ស.រ.អា.បានស្នើឲ្យប្រទេសស្វីសធ្វើបត្យាប័នបញ្ជូនមន្ត្រី៧នាក់ របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពើពុករលួយមួយ។
ក្រុមមន្ត្រីតុលាការស្វីសបាននិយាយនៅថ្ងៃព្រហស្សតិ៍នេះថា ពួកគាត់បានទទួលសំណើសម្រាប់មន្ត្រី FIFA ទាំង៧នាក់នោះ ដែលត្រូវបានចាប់ខ្លួន នៅទីក្រុង Zurich កាលពីខែឧសភា ក្នុងបទសង្ស័យថាទទួលសំណូក។
បទចោទប្រកាន់មួយរបស់ស.រ.អា.ដែលចេញកាលពីខែឧសភា បានចោទមន្ត្រី FIFA ៩នាក់ និងអគ្គនាយកនៃក្រុមហ៊ុន៥នាក់ ក្នុងបទល្មើស៥ ដែលមានរួមទាំងការផ្ទេរលុយ និងការលាងលុយផង។
ការស៊ើបអង្កេតដាច់ដោយឡែកមួយរបស់ប្រទេសស្វីសបានពិនិត្យមើលការចោទប្រកាន់ អំពីការចាត់ចែងមិនត្រឹមត្រូវ និងការលាងលុយជាប់ពាក់ព័ន្ធនឹងការផ្តល់ការប្រកួតពានរង្វាន់ពិភពលោកឲ្យប្រទេសរុស្ស៊ី នៅឆ្នាំ២០១៨ខាងមុខ ហើយនឹងការផ្តល់ជូនប្រទេសកាតា នៅឆ្នាំ២០២២៕