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា​ ការ​ចេញ​ដីកានេះ​គឺ​ធ្វើ​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​មេធាវី​ការពារ​ក្តី​រូប​លោក ​ហើយ​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​គំនាប​នយោបាយ​នោះ​ទេ។​

«ដូចនេះ​ ការ​ចេញ​ដីកា​កោះ​ តាម​ការ​សុំ​របស់​មេធាវី​ខ្ញុំ​នេះ​ មិន​មាន​ការ​បង្គាប់​ដោយ​ខ្ញុំ​ ឬ​ក៏មិន​មាន​ការ​ញុះញង់​ ឬ​ក៏​ណែនាំ​ពី​អ្នក​ណា​ទាំង​អស់​ ទាំង​ខ្ញុំ ​ទាំង​សម្តេច​តេជោ​ ហ៊ុន សែន មិន​ដឹង​ថា​ មេធាវី​ខ្ញុំ​ធ្វើ​អី​ផង​ ទាល់​តែ​ចេញ​ដីកាហ្នឹង​ហើយ​បាន​យើង​ដឹង​ បាន​យើង​ដឹង​ថា​ មេធាវី​ខ្ញុំ​សុំ។ ដូច្នេះ​ទាំង​សម្តេច​តេជោ​ ហ៊ុន សែន​ ទាំង​ខ្ញុំ​ យើង​អត់​ដឹង​សោះ​អំពី​អ្វី​ដែល​មេធាវី​របស់​ខ្ញុំ​ធ្វើ។ ​ដូច្នេះ​អត់​មាន​ការ​គាប​សង្កត់​នយោបាយ​ទេ»។​

ការ​ពន្យល់​របស់​លោក ​ហោ ណាំហុង​ ប្រាប់​អង្គទូត​អំពី​ដីកា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី​ នេះ​ កើត​មាន​ នៅ​ក្រោយ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ សម រង្ស៊ី ​ពី​បទ«​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។

ជំនួប​ប្រជុំ​រវាងរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ លោក​ ហោ​ ណាំហុង និង​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)
ជំនួប​ប្រជុំ​រវាងរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ លោក​ ហោ​ ណាំហុង និង​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)

បទ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តុលាការ ​នា​ខែ​មេសា​ ឆ្នាំ​២០០៨​ គឺ​នៅ​ពេល​ដែល​លោក ​សម រង្ស៊ី ​បាន​លើក​ឡើង​ថា លោក ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ពួក​ខ្មែរក្រហម​បឹងត្របែក។​ ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​សម រង្ស៊ី គឺធ្វើ​ឡើង​មិន​បានប៉ុន្មាន​ថ្ងៃ​ផង បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាងបី​ទសវត្សរ៍​ គំរាម​ប្រើ​ប្រព័ន្ធ​តុលាការ​ប្រឆាំង​នឹង​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ ដែល​បាន​ថ្លែង​ពី​ប្រទេស​ជប៉ុន​មក​ថា​ រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ចេតនា​បង្អាក់​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៨​ខាង​មុខ។​

លោក​ សម រង្ស៊ី ​ ដែល​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​នេះ​ បាន​ផ្អាក​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ដើម​សប្តាហ៍​នេះ​ នៅគ្រា​ដែល​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កូរ៉េ។ លោក​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ ​ការ​មិន​វិល​ត្រឡប់​របស់​លោក​មក​ប្រទេស​កម្ពុជា​វិញនេះ​គឺ​ដើម្បី​បញ្ចៀស​ការ​កើត​ឡើង​អំពើ​ហិង្សា ​ហើយ​ថា​ លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ទៅ​តាម​ពេល​វេលា​សម​គួរ​ណាមួយ​ តែ​លោក​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ច្បាស់លាស់​នោះ​ទេ។​

លោក ​យ៉ែម បុញ្ញ​ឫទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែងប្រាប់​ VOA ​ថា​ លោក​ ហោ ណាំហុង​ មិនគួរ​ណា​រំខាន​ដល់​អង្គទូត​ប្រចាំ​នៅ​កម្ពុជា​ទេ ប្រសិន​បើ​សំណុំ​រឿងក្តី​របស់​លោក​ និង​លោក​ សម​ រង្ស៊ី ​ ​ជា​រឿង​បុគ្គល​នោះ។

«ខ្ញុំ​គិត​ថា​ បើសិន​ណា​ជា​រឿង​បុគ្គល​មិន​ចាំបាច់​រំខាន​ដល់​ទូត​ទេ​ ទាល់​តែ​រឿង​ហ្នឹង​វា​ពាក់​ព័ន្ធ​នឹង​រឿង​អ្វី​មួយ​ រឿង​ជាតិ​ ឬ​ក៏រឿង​អ្វី​មួយ​ រឿង​សង្គម។​ ក៏​ប៉ុន្តែ​រឿង​បុគ្គល​ គេ​មិន​ដែល​រំខាន​អ្នក​នយោបាយ​ការ​ទូត​ទេ»។​

លោក​ថ្លែង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រកផ្លូវ​ចរចា​ផ្នែក​នយោបាយ​ដោយ​សន្តិវិធី​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​នយោបាយ​ និង​ឲ្យ​មាន​ការ​វិល​ត្រឡប់​របស់​លោក​ សម​ រង្ស៊ី ​មក​ប្រទេស​វិញ។​ លោក​បញ្ជាក់​ថា​ ក្រុម​អ្នក​តំណាង​រាស្រ្ត​បី​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​រូប​លោក​ផ្ទាល់​ លោក ​អេង ឆៃអ៊ាង​ និង​លោក​ សុន ឆ័យ ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ពិភាក្សាជាមួយ​លោក​ សម រង្ស៊ី ​ និង​លោក ​កឹម សុខា​ អំពី​ស្ថាន​ការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​តំបន់។ ​លោក​ទាំងពីរ​កំពុង​ស្នាក់​នៅ​ប្រទេស​ហ្វីលីពីន។​

«ដល់​ពេលនោះ​ យើង​នឹង​ពិគ្រោះ​គ្នា​ពី​ស្ថានភាព​ជាក់​ស្តែង​ នៅ​ក្នុង​ប្រទេស​ និង​នយោបាយ​ទូទៅ​ ថ្នាក់​តំបន់​ និង​ថ្នាក់​អន្តរជាតិ​ផង​ដែរ»។​

នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​លោក​ ហោ ណាំហុង​ បាន​កោះ​ប្រជុំ​ជាមួយ​អង្គទូត​ដើម្បី​ស្តាប់​ការ​បក​ស្រាយ​របស់​លោក​ចំពោះ​ការ​វិវត្ត​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ចុង​ខែ​តុលា​ លោក​បាន​ជួប​ប្រជុំ​ជាមួយ​អង្គទូត​ដើម្បី​ពន្យល់​ពីការ​ដក​លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​ប្រឆាំង​ចេញ​ពី​តំណែង​អនុប្រធាន​ទីមួយ​នៃ​សភាជាតិ​ និង​ការ​វាយ​ដំ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​ ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។

ការ​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក​ សម រង្ស៊ី ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ​បាន​ទទួល​រង​ការ​រិះ​គន់​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ដោយ​ពួក​គេ​អះអាង​ថា វា​ជា​សកម្មភាព​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ បាន គីមូន​ (Ban Ki-moon)​ អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​ បាន​ចេញសេចក្តី​ថ្លែង​ការណ៍​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ជជែក​គ្នា​ក្នុង​បរិយាកាស​គ្មាន​ការ​គំរាម​កំហែង​ ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ​ និង​សង្គម​ក្នុង​ប្រទេស​កម្ពុជា។ ​គណបក្ស​ប្រឆាំង​បាន​រង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់ នៅ​ក្រោយ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​នេះ​ផ្តើម​ការ​រិះគន់​រដ្ឋាភិបាល​លើ​ការ​ប្រើ​ប្រាស់​ផែន​ទី​សម្រាប់​កំណត់​ខណ្ឌ​សីមា​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម។​ ការ​វាយ​ប្រហារ​នេះ​នាំ​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ជំទាស់​មួយ​រូប​ គឺ​លោក​ ហុង​ សុខហួរ​ ជាប់​ក្នុង​ពន្ធនាគារ។​

ជាង​នេះ​ទៅទៀត​ ការ​និយាយ​រិះគន់​ចុងក្រោយ​របស់​លោក​ សម រង្ស៊ី ​ទៅលើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ​ដែល​មិន​ទាន់​ឯករាជ្យ​ ការ​បែងចែង​ដីធ្លី​ និង​គុណភាព​អប់រំ​ក្នុង​កម្រិត​ឧត្តម​សិក្សា​នោះ​ បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មិន​សប្បាយ​ចិត្ត​ ហើយ​បាន​លោក​ប្រកាស​ថា​ កម្ពុជា​នឹង​ជួប​សង្គ្រាម ​បើ​គណបក្ស​ប្រជាជន​កម្ពុជាលេង​កាន់​អំណាច៕

XS
SM
MD
LG