បើទោះជាប្រទេសកម្ពុជាទទួលបានសន្តិភាពបរិបូរណ៍ពីឆ្នាំ១៩៩៨ ប៉ុន្តែប្រទេសដ៏ក្រីក្រនេះនៅតែប្រឈមនឹងការធ្លាក់ចូលទៅក្នុងការប្រព្រឹត្តអំពើហិង្សា ដែលអាចឈានដល់ការកាប់សម្លាប់ ដោយហេតុតែប្រទេសនេះពុំទាន់ធានាបាននីតិរដ្ឋពេញលេញ។ ប្រទេសកម្ពុជាត្រូវតែធានាឲ្យបានថា មិនមានការរំលោភសិទ្ធិមនុស្ស ហើយត្រូវកែទម្រង់ប្រព័ន្ធតុលាការដែលមិនទាន់ឯករាជ្យ ទើបប្រទេសនេះជៀសផុតពីលទ្ធភាពនៃការកើតឡើងសកម្មភាពកាប់សម្លាប់ដូចដែលធ្លាប់បានកើតឡើងនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬរបបវាលពិឃាតខ្មែរក្រហម។
ប្រទេសកម្ពុជានៅតែប្រឈមមុខនឹងសញ្ញា ដែលអាចក្លាយជាកត្តាហានិភ័យនាំទៅរកការកើតមានអំពើហិង្សាសារជាថ្មី ខណៈដែលប្រជាជនរស់នៅក្នុងប្រទេស ដែលនៅពឹងផ្អែកលើជំនួយបរទេសនេះ កំពុងប្រឈមនឹងការរំលោភបំពានសិទ្ធិមនុស្ស ការវាយប្រហារនានាទៅលើក្រុមជំទាស់ និងអំពើអយុត្តិធម៌សង្គមផ្សេងៗទៀត។
នេះបើយោងទៅតាមឯកសារបង្ហាញពីកត្តាហានិភ័យដែលនាំទៅរកការប្រព្រឹត្តអំពើហិង្សាឈានដល់ការកាប់សម្លាប់យ៉ាងរង្គាល ហើយក្រុមអ្នកជំនាញក្នុងកម្មវិធីជំរុញ«ការអនុវត្តកាតព្វកិច្ចក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មឃោរឃៅលើមនុស្សជាតិ» ជាភាសាអង់គ្លេសហៅថា The Responsibility to Protect»។
ការអនុវត្តកាតព្វកិច្ចក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មឃោរឃៅលើមនុស្សជាតិ គឺជាបទដ្ឋានថ្មីមួយ ទទួលស្គាល់ដោយប្រមុខរដ្ឋ និងរដ្ឋាភិបាល ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៥ ដើម្បីរារាំង និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ការបោសសម្អាតជនជាតិភាគតិច និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បទដ្ឋាននេះមិនមែនជាច្បាប់នោះទេ ប៉ុន្តែវាគឺជាការប្តេជ្ញាចិត្តផ្នែកនយោបាយដើម្បីបង្ហាញផ្លូវដល់រដ្ឋ និងការគ្រប់គ្រងថ្នាក់តំបន់ និងអនុតំបន់នានា នៅក្នុងការបង្ការប្រជាជនឲ្យគេចផុតពីឧក្រិដ្ឋកម្ម និងអំពើហិង្សាទាំងអស់នេះ។
ឯកសារស្តីពីការវិភាគចំពោះអំពើឧក្រិដ្ឋកម្មឃោរឃៅ ដែលជាឧបករណ៍សម្រាប់ការរារាំងឧក្រិដ្ឋកម្មឃោរឃៅបានបង្ហាញពីកត្តាហានិភ័យចំនួន១៤ រួមមាន កង្វះខាតប្រព័ន្ធតុលាការឯករាជ្យ ការប្រព្រឹត្តអំពើពុករលួយ មានកម្រិតខ្ពស់ អភិបាលកិច្ចទន់ខ្សោយ ការរំលោភសិទ្ធិមនុស្ស និងភាពគ្មានទោសពៃរ៍ គឺជាដើមចមនៃលទ្ធភាព ដែលអាចនាំទៅរកការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដ៏ឃោរឃៅ។ ឯកសារនេះចងក្រងឡើងដោយអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៤កន្លងទៅ។
អ្នកជំនាញក្នុងកម្មវិធីជំរុញ«ការអនុវត្តកាតព្វកិច្ចក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មឃោរឃៅលើមនុស្សជាតិ»បានទទួលស្គាល់ថា កម្ពុជាពិតជាមានសន្តិភាព ក៏ប៉ុន្តែប្រជាជននៅប្រឈមនឹងអំពើអយុត្តិធម៌សង្គមជាច្រើន ដូចជាការរំលោភសិទ្ធិកាន់កាប់ដីធ្លី និងការរំលោភបំពានសិទិ្ធមនុស្សជាដើម។
នៅខាងក្រៅសិក្ខាសាលាស្តីពី«ការអនុវត្តកាតព្វកិច្ចក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មឃោរឃៅលើមនុស្សជាតិ»នេះ លោក ពូ សុធីរៈ នាយកប្រតិបតិ្តនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបតិ្តការ និងសន្តិភាព បានថ្លែងប្រាប់ VOA ថា មិនទាន់មានការកំណត់ច្បាស់លាស់ទៅលើចំណុចអវិជ្ជមាន ដែលបញ្ជាក់ថា កម្ពុជាអាចស្ថិតនៅក្នុងកត្តាហានិភ័យ ដូចដែលបានបង្ហាញតាមរយៈឯកសារនោះទេ ប៉ុន្តែថា ជម្លោះដីធ្លីដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ននេះ អាចបង្កជាកត្តាហានិភ័យ ដែលនាំទៅរកអំពើហិង្សា។
«ថ្វីត្បិតខ្មែរក្រហម របបខ្មែរក្រហមបានត្រូវផ្តួលរំលំ ហើយឥឡូវហ្នឹងកំពុងកាត់ទោសមេដឹកនាំខ្មែរក្រហមក៏ដោយ ក៏ប៉ុន្តែវាអាចមានសញ្ញាផ្សេងទៀតដែរ បើយើងមិនយកចិត្តទុកដាក់ទេ វានឹងក្លាយទៅជា risk factor [កត្តាហានិភ័យ] ឧទាហរណ៍ដូចជារឿង បើខ្វះការគិតគូរទូលំទូលាយទៅលើបញ្ហាដីធ្លី ដែលសព្វថ្ងៃនេះ នៅក្នុងសង្គមខ្មែរ យើងវាអាចមានប្រជាពលរដ្ឋមិនសប្បាយចិត្តច្រើន ដែលវាធ្វើឲ្យមានអស្ថិរភាព អសន្តិសុខសង្គម ហើយអាចឈានទៅរកដល់មានធ្វើអំពើបាតុកម្ម ឬស្អីទៅ វាអាចមាន បង្កអំពើហិង្សាអីទៅ។ អាហ្នឹងវាជាផ្នែកមួយ ដែលអាចជំរុញឲ្យទង្វើមិនល្អកើតឡើងនៅក្នុងសង្គមទៀត»។
លោកថ្លែងថា កង្វះអភិបាលកិច្ចល្អ និងការទាញយកប្រយោជន៍ធនធានធម្មជាតិ ដែលមិនមានតម្លាភាព ហើយនិងគម្លាតទ្រព្យសម្បតិ្តរវាងអ្នកមាននិងអ្នកក្រ អាចបង្កឲ្យក្លាយជាកត្តាហានិភ័យដល់ប្រទេសកម្ពុជា។
«ជាការណ៍ពិត រដ្ឋាភិបាលបានខិតខំប្រឹងប្រែង ហើយនឹងបង្កលក្ខណៈឲ្យមានស្ថិរភាពនយោបាយ ឲ្យមានសន្តិសុខសង្គម ហើយនិងកំណើនសេដ្ឋកិច្ច នៅតែមានកម្រិតខ្ពស់ ក៏ប៉ុន្តែភាពក្រីក្រ ហើយនិងគម្លាតរវាងអ្នកមាន និងអ្នកក្រហ្នឹងនៅមាននៅប្រទេសកម្ពុជានៅឡើយ ដែលយើងគួរបន្តខិតខំប្រឹងប្រែង ខិតខំធ្វើម៉េចឲ្យរឹងរឹតកាន់តែប្រសើរឡើងថែមទៀត ដើម្បីជៀសកុំឲ្យមានវិបត្តិសង្គម។ បើសង្គមមានអ្នកក្រច្រើន សង្គមនឹងមានបញ្ហា ហើយនេះក៏ជា risk factor ដែលគេហៅថា ភាពក្រីក្រនោះ»។
