ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden គ្រោង​នឹង​បង្ហាញ​ចក្ខុវិស័យ​«វិជ្ជមាន​​និង​ប្រកប​ដោយ​សុទិដ្ឋិនិយម»​នៅ​ឯ​ពិធី​ស្បថ​ចូល​កាន់​តំណែង


ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក​ លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​ផែនការ​របស់​លោក​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក​ លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​ផែនការ​របស់​លោក​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក​លោក Joe Biden មាន​គម្រោង​លាតត្រដាង ចក្ខុវិស័យ​«វិជ្ជមាន​និង​ប្រកប​ដោយ​សុទិដ្ឋិនិយម»​សម្រាប់​ប្រទេស​នៅ​ក្នុង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ហើយ​«ព្យាយាម​បង្វែរ​ភាព​បាក់បែក​និង​ការ​ស្អប់​ខ្ពើម​ក្នុង​រយៈពេល៤​ឆ្នាំ»​នៅ​ក្រោម​លោក​ប្រធានាធិបតី Donald Trump ដែល​នឹង​ចប់​អាណត្តិ។ នេះ​បើ​តាមប្រសាសន៍​របស់​អ្នក​ជំនួយការ​ដ៏​សំខាន់​ម្នាក់​របស់​លោក Biden កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

លោក​ស្រី Kate Bedingfield ជា​នាយិកាផ្នែក​ទំនាក់ទំនងរបស់​លោក Biden បាន​ប្រាប់​កម្មវិធី​«This Week» នៃ​បណ្តាញ​ទូរទស្សន៍ ABC ថា មេដឹកនាំ​ថ្មី​របស់​សហរដ្ឋ​អាមេរិក នឹង​«ដាក់​ចេញ​មាគ៌ា​មួយ​ដែល​អំពាវនាវ​ដល់​យើង​ទាំង​អស់​គ្នា​ឲ្យ​ធ្វើ​ការ​ជាមួយ​គ្នា»។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​គិត​ថា នេះ​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​អាមេរិកាំង​នៅ​ទូទាំង​ប្រទេស​ចង់​បាន។ ពួកគេ​ចង់​បាន​រដ្ឋាភិបាល​ដែល​ជាថ្មី​ម្តងទៀត​ផ្តោត​លើ​ការ​ធ្វើ​ការងារ​ត្រឹមត្រូវ​ឲ្យ​ពួកគេ​ និង​ជួយ​ពួកគេ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ»។

លោក Biden មាន​គម្រោង​ស្បថ​ចូល​កាន់តំណែង​នៅ​ជណ្តើរ​ខាង​លិច​វិមាន​សភា​ពេល​ថ្ងៃ​ត្រង់នៅ​ក្នុង​ពិធី​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ខាង​មុខ ​ដែល​ត្រូវ​ធ្វើ​ជា​ប្រវត្តិសាស្ត្រជា​រៀងរាល់​៤ឆ្នាំ​ម្តង។ ទោះ​ជាយ៉ាង​ណាក៏​ដោយ នៅ​ពេល​នេះ វា​ពោរពេញ​ទៅ​ដោយ​ការ​តានតឹង​បន្ទាប់​ពី​មានការ​វាយ​សង្គ្រប់​វិមាន​សភា​ថ្ងៃ​ទី៦ ខែ​មករា​ ដោយ​ពួក​អ្នក​គាំទ្រ​របស់​លោក​ប្រធានាធិបតី Donald Trump រាប់ពាន់​នាក់។ លោក​ប្រធានាធិបតី​ Trump បាន​ជំរុញ​ឲ្យ​ពួកគេ​ដើរ​ទៅ​កាន់​អគារ​សភា​នៅ​ពេល​ដែល​សមាជិក​សភា​បាន​ជួប​ប្រជុំ​ដើម្បី​ប្រកាសបញ្ជាក់​ជ័យ​ជម្នះ​របស់​លោក Biden ជា​ផ្លូវការ។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​កាល​ពី​សប្តាហ៍​មុន​បាន​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី Trump ជា​លើក​ទី២ ដោយ​បាន​ចោទ​ប្រកាន់​លោក​ពី​ការ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ ហើយ​ព្រឹទ្ធសភា​មាន​គម្រោង​ចាប់ផ្តើម​ភ្លាមៗ​បន្ទាប់​ពី​លោក Biden ស្បថ​ចូល​កាន់​តំណែង។ ប្រសិន​បើរក​ឃើញ​ថា​មាន​ទោស លោក Trump ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកទី១​ ដែល​ត្រូវ​ប្តឹង​ចោទ​ប្រកាន់​ទម្លាក់​ចេញ​ពី​តំណែង​២​ដងនោះ នឹង​អាច​ត្រូវ​រារាំង​មិន​ឲ្យ​កាន់​តំណែង​ម្តង​ទៀត​ជារៀង​រហូត៕

XS
SM
MD
LG