ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​ថា អត្រា​ការប្រាក់​នឹង​នៅ​ទាប​រហូត​ដល់​ឆ្នាំ ២០២២


រូបឯកសារ៖ ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយអំពីការបន្ថយអត្រាការប្រាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយអំពីការបន្ថយអត្រាការប្រាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​ទិញ​សញ្ញាប័ណ្ណ ដើម្បី​រក្សា​អត្រា​ការប្រាក់​ឲ្យ​នៅ​ទាប និង​គាំទ្រ​ដល់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ពេល​ដែល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ។

ធនាគារ​នេះ​បាន​បន្ថែម​ថា អ្នក​ធ្វើ​គោល​នយោបាយ​ស្ទើរតែ​ទាំង​អស់​នៃ​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​ប្រមើល​មើល​ថា អត្រា​ការប្រាក់​នឹង​មិន​កើន​ឡើង​ទេ​រហូត​ដល់​ឆ្នាំ ២០២២។

កន្លង​មក ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ ធនាគារ​កណ្ដាល​បាន​កាត់​អត្រា​ការប្រាក់​គោល​រយៈពេល​ខ្លី​របស់​ខ្លួន​រហូត​ដល់​ក្បែរ​សូន្យ។

ការ​រក្សា​អត្រា​ការប្រាក់​ឲ្យ​នៅ​ទាប​ខ្លាំង​សម្រាប់​រយៈពេល​ជាង ២ ឆ្នាំ​បន្ថែម​ទៅ​មុខ​ទៀត អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់ និង​អាជីវកម្ម​នានា​ខ្ចី និង​ចំណាយ​គ្រប់គ្រាន់​ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បិទ​អាជីវកម្ម និង​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់។

ធនាគារ​កណ្ដាល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ការ​ផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​បាត់បង់​ការងារ​យ៉ាង​ច្រើន។

មន្ត្រី​ធនាគារ​កណ្ដាល​បាន​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​នឹង​ធ្លាក់​ចុះ ៦,៥% នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ដូច​ទៅ​នឹង​ការ​ទស្សន៍ទាយ​ផ្សេងៗ​ទៀត​ដែរ មុន​ពេល​ដែល​វា​នឹង​កើន​ឡើង​វិញ ៥% នៅ​ក្នុង​ឆ្នាំ ២០២១។ ធនាគារ​នេះ​បាន​ប្រមើលមើល​ថា អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​នឹង​មាន​ចំនួន ៩,៣% ស្រប​ពេល​ដែល​អត្រា​បច្ចុប្បន្ន​គឺ ១៣,៣%៕

XS
SM
MD
LG