ប្រជាជនកម្ពុជា ប្រមាណ១,៧លាននាក់បានបាត់បង់ជីវិត ដោយសារការសម្លាប់រង្គាល ប្រល័យពូជសាសន៍ និងការធ្វើការបាក់កម្លាំង ហូបមិនគ្រប់គ្រាន់នៅក្នុងសម័យកុម្មុយនីស្តជ្រុលនិយមខ្មែរក្រហម ដែលបានឡើងក្តោបក្តាប់ប្រទេសកម្ពុជាតាមរយៈការចងកំហឹងវណ្ណៈ។ របបខ្មែរក្រហមបានអូសបន្លាយរយៈពេលបីឆ្នាំ គិតចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ មុនពេលត្រូវផ្តួលរំលំដោយការចូលឈ្លានពានពីកងទ័ពវៀតណាម ដើម្បីបណ្តេញកងទ័ពខ្មែរក្រហម។
សាលាក្តីកាត់ទោសខ្មែរក្រហម ដែលមានការចូលរួមពីភាគីអ្នកច្បាប់អន្តរជាតិ កំពុងកាត់ទោសសំណុំរឿង០០២ពាក់ព័ន្ធនឹងមេដឹកនាំកំពូលរបស់ខ្មែរក្រហមពីរនាក់គឺ នួន ជា និង ខៀវ សំផន ដែលត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការសម្លាប់ប្រជាជនក្នុងប្រទេសកម្ពុជា។ គោលបំណងនៃសាលាក្តីនេះគឺស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ដែលធ្លាប់ឆ្លងកាត់សម័យខ្មែរក្រហម និងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍។
របបវាលពិឃាតខ្មែរក្រហមនេះពិតជាបានរលត់រលាយទៅអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ ហើយប្រទេសកម្ពុជាក៏កំពុងបន្តអភិវឌ្ឍន៍ក្រោមដំបូលសន្តិភាពពិតមែន ក៏ប៉ុន្តែប្រជាជនកម្ពុជាត្រូវគេមើលឃើញថា នៅប្រឈមនឹងការប្រព្រឹត្តអំពើហិង្សា និងការបំភិតបំភ័យ តាមរយៈសារគំរាមផ្នែកនយោបាយទាក់ទិនការផ្ទុះសង្គ្រាមឡើងវិញនៃសង្គ្រាមក្នុងស្រុក។
លោក គីមសួរ ភិរិទ្ធ អ្នកតំណាងរាស្ត្រគណបក្សជំទាស់មកពីមណ្ឌលកំពង់ចាម ក៏ជាអ្នកចូលរួមក្នុងសិក្ខាសាលា ដែលធ្វើឡើងនៅទីក្រុងបាកកនេះដែរ។ លោកនិយាយថា ប្រទេសកម្ពុជានៅតែប្រឈមនឹងហានិភ័យដែលអាចនាំឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងស្ថានភាពហិង្សា ដោយសារតែមេដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ននៅនិយមប្រើសារគំរាមផ្នែកនយោបាយបែបហិង្សា ហើយអំពើហិង្សានេះបានកើតមានឡើងផងដែរទៅលើសមាជិកនៃរដ្ឋសភាមកពីគណបក្សជំទាស់។
«នេះជាការណ៍ពិត អ្វីដែលយើងបានឃើញក្នុងបទបង្ហាញពីអ្នកជំនាញផ្នែកទប់ស្កាត់អំពើឃោរឃៅ និងបទឧក្រិដ្ឋអំពើឃោរឃៅហ្នឹង យើងឃើញថា ប្រទេសកម្ពុជាយើងមានលក្ខខណ្ឌ មានកត្តាជំរុញ (indicator) មួយចំនួនគឺថា ដូចគ្នានឹងអ្វីគេបានរៀបរាប់នៅក្នុងសិក្ខាសាលានេះ។ អញ្ចឹងទាំងអស់នេះហើយ ដែលធ្វើឲ្យយើងទាំងអស់គ្នាត្រូវគិតថា បើសហគមន៍អន្តរជាតិនៅតែមិនផ្តោតការយកចិត្តទុកដាក់ជំរុញឲ្យរដ្ឋាភិបាលហ្នឹងវិលត្រឡប់មកតាមផ្លូវ ដែលគេហៅថា ការគោរពសិទ្ធិមនុស្ស