ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​មួយ​រួប​ដាក់​ពាក្យ​លា​ឈប់​ពី​គណបក្ស


លោក ជា​ ​ចំរើន អតីត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ផ្តល់​​បទ​សម្ភាសន៍​ដល់ VOA នៅ​ក្នុងខែ​វិច្ឆិកា ឆ្នាំ​២០១៥។​ (សុខ​ ខេមរា/VOA)
លោក ជា​ ​ចំរើន អតីត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ផ្តល់​​បទ​សម្ភាសន៍​ដល់ VOA នៅ​ក្នុងខែ​វិច្ឆិកា ឆ្នាំ​២០១៥។​ (សុខ​ ខេមរា/VOA)

លោក​ ជា ចំរើន បាន​ដាក់​ពាក្យ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដើម្បី​ សុំ​លា​ឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ក្រោយ​ពី​មាន​បញ្ហា​ចម្រូង​ចម្រាស​ខ្លះ​ផ្នែក​មុខ​ជំនួញ។​

លោក​ ជា ចំរើន បាន​ដាក់​ពាក្យ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដើម្បី​ សុំ​លា​ឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ក្រោយ​ពី​មាន​បញ្ហា​ចម្រូង​ចម្រាស​ខ្លះ​ផ្នែក​មុខ​ជំនួញ។​

នៅ​ក្នុង​លិខិត​ដែល​ដាក់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ដែល​ VOA​ ទទួល​បាន​នោះ​ លោក​ ជា​ ចំរើន​ បាន​បញ្ជាក់​ថា​៖

«ខ្ញុំ​បាទ​បាន​ចូល​បំរើ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៣​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ឥឡូវ​ខ្ញុំ​បាទ​សុំ​លា​ឈប់​បំរើ​ការងារ​គណបក្ស​ ប្រជាជន​កម្ពុជា​ចាប់​ពី​ពេល​នេះ​ត​ទៅ»។​

លោក​ ជា​ ចំរើន​ ពុំ​បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​ ពុំ​បាន​បញ្ជាក់​ពី​តួនាទី​ក្នុង​បក្ស ដែល​លោក​លា​ឈប់​នោះ​ទេ។​ លោក ​ជា​ ចំរើន​ ត្រូវ​គេ​ដឹង​ថា​ជា​ សមាជិក​សកម្ម​នៃ​សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ ប្រជាជន​កម្ពុជា​និង​ជា​អតីត​អ្នក​តំណាងរាស្ត្រ​កាល​ពី​អាណត្តិ​មុន​។​

ថ្លែង​បញ្ជាក់​ប្រាប់​ VOA ក្រោយ​ពី​ការដាក់​ពាក្យ​លា​ឈប់​នេះ​ លោក​ ជា​ ចំរើន ​អះអាង​ពី​មូលហេតុ​ត្រួសៗ​ថា​៖​

«បញ្ហា​ទី​១​ ខ្ញុំ​ចង់​ធ្វើការ​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​អំពី​ប្រជាធិបតេយ្យ​ ទី១​ បើ​ខ្ញុំ​មាន​ឱកាស​ ខ្ញុំ​នឹង​បង្កើត​គណបក្ស​នយោបាយ​មួយ​ដោយ​ប្រមូល​ផ្តុំ​ ក្រុម​បញ្ញវ័ន​និង​យុវជន​ដើម្បី​ធ្វើ​ឲ្យ​ចំ​គោលដៅ​ប្រជាធិបតេយ្យ​ ដូចជា​ការបង្ហាត់​បង្រៀន​ ការអប់រំ​ប្រជាពលរដ្ឋ​ យើង​មិន​ចង់​ឃើញ​ទិដ្ឋភាព​ទូទៅ​ សព្វ​ថ្ងៃ​រវាង​បក្ស​ទាំង​ពីរ​ដែល​មាន​អំណាច​នៅ​ឈ្លោះ​គ្នា​ មិន​គិត​អំពី​ ខ្វល់​អំពី​ប្រជារាស្ត្រ​នៅ​តាម​មូលដ្ឋាន​ទេ​ ដែល​គេ​ដាច់​បាយ​ ដាច់​ទឹក​ ស្រែ​ចំការ​ អត់​មាន​អ្នកណា​ចុះ​ទៅ​ជួយ​មើល​ទេ»។​

លោក​ថ្លែង​ថា​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​លោក​មិន​អាច​ធ្វើ​ការងារ​ បំរើ​សង្គម​បាន​ទេ​ ដោយសារ​ថា​សិទ្ធិ​របស់​លោក​មាន​កម្រិត។​

«ព្រោះ​នៅ​ក្នុង​បក្ស​មាន​ដែន​កំណត់​បក្ស​ នៅ​ក្នុង​សង្គម​មាន​សេរីភាព​ គេ​ធ្វើ​ នៅ​ក្នុង​សង្គម​មាន​សេរីភាព​ ឧទាហរណ៍​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​នៅ​ ក្នុង​បក្ស​មួយ​ដែល​យើង​ធ្វើ​ដោយ​ខ្លួន​យើង​ រឿង​ហ្នឹង​យើង​មាន​សេរីភាព​ ច្រើន​ជាង​សម្រាប់​ជួយ​ជាតិ​មាតុភូមិ»។​

