ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FBI ពិនិត្យ​ទាហាន​​ការពារ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ខណៈ​​មាន​ការ​ភ័យ​ខ្លាច​ការ​វាយ​ប្រហារ​ពី​​ជួរ​ផ្ទៃ​ក្នុង


កងទ័ព​ឆ្មាំការពារ​ជាតិ​​ឈរ​យាម​នៅ​ខាង​ក្រៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក នៅ​មុន​ពិធី​សច្ចាប្រណិធាន​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ លោក Joe Biden នៅ​ថ្ងៃ​ទី២០ ខែមករា ខាង​មុខ​នេះ​មក​ដល់។
កងទ័ព​ឆ្មាំការពារ​ជាតិ​​ឈរ​យាម​នៅ​ខាង​ក្រៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក នៅ​មុន​ពិធី​សច្ចាប្រណិធាន​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ លោក Joe Biden នៅ​ថ្ងៃ​ទី២០ ខែមករា ខាង​មុខ​នេះ​មក​ដល់។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​និយាយ​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​វាយ​ប្រហារពី​ជួរ​ផ្ទៃ​ក្នុង​ ឬ​ការ​គំរាម​កំហែង​មក​ពី​កងទ័ពឆ្មាំ​ការពារ (National Guard) ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ការពារ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden ដែល​បាន​បណ្តាល​ឲ្យ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI ពិនិត្យ​ពិច្ច័យ​កងទ័ព​ឆ្មាំ​ការពារ​ជាតិ​ទាំង​អស់​ចំនួន​២៥.០០០​នាក់​ដែល​ត្រូវ​បញ្ជូន​មក​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ក្នុង​ពិធី​នេះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។​

ភារកិច្ច​ដ៏​ធំនេះ​ឆ្លុះ​បញ្ចាំង​នូវ​ការ​ព្រួយ​កង្វល់​ខាង​សន្តិសុខ​យ៉ាងខ្លាំង​ ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បន្ទាប់​ពី​កុបកម្ម​ដ៏​ប្រល័យ​នៅ​ថ្ងៃ​ទី៦ ខែ​មករា​នៅ​ឯ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ដោយ​ក្រុម​កុបករ​ដែល​គាំទ្រ​លោក​ប្រធានាធិបតី Trump។ ហើយ​ការណ៍​នេះ​បញ្ជាក់​នូវ​ការ​ភ័យ​ខ្លាច​ថា កងទ័ព​ឆ្មាំ​ការពារ​ជាតិ​ខ្លះ​ដែល​ត្រូវ​បាន​បញ្ជូន​ឲ្យ​ការពារ​ទីក្រុង​ ក្នុង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ទៀត អាច​ក្លាយជា​ការ​គំរាមកំហែង​ដល់​ប្រធានាធិបតី​និងក្រុម​ឥស្សរជនដែល​នឹង​ចូល​រួម​ពិធី​នេះ។

លោក Ryan McCarthy ​អនុរដ្ឋមន្ត្រី​កងទ័ព​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP កាល​ពី​ថ្ងៃ​អាទិត្យ​ថា ក្រុម​មន្ត្រី​បាន​ដឹង​ពី​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង ហើយ​លោក​បាន​ព្រមាន​មេបញ្ជាការ​ឲ្យ​ពិនិត្យ​មើល​បញ្ហា​នៅ​ក្នុង​ជួរ​កងទ័ព​របស់​ពួកគេ​នៅ​ពេល​ដែល​ពិធី​ស្បថ​ចូល​កាន់​តំណែង​ខិត​មក​ជិត។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ រហូត​មក​ទល់​ពេល​នេះ លោក​អនុរដ្ឋមន្ត្រី​និង​មេដឹកនាំ​ផ្សេង​ទៀត និយាយ​ថា ពួកគេ​មិន​បាន​មើល​ឃើញ​ភស្តុតាង​នៃ​ការ​គំរាមកំហែង​ណា​មួយ​ទេ។

កងទ័ព​ឆ្មាំ​ការពារ​ប្រហែល​២៥.០០០​នាក់មក​ពី​រដ្ឋ​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កំពុងត្រូវ​បាន​បញ្ជូន​មករដ្ឋធានី​វ៉ាស៊ីនតោន ដែលជា​ចំនួនយ៉ាង​តិច​ណាស់​ច្រើន​ជាង​២ដង​កន្លះ​នៃ​ចំនួន​កងទ័ព​សម្រាប់​ពិធី​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ពេល​មុនៗ។ ហើយ​ខណៈដែល​យោធាតែង​តាមដាន​ជា​ប្រចាំ​នូវទាហានដែល​អាច​ជាប់​ទាក់ទង​ជាមួយ​ពួក​ជ្រុល​និយម ការ​ពិនិត្យ​ឆែកឆេរ​របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI ជា​វិធានការ​ឃ្លាំមើល​បន្ថែម​ទៀត៕

XS
SM
MD
LG