និងគោលការណ៍គ្រិះលទ្ធិប្រជាធិបតេយ្យទេ យើងអាចរអិលធ្លាក់ចេញពីផ្លូវហ្នឹង ឆ្ពោះទៅរកអំពើឃោរឃៅនៅពេលខាងមុខឆាប់ៗហ្នឹង។ ជាពិសេសយើងឃើញហើយថ្មីៗនេះ គឺថា សម្តេចនាយករដ្ឋមន្ត្រីតែងតែប្រើប្រាស់វោហាស័ព្ទជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយរបស់គាត់ថា បើសិនជាគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតនឹងមានសង្គ្រាម នោះហើយជាភាសាដែលអាចឲ្យយើងព្រួយបារម្ភថា មានការរុញច្រាន មានការលើកទឹកចិត្ត អាចធ្វើឲ្យមានអំពើឃោរឃៅកើតមានជាថ្មីម្តងទៀត នៅក្នុងសង្គមកម្ពុជាយើង»។
នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជារឿយៗ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បានប្រកាសថា កម្ពុជានឹងធ្លាក់ចូលក្នុងសង្គ្រាមជាថ្មីទៀត បើគណបក្សលោកឈប់គ្រប់គ្រងប្រទេស។ កាលពីខែកញ្ញាកន្លងទៅនេះ លោកបានថ្លែងពីការកើតមានសង្គ្រាម នៅពេលដែលលោកធ្វើបទបង្ហាញស្តីពីការពិនិត្យផ្ទៀងផ្ទាត់ផែនទី ដែលបានប្រើសម្រាប់កំណត់ខណ្ឌសីមារវាងប្រទេសកម្ពុជា និងវៀតណាម។ លោកថ្លែងចំៗថា បើសិនជាគណបក្សប្រឆាំងឡើងកាន់អំណាច សង្គ្រាមនឹងផ្ទុះឡើង ដោយលោករំឭកដល់ជម្លោះព្រំដែនកម្ពុជាថៃកាលពីឆ្នាំ២០០៨។
«យើងធ្លាប់បានឃើញប្រជាជនភៀសសឹក នៅតំបន់ព្រះវិហារ ធ្លាប់បានឃើញប្រជាជនភៀសសឹកនៅឧត្តរមានជ័យទេ នេះហើយជាលទ្ធផលនៃសង្គ្រាម ហើយនេះហើយជាលទ្ធផលដែលវានឹងមកដល់នៅពេល គណបក្សប្រឆាំងកាន់អំណាច។ វានឹងមកដល់នៅពេលដែលគណបក្សប្រជាជនកម្ពុជាមិនកាន់អំណាចតទៅទៀត។ វាច្បាស់ជាមកដល់។ បក្សដទៃកាន់អំណាច ច្បាស់ណាស់ថា សង្គ្រាមវាកើត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តព្រមានម្តងទៀតថា ប្រទេសកម្ពុជាអាចនឹងជួបសង្រ្គាម ដោយលោកលើកហេតុផលពីរយ៉ាង គឺទីមួយក្រុមបក្សជំទាស់យកអ្នកមានទ្រព្យស្តុកស្តម្ភជាសត្រូវ ហើយទីពីរគឺក្រុមបក្សជំទាស់យកប្រទេសក្បែរខាងជាសត្រូវ។ ក៏ប៉ុន្តែ ការវាយប្រហារនេះត្រូវគណបក្សជំទាស់ចាត់ទុកថា ជាការគំរាមកំហែង និងបង្ហាញពីការភ័យខ្លាចចាញ់ការបោះឆ្នោត។
ឯកសាររបស់អង្គការសហប្រជាជាតិស្តីពីការវិភាគចំពោះអំពើឧក្រិដ្ឋកម្មឃោរឃៅ សម្រាប់ជាឧបករណ៍បង្ការការកើតមានអំពើហិង្សា និងបទឧក្រិដ្ឋកម្មឃោរឃៅ បានបញ្ជាក់ថា ការវាយប្រហារមិនឈប់ឈរទៅលើសមាជិក ឬមេដឹកនាំក្រុមជំទាស់ គឺស្ថិតនៅក្នុងកត្តាហានិភ័យមួយ ដែលនាំឲ្យកើតមានអំពើហិង្សា និងអំពើឧក្រិដ្ឋកម្មឃោរឃៅ។ ឯកសារនេះគឺជាផ្នែកមួយនៃការជំរុញការអនុវត្តកាតព្វកិច្ចក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មឃោរឃៅលើមនុស្សជាតិ៕