ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្នាដៃ​សិល្បៈ​ដ៏​ពិសេស​របស់​សិល្បៈ​ការិនី​ខ្មែរ​បង្ហាញ​ពី​ស្មារតី​រឹងប៉ឹងពិភពលោក


អ្នកស្រី Anida Yoeu Ali សិល្បៈការិនី​ខ្មែរ​ ទទួល​បាន​ពាន​រង្វាន់​លើក​ទី១១​នៃ​មូលនិធិ​សិល្បៈ​អធិបតេយ្យភាព​នៅ​អាស៊ី ឬ the Sovereign Asian Art Prize សម្រាប់​ស្នាដៃ​សិល្បៈ​របស់​អ្នក​ស្រី​ឈ្មោះ "Spiral Alley" កាល​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ហុងកុង។ (រូប​ថត​ដោយ៖ the Sovereign Art Foundation)
អ្នកស្រី Anida Yoeu Ali សិល្បៈការិនី​ខ្មែរ​ ទទួល​បាន​ពាន​រង្វាន់​លើក​ទី១១​នៃ​មូលនិធិ​សិល្បៈ​អធិបតេយ្យភាព​នៅ​អាស៊ី ឬ the Sovereign Asian Art Prize សម្រាប់​ស្នាដៃ​សិល្បៈ​របស់​អ្នក​ស្រី​ឈ្មោះ "Spiral Alley" កាល​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ហុងកុង។ (រូប​ថត​ដោយ៖ the Sovereign Art Foundation)

កំណត់​និពន្ធ៖ អ្នកស្រី Anida Yoeu Ali គឺជា​សិល្បៈការិនី​ដ៏​មាន​ទេពកោសល្យម្នាក់ ដែល​មាន​ទស្សនៈ​យល់​ឃើញ​ពី​ពិភពលោក​ដ៏​ពិសេស​មួយ​ទាក់​ទង​នឹង​អំណាច​នៃ​ភាព​ជំនះ​នឹង​ការ​លំបាក សមត្ថភាព​សម្របសម្រួល​ខ្លួន​តាម និង​ការ​បត់បែន​តាម​កាលៈទេសៈ។ នេះ​បើ​យោង​តាម​លោកស្រី Kate Cary Evans ជា​ស្ថាបនិក និង​ជា​និពន្ធ​នាយក​នៃ​ទិន្នានុប្បវត្តិ​របស់​មូលនិធិ Art Radar ក្នុង​បទសម្ភាសន៍​តាម​អ៊ីមែល​ជាមួយ​នឹង VOA ខ្មែរ។ លោកស្រី Kate Evans បាន​ជ្រើស​តាំង​ស្នាដៃ​សិល្បៈ​របស់​អ្នកស្រី Ali សម្រាប់​ពានរង្វាន់​លើក​ទី១១ នៃ​មូលនិធិ​សិល្បៈ​អធិបតេយ្យ​អាស៊ី ឬ the Sovereign Asian Art Prize ដែល​អ្នក​ស្រី Ali បាន​ក្លាយ​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​នេះ។

VOA៖ ហេតុអ្វី​បាន​ជា​លោកស្រី​ជ្រើស​តាំង​ឲ្យ​សិល្បការិនី Anida Yoeu Ali ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ពាន​រង្វាន់​លើក​ទី​១១​របស់​មូលនិធិ​សិល្បៈ​អធិបតេយ្យភាព​អាស៊ី ឬ the Sovereign Asian Art Prize?

អ្នកស្រី Kate Cary Evans ស្ថាបនិក និង​នាយក​និពន្ធ​នៃ​មូលនិធិ Art Radar ដែល​ជាប្រភព​ព័ត៌មាន​តាម​អ៊ីនធឺណែត​ដោយ​ឯករាជ្យ​ស្តី​អំពី​សិល្បៈ​សហសម័យ​ជុំវិញ​តំបន់​អាស៊ី។ (រូបថត​ទាញ​យក​ពី៖ ArtTactic)
អ្នកស្រី Kate Cary Evans ស្ថាបនិក និង​នាយក​និពន្ធ​នៃ​មូលនិធិ Art Radar ដែល​ជាប្រភព​ព័ត៌មាន​តាម​អ៊ីនធឺណែត​ដោយ​ឯករាជ្យ​ស្តី​អំពី​សិល្បៈ​សហសម័យ​ជុំវិញ​តំបន់​អាស៊ី។ (រូបថត​ទាញ​យក​ពី៖ ArtTactic)

