ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា​បាន​ទប់ស្កាត់​ការវាយប្រហារ​ដ្រូន​អ៊ុយក្រែន​១៧​គ្រឿង


រូបឯកសារ៖ ប្រព័ន្ធ​ការពារ​ដែនអាកាស​ថត​នៅពេលថ្ងៃលិច​នៅលើដំបូល​អគារ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​នៅ​ទីក្រុងមូស្គូ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រព័ន្ធការពារអាកាស​ត្រូវបានដាក់​នៅក្នុងតំបន់​ជាច្រើន​ក្នុង​ទីក្រុងមូស្គូជាការការពារ​ប្រឆាំងនឹង​ការវាយប្រហារដោយ​យន្តហោះដ្រូន​របស់​អ៊ុយក្រែន។
រូបឯកសារ៖ ប្រព័ន្ធ​ការពារ​ដែនអាកាស​ថត​នៅពេលថ្ងៃលិច​នៅលើដំបូល​អគារ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​នៅ​ទីក្រុងមូស្គូ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រព័ន្ធការពារអាកាស​ត្រូវបានដាក់​នៅក្នុងតំបន់​ជាច្រើន​ក្នុង​ទីក្រុងមូស្គូជាការការពារ​ប្រឆាំងនឹង​ការវាយប្រហារដោយ​យន្តហោះដ្រូន​របស់​អ៊ុយក្រែន។

ក្រសួង​ការពារជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​និយាយ​នៅ​ថ្ងៃអង្គារ​ថា ​ខ្លួន​បាន​បញ្ជៀស​ការវាយប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​លើ​សមុទ្រ​ខ្មៅ​ និង​ឧបទ្វីប Crimea។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ថា ​កងការពារ​ដែន​អាកាស​របស់​រស្ស៊ី​បានបំផ្លាញ​ដ្រូន​ចំនួន៩​គ្រឿង​ ហើយ​បាន​ទប់ស្កាត់ដ្រូន​៨​គ្រឿង​ទៀត​ដោយ​វិធី​អេឡិចត្រូនិក។

លោក Mikhail Razvozhayev ​អភិបាលក្រុង​ Sevastopol ​ដែល​រុស្ស៊ី​បាន​លើក​បន្តុប​នោះ ​បាន​និយាយ​លើ​បណ្តាញ​សង្គម​ Telegram ​ថា ​បំណែកដ្រូន​ដែល​ធ្លាក់ ​បាន​ធ្វើឱ្យ​មនុស្ស​ម្នាក់​រងរបួស។

នៅពេល​ជាមួយគ្នា​នេះ ​លោក​ប្រធានាធិបតី​ Volodymyr Zelenskyy ​នៃ​ប្រទេស​អ៊ុយក្រែន​ បាន​និយាយ​កាលពី​ថ្ងៃចន្ទ ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ប្រចាំ​ពេល​រាត្រី​របស់​លោក​ថា ​វា​ជា​ការ​«មិន​ទទួល​ខុស​ត្រូវ​ទាំងស្រុង» ​ក្នុង​ការនិយាយ​អំពី​ការបោះឆ្នោត​ក្នុង​ប្រទេស​អ៊ុយក្រែន​ ក្នុង​អំឡុង​ពេល​សង្រ្គាម។ លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការសាមគ្គីគ្នា ​ដើម្បី​ជៀសវៀង​ការពិភាក្សា​រឿង​នយោបាយ​ដែល​មិន​បាន​ការ។

លោក Zelenskyy ​បាន​និយាយ​ថា ​ការផ្តោត​ទៅ​លើ​ការប្រឈម​ផ្នែក​យោធា​ជារឿង​សំខាន់​ចាំបាច់ក្រោម​ច្បាប់​អាជ្ញាសឹក​ដែល​កំពុង​ចូលជាធរមាន​ក្នុង​ប្រទេស​អ៊ុយក្រែន​ ការបោះឆ្នោត​ត្រូវ​ហាមឃាត់ ប៉ុន្តែ​លោក Zelenskyy ​បាន​ពិចារណា​ថា​តើ​គួរប្រើប្រាស់​មាត្រា​ពិសេស​ដើម្បី​រៀបចំ​ការបោះឆ្នោត​ ដែល​មាន​រួម​ទាំងការ​ផ្លាស់ប្តូរ​មួយ​ក្នុង​ច្បាប់​ និង​ក្នុង​ជំនួយ​បរទេស ​ដើម្បី​យក​ទៅ​ចាយវាយ​ក្នុង​ដំណើរការ​បោះឆ្នោត​ឬទេ។

មាន​ការអំពាវនាវ​មួយ​ចំនួន​ពី​បរទេស ​រួម​ទាំង​ពី​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ​ខាង​គណបក្ស​សាធារណរដ្ឋ ​គឺ​លោក Lindsey Graham ​ដែល​ចង់​ឱ្យ​មាន​ការបោះឆ្នោត ​ដើម្បី​បង្ហាញ​ជាភស្តុតាង​ថា​មាន​កំណែ​ទម្រង់​នៅក្នុង​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

XS
SM
MD
LG