មន្ត្រីយោធាស.រ.អា.និយាយថា កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយស.រ.អា. បានសម្រុកចូលនៅចម្ងាយតែ៣គមប៉ុណ្ណោះពីទីក្រុងដែលពួករដ្ឋឥស្លាមហៅថា ជារដ្ឋធានីរបស់ពួកគេនៅប្រទេសស៊ីរីនោះ។ សមរភូមិសំខាន់ក្នុងការដណ្តើមកាន់កាប់ទីក្រុង Raqqa ពីពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមអាចនឹងចាប់ផ្តើមក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ពេលថ្លែងទៅកាន់អ្នកយកព័ត៌មានពីទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ លោកវរៈសេនីយ៍ឯក Ryan Dillon អ្នកនាំពាក្យកងកម្លាំងចម្រុះដឹកនាំដោយស.រ.អា.ប្រឆាំងពួករដ្ឋឥស្លាម និយាយថា កងកម្លាំងប្រជាធិបតេយ្យស៊ីរីបានឈរជើងនៅជុំវិញទីក្រុង Raqqaក្រោយពីបានដណ្តើមកាន់កាប់ទឹកដីទំហំ៣៥០គ.ម.ក្រឡាពីពួករដ្ឋឥស្លាមនៅប្រទេសស៊ីរីកាលពីសប្តាហ៍មុន។
កងកម្លាំងទាំងនេះនៅចម្ងាយ៣គ.ម.ពីទីក្រុង Raqqa នៅភាគខាងជើង និងខាងកើត ហើយនៅចម្ងាយ១០គ.ម.នៅភាគខាងលិច។មន្ត្រីយោធាស.រ.អា.បានប្រាប់ VOA ដោយមិនបញ្ចេញឈ្មោះថា ការវាយដណ្តើមកាន់កាប់ទីក្រុង Raqqa នឹងធ្វើក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ការឡោមព័ទ្ធទីក្រុង Raqqa ជិតដល់ទីបញ្ចប់ហើយ។
មន្ត្រីយោធាស.រ.អា.បានបញ្ជាក់នៅសប្តាហ៍នេះថា កម្លាំងស.រ.អា.បានចាប់ផ្តើមចែកអាវុធ និងរថយន្តឲ្យទាហានជនជាតិ Kurd នៅស៊ីរី ដើម្បីត្រៀមវាយយកទីក្រុង Raqqa។ សកម្មភាពនេះបានធ្វើឲ្យប្រទេសតួកគីដែលជាសម្ព័ន្ធមិត្តរបស់ស.រ.អា.ក្នុងអង្គការអូតង់ មិនសប្បាយចិត្ត ដោយចោទថា ទាហានជនជាតិ Kurd នៅស៊ីរីនៅក្នុងកងកម្លាំងប្រជាធិបតេយ្យអ៊ីរ៉ាក់គឺជាក្រុមភេរវកម្ម៕