លោកស្រី Kate Cary Evans៖ ខ្ញុំ​បាន​បង្កើត​ទស្សនាវដ្តី​ឈ្មោះ Art Radar កាល​ពី​ឆ្នាំ២០០៨ ហើយ​ខ្ញុំ និង​ក្រុម​ការងារ​របស់​ខ្ញុំ​បាន​តាមដាន​ស្នាដៃ​សិល្បៈ​របស់ Anida ជា​ច្រើន​ឆ្នាំ​មក​ហើយ។ យើង​បាន​សរសេរ​ពី​ស្នាដៃ​សិល្បៈ ស្ថានភាព​រស់នៅ​របស់​នាង ហើយ​ក៏​បាន​សម្ភាសន៍​នាង​អំពី​គម្រោង​សិល្បៈ​របស់​នាង​ឈ្មោះ the Buddhist Bug ដែល​បាន​ឈ្នះ​ពាន​រង្វាន់ Sovereign Prize នោះ​ដែរ។

មូលហេតុ​មួយ​ដែល​យើង​បាន​ជ្រើស​យក​ស្នាដៃ​សិល្បៈ​របស់ Anida ឲ្យ​ប្រជែង​យក​ពាន​រង្វាន់ Sovereign Prize ដោយសារ​តែ​គោល​បំណង​របស់​រង្វាន់​សិល្បៈ​អធិបតេយ្យភាព​អាស៊ី​នេះ​គឺ​លើក​កម្ពស់​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​អាស៊ី​វ័យ​កណ្តាល ដែល​មាន​ស្នាដៃ​សិល្បៈ​ឆ្នើម ហើយ​យើង​យល់​ថា ស្នាដៃ​សិល្បៈ​របស់ Anida មាន​លក្ខណៈ​ពិសេស។

Anida កើត​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ នាង​បាន​រត់​ភៀស​ខ្លួន​មក​សហរដ្ឋអាមេរិក​ដោយ​សារ​តែ​របប​ខ្មែរ​ក្រហម តែ​នាង​បាន​វិល​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ឆ្នាំ២០១១។ Anida យល់​ថា ទីក្រុង​ភ្នំពេញ​គឺជា​កន្លែង​ដ៏​ពិសេស​មួយ​សម្រាប់​សិល្បៈករ​ដូច​ជា​រូប​នាង ហើយ​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ស្នាដៃ​សិល្បៈ​របស់​នាង។ យើង​យល់​ថា ស្នាដៃ​សិល្បៈ​របស់​នាង​ពោរពេញ​ដោយ​សាច់រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដូចជា​រឿងរ៉ាវ​ដែល​មនុស្ស​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ទីលំនៅ និង​ភាព​ចលាចល​ជាដើម។

មូលហេតុ​មួយ​ទៀត​ដែល​យើង​ជ្រើស​យក Anida គឺ​ថា ពានរង្វាន់​នេះ​តែងតែ​ផ្តល់​ឲ្យ​សិល្បៈករ​មក​ពី​ទីក្រុង​ហុងកុង ហើយ​ផ្តល់​ឲ្យ​សិល្បៈករ​ដែល​មក​ពី​អាស៊ីអាគ្នេយ៍​គឺ​ប្រទស​ថៃ​តែ​ម្តង​គត់។ មូលនិធិ​របស់​យើង​ដឹង​ថា មាន​ស្នាដៃ​សិល្បៈ​ដ៏​ឆ្នើម​ជា​ច្រើន​ដែល​សិល្បៈករ​នៅ​តំបន់​អាស៊ី​បាន​ធ្វើ ក៏​ប៉ុន្តែ មិន​ត្រូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍។ ហើយ​គោលដៅ​របស់​មូលនិធិ Art Radar របស់​យើង​គឺ​ដើម្បី​លើក​កម្ពស់​ស្នាដៃ​របស់​សិល្បៈករ​ដែល​គួរ​ទទួល​បាន​រង្វាន់ ដែល​មិន​សូវ​ទទួល​បាន​ចំណាប់​អារម្មណ៍។ យើង​យល់​ថា Anida គឺជា​សិល្បៈការិនី​ដ៏​មាន​ទេពកោសល្យ និង​គួរ​ទទួល​បាន​រង្វាន់។ ហើយ​យើង​ពិត​ជា​សប្បាយ​ចិត្ត​ដែល​នាង​បាន​ឈ្នះ​ពាន​រង្វាន់​ឆ្នាំ​នេះ។

VOA៖ តើ​អ្នកស្រី Anida បង្កើត​ស្នាដៃ​សិល្បៈ​អ្វី​ខ្លះ?

