កងកម្លាំងអ៊ីរ៉ាក់គាំទ្រដោយសហរដ្ឋអាមេរិក បានវាយដណ្តើមយកក្រុង Mosul ត្រឡប់មកវិញចាប់តាំងពីខែតុលាមក។ ការវាយលុកនេះមានលក្ខណៈយឺត ដោយសារតែវត្តមានពលរដ្ឋនៅក្នុងទីក្រុង។ ក៏ប៉ុន្តែទោះបីជាមានការលំបាកនៅសមរភូមិនាពេលខាងមុខនេះក៏ដោយ ក៏ក្រុមមន្រ្តី និងក្រុមអ្នកសង្កេតការណ៍មានជំនឿថា ជ័យជម្នះនឹងមកដល់នៅថ្ងៃខាងមុខ។
ក្រុមន្រ្តីបានឲ្យដឹងថា ប៉ូលិសសហព័ន្ធអ៊ីរ៉ាក់ កាលពីចុងសប្តាហ៍កន្លងទៅ បានវាយប្រហារតាមអាកាសដោយយន្តហោះគ្មានមនុស្សបើក ទៅលើឃ្លាំងផ្ទុកសព្វាវុធរបស់ក្រុមរដ្ឋឥស្លាម ដែលមានទីតាំងស្ថិតនៅភាគខាងលិចក្រុងMosul។ រូបភាពនៅក្នុងវីដេអូ បង្ហាញពីក្រុមគ្រួសារជាច្រើនរត់ភៀសខ្លួនចេញពីស្រុក Tammuz ដើម្បីធ្វើដំណើរផ្លាស់ទីលំនៅជាមួយពលរដ្ឋស៊ីវិលរាប់សែននាក់ផ្សេងទៀត ដែលមកពីតំបន់នានាចាប់តាំងពីខែកុម្ភៈមក។ ជនសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាមលាក់ខ្លួនជាមួយនឹងជនស៊ីវិល ដើម្បីប្រើប្រាស់ពួកគេជារបាំងការពារខ្លួន។ យោធាអ៊ីរ៉ាក់ម្នាក់បាននិយាយថា៖ «ថ្ងៃនេះយើងផ្តោតទៅលើសេរីភាពរបស់ក្រុមគ្រួសាររាប់រយ និងការពារសនិ្តសុខនៅតាមផ្លូវដល់ពួកគេ»។
អ្នកស្រុកដែលបានរួចផុតពីការគ្រប់គ្រងរបស់ពួកសកម្មប្រយុទ្ធបានសម្តែងការធូរស្បើយចិត្តដោយនិយាយថា៖ «ទោះបីជាយើងគ្មានទឹក គ្មានម្ហូបសម្រាប់បរិភោគ ប៉ុន្តែយើងសប្បាយចិត្ត»។
ក៏ប៉ុន្តែបុរសអាយុ៧០ឆ្នាំម្នាក់ មានឈ្មោះថា Moafak Al-Obeidi បានបដិសេធមិនចាកចេញពីផ្ទះជាមួយគ្រួសាររបស់ខ្លួនទេ។ លោកនិយាយថា៖ «ខ្ញុំជឿលើព្រហ្មលិខិត។ កាលពីម្សិលមិញមានការបាញ់រះដូចជាទឹកភ្លៀងអញ្ចឹង ហើយមានទាហានដើរមករកខ្ញុំ ហើយប្រាប់ថា ពួកគេចង់សម្រុកទៅមុខ ប៉ុន្តែពួកគេបារម្ភពីសុវត្ថិភាពរបស់ខ្ញុំ។ ខ្ញុំប្រាប់គេវិញថា ខ្ញុំនឹងសម្រុកទៅមុខមុនពួកគេទៀត ព្រោះខ្ញុំមានជំនឿលើព្រះ»។
ក្រុមរដ្ឋឥស្លាមក៏បានប្រើប្រាស់មនុស្សបំផ្ទុះគ្រាប់បែកអត្តឃាត ដើម្បីរារាំងការសម្រុកទៅមុខរបស់កងកម្លាំងរដ្ឋាភិបាលផងដែរ។ ទាហានអ៊ីរ៉ាក់ម្នាក់បានប្រើប្រាស់យានយន្តឈូសដី ដើម្បីទប់ស្កាត់ការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយ។ ទាហានបើកបរយានយន្តឈូសដីម្នាក់បានរៀបរាប់ពីហេតុការណ៍នោះថា៖«ជនបំផ្ទុះគ្រាប់បែកអត្តឃាតនោះបានរត់ចេញពីជ្រុងម្ខាង ហើយមិនដឹងថាត្រូវទៅផ្លូវណា។ គេរត់មកទល់មុខនឹងខ្ញុំ ហើយបានព្យាយាមរត់ចេញ ដូច្នេះខ្ញុំក៏បានបើកយានយន្តឈូសដីទៅពាំងជននោះ បន្ទាប់មកគ្រាប់បែកក៏បានផ្ទុះឡើង»។
ក្រុមរដ្ឋឥស្លាមនៅកំពុងកាន់កាប់តំបន់មានទំហំប្រហែល៨គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងលិចក្រុងMosul រួមទាំងទីក្រុងចំណាស់ ដែលមានផ្លូវតូចៗចង្អៀត ដែលធ្វើឲ្យមានការលំបាកក្នុងការប្រយុទ្ធ។ ប៉ុន្តែអ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់បានថ្លែងប្រាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទថា ការរំដោះបានក្រុង Mosul គឺជារឿងពិតប្រាកដ។
លោកJan Kubisអគ្គលេខាតំណាងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំ ប្រទេសអ៊ីរ៉ាក់បានថ្លែងដូច្នេះថា៖«យើងអាចនិយាយថា ជាថ្ងៃដែលក្រុមរដ្ឋឥស្លាមត្រូវបានបញ្ចប់នៅក្នុងប្រទេសអ៊ីរ៉ាក់។ សមិទ្ធផលនេះបានមកពីសេចក្តីក្លាហាន និងការសេ្នហាជាតិរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ក៏ដូចជាកងម្លាំងចល័តមានដូចជា ក្រុម Peshmerga និងក្រុមកុលសម្ព័ន្ធស្ម័គ្រចិត្ត ក៏ដូចជាកម្លាំងតស៊ូរបស់ពលរដ្ឋអ៊ីរ៉ាក់ផងដែរ»។
ការទទួលបានជ័យជម្នះនេះគឺបានមកដោយសារការតស៊ូរបស់ពលរដ្ឋអ៊ីរ៉ាក់។ យោងតាមទីភ្នាក់ងារសារពត៌មាន Reuters បានឲ្យដឹងថា មានពលរដ្ឋជិត៦សែន៦ម៉ឺននាក់ បានផ្លាស់ទីលំនៅចេញពីក្រុង Mosul ចាប់តាំងប្រតិបត្តិការចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន។ ពលរដ្ឋប្រមាណជិតកន្លះលាននាក់មកពីភាគខាងលិចក្រុង Mosul៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា