មេដឹកនាំរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែងកាលពីថ្ងៃអាទិត្យបានចោទប្រកាន់លោកប្រធានាធិបតី Donald Trump ពីការមិនបានចាត់វិធានការអ្វីទាំងអស់កាលពីថ្ងៃទី៦ ខែមករា ដើម្បីបញ្ឈប់ក្រុមអ្នកគាំទ្ររបស់លោកកុំឲ្យវាយប្រហារវិមានសភាសហរដ្ឋអាមេរិកដើម្បីព្យាយាមបញ្ឈប់ការចាញ់ឆ្នោតរបស់លោក។
លោកJamie Raskin សមាជិករដ្ឋសភាបានប្រាប់បណ្តាញទូរទស្សន៍ CNN ថា៖ «លោកប្រធានាធិបតី បានមើលទូរទស្សន៍នៅពេលដែលកុបកម្មវាយប្រហារសភា គឺដូចជាពេលពិធីជប់លៀងក្រុមបោះបោរមួយអញ្ចឹង»។
គេមិនទាន់បានកំណត់កាលបរិច្ឆេទនៃការកាត់ទោសចោទប្រកាន់លោក Trump ដកពីតំណែង នៅក្នុងព្រឹទ្ធសភា លើបទចោទប្រកាន់ថា លោកបានញុះញង់ឲ្យមានការបះបោរដោយបានជំរុញក្រុមអ្នកគាំទ្ររបស់លោករាប់ពាន់នាក់ដើម្បីប្រែក្រឡាស់ការចាញ់ចាញ់ឆ្នោតរបស់លោកចំពោះប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ដែលមានគម្រោងត្រូវស្បថចូលកាន់តំណែងនៅរសៀលថ្ងៃពុធ។
ក្រុមបាតុករបានបុកទម្លាយជម្នះក្រុមអាជ្ញាធរដើម្បីចូលក្នុងអគារសភាកាលពីថ្ងៃទី៦ ខែមករា រុះរើការិយាល័យរបស់សមាជិកសភាខ្លះ ហើយបានវាយប្រតាយប្រតប់ជាមួយប៉ូលិស ដែលបានធ្វើឲ្យមនុស្ស៥នាក់ស្លាប់ រួមទាំងមន្ត្រីប៉ូលិសម្នាក់ដែលការស្លាប់នោះត្រូវបានគេស៊ើបអង្កេតថាជាមនុស្សឃាត។
បន្ទាប់ពីភាពច្របូកច្របល់អស់រាប់សិបម៉ោងនៅក្នុងអគារសភាមក លោកប្រធានាធិបតី Trump បានជំរុញឲ្យក្រុមអ្នកគាំទ្រលោក «ត្រឡប់ទៅផ្ទះវិញ» ក៏ប៉ុន្តែបាននិយាយថា៖ «យើងស្រឡាញ់អ្នក។ អ្នកជាមនុស្សពិសេសណាស់»។
បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ប្តឹងទម្លាក់ចេញពីតំណែងដោយរដ្ឋសភាកាលពីសប្តាហ៍មុនមក លោក Trump បានសម្តែងនូវសេចក្តីសោកស្តាយចំពោះហិង្សានៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូដោយនិយាយថា៖ «អំពើហិង្សានិងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ជាការមិនអាចទទួលយកបាននៅក្នុងប្រទេសរបស់យើងនិងក្នុងចលនារបស់យើងទេ។ ចលនា «ការធ្វើឲ្យប្រទេសអាមេរិកអស្ចារ្សម្តងទៀត» (Making America Great Again) ជានិច្ចកាល ផ្តោតលើការការពារនីតិរដ្ឋ»៕