លោកស្រី Kate Cary Evans៖ Anida គឺជា​សិល្បៈការិនី​ដ៏​មាន​ទេពកោសល្យ​ម្នាក់។ នាង​បាន​ប្រើប្រាស់​ឧបករណ៍​ជា​ច្រើន​ក្នុង​ស្នាដៃ​សិល្បៈ​របស់​នាង ហើយ​សម្រាប់​គម្រោង the Buddhist Bug យើង​ឃើញ​មាន​ការ​សម្តែង​សិល្បៈ ការ​តាំង​ពិព័រណ៍ ផលិតផល​វាយនភណ្ឌ ខ្សែ​ភាពយន្ត​ខ្លី និង​រូបភាព​ជាដើម។

នេះ​គឺ​ជា​រូបភាព​មួយ​របស់​សិល្បៈការិនី Anida Yoeu Ali ក្នុង​គម្រោង​ស្នាដៃ​សិល្បៈ​របស់​អ្នក​ស្រី​ឈ្មោះ Spiral Alley ដែល​បានឈ្នះ​ពាន​រង្វាន់​លើក​ទី១១​ដែល​មាន​ឈ្មោះ​ថា Sovereign Asian Art Prize។ (រូបថត​ដោយ៖ Studio Revolt)
នេះ​គឺ​ជា​រូបភាព​មួយ​របស់​សិល្បៈការិនី Anida Yoeu Ali ក្នុង​គម្រោង​ស្នាដៃ​សិល្បៈ​របស់​អ្នក​ស្រី​ឈ្មោះ Spiral Alley ដែល​បានឈ្នះ​ពាន​រង្វាន់​លើក​ទី១១​ដែល​មាន​ឈ្មោះ​ថា Sovereign Asian Art Prize។ (រូបថត​ដោយ៖ Studio Revolt)

គំនិត​នៃ​គម្រោង the Buddhist Bug ដែល​បាន​ឈ្នះ​ពានរង្វាន់​នេះ​គឺ​កើត​ចេញ​ពី​របស់​ក្មេង​លេង​មួយ​ដ៏​ពេញ​និយម​នៅ​ប្រទេស​លោក​ខាង​លិច។ នេះ​គឺ​ជា​កង​រង្វង់​ដែល​អាច​ពង្រីក​បាន ដើម្បី​ឲ្យ​ក្មេងៗ​ចូល​ក្នុង​កង​នោះ ហើយ​សម្រូត​ចុះ​មក​ក្រោម។ ស្នាដៃ​សិល្បៈ​នេះ​គឺ​ប្រៀប​ដូច​ជា​រូប​សត្វ​ល្អិត​ដ៏​ធំ​មួយ ដែល​អាច​រត់​ចុះ​រត់​ឡើង​គ្រប់​ទីកន្លែង​បាន។

គម្រោង​សិល្បៈ​នេះ​បាន​ធ្វើ​ឡើង​នៅ​តាម​កន្លែង​ជា​ច្រើន ហើយ​មាន​ដាក់​តាំង​នៅ​តាម​ទី​សាធារណៈ​ទៀត​ផង ជាពិសេស វា​បាន​ក្លាយ​ជា​ទីកន្លែង​មួយ ដែល​ឲ្យ​មនុស្ស​ទូទៅ​ចូលរួម​សម្តែង​ផង​ដែរ។ សកម្មភាព​ទាំង​នេះ​ត្រូវបាន​ចងក្រង​ជា​រូបភាព និង​ជា​ខ្សែ​ភាព​យន្ត​ឯកសារ​ខ្លី។ ដូច្នេះ យើង​ឃើញ​ថា ស្នាដៃ​សិល្បៈ​នេះ​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ ដូច​ជា​សត្វល្អិត​មួយ​អញ្ចឹង។

ខ្ញុំ​គិត​ថា អ្វី​ដែល​នាំ​ឲ្យ​ស្នាដៃ​ដ៏​កម្រ​របស់ Anida មាន​លក្ខណៈ​ពិសេស​កម្រ​មានគឺ​ថា បើ​ទោះ​បី​ជា​សិល្បៈករ​ជា​ច្រើន​នាក់​បាន​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ច្រើន​ទម្រង់​សម្រាប់​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ក្តី ក៏​មាន​សិល្បៈករ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​បាន​ប្រើប្រាស់​ឧបករណ៍​ច្រើន​ប្រភេទ​ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​តែ​មួយ។ ជាទូទៅ សិល្បៈករ​ប្រើប្រាស​ឧករណ៍​សិល្បៈ​មួយ ឬ​ពីរ​ដូច​ជា​ការ​តាំង​ពិព័រណ៍ និង​រូបថត​នៃ​ពិព័រណ៍​នោះ ហើយ​បន្ទាប់​មក ពួក​គេ​អាច​នឹង​បង្កើត​ការ​តាំង​ពិព័រណ៍​ថ្មី​មួយ​ទៀត​តែ​ប៉ុណ្ណោះ។

អ្នកស្រី Anida Yoeu Ali ជា​សិល្បៈករ​ខ្មែរ​អាមេរិកាំង ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ដ៏​ល្បីល្បាញ​នៅ​តំបន់​អាស៊ី​ឈ្មោះ Sovereign Asian Art Prize លើក​ទី១១។ (រូបថត​ដោយ៖ Studio Revolt)
អ្នកស្រី Anida Yoeu Ali ជា​សិល្បៈករ​ខ្មែរ​អាមេរិកាំង ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ដ៏​ល្បីល្បាញ​នៅ​តំបន់​អាស៊ី​ឈ្មោះ Sovereign Asian Art Prize លើក​ទី១១។ (រូបថត​ដោយ៖ Studio Revolt)

ក៏​ប៉ុន្តែ ស្នាដៃ​សិល្បៈ​របស់ Anida បាន​រួម​បញ្ចូល​ឧបករណ៍​សិល្បៈ​ជាច្រើន​ដើម្បី​បង្កើត​សមិទ្ធិផល​មួយ​នេះ​ឡើង ដែល​យើង​ពិត​ជា​ភ្ញាក់​ផ្អើល។ យើង​ពិត​ជា​ពេញ​ចិត្ត​នឹង​ស្នាដៃ​សិល្បៈ the Buddhist Bug របស់ Anida ដែល​អាច​ដាក់​តាំង​ទាំង​នៅ​ទីកន្លែង​ឯកជន និង​ទីសាធារណៈ​បាន ដែល​មាន​លក្ខណៈ​ពិសោធន៍ និង​ជា​ការ​ចងក្រង​ឯកសារ។ វា​អាច​ដាក់​កន្លែង​ណា​ក៏​បាន ហើយ​អាច​មាន​ទំហំ​តូច ឬធំ​ក៏​បាន។ ទាំង​ក្មេង និង​មនុស្ស​ធំ​ពេញ​វ័យ​អាច​ចូលរួម​ក្នុង​សកម្មភាព​សិល្បៈ​នេះ​បាន​ទៀត​ផង។ នេះ​គឺ​ពិត​ជា​ស្នាដៃ​ដ៏​ឆ្នើម​មួយ។

VOA៖ តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ស្នាដៃ​សិល្បៈ​របស់​អ្នកស្រី Anida Yoeu Ali មាន​លក្ខណៈ​ពិសេស និង​ខុសពី​ស្នាដៃ​សិល្បៈ​នៅ​តំបន់​អាស៊ី​បច្ចុប្បន្ន​នេះ?

