ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វាំងឡង់​ស្ថាបនា​របាំង​ព្រំដែន​ជាមួយ​​រុស្ស៊ី​ដើម្បី​ត្រួតត្រា​លំហូរ​ជន​ចំណាក​ស្រុក​និង​បិទ​ច្រក​ព្រំដែន


ជនចំណាកស្រុក និងរថយន្តរបស់ឆ្មាំព្រំដែនហ្វាំងឡង់ត្រូវបានគេឃើញនៅឯច្រកអន្តរជាតិនៅ Salla ភាគខាងជើងប្រទេសហ្វាំងឡង់នៅថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣ ។
ជនចំណាកស្រុក និងរថយន្តរបស់ឆ្មាំព្រំដែនហ្វាំងឡង់ត្រូវបានគេឃើញនៅឯច្រកអន្តរជាតិនៅ Salla ភាគខាងជើងប្រទេសហ្វាំងឡង់នៅថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣ ។

ឆ្មាំ​ការពារ​និង​ទាហាន​ការពារ​ព្រំដែន​ហ្វាំងឡង់​បាន​ចាប់ផ្តើម​ស្ថាបនា​របាំង​ការពារ​រួម ទាំង​របាំង​ធ្វើ​ពី​បេតុង​ដោយ​មាន​ដាក់​លួស​បន្លា​នៅ​ពីលើ​នៅឯ​ចំណុច​ឆ្លងកាត់​ខ្លះ​នៅ​តាម​បណ្តោយ​ព្រំដែន​ដ៏​វែង​របស់​ប្រទេស​នេះ​ ជាមួយ​រុស្ស៊ី​ដើម្បី​ធ្វើ​ឱ្យ​ប្រសើ​ឡើង​នូវ​ការត្រួតត្រា​ជន​ចំណាកស្រុក​ដ៏​ច្រើន។ នេះ​បើ​តាម​ពួក​មន្ត្រី​ដែល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ ហ្វាំងឡង់​បាន​និយាយ​ថា​ខ្លួន​នឹង​បិទ​ចំណុច​ឆ្លងកាត់ ​៣​បន្ថែម​ទៀត ដោយ​ទុក​តែ​ចំណុច​ឆ្លងកាត់​តែ​មួយ​នៅ​សមុទ្រ​ទឹកកក​អាក់ទិក​សម្រាប់​ជន​ចំណាក​ស្រុក​ដែល​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ជន​ចំណាក​ស្រុក​ចំនួន​៦០០​នាក់​ដែល​មិន​មាន​ទិដ្ឋាការនិង​ឯកសារ​ត្រឹមត្រូវ ភាគ​ច្រើន​មក​ពី​តំបន់​មជ្ឈិម​បូព៌ា​និង​ទ្វីប​អាហ្វ្រិក​បាន​មកដល់​ប្រទេស​ហ្វាំងឡង់​នៅ​ខែ​វិច្ឆិកា បើ​ប្រៀប​ធៀប​ទៅនឹង​ចំនួន​តិចតួច​ក្នុង​ខែ​កញ្ញា​និង​តុលា។ ពួក​អ្នក​មកដល់​ រួមមាន​ជន​ជាតិ​អាហ្វហ្កានីស្ថាន ​អ៊ីរ៉ាក់ ​ស៊ីរី ​យ៉េមែន ​កេនយ៉ា ​ម៉ារ៉ុក​និង​សូម៉ាលី។ នេះ​បើ​តាម​ពួក​មន្ត្រី​ព្រំដែន។

រដ្ឋាភិបាល​រុស្ស៊ី​បាន​សម្តែងការសោកស្តាយ​ចំពោះការសម្រេច​របស់​ហ្វាំងឡង់​ដើម្បី​បិទ​ចំណុច​ត្រួតពិនិត្យនេះ​ហើយ​បាន​ច្រានចោល​ការអះអាង​របស់​អាជ្ញាធរ​ហ្វាំងឡង់​ថា​រុស្ស៊ី​បាន​លើក​ទឹកចិត្ត​ឱ្យ​មាន​ជន​ចំណាក​ស្រុក​ដ៏​ភ្លូកទឹក​ភ្លូកដី​នៅឯ​ព្រំដែន​ដើម្បី​ដាក់​ទណ្ឌកម្ម​ហ្វាំងឡង់​ចំពោះ​ការចូលរួម​អង្គការ​អូតង់។

