ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធានាគារ​កណ្តាល​អាមេរិក​សម្រេច​កាត់បន្ថយ​អត្រាការប្រាក់ 0,២៥ភាគរយ


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Donald Trump សម្លឹង​មើល​ខណៈ​ដែលលោក Jerome Powell ដែល​ជា​បេក្ខភាព​ប្រធាន​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក ដើរទៅ​កាន់​វេទិកា​នៅ​សេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Donald Trump សម្លឹង​មើល​ខណៈ​ដែលលោក Jerome Powell ដែល​ជា​បេក្ខភាព​ប្រធាន​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក ដើរទៅ​កាន់​វេទិកា​នៅ​សេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។

ធនាគារ​កណ្តាល​អាមេរិក​បាន​កាត់បន្ថយ​អត្រា​ការ​ប្រាក់​ដ៏​សំខាន់​របស់ខ្លួន​នៅ​ថ្ងៃព្រហស្បតិ៍ ក្នុង​ចំនួន 0,២៥ភាគរយ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការធ្លាក់ចុះ​ជាលំដាប់​នៃ​អតិផរណា​កម្រិតខ្ពស់ ដែល​បាន​ធ្វើ​ឱ្យប្រជាជន​អាមេរិក​ខឹងសម្បា និង​បាន​ជួយ​ជំរុញ​ឱ្យ​លោក Donald Trump ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​សប្តាហ៍​នេះ។

ការ​កាត់​បន្ថយ​អត្រា​ការប្រាក់នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​កាត់បន្ថយ​ ០,៥ភាគរយ​ នៅ​ក្នុង​ខែកញ្ញា ហើយ​វា​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុក​ដាក់ជា​ថ្មីរបស់​ធនាគារ​កណ្តាល លើ​ការគាំទ្រ​ទីផ្សារ​ការងារ ក៏​ដូចជា​ការប្រយុទ្ធ​ប្រឆាំង​នឹង​អតិផរណា ដែល​ឥឡូវនេះ​នៅលើ​ស​គោលដៅ ២ភាគរយ របស់​ធនាគារ​កណ្តាល។

ការ​កាត់បន្ថយ​នេះ និង​ទម្លាក់​អត្រា​គោល​របស់​ធនាគារ​កណ្តាល​ដល់​ប្រហែល ៤,៦ភាគរយ ធ្លាក់​ចុះ​ពី​កម្រិត ៥,៣ភាគរយ ខ្ពស់​បំផុត​ក្នុង​រយៈពេល​បួនទសវត្សរ៍​ចុងក្រោយ មុន​ពេលកិច្ចប្រជុំ​ខែកញ្ញា។ ធនាគារកណ្តាល​បាន​រក្សា​អត្រាការប្រាក់​ដ៏ខ្ពស់​របស់ខ្លួន​ពេល​នោះ រយៈពេល​ជាង​មួយ​ឆ្នាំ ដើម្បី​ទប់ទល់​នឹង​អត្រា​អតិផរណា​ដ៏អាក្រក់​បំផុត​ក្នុង​រយៈពេលបួន​ទសវត្សរ៍នេះ។ អតិផរណា​ប្រចាំឆ្នាំ​បាន​ធ្លាក់​ចុះ​ពី​កម្រិតកំពូល ៩,១ភាគរយ​នៅ​ពាក់​កណ្តាល​ឆ្នាំ២០២២ មក​នៅ​កម្រិត​ទាប ២,៤ភាគរយ ក្នុង​ខែកញ្ញា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយបន្ទាប់​ពីកិច្ច​ប្រជុំចុង​ក្រោយ​របស់ខ្លួន​បាន​បញ្ចប់ ធនាគារ​កណ្តាល​បាន​និយាយថា៖ «អត្រា​អ្នក​អត់ការងារ​ធ្វើ​បានកើន​ឡើង ប៉ុន្តែ​នៅតែ​មាន​កម្រិត​ទាប» ខណៈពេល​ដែល​អតិផរណា​បានធ្លាក់​ចុះ​ខិត​ទៅ​ជិត​គោលដៅ​របស់ធនាគារ​កណ្តាល ប៉ុន្តែ «នៅ​តែ​មាន​ការកើន​ឡើង​បន្តិច»។

បន្ទាប់​ពី​ការ​កាត់បន្ថយ​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​នៅ​ក្នុង​ខែកញ្ញា ដែល​ជា​ការកាត់​បន្ថយ​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង ៤ឆ្នាំ ក្រុម​អ្នក​បង្កើត​គោល​នយោបាយ​របស់​ធនាគារ​កណ្តាល​បាន​ព្យាករថា ពួកគេ​នឹង​កាត់​បន្ថយ​ ០,២៥ភាគរយ​បន្ថែមទៀត​នៅ​ក្នុង​ខែវិច្ឆិកា និង​ខែធ្នូ និង​បួន​ដង​ទៀត​នៅ​ឆ្នាំ២០២៥។ ប៉ុន្តែ​ជាមួយ​នឹង​សេដ្ឋកិច្ច​ឥឡូវនេះ​ភាគច្រើន​រឹងមាំ​ហើយ​ទីផ្សារ​ហិរញ្ញវត្ថុ​ Wall Street របស់​អាមេរិក​រំពឹង​ថា​នឹង​មាន​កំណើន​លឿន​ជាងមុន ឱនភាព​ថវិកា​កាន់​តែ​ធំ និង​អតិផរណា​ខ្ពស់​ក្រោម​ការដឹកនាំ​របស់​លោក Trump ការ​កាត់បន្ថយ​អត្រាការប្រាក់​បន្ថែមទៀត​ទំនង​អាច​កើតឡើង​តិចជាងមុន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG