ទាំងកងការពារសម្ងាត់ (Secret Service) និងកងទ័ពឆ្មាំការពារជាតិ (National Guard) របស់សហរដ្ឋអាមេរិកបានបេ្ដជ្ញាពីការបង្កើនកម្លាំងដើម្បីការពារក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក Joe Biden នៅថ្ងៃទី២០ ខែមករា ស្របពេលដែលអភិបាលរដ្ឋធានីវ៉ាស៊ីនតោនជំរុញឲ្យពលរដ្ឋស្នាក់នៅផ្ទះនៅថ្ងៃនោះ។
ប្រមាណជិតមួយសប្ដាហ៍ក្រោយការតវ៉ាដោយហិង្សារបស់ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump ទម្លាយរនាំងសន្តិសុខចូលក្នុងវិមានសភាសហរដ្ឋអាមេរិក ស្របពេលសមាជិកសភាកំពុងអនុម័តជ័យជម្នះរបស់លោក Biden ក្រុមកងការពារសម្ងាត់បានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួននឹងចាប់ផ្ដើមប្រតិបត្តិការការពារពិសេសនៅថ្ងៃទី ១៣ ខែមករា គឺមិនមែនថ្ងៃទី១៩ ខែមករាទេ។
កងទ័ពឆ្មាំការពារជាតិបានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ខ្លួននឹងបញ្ជូនទ័ពរហូតដល់ ១៥.០០០ នាក់ទៅការពារពិធីស្បថចូលកាន់តំណែង ដែលចំនួននេះកើនឡើងជិតមួយជាពីរបើប្រៀបធៀបនឹងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីកាលពីឆ្នាំ ២០១៦ របស់លោក Donald Trumpដែលបានប្រើកងទ័ពឆ្មាំការពារជាតិចំនួន ៨.០០០ នាក់។
ឆ្លើយនឹងសំណួររបស់ VOA លោក Biden បាននិយាយកាលពីថ្ងៃច័ន្ទថា លោកមិនព្រួយបារម្ភពីសុវត្ថិភាពរបស់លោកនៅក្នុងពិធីស្បថចូលកាន់តំណែងទេ។ លោកបាននិយាយថា៖ «ខ្ញុំមិនព្រួយបារម្ភពីការស្បថនៅបរិវេណខាងក្រៅទេ» ហើយថា អ្នកដែល «ពាក់ព័ន្ធក្នុងការបះបោរ និងគំរាមកំហែងដល់អាយុជីវិតប្រជាជន» ត្រូវតែទទួលខុសត្រូវ។
ទន្ទឹមនឹងនេះកាលពីថ្ងៃច័ន្ទ អភិបាលរដ្ឋធានីវ៉ាស៊ីនតោនអ្នកស្រី Muriel Bowser មិនលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមក្នុងពិធីស្បថចូលកាន់តំណែងទេ តែជំរុញឲ្យពួកគេចូលរូមទស្សនាតាមអនឡាញពីផ្ទះវិញ ដោយអ្នកស្រីបានសម្ដែងក្ដីកង្វល់ពីជំងឺកូវីដ១៩ និងការវាយប្រហារមកលើវិមានសភាកាលពីសប្ដាហ៍មុន៕