លោកឧត្តមសេនីយត្រី Rick Uribeអនុមេបញ្ជាការកងទ័ពចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ បានប្រាប់ VOAថាក្រុមរដ្ឋឥស្លាមមានគ្នាតិចជាង១ពាន់នាក់នៅក្នុងទីក្រុងម៉ូស៊ុលហើយកម្រិតនៃភាពអស់សង្ឃឹមពីពួកអ្នកប្រយុទ្ធរដ្ឋឥស្លាមកំពុងកើនឡើង។លោកឧត្តមសេនីយថ្លែងថា៖ «ពួកគេដឹងថា ពួកគេប្រហែលចាញ់។ហើយវាគ្រាន់តែមិនទាន់ដល់ពេលតែប៉ុណ្ណោះ»។
អ្នកប្រយុទ្ធដែលនៅសេសសល់បានត្រូវគេចាត់ទុកថាជាអ្នកប្រយុទ្ធស្វិតស្វាញបំផុតរបស់ក្រុមភេរវកម្ម ហើយពួកគេបានប្រើប្រាស់ពេលវេលារបស់ពួកគេនៅក្នុងទីក្រុងដើម្បីធ្វើការលាក់អាវុធ ដាក់អង្គប់និងធ្វើប្រព័ន្ធផ្លូវក្រោមដី។
លោកឧត្តមសេនីយនិយាយថា ក្រុមរដ្ឋឥស្លាមបន្តចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនៅក្នុងការខំប្រឹងប្រែងដើម្បីធ្វើឲ្យក្រុមចម្រុះវាយប្រហារលើជនស៊ីវិល ហើយពួកមន្រ្តីនិយាយថា ក្រុមភេរវកម្មនោះនៅក្នុងទីក្រុងនៅតែប្រើជម្រើសដាក់គ្រាប់បែកក្នុងរថយន្តនៅឡើយ។ ពួកអ្នកលួចបាញ់របស់ក្រុមរដ្ឋឥស្លាម មិនត្រឹមតែបាញ់តម្រង់រកកងទ័ពអ៊ីរ៉ាក់ទេ តែពួកគេក៏បាញ់ជនស៊ីវិលដែលព្យាយាមរត់គេចខ្លួនដែរ។ លោកឧត្តមសេនីយRick Uribe និយាយទៀតថា៖ «នៅពេលដែលពួកក្រុមរដ្ឋឥស្លាមហាក់បីដូចជាកាន់តែបាត់លទ្ធភាពប្រព្រឹត្តអំពើឃោឃៅ ពួកគេធ្វើអំពើឃោឃៅកាន់តែខ្លាំងឡើង»។
នៅពេលដែលពួកជនសកម្មប្រយុទ្ធបរាជ័យនៅក្នុងទីក្រុងម៉ូស៊ុល កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ នឹងបន្តប្រឈមការតស៊ូនៅក្នុងតំបន់ផ្សេងៗទៀតពីក្រុមរដ្ឋឥស្លាម។ លោកឧត្តមសេនីយ Rick Uribe និយាយថា៖ «យើងដណ្តើមបានតំបន់នានានៅភាគខាងលិចហើយបន្ទាប់នៅភាគខាងត្បូងក្នុងទីក្រុង Hawijah ហើយបន្ទាប់មកឆ្ពោះទៅ កាន់ខេត្ត Anbar។ នៅមានក្រុមអ្នកប្រយុទ្ធខ្លាំងៗរបស់ក្រុមរដ្ឋឥស្លាមដែលស្ថិតនៅក្នុងតំបន់នោះនៅឡើយ ហើយយើងប្រាកដនឹងជួយដៃគូសន្តិសុខអ៊ីរ៉ាក់របស់យើងដើម្បីដណ្តើមយកតំបន់នោះ»។
លោកឧត្តមសេនីយនិយាយបន្តទៀតថា កងទ័ពអ៊ីរ៉ាក់មិនត្រឹមតែពិនិត្យមើលត្រឹមតែក្រុងម៉ូស៊ុលតែប៉ុណ្ណោះទេ ក៏ប៉ុន្តែ នៅពេលបច្ចុប្បន្ននេះកំពុងថ្លឹងថ្លែងពីជម្រើសអំពីកន្លែងវាយប្រហារពួកជនសកម្មប្រយុទ្ធបន្ទាប់ទៀត៕