លោកស្រី Kate Cary Evans៖ ក្រៅ​ពី​លក្ខណៈ​បត់​បែន​បាន​នៃ​ស្នាដៃ​សិល្បៈ​របស់ Anida យើង​យល់​ថា Anida មាន​ទស្សនៈ​យល់​ឃើញ​ពី​ពិភពលោក​ដ៏​ពិសេស​មួយ។

Anida បាន​ធំ​ដឹង​ក្តី និង​ទទួល​ការ​អប់រំ​នៅ​សហរដ្ឋអាមេរិក ហើយ​ក្រោយ​មក​បាន​ស្វែងយល់​ពី​ប្រវត្តិរូប​របស់​នាង​ក្នុង​ជា​ជា​ជនជាតិ​កម្ពុជា និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ហើយ​ក៏​បាន​ត្រឡប់​មក​រស់នៅ​ទីក្រុង​ភ្នំពេញ នៅ​កម្ពុជា​វិញ។

ស្នាដៃ​សិល្បៈ​របស់​នាង​គឺ​ស្តី​អំពី​ប្រវត្តិសាស្ត្រ​នៃ​អំពើ​ហិង្សា ការ​លុប​បំបាត់​ស្លាក​ស្នាម​នៃ​ភាព​ឈឺចាប់ និង​ភាព​ជំនះ។ ខ្ញុំ​យល់​ថា ប្រវត្តិ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​មាន​ទស្សនៈ​ដ៏​ពិសេស​មួយ​ទាក់​ទង​នឹង​អំណាច​នៃ​ភាព​ជំនះ សមត្ថភាព​សម្រប​សម្រួល​ខ្លួន​ក្នុង​សង្គម និង​ភាព​បត់បែន​បាន ដែល​នាង​ទទួល​បាន​តាមរយៈ​បទពិសោធន៍​ជីវិត​របស់​នាង​ក្នុង​នាង​ជា​ជនជាតិ​កម្ពុជា។

ក៏​ប៉ុន្តែ សាច់រឿង និង​ស្នាដៃ​សិល្បៈ​របស់​នាង​គឺជា​សារ​មួយ ដែល​មនុស្ស​នៅ​ទូទាំង​ពិភពលោក​សព្វថ្ងៃ​នេះ ជាពិសេស យុវជន​អាច​ស្វែងយល់​បាន។ ដោយសារ​មូលហេតុ​ជា​ច្រើន ពិភពលោក​យើង​កំពុង​តែ​ផ្លាស់​ប្តូរ​យ៉ាង​លឿន ជាពិសេស ដោយ​សារតែ​បច្ចេកវិទ្យា។ សំណួរ​ទូទៅ​គឺថា តើ​យើង​ត្រូវ​សម្របសម្រួល​ខ្លួន​តាម​កាលៈទេសៈ​យ៉ាង​ដូចម្តេច ដើម្បី​ឲ្យ​អត្តសញ្ញាណ​របស់​យើង​នៅ​ឋិតឋេរ​ដដែល។ ហើយ​ស្នាដៃ​សិល្បៈ the Buddhist Bug របស់ Anida គឺជា​និមត្តិរូប​ដ៏​អស្ចារ្យមួយ​នៃ​ភាព​បត់បែន​តាម​កាលៈទេសៈ​នេះ។

ជាមួយ​គ្នា​នេះ យើង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្តេជ្ញាចិត្ត​របស់នាង​ទាក់ទង​នឹង​បញ្ហា​ភាព​ជំនះ​នឹង​រឿង​លំបាក និង​សកម្មភាព​សហគមន៍ ដែល​នាង​បាន​ចូលរួម​បង្កើត​នៅ​តាម​អង្គការ​ជា​ច្រើន ដូច​ជា​សាច់រឿង​ការ​រាំ​របស់​ស្ត្រី ដែល​សហការ​ជាមួយ​នឹង​ផលិតកម្ម Mango Tribe និង​ស្នាដៃ​សិល្បៈ​ផ្សេងៗ​ដែល​សហការ​ជាមួយ​នឹង​សិល្បៈករ​អាស៊ី​សញ្ជាតិ​អាមេរិក និង​ស្ថានីយ៍​សិល្បៈ​ព័ត៌មាន​ឈ្មោះ Studio Revolt ដែល​ធ្វើការ​ជាមួយ​នឹង​យុវជន​កម្ពុជា និង​សិល្បៈករ​ខ្មែរ​សញ្ជាតិ​អាមេរិក​ដែល​ត្រូវ​បាន​និរទេស​ចេញ​ពី​សហរដ្ឋ​អាមេរិក​ជា​ដើម៕

XS
SM
MD
LG