លោក Hassan Janabi រដ្ឋមន្ត្រីធនធានទឹកអ៊ីរ៉ាក់បានប្រាប់ VOA ថា៖ «ទំនប់ទឹកនេះមិនទាន់មានគ្រោះថ្នាក់អ្វីនោះទេ។ វាជារឿងរីករាយមួយដែលយើងត្រូវប្រកាសថា ទំនប់នេះនឹងមានប្រតិបត្តិការដូចធម្មតាវិញ»។
ទំនប់ដែលមានប្រវែង១៣គ.ម.នៅទន្លេ Tigris នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់គឺជាទំនប់ធំបំផុតទី២នៅទូទាំងតំបន់បជ្ឈិមបូព៌ា។ ចាប់តាំងពីមានការសាងសង់នៅក្នុងឆ្នាំ១៩៨១ ដែលនៅពេលនោះ វាត្រូវបានគេដាក់ឈ្មោះថា ទំនប់ Saddam នោះ ក្តីបារម្ភចំពោះអស្ថិរភាពរបស់ទំនប់នេះក៏កើតមានឡើងជាបន្តបន្ទាប់ ដោយសារតែវាត្រូវបានសាងសង់នៅលើតំបន់ដីជ្រាយ ហើយចម្ងល់ជាបន្តបន្ទាប់ត្រូវបានគេលើកឡើងអំពីគុណភាពរបស់វានៅពេលសាងសង់។
ទំនប់នេះមានទីតាំងស្ថិតនៅ ៦០គ.ម.ពីភាគខាងជើងនៃក្រុង Mosul ទំនប់នេះទទួលបានការចាប់អារម្មណ៍ជាអន្តរជាតិ នៅក្រោយពេលដែលក្រុមរដ្ឋឥស្លាមបានកាន់កាប់ទីនេះអស់រយៈពេលប៉ុន្មានសប្តាហ៍នៅក្នុងឆ្នាំ២០១៤។ បន្ទាប់ពីកងកម្លាំង Kurdish Peshmerga ដែលគាំទ្រដោយសហរដ្ឋអាមេរិកបានបណ្តេញក្រុមរដ្ឋឥស្លាមចេញពីតំបន់នោះមក អ្នកជំនាញបានព្រមានថា ទំបន់នេះស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោម ហើយអាចនឹងបង្កឲ្យមានទឹករលកដែលមានចំណុះមួយទ្រីលាន (មួយលានលាន) ហ្គាឡុង (gallon) ទៅលើពលរដ្ឋអ៊ីរ៉ាក់ចំនួន១,៥លាននាក់ នៅក្នុងក្រុង Mosul និងក្រុងបាកដាដ។
មិនមានសញ្ញាណគ្រោះថ្នាក់ធំដំទេ
ក្រុមហ៊ុនអ៊ីតាលីឈ្មោះ Trevi បានចាប់ផ្តើមជួសជុលទំនប់នេះនៅក្នុងខែតុលា ឆ្នាំ២០១៦។ លោក Carlo Crippa ប្រធានគម្រោងបានប្រាប់ VOA ថា រចនាសម្ព័ន្ធទំនប់នេះឥឡូវបង្ហាញថា មិនមានសញ្ញាណនៃគ្រោះថ្នាក់ធំដំណាមួយនោះទេ។ ទោះជាយ៉ាងណា វាជាការចាំបាច់ដែលត្រូវថែទាំវាជាប្រចាំ ដោយសារតែ «ថ្មគ្រឹះរបស់វាអាចនឹងបែកបាក់ដោយសារតែចរន្តទឹកហូរ»។
ផ្លូវទឹកចំនួន៥ដែលជាចរន្តទឹកហូរចូលទៅក្នុងទំនប់នេះត្រូវបានបើក បន្ទាប់ពីបានបិទអស់រយៈពេលជាង១២ឆ្នាំមក ហើយលោករដ្ឋមន្ត្រី Janabi បានប្រាប់ VOA ថា កម្រិតទឹកនៅពេលនេះស្ថិតក្នុងកម្រិតខ្ពស់បំផុត បើគិតចាប់ពីឆ្នាំ២០០៥ មក។
បើទោះជាមានការអះអាងបែបនេះក្តី អ្នកជំនាញដែលបានសិក្សាពីរចនាសម្ព័ន្ធទំនប់នេះនិយាយថា វានៅតែមិនទាន់មានសុវត្ថិភាពនៅឡើយ។
លោក Azzam Alwash វិស្វករសំណង់ស៊ីវិលជនជាតិអ៊ីរ៉ាក់សញ្ជាតិអាមេរិកាំងដែលបានធ្វើការជាទីប្រឹក្សាលើគម្រោងទំនប់នេះបាននិយាយថា៖ «នៅតែមានឱកាសដែលថា ទឹកអាចហូរលេចចេញបាន»។ លោកបានប្រាប់ VOA ថា រន្ធបង្ហូរទឹកទាំង២៤នៅតែមាននៅក្នុងអាងស្តុកទឹករបស់ទំនប់នេះ ហើយរន្ធបង្ហូរទឹកទាំងនេះធ្វើឲ្យទំនប់នេះងាយរងសម្ពាធពីចរន្តទឹក។
លោក Alwash បាននិយាយថា៖ «ទំនប់នេះគឺដូចទៅនឹងគ្រាប់បែកនុយក្លេអ៊ែរអញ្ចឹង។ តើអ្នកនឹងប្រថុយទុកឲ្យគ្រួសារអ្នកនៅកន្លែងមួយដែលអាចលិចដល់ទៅ១៥ម៉ែត្រក្នុងរយៈពេលប៉ុន្មានម៉ោងឬ? ខ្ញុំមិនប្រថុយទេ»។
វិស្វករមើលឃើញហានិភ័យធ្ងន់ធ្ងរជាង
លោក Nadhir al-Ansari សាស្ត្រាចារ្យផ្នែកធនធានទឹក និងវិស្វកម្មបរិស្ថាននៅសាកលវិទ្យាល័យ Lulea ក្នុងប្រទេសស៊ុយអ៊ែត និងជាអ្នកជំនាញលើគម្រោងទំនប់ Mosul បានយល់ស្របថាហានិភ័យមានលក្ខណៈធ្ងន់ធ្ងរ។
លោក al-Ansari បាននិយាយថា៖ «មិនធានាថា ទំនប់នេះមានសុវត្ថិភាពនោះទេ។ ការសិក្សាទាំងអស់ដែលបានស្រាវជ្រាវអំពីទំនប់នេះបង្ហាញថា ការដួលរលំនឹងកើតមានឡើងពិតប្រាកដ។ លោករដ្ឋមន្ត្រីអាចនិយាយថា វាមានសុវត្ថិភាពដោយសារតែអ៊ីរ៉ាក់បានឆ្លងផុតរដូវភ្លៀង ដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតនៅក្នុងខែមេសា និងចុងខែឧសភា។ អ្នកមានបញ្ហាដដែលនេះនៅខែមេសាជារៀងរាល់ឆ្នាំ»។
ដើម្បីបំពេញប្រហោងដែលមាននៅខាងក្រោមបេតុង ក្រុមវិស្វករបានបាញ់បញ្ចូលបាយអរស៊ីម៉ង់ត៍ ដែលជាល្បាយបញ្ចូលគ្នារវាងស៊ីម៉ង់ត៍ និងសារធាតុផ្សេងៗទៀត ជាង៥០.០០០តោន ចាប់តាំងពីពេលដែលវាត្រូវបានបើកនៅក្នុងឆ្នាំ១៩៨៦។
លោក al Ansari បាននិយាយថា៖ «ដំណោះស្រាយនៃការចាក់បំពេញបាយអរស៊ីម៉ង់ត៍របស់ក្រុមហ៊ុនអ៊ីតាលីគឺគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នសម្រាប់ការជួសជុលភ្លាមៗប៉ុណ្ណោះ។ នៅពេលដែលពួគគេបិទប្រយោងនៅក្នុងកន្លែងមួយ វានឹងមានប្រហោងនៅកន្លែងមួយទៀត។ នេះជាអ្វីដែលយើងមិនអាចបញ្ឈប់បាន។ ដំណោះស្រាយតែមួយគត់គឺត្រូវសាងសង់ទំនប់មួយទៀតនៅក្បែរនេះ»។
កិច្ចខិតខំប្រឹងប្រែងបែបនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៨៨ ដោយមានការសាងសង់ទំនប់ Badush ដែលនៅចម្ងាយ១២គ.មពីទំនប់មួយនេះ។ គម្រោងនេះបានបញ្ចប់ត្រឹមតែ៤០%ប៉ុណ្ណោះ ហើយក៏ត្រូវបានផ្អាកនៅក្នុងឆ្នាំ១៩៩២ ដោយសារតែការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើប្រទេសអ៊ីរ៉ាក់។
លោក Alwash បានប្រាប់ VOA ថា ក្រៅពីសាងសង់ប្រព័ន្ធទប់ទឹកថ្មីដើម្បីបន្ថយសម្ពាធលើទំនប់ Mosul «ដំណោះស្រាយគឺត្រូវធ្វើឲ្យអាងទឹកនេះមិនមានទឹក»។ ដើម្បីធ្វើដូច្នេះបាន អ៊ីរ៉ាក់ត្រូវទាក់ទងទៅប្រទេសជិតខាងដែលនៅផ្ទៃទឹកខាងលើនៃទន្លេ Tigris ជាពិសេសប្រទេសតួកគី ដើម្បីគ្រប់គ្រងលំហូរទឹក។
លោកថា៖ «កុំចំណាយថវិកាជួសជុលវាបន្ថែមទៀត។ ត្រូវធ្វើយ៉ាងណាឲ្យមានឆន្ទៈនយោបាយជាមួយនឹងប្រទេសជិតខាងលើការគ្រប់គ្រងទឹក»។
នាពេលបច្ចុប្បន្ននេះ លោកមន្ត្រីអ៊ីរ៉ាក់ លោក Janabi និយាយថា ក្រុមអ្នកជំនាញនឹងបន្តតាមដានស្ថិរភាពរបស់ទំនប់នេះ។ លោកនិយាយថា លោកមានជំនឿ «លើសមត្ថភាពរបស់យើងក្នុងការគ្រប់គ្រងទំនប់ នៅគ្រប់ស្ថានការណ៍លំបាកទាំងអស់»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