កំណត់និពន្ធ៖ ប្រជាជនកម្ពុជាកាន់តែច្រើនកំពុងប្រើប្រាស់បច្ចេកវិទ្យាដើម្បីចងក្រងឯកសារស្តីអំពីការរំលោភសិទ្ធិប្រជាពលរដ្ឋ និងដើម្បីពិភាក្សាបញ្ហានយោបាយតាមប្រព័ន្ធអ៊ីនធឺណិត។ នេះគឺជាលទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅថា (Cyber-Democracy) ដែលបានផុសចេញជារូបរាងឡើងក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ តាមរយៈការប្រើប្រាស់ទូរស័ព្ទទំនើប និងប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងតាមលោកស្រី Ellen Grant ជនជាតិអាមេរិក និងជាផលិតករខ្សែភាពយន្តឯកសារ ដែលបានចងក្រងខ្សែភាពយន្តឯកសារមួយស្តីអំពីលទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ លោកស្រី Ellen Grant បានផ្តល់បទសម្ភាសន៍ឲ្យនាង ទែន សុខស្រីនិត នៃវីអូអេ តាមទូរស័ព្ទអំពីខ្សែភាពយន្តឯកសារនេះ។
VOA៖ ជាបឋម តើហេតុអ្វីបានជាលោកស្រីទៅប្រទេសកម្ពុជា ហើយចាប់អារម្មណ៍ផលិតខ្សែភាពយន្តឯកសារអំពីកម្ពុជា?
Ellen Grant៖ តាមពិតទៅ ខ្ញុំត្រូវបានអញ្ជើញទៅទីក្រុងភ្នំពេញ ដើម្បីជួយជនជាតិកាណាដា ម្នាក់ផលិតខ្សែភាពយន្តឯកសារមួយ។ ក្នុងអំឡុងពេលនៅកម្ពុជា ខ្ញុំមានឱកាសជួប និងនិយាយជាមួយប្រជាជនខ្មែរជាច្រើននាក់ ដែលបានចូលរួមនៅក្នុងចលនាលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំពិតជាភ្ញាក់ផ្អើលនឹងកិច្ចខំប្រឹងប្រែង និងភាពក្លាហ៊ានរបស់ពួកគេ ដែលជំរុញឲ្យខ្ញុំផលិតខ្សែភាពយន្តឯកសារមួយស្តីអំពីចលនាលទ្ធិប្រជាធិបតេយ្យ និងសារៈសំខាន់នៃការធ្វើទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណិត។
VOA៖ តើខ្សែភាពយន្តឯកសារនោះនិយាយអំពីអ្វីទៅ?
Ellen Grant៖ ខែ្សភាពយន្តឯកសាររបស់ខ្ញុំបង្ហាញពីការវិវត្តន៍នៃការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅកម្ពុជា និងពីការព្យាយាមរបស់រដ្ឋាភិបាលដែលកាន់អំណាចដ៏យូរអង្វែង និងពុករលួយរបស់កម្ពុជា ក្នុងការគ្រប់គ្រងចលនាលទ្ធិប្រជាធិបតេយ្យតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ នៅកម្ពុជា ប្រព័ន្ធអ៊ីនធឺណិតបានដើរតួនាទីកាន់តែខ្លាំងឡើងនៅក្នុងចលនាលទ្ធិប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋកម្ពុជាបានចងក្រងទុកជាឯកសាររាល់បញ្ហាសង្គម ដូចជា បញ្ហារឹបអូសដីធ្លី ប្រាក់បៀរវត្សរ៍ទាប និងការគាបសង្កត់លើសិទ្ធិបញ្ចេញមតិ ដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយប្រើប្រាស់ទូរស័ព្ទដៃ ហើយពួកគេបង្ហោះទិដ្ឋភាពទាំងនោះនៅលើប្រព័ន្ធអ៊ីនធឺណិត។
VOA៖ ខ្សែភាពយន្តឯកសាររបស់លោកស្រីមានចំណងជើងថា «លទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា»។ សូមលោកស្រីពន្យល់បន្តិច ថាតើលទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធអ៊ីនធឺណិតនេះមានន័យយ៉ាងដូចម្តេច?
Ellen Grant៖ លទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធអ៊ីនធឺណិតសំដៅទៅលើការចូលរួមរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងការតាមដាន និងចូលរួមក្នុងការតវ៉ា ឬបាតុកម្មផ្សេងៗ ដែលត្រូវបានផ្សព្វផ្សាយតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដើម្បីលើកកម្ពស់ និងប្រមូលផ្តុំការគាំទ្រសម្រាប់កិច្ចខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋក្នុងការស្វែងរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះ។
VOA៖ថ្មីៗនេះ សមាជិករដ្ឋសភាកម្ពុជាបានអនុម័តច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ហើយរដ្ឋាភិបាលកម្ពុជាក៏កំពុងតែព្រាងច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ តើលោកស្រីយល់ថាប្រជាពលរដ្ឋកម្ពុជាអាចបន្តតស៊ូដើម្បីការផ្លាស់ប្តូរ ដែលពួកគេចង់បានតាមរយៈការចូលរួមលទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធអ៊ីនធឺណិតយ៉ាងដូចម្តេច?
Ellen Grant៖ ខ្ញុំយល់ថា ការបន្តធ្វើឲ្យប្រព័ន្ធអ៊ីនធឺណិតមានសេរីភាពសម្រាប់ដំណើរលទ្ធិប្រជាធិបតេយ្យគឺមានសារៈសំខាន់។ ហើយខ្ញុំសង្ឃឹមថា ខ្សែភាពយន្តឯកសារនេះនឹងជួយលើកកម្ពស់ឲ្យមានការយល់ដឹងអំពីស្ថានភាពជាក់ស្តែងនៃសង្គមកម្ពុជា ដែលពោរពេញដោយបញ្ហា ហើយនិងអំពីការចាំបាច់នៃការគាំទ្រចលនាលទ្ធិប្រជាធិបតេយ្យ ដោយជួយដោះស្រាយភាពអយុត្តិធម៌ និងការគាបសង្កត់លើសិទ្ធិបញ្ចេញមតិ និងការជួបជុំគ្នានៅតាមទីកន្លែងនានានៅកម្ពុជា។ ហើយខ្ញុំក៏យល់ថា ការគាំទ្រ និងការដាក់សម្ពាធពីសហគមន៍អន្តរជាតិក៏នឹងដើរតួនាទីដ៏សំខាន់ផងដែរ។
VOA៖ តើសេរីភាពទទួលបានព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឋិតក្នុងស្ថានភាពយ៉ាងដូចម្តេច បើធៀបនឹងប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគេ្នយ៍?
Ellen Grant៖ ការប្រើអំណាចជិះជាន់ និងការគាបសង្កត់គឺជាបញ្ហាកើតមាននៅកម្ពុជា។ យើងមិនអាចប្រៀបធៀបការប្រើអំណាចជិះជាន់នៅប្រទេសមួយទៅនឹងប្រទេសមួយទៀតបានទេ។ បើសិទ្ធិបញ្ចេញមតិ ឬសិទ្ធិជួបជុំគ្នានៅប្រទេសមួយត្រូវបានរឹតត្បិត នោះយើងត្រូវតែនិយាយថា មានការរឹតត្បិត។ ជាការពិតណាស់ សិទ្ធិបញ្ចេញមតិ និងសិទ្ធិជួបជុំគ្នាកំពុងតែមានបញ្ហានៅតាមបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះ អ្វីដែលកើតឡើងនៅកម្ពុជាគឺច្បាស់ជាពាក់ព័ន្ធនឹងប្រទេសឯទៀតនៅក្នុងតំបន់នេះ និងជុំវិញពិភពលោកផងដែរ។
VOA៖ លោកស្រីបាននិយាយថា ការទទួលបានព័ត៌មានគឺជាការតស៊ូដើម្បីការផ្លាស់ប្តូរនៅកម្ពុជា។ តើលោកស្រីសំដៅទៅលើអ្វីក្នុងន័យនេះ?
Ellen Grant៖ ក្នុងអំឡុងពេលនេះ នៅកម្ពុជា ម្ខាងយើងឃើញមានសារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដែលដើរតួនាទីសំខាន់សម្រាប់គណបក្សកាន់អំណាច និងក្រុមអ្នកមានអំណាច។ ក្រុមនេះខំបង្ហាញ និងបង្កើតស្ថានភាពមួយ ឬអ្វីមួយ ដែលពួកគេហៅថាការពិតមួយ ហើយអ្វីដែលប្រឆាំងការពិតនោះត្រូវតែមានការឆ្លើយតប។ ប្រព័ន្ធអ៊ីនធឺណិតនឹងត្រូវបានយកទៅប្រើប្រាស់ទាក់ទងគ្នាយ៉ាងទូលំទូលាយ។ ផ្នែកមួយនៃខ្សែភាពយន្តឯកសារនេះក៏បានបង្ហាញដែរថា នៅតំបន់ជនបទដែលមិនមានប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់ ការសួរនាំពីស្ថានភាពអ្វីមួយគឺកើតឡើងតាមរយៈការឮតៗគ្នា។ ក៏ប៉ុន្តែ សេវាប្រព័ន្ធអ៊ីនធឺណិតមានលក្ខណៈធំទូលាយទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ដូច្នេះ ការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតគឺមានន័យថា ការត្រួតពិនិត្យលើការផ្សព្វផ្សាយព័ត៌មាន។
VOA៖ តើខ្សែភាពយន្តរបស់លោកស្រីគ្រោងនឹងចាក់បញ្ចាំងជាសាធារណៈនៅពេលណាដែរ?
Ellen Grant៖ ខ្ញុំបានចូលរួមក្នុងកម្មវិធីខ្សែភាពយន្តមួយចំនួន ហើយតាមរយៈការចូលរួមនេះ ខ្ញុំមិនទាន់អាចផ្សព្វផ្សាយខ្សែភាពយន្តឯកសារនេះជាសាធារណៈនៅឡើយទេ លុះត្រាតែគណៈកម្មាការធ្វើការវាយតម្លៃចប់។ ការចាក់បញ្ចាំងលើកដំបូងបង្អស់នឹងធ្វើឡើងនៅទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី២៤ ខែតុលាខាងមុខនេះ។ ខ្ញុំសង្ឃឹមយ៉ាងមោះមុតថា យើងនឹងអាចស្វែងរកមនុស្សមកជួយបកប្រែ ហើយអានខ្លឹមសារនៃខ្សែភាពយន្តឯកសារនេះជាភាសាខ្មែរបានក្នុងពេលខាងមុខនេះ៕