មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រី FIFA ៧នាក់ដែលបានចាប់ខ្លួនក្នុងទីក្រុង Zurich ក្នុងផ្នែកមួយនៃការស៊ើបអង្កេតពុករលួយរបស់អាមេរិកាំងបានយល់ព្រមចំពោះការធ្វើបត្យាប័នទៅកាន់ស.រ.អា.។
មន្ត្រីដែលដើមដំបូងប្រឆាំងចំពោះការធ្វើបត្យាប័ននោះបានយល់ព្រមចំពោះរឿងនេះ កាលពីថ្ងៃព្រហស្សតិ៍។ ក្រុមមន្ត្រីស្វីសបាននិយាយថា ពួកគេមិនប្រាប់អំពីថាតើនៅពេលណាទើបគេប្រគល់ខ្លួនមន្ត្រី FIFA រូបនោះទេ។
ក្រោមច្បាប់នៃប្រទេសស្វីស មន្ត្រីនោះចាំបាច់ត្រូវប៉ូលិសស.រ.អា.ម្នាក់នាំខ្លួនទៅកាន់ស.រ.អា.មិនហួសពី១០ថ្ងៃ។
មន្ត្រីរូបនោះជាមន្ត្រីម្នាក់ ក្នុងចំណោមមន្ត្រី៧រូប ដែលសុទ្ធសឹងតែមកពីទ្វីបអាមេរិកខាងត្បូង ឬតំបន់អាមេរិកខាងជើង និងកណ្តាល និងតំបន់ការឺអ៊ីពដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរបស់ប៉ូលិស ពេលព្រលឹមស្រាងៗមួយក្នុងសណ្ឋាគារ Zurich មួយ កាលពីថ្ងៃទី២៧ ខែឧសភា។ បុរសទាំងនោះត្រូវបានអាជ្ញាធរអាមេរិកចោទថា បានជាប់ពាក់ព័ន្ធក្នុងការទទួលសំណូកចំនួនច្រើនជាង ១៥០លានដុល្លារសម្រាប់ការផ្សាយពាណិជ្ជកម្មអំពីការប្រកួតកីឡាបាល់ទាត់ នៅអាមេរិកខាងជើង និងខាងត្បូង៕