ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចង់បង្ហាញបណ្ដាមេដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកថា លោកនៅតែផ្ដោតលើតំបន់អាស៊ីប៉ាស៊ីហ្វិក ទោះបីជារដ្ឋបាលរបស់លោកកំពុងដោះស្រាយជាមួយនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែននិងនៅតំបន់មជ្ឈិមបូព៌ាហើយការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចកើតឡើងនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះក៏ដោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ជំនួបរបស់លោក Biden ជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃពុធស្អែកគឺជាព្រឹត្តិការណ៍ចម្បងនៃដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃរបស់លោក Biden ទៅកាន់ទីក្រុង San Francisco រដ្ឋ California នេះដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ ប៉ុន្តែ លោក Biden ក៏ចង់បង្ហាញផងដែរថា រដ្ឋបាលរបស់លោកអាចផ្ដោតលើតំបន់ប៉ាស៊ីហ្វិក។
លោក Biden ចង់បង្ហាញដូច្នេះ បើទោះបីជាលោកកំពុងព្យាយាមធ្វើយ៉ាងណាកុំឱ្យសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) ផ្ទុះរាលដាលក្លាយជាសង្គ្រាមថ្នាក់តំបន់ ព្យាយាមបញ្ចុះបញ្ចូលសមាជិកខាងគណបក្សសាធារណរដ្ឋឱ្យបន្តផ្ដល់ថវិកាគាំទ្រកិច្ចប្រឹងប្រែងរបស់អ៊ុយក្រែននៅក្នុងការវាយរុញច្រានការឈ្លានពានរបស់រុស្ស៊ី និងព្យាយាមធ្វើយ៉ាងណាបញ្ចៀសកុំឱ្យមានការបិទរដ្ឋាភិបាលសហរដ្ឋអាមរិកនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខក៏ដោយ។
មុនពេលប្រធានាធិបតីចិនលោក Xi Jinping មកដល់ទីក្រុង San Francisco រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកនៅថ្ងៃពុធស្អែកនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលAPECនោះ ក្រុមអ្នកតវ៉ានិងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ បានបង្ហាញក្តីបារម្ភរបស់ពួកគេស្តីពីប្រទេសចិនចំពោះលោក Xi ដែលការតវ៉ានេះកម្រនឹងកើតមានណាស់នៅក្នុងប្រទេសចិន ឬក្នុងតំបន់។
កិច្ចប្រជុំកំពូលនេះត្រូវគេរំពឹងថានឹងធ្វើឱ្យប្រធានាធិបតីអាមេរិកលោកJoe Biden និងលោកXi ជួបប្រជុំទល់មុខគ្នាជាលើកទី១ ក្រោយពីលោកទាំងពីរបានជួបគ្នានៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានឧស្សហកម្មជឿនលឿនឬG20 នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកាឆ្នាំ២០២២កន្លងទៅ។
លោកXi បានមកធ្វើទស្សនកិច្ចក្នុងសហរដ្ឋអាមេរិកជាលើកចុងក្រោយកាលពីខែមេសា ឆ្នាំ២០១៧ដែលកាលនោះអតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានហុចនំសូកូឡាដ៏ស្រស់ស្អាតមួយដុំដល់លោកXi ដោយពោលថា យើងទាំងពីរ«មានទំនាក់ទំនងដ៏ល្អជាមួយគ្នា» ។
ក្រុមអ្នកប្រឆាំងតវ៉ា ដែលកំពុងស្រែកប្រឆាំងតាមដងផ្លូវ នឹងកត់សម្គាល់ពីកិច្ចប្រជុំក្នុងសប្តាហ៍នេះរវាងមេដឹកនាំអាមេរិកនិងចិននៅក្នុងទីក្រុងមួយ ដែលពលរដ្ឋរស់នៅទីនោះប្រមាណ១ភាគ៥មានឈាមជ័រជាជនជាតិចិន។ នេះបើតាមការឱ្យដឹងនៃស្ថិតិជំរឿនអាមេរិក។ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទម្សិលមិញ ដែលមានការចូលរួមពីសារព័ត៌មានផ្លូវការរបស់ចិនផងដែរនោះ អភិបាលទីក្រុង San Francisco អ្នកស្រី London Breed បានចាត់ទុកជាពិសេសនូវសិទ្ធិនិងការតវ៉ាដោយសន្តិវិធី ក្នុងវិសោធនកម្មរដ្ឋធម្មនុញ្ញអាមេរិកលើកទី១ ថាជាអាទិភាពចម្បងរបស់ទីក្រុងលោក។
ទន្ទឹមនឹងនេះដែរ សមាជិករដ្ឋសភាអាមេរិកលោក Mike Gallagher ប្រធានគណៈកម្មាធិការពិសេសនៃរដ្ឋសភាអាមេរិកស្តីពីប្រទេសចិននិយាយថា ការស្និទ្ធស្នាលខ្លាំងពេកជាមួយលោក Xi ជារឿងខុសឆ្គងមួយ។
ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យនិងសកម្មជនសិទ្ធិមនុស្សបានចាប់ផ្តើមជួបជុំគ្នាក្នុងទីក្រុង San Francisco តាំងពីសប្តាហ៍មុន ដើម្បីធ្វើការតវ៉ានៅទីតាំងរៀបចំកិច្ចប្រជុំកំពូល APEC និងតំបន់ជុំវិញនោះ៕