លោក ​ជា ចំរើន​ធ្លាប់​មាន​បញ្ហា​មុខ​ជំនួញ​ក្រុមហ៊ុន​ ហើយ​មាន​ការប្តឹង​ផ្តល់​ ដែល​លោក​បាន​ចាញ់​ភាគី​ម្ខាង​ទៀត​។ លោក​ចាត់​ទុក​ថា​នោះ​ជា​រឿង​ អយុត្តិធម៌​សង្គម​មួយ​ដែល​លោក​បាន​ប្រឈម។​ លោក​ក៏​ជា​អតីត​សាកលវិទ្យាធិការ​ចំរើន​ពហុវិជ្ជា​និង​ជា​អតីតប្រធាន​អង្គការ​ KYDO​ ផង​ដែរ។​

ការលា​ឈប់​ពី​ គណបក្ស​ដ៏​កម្រ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ អាច​ជា​ការរំជើប​រំជួល​សម្រាប់​គណបក្ស​នេះ​យ៉ាង​ណា​ទេ។​

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​មួយ​ បាន​និយាយ​ថា​ បើ​លោក ​ជា ចំរើន ពិត​ជា​ចេញ​ដោយ​ខ្លួន​គាត់​ មែន​នោះ​ជា​រឿង​អាច​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ​ដែរ​ តែ​ចាំ​ មើល​ដែរ​ថា​គាត់​នឹង​ធ្វើ​អ្វី​ដែល​អាច​មាន​បញ្ហា​ផ្ទៃ​ក្នុង​ត្រូវ​លេច​ចេញ​អ្វី​ខ្លះ​ តាម​រយៈ​ការចាកចេញ​របស់​គាត់​នោះ។​

«បើ​សិន​ជា​អញ្ចឹង​មែន​អាច​បាត់បង់​រូបភាព​គណបក្ស​ប្រជាជន​ដែល​តែង​តែ​ប្រមូល​ផ្ទៃ​ក្នុង​មិន​ឲ្យ​មាន​ការបែកបាក់​គ្នា​ ហើយ​ជា​រូបភាព​មួ​យ​ដែល​គណបក្ស​ប្រជាជន​តែងតែ​មាន»។​

តែ​លោក​ថា​គណបក្ស​ប្រជាជន​មិន​ដែល​ហ៊ាន​វះកាត់​ផ្ទៃ​ក្នុង​របស់​ខ្លូន​ទេ​ ទោះ​ជា​មាន​មន្ត្រី​ធ្វើ​ខុស​ច្បាប់​ក៏​នៅ​តែ​ឱប​ក្រសោប​ការពារ​គ្នា​ ដើម្បី​រក្សា​អ្វី​មួយ​ដែល​លោក​វីរៈ​អះអាង​ថា​ជា​ភាពស្មោះត្រង់​នោះ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ សុខ​ ឦសាន្ត​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​ សមាជិក​គណបក្ស​លោក​មាន​ជាង​៥​លាន​នាក់​ ហើយ​ការសម្រេច​ចិត្ត​របស់​បុគ្គល​ម្នាក់​គឺ​ជា​សិទ្ធិ​របស់​បុគ្គល​ផ្ទាល់​ខ្លួន​មិន​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​គណបក្ស​លោក​ទេ។

«អត់​មាន​បញ្ហា​អី​ទេ​ មនុស្ស​រាប់​លាន​នាក់​ ជាង​៥​លាន​នាក់​ ហើយ​លា​ឈប់​មួយ​ អត់​មាន​បញ្ហា​ទេ។​ នេះ​ជា​រឿង​ធម្មតា​ទេ​រឿង​នេះ​ វា​ជា​សិទ្ធិ​ នយោបាយ​របស់​ពលរដ្ឋ​គ្រប់​រូប»។

មន្រ្តី​សំខាន់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លា​ឈប់​ពី​បក្ស​កាល​ពី​ទសវត្សន៍​ទី​១៩៩០​ ដែរ នោះ​គឺ​លោក​ គង់​ គាំ​ ដែល​មក​ចូល​រួម​ជាមួយ​គណបក្ស​ជំទាស់​បច្ចុប្បន្ន។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​កាន់​កាប់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​ដៃ​គូ​ ប្រជែង​នយោបាយ​សំខាន់​សម្រាប់​ការបោះឆ្នោត​កន្លង​មក​និង​ការបោះឆ្នោត​ ឃុំ​សង្កាត់​និង​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ នៅ​ពេល​ខាង​មុខ៕

ទស្សនាបទសម្ភាសន៍ជាមួយលោក ជា ចំរើន

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG