នៅខណៈពេលដែលអាជ្ញាធរអាមេរិក និងស្វីសបានបន្តការស៊ើបអង្កេតបទព្រហ្មទណ្ឌទៅលើក្រុមមន្ត្រីសហព័ន្ធកីឡាបាល់ទាត់ពិភពកលោក (FIFA) នោះ អនាគតនៃសហព័ន្ធនេះ និងថ្នាក់ដឹកនាំរបស់ខ្លួននៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។ ក្រុមអ្នកជំនាញប្រឆាំងនឹងអំពើពុករលួយបានប្រាប់ VOA អំពីជំហានដែលពួកគេគិតថាចាំបាច់សម្រាប់សហព័ន្ធនេះ ដើម្បីទទួលបានការជឿទុកចិត្តឡើងវិញពីសំណាក់មនុស្សនៅទូទាំងពិភពលោក។
ករណីមួយក្នុងចំណោមករណីសូកប៉ាន់នៅឯក្រៅប្រទេសធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក គឺចាប់ផ្តើមឡើងពីកិច្ចព្រមព្រៀងសម្ងាត់របស់លោក Chuck Blazer អតីតនាយកប្រតិបត្តិរបស់ FIFA នៅក្នុងឆ្នាំ២០១៣។ បន្ទាប់មក បញ្ហានេះបានបន្តពីក្រោយដោយការចោទប្រកាន់ទៅលើមន្ត្រី FIFA ចំនួន១៤នាក់ផ្សេងទៀតនៅខែឧសភា កន្លងទៅថ្មីៗនេះ។
លោកស្រី Jennifer Arlene សាស្រ្តាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យញូវយ៉ក បានមានប្រសាសន៍ថា ព្រះរាជអាជ្ញាកំពុងតែធ្វើការស៊ើបអង្កេតលើបញ្ហានេះ រហូតដល់ថ្នាក់កំពូលរបស់ FIFA។
«វាមិនមែនជារឿងចម្លែកទេដែលព្រះរាជអាជ្ញាចាប់ផ្តើមការស៊ើបអង្កេតមួយ និងចោទប្រកាន់ទៅលើមនុស្សមួយក្រុមដំបូងនោះ។ នេះជាមធ្យោបាយមួយផ្នែកដើម្បីជំរុញឲ្យមានកិច្ចសហការពីមនុស្សផ្សេងៗទៀត។ ដូច្នេះ ប្រសិនបើពួកគេមានសាក្សីមួយចំនួនហើយមិនចង់សហការនោះ វាគ្មានប្រយោជន៍អ្វីទេ គឺស្មើនឹងការឈរមើលមនុស្សផ្សេងទៀតរងការចោទប្រកាន់ រួចទើបពួគគេចូលខ្លួនមកសហការ»។
បើយោងតាមការផ្តល់ចំណាត់ថ្នាក់យ៉ាងខ្ពស់មួយតាមទូរទស្សន៍សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកស្រី អនាគតនៃកីឡាបាល់ទាត់នៅសហរដ្ឋអាមេរិកហាក់ដូចជាមានអំណោយផលច្រើន។ ក៏ប៉ុន្តែ អនាគតរបស់ FIFA វិញ មានភាពមិនប្រាកដប្រជាកាន់តែខ្លាំងទៅៗ។
លោក Jeff Thinnes អ្នកជំនាញខាងការអនុវត្តន៍តាមច្បាប់ប្រឆាំងអំពើពុករលួយ បានហៅ FIFA ថាជា «សង្គមសម្ងាត់ដែលមានប្រាក់រាប់ពាន់លានដុល្លារ» និងបាននិយាយថា ភាគច្រើននៃសមាជិកចំនួន២០៩នាក់របស់ FIFA មានទំនាក់ទំនងយ៉ាងយូរអង្វែងជាមួយនឹងនាយកប្រតិបត្តិជាន់ខ្ពស់នានា។
«ច្បាស់ណាស់ ការស៊ើបអង្កេតមុនពេលចុះកិច្ចសន្យាត្រូវតែធ្វើឡើងទៅលើបុគ្គលទាំងនោះ និងធ្វើឡើងចំពោះរាល់បុគ្គលណាដែលមានទំនាក់ទំនងជាមួយ FIFA នាពេលបច្ចុប្បន្ននេះ គឺដូចជាអ្វីដែលគេបានចែងសារជាថ្មី ដើម្បីឲ្យពិភពលោកទាំងមូលមានភាពប្រាកដប្រជាថា ពួកយើងពិតជាកំពុងចាប់ផ្ដើមដោយភាពស្អាតស្អំ»។
លោកស្រី Alexandra Wrage អតីតសមាជិកគណៈកម្មាធិការអភិបាលកិច្ចឯករាជ្យរបស់ FIFA បាននិយាយថា កង្វះតម្លាភាពគឺផ្ទុយពីឆន្ទៈរបស់មនុស្ស«ល្អ និងប្រកបដោយក្រមសីលធម៌» ដែលបម្រើការនៅក្នុងអង្គភាពនេះ។
«FIFA ជាសហព័ន្ធដែលមិនស្វែងរកប្រាក់ចំណេញ។ ពួកគេគួរតែមានការទទួលខុសត្រូវចំពោះសាធារណជន។ ពួកគេកំពុងតែទទួលបានផលប្រយោជន៍ពីលក្ខខណ្ឌមួយដែលមិនតម្រូវឲ្យបង់ពន្ធ ហើយតម្លៃដែលពួកគេគួរផ្តល់មកវិញ គឺធ្វើឲ្យមានតម្លាភាពកាន់តែប្រសើរឡើង។ នៅពេលដែលអង្គភាពមិនរកប្រាក់ចំណេញមួយមានទំហំធំដូចជា FIFA និងមានទុនបម្រុងច្រើនដូច FIFA តែបែរជាមានតម្លាភាពតិចតួចជាងសាជីវកម្មសាធារណៈនោះ វាពិតជាមានអ្វីមួយដែលខុសនៅក្នុងប្រព័ន្ធនេះហើយ»។
សហព័ន្ធ CONCACAF ដែលជាស្ថាប័នគ្រប់គ្រងមួយរបស់ FIFA ទទួលបន្ទុកតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងប្រជុំកោះការីប៊ីន (Caribbean) ថ្មីៗនេះ បានប្រកាសធ្វើកំណែទម្រង់របស់ខ្លួន។ ក្នុងចំណោមកំណែទម្រង់នោះ រួមមានការកំណត់រយៈពេលកាន់តំណែងសម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិ ការត្រួតពិនិត្យឥណទាននិងជីវប្រវត្តិសម្រាប់អ្នកទិញលក់ និងការដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឲ្យសាធារណជនអាចចូលមើលបាន៕
ប្រែសម្រួលដោយ ហង្ស វុទ្ធិកា