ស.រ.អាបានសុំប្រទេសស្វីសឲ្យបញ្ជូនមន្រ្តី ៧ នាក់នៃសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ទៅឲ្យស.រ.អា នៅក្នុងការស៊ើបអង្កេតមួយ ដែលកំពុងធ្វើបន្តពាក់ព័ន្ធនឹងអំពើពុករលួយ។
មន្រ្តីក្រសួងយុត្តិធម៌ប្រទេសស្វីសបានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា អស់លោកបានទទួលសេចក្តីស្នើសុំបត្យាប័នសម្រាប់មន្រ្តីFIFA ៧ នាក់ដែលអាជ្ញាធរបានចាប់ខ្លួននៅទីក្រុង Zurich កាលពីខែឧសភា ក្នុងការសង្ស័យថា មានពាក់ព័ន្ធនឹងរឿងស៊ីសំណូក។
ពាក្យបណ្តឹងមួយ ដែលស.រ.អាបានដាក់កាលពីខែឧសភាបានចោទមន្រ្តី FIFA ៩ នាក់ និងនាយកប្រតិបត្តិសហគ្រាស ៥ នាក់អំពីបទបំពាន ដែលមានរួមបទឧក្រិដ្ឋធ្វើជំនួញខុសច្បាប់ ការលួចបញ្ជូនលុយតាមអ៊ីនធឺណិត និងការលាងលុយកខ្វក់។
ការស៊ើបអង្កេតដាច់ដោយឡែកមួយរបស់ប្រទេសស្វីស កំពុងពិនិត្យមើលពាក្យចោទអំពីការចាត់ចែងមិនត្រឹមត្រូវ និងការលាងលុយកខ្វក់ ដែលជាប់ទាក់ទងនឹងការប្រគល់រង្វាន់ជាអ្នកទទួលសិទ្ធិការប្រកួតពានពិភពលោកឆ្នាំ ២០១៨ ទៅឲ្យប្រទេសរុស្ស៊ី និងការប្រកួតពានពិភពលោកឆ្នាំ ២០២២ ទៅឲ្យប្រទេសកាតា បន្តមក។
រដ្ឋអាជ្ញាប្រទេសស្វីស កំពុងស៊ើបអង្កេតលទ្ធភាពនៃករណីលាងលុយកខ្វក់ចំនួន ៥៣ លើកពាក់ព័ន្ធនឹងការដេញថ្លៃដើម្បីឲ្យបានធ្វើជាអ្នកទទួលការប្រកួតពានពិភពលោកទាំងពីរនេះ៕