រដ្ឋាភិបាល​ហ្វាំងឡង់​បាន​សម្រេច​បិទ​ចំណុច​ឆ្លងកាត់​ព្រំដែន​ដ៏​មមា​ញឹក​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ហ្វាំងឡង់​កាលពី​សប្តាហ៍​មុន​លើ​ការសង្ស័យ​នៃ​ការធ្វើ​សកម្មភាព​ទុច្ចរិត​ដោយ​ពួក​មន្ត្រី​ព្រំដែន​របស់​រុស្ស៊ី។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​លោក​ស្រី Maria Zakharova​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​អាជ្ញាធរ​រុស្ស៊ី​ប្រុងប្រៀប​ជា​ស្រេច​ហើយ​ដើម្បី​ធ្វើការ​រួម​គ្នា​ជាមួយ​ពួក​មន្ត្រី​ហ្វាំងឡង់​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​ព្រំដែន។ លោក​ស្រី​បាន​ជជែក​ឱ្យ​ហេតុផល​ថា​ហ្វាំងឡង់​ត្រូវតែ​«បញ្ជូន​ការព្រួយ​កង្វល់​របស់​ខ្លួន​ដើម្បី​ធ្វើឱ្យ​មាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ដោយ​ភាគី​ទាំង២ ​ឬ​ទទួល​បាន​ការពន្យល់»។

នៅ​ក្នុង​ការវិវត្ត​មួយ​ទៀត​ពាក់ព័ន្ធ​នឹង​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​គឺ​នៅ​ពេល​ដែល​ពួក​សមាជិក​សភា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថ្លឹងថ្លែង​ពី​ការបញ្ជូន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិកដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ដើម្បី​ជួយ​ប្រយុទ្ធ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​នោះ ពលរដ្ឋ​អាមេរិកាំង​ជិត​ពាក់​កណ្តាល​គិត​ថា​អាមេរិក​កំពុង​ចំណាយ​ច្រើន​ពេក​លើ​ជំនួយ​ដល់​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការស្ទង់​មតិ​ពីមជ្ឈមណ្ឌល​ស្រាវជ្រាវ​កិច្ចការ​សាធារណៈ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP-NORC។

មនោសញ្ចេតនា​ទាំង​នោះ​ដែល​ភាគច្រើន​មកពី​ពួក​គណបក្ស​សាធារណរដ្ឋ​ គឺ​បង្ហាញ​ឲ្យ​ឃើញការជំទាស់​តវ៉ា​ដ៏​ខ្លាំង​ក្នុង​ចំណោម​ពួក​សមាជិក​សភា​អភិរក្ស​និយម​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​វិមាន​សភា Capitol​ដែល​កំពុងច្រានចោល​ការខំប្រឹងប្រែង​ពី​លោក​ប្រធានា​ធិបតី Joe Biden ដើម្បី​អនុម័តកញ្ចប់ជំនួយថ្មី​សម្រាប់​អ៊ុយក្រែន​ដោយ​ពួកគេ​ជជែក​ឱ្យ​ហេតុផល​ថា​ប្រាក់​ទាំង​នោះ​ត្រូវ​ចំណាយ​សម្រាប់​បញ្ហា​អាទិភាព​នៅ​ក្នុង​ប្រទេស​វិញ។

ប៉ុន្តែការជំទាស់​ប្រឆាំង​ដល់​ជំនួយបាន​ធ្លាក់​ចុះ​បន្តិច បើ​ប្រៀបធៀប​កាលពី​មួយ​ខែ​មុននៅ​ក្នុង​ការស្ទង់​មតិ​របស់ AP-NORC ។ ឥឡូវនេះ​ ៤៥​ភាគរយ​និយាយ​ថា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកកំពុង​ចំណាយ​ច្រើន​ពេក​លើ​ជំនួយ​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី បើ​ប្រៀបធៀប​ចំនួន៥២ភាគរយ​នៅ​ក្នុង​ខែ​តុលា។ ការផ្លាស់ប្តូរ​នេះ​ទំនង​កើត​មាន​ឡើង​ភាគ​ច្រើន​មកពី​ពួក​គណបក្ស​សាធារណរដ្ឋ​ដោយ​ឥឡូវនេះ​៥៩​ភាគរយ​និយាយ​ថា​មាន​ការចំណាយ​ច្រើន​ពេក​លើ​ជំនួយ​អ៊ុយក្រែន ក៏​ប៉ុន្តែ ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ពី​ចំនួន​៦៩​ភាគរយនៅ​ក្នុង​ខែ​តុលា។

ទោះជា​យ៉ាង​ណាក៏ដោយ ​ការបន្ត​ជំទាស់​ប្រឆាំង​របស់​ពួក​គណបក្ស​សាធារណរដ្ឋ​ដល់​ជំនួយ​អ៊ុយក្រែន​នៅតែ​ខ្លាំង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG