មេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ធ្វើការចោទប្រកាន់គណបក្សកាន់អំណាចថាកំពុងធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ បន្ទាប់ពីតុលាការកម្ពុជាបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនរូបលោកនិងការប្តេជ្ញារបស់សភាក្នុងការដកអាសនៈរបស់លោកចេញពីសភា។ នៅក្នុងសារបង្ហោះលើគេហទំព័រ Facebook មួយរបស់លោក សម រង្ស៊ី បានសរសេរថា គណបក្សកាន់អំណាចកំពុងតែចាត់វិធានការក្នុងការបញ្ចប់តួនាទីរបស់គណបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេស។
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដំបូងឡើយគ្រោងនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃច័ន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក៏ប៉ុន្តែលោកបានពន្យារពេលនៃការវិលត្រឡប់របស់លោក ក្រោយពីតុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកកាលពីថ្ងៃសុក្រ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាជាតិដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចបានដកអភ័យឯកសិទ្ធិនិងអាសនៈសភារបស់លោក។ លោក សម រង្ស៊ី មិនទាន់បានកំណត់កាលបរិច្ឆេទច្បាស់លាស់អំពីការត្រឡប់មកកាន់ប្រទេសកម្ពុជាឡើងវិញនៅឡើយទេ។
កាលពីថ្ងៃពុធនេះ សារព័ត៌មាន Cambodia Daily បានចុះផ្សាយថា ដំណើរការចរចាកំពុងតែត្រូវបានធ្វើឡើងដើម្បីឈានទៅដល់កិច្ចព្រមព្រៀងមួយរវាងមេដឹកនាំគណបក្សប្រឆាំងនិងបុរសខ្លាំងគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេល៣ទសវត្សរ៍មកហើយ។
ការប្រឈមមុខដាក់គ្នានេះបានធ្វើឲ្យមានការកើនឡើងនូវភាពតានតឹងអស់រយៈពេលប៉ុន្មានសប្តាហ៍រវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។ កាលពីចុងខែមុននេះ តំណាងរាស្រ្តរបស់គណបក្សកាន់អំណាចបានបោះឆ្នោតទម្លាក់លោក កឹម សុខា ដែលជាអនុប្រធានគណបក្សប្រឆាំងឲ្យចេញពីតំណែង។
កាលពីប៉ុន្មានសប្តាហ៍មុននេះ មានមនុស្សមួយក្រុមបានវាយតប់តំណាងរាស្រ្តរបស់គណបក្សប្រឆាំង២រូប ក្នុងខណៈពេលដែលពួកគេបានចាកចេញពីសភា ហើយប៉ូលិសនិងកងសន្តិសុខបានត្រឹមតែឈរមើលប៉ុណ្ណោះ។ នៅល្ងាចថ្ងៃដដែលនោះ ហ្វូងមនុស្សបានគប់ដុំថ្មចូលក្នុងផ្ទះរបស់លោក កឹម សុខា ហើយប៉ូលិសមិនបានអើពើនឹងការស្នើសុំឲ្យជួយធ្វើអន្តរាគមន៍ពីសំណាក់ភរិយារបស់លោក ដែលបានជាប់នៅក្នុងផ្ទះនោះទេ។
មនុស្សជាច្រើនមានជំនឿថា គណបក្សកាន់អំណាចគឺជាអ្នកបញ្ជាលើការវាយប្រហារនេះ បើទោះបីជាអ្នកនាំពាក្យរបស់គណបក្សកាន់អំណាចបានធ្វើការបដិសេធលើការចោទប្រកាន់នេះក៏ដោយ។
អ្នកវិភាគនយោបាយនិងជាប្រធានវេទិកាអនាគតដែលជាអង្គការស្រាវជ្រាវគោលនយោបាយគឺលោក អ៊ូ វីរៈ មានប្រសាសន៍ថា ភាពមិនចុះសម្រុងគ្នានាពេលបច្ចុប្បន្ននេះ បានរំលឹកដល់ចំណាត់ការស្រដៀងគ្នានេះរបស់គណបក្សកាន់អំណាចដែលបានកើតឡើងនៅមុនពេលនៃការបោះឆ្នោតជាតិនៅឆ្នាំ២០០៨និងឆ្នាំ២០១៣។
«ចំណាត់ការនេះប្រព្រឹត្តទៅដោយជោគជ័យកាលពីលើកមុន ដូច្នេះលោក ហ៊ុន សែន កំពុងតែអានដល់ទំព័រមួយក្នុងសៀវភៅចាស់ ហើយលោកច្បាស់ជាប្រើប្រាស់យុទ្ធសាស្ត្រដដែលនេះ ដែលធ្លាប់ទទួលបានប្រសិទ្ធភាពយ៉ាងងាយស្រួលនិងមិនថ្លៃថ្នូរសម្រាប់លោក តាមរយៈមធ្យោបាយមួយដែលឲ្យតុលាការដែលត្រួតត្រាទាំងស្រុងដោយលោក ហ៊ុន សែន កាត់ទោសតាមផ្លូវច្បាប់»។
គណបក្សសង្រ្គោះជាតិ បានធ្វើឲ្យគណបក្សកាន់អំណាចស្រឡាំងកាំងនៅពេលដែលគណបក្សនេះស្ទើរតែឈ្នះឆ្នោតកាលពីឆ្នាំ២០១៣ ដោយចាញ់ត្រឹមតែ៣ម៉ឺនសំឡេង ឬប្រមាណ៤ភាគរយនៃសន្លឹកឆ្នោតសរុបប៉ុណ្ណោះ។
លោក វីរៈ មានប្រសាសន៍ថា គណបក្សកាន់អំណាចដឹងខ្លួនថា ការសន្យារបស់ខ្លួននៅឆ្នាំ២០១៣ ក្នុងការធ្វើកំណែទម្រង់នានាមិនអាចនឹងធ្វើទៅរួច ដែលនេះគឺជាមូលហេតុដែលគណបក្សនេះកំពុងតែព្យាយាមបំបែកគណបក្សប្រឆាំងមុនការបោះឆ្នោតជាតិឆ្នាំ២០១៨មកដល់។
«ក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលជាការបោះឆ្នោតដ៏ប្រកៀកប្រកិតនោះ គណបក្សប្រជាជនកម្ពុជាគិតថាគណបក្សខ្លួនអាចក្រឡេកទៅមើលកំណែទម្រង់ និងព្យាយាមទាក់ទាញអ្នកបោះឆ្នោតជាយុវជនបាន។ ខ្ញុំគិតថា ពួកគេបានដឹងថាការធ្វើបែបនេះគឺជារឿងដ៏លំបាកមួយ ជាពិសេសជាមួយនឹងប្រព័ន្ធមួយដែលសំងំសុខនិងពុករលួយដែលពួកគេបានបង្កើតឡើង។ ដូច្នេះឥឡូវនេះ ពួកគេកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រចាស់ៗដ៏កខ្វក់ដដែលនោះ តាមរយៈការប្រើប្រាស់តុលាការដែលពួកគេត្រួតត្រាទាំងស្រុង ដើម្បីធ្វើចំណាត់ការតាមផ្លូវច្បាប់ទៅលើលោក សម រង្ស៊ី ដែលយុទ្ធសាស្ត្រនេះមានប្រសិទ្ធភាពកាលពីលើកមុន ហើយនៅតែមានប្រសិទ្ធភាពដល់សព្វថ្ងៃនេះ»។
កាលពីយប់ថ្ងៃដដែលនោះ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានហៅដីកាចាប់ខ្លួនលោក សម រង្ស៊ី និងការវាយប្រហារទៅលើតំណាងរាស្រ្តរបស់គណបក្សប្រឆាំងកាលពីពេលថ្មីៗនេះ ថាជាការវិវឌ្ឍន៍ដ៏គួរឲ្យព្រួយបារម្ភ និងបានស្នើឲ្យគណបក្សទាំង២ធ្វើការពិភាក្សាគ្នាឡើងវិញ។
ឆ្នាំនេះគឺជាពេលដ៏លំបាកមួយសម្រាប់គណបក្សប្រឆាំងដោយសារសកម្មជនរបស់ខ្លួនចំនួន១៥រូបត្រូវបានដាក់ពន្ធនាគារកាលពីដើមឆ្នាំនេះ បន្ទាប់ពីមានការកាត់ទោសទៅលើការធ្វើបាតុកម្មហើយសមាជិកព្រឹទ្ធសភាម្នាក់កំពុងតែរង់ចាំការកាត់ក្តីពីបទក្លែងបន្លំឯកសារសាធារណៈ។ ករណីចោទប្រកាន់ទៅលើពួកគេទាំងនោះ ត្រូវបានគេចាត់ទុកថាពាក់ព័ន្ធនឹងបញ្ហានយោបាយ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី នេះ មានជាប់ពាក់ព័ន្ធនឹងសេចក្ដីសម្រេចរបស់តុលាការកាលពីឆ្នាំ២០១១ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ហើយតុលាការបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ បន្ទាប់ពីលោក សម រង្ស៊ី បាននិយាយថា លោករដ្ឋមន្រ្តីក្រសួងការបរទេស ហោ ណាំហុង បានជួយគ្រប់គ្រងគុកខ្មែរក្រហម ក្នុងសម័យប៉ុល ពតនៅទសវត្សរ៍១៩៧០។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការផ្ដន្ទាទោសនេះត្រូវបានគេជឿថាបានលើកលែងចោលនៅមុនពេលការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ នៅពេលដែលលោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រិតលើកលែងទោស ដោយអនុញ្ញាតឲ្យលោកធ្វើមាតុភូមិនិវត្តន៍វិញដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោត៕
ប្រែសម្រួលដោយ នាង ហុង ចិន្តា