ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាកសិករ​ខេត្ត​បាត់ដំបង នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ទម្លាក់​ថ្លៃ​ស្រូវ​​


បុរស​ខ្មែរ​ម្នាក់​កាន់ស្រូវនៅ​វាលស្រែមួយ​នៅភូមិ​បែកពាង​ក្នុង​ប្រទេស​កម្ពុជា។ (ឯកសារ)
បុរស​ខ្មែរ​ម្នាក់​កាន់ស្រូវនៅ​វាលស្រែមួយ​នៅភូមិ​បែកពាង​ក្នុង​ប្រទេស​កម្ពុជា។ (ឯកសារ)

ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ទម្លាក់​ថ្លៃ​ស្រូវ​បាន​ផ្ទុះ​ឡើង​ក្នុង​ខេត្ត​បាត់​ដំបង​ ដែល​ជា​ទីកន្លែង​ផលិត​ស្រូវ​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា។​ ការ​តវ៉ា​ នេះ​បាន​កាត់​ផ្តាច់​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​ប្រាំ​អស់​រយៈ​ពេល​ប្រមាណ​ជាង​ ១ម៉ោង​ ក្រោយ​ការ​ធ្វើបទ​អន្តរាគមន៍​បញ្ចប់​ការ​តវ៉ា​ពី​អាជ្ញាធរ​ខេត្ត​កាលពី​ថ្ងៃ​អាទិត្យ។​

​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១០០០ នាក់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​បាន​បិទ​កំណាត់​ផ្លូវជាតិ​លេខ​ប្រាំ​ ក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ តវ៉ា​នឹង​ឈ្មួញ​កណ្តាល​ ដែល​ឲ្យ​តម្លៃ​ស្រូវ​របស់​ពួក​ទាប​ហួសហេតុ​ខុស​ពី​ការ​កំណត់​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​បាត់​ដំបង និង​ក្រុម​អ្នក​តវ៉ា​។​

ការ​តវ៉ា​បិទផ្លូវដោយ​ប្រើ​គោយន្ត​ដឹកស្រូវ​រាប់​សិប​គ្រឿង​ក្នុង​ខេត្ត​ជាប់​ប្រទេស​ថៃ​នេះ​ កើត​មាន​ឡើង​ ស្រប​ពេល​ដែល​តម្លៃ​កសិផល​ផលិត​ដោយ​កសិករ​ខ្មែរ​បាន​បន្តធ្លាក់​ចុះ​ រាប់​ទាំង​តម្លៃ​ស្រូវ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​ដំាដុះ​និយាយ​ថា​ ពួកគេ​រក​ទីផ្សារ​មិន​ចង់​បាន​ផង។​

លោក​ ស៊ុន តឹក​ អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​អង្គការ​ការពារ​សិទ្ធិម​នុស្សលីកាដូ​ប្រចាំ​ ខេត្តបាត់​ដំបង ប្រាប់VOA​ កាល​ពីថ្ងៃ​អាទិត្យ​ថា​ ក្រុម​អ្នកតវ៉ា​មិន​សុខ​ចិត្ត​នឹង​ការ​ឲ្យ​តម្លៃ​ ថោក​ជ្រុល​ពី​ក្រុម​ឈ្មួញ​កណ្តាល​ ហើយ​ពេល​ដែល​ពួកគេ​ ដឹក​ស្រូវ​យក​ទៅ​លក់​ បែរ​ជា​គ្មាន​អ្នក​ទិញ។​

«គាត់​មក​តវ៉ា​ដើម្បី​សុំ​តម្លើង​ថ្លៃ​ស្រូវ ហើយ​ឲ្យ​ទិញ​ស្រូវ​ហើយ​ឲ្យ​ឆាប់​ទិញ​ស្រូវ​គាត់»។​

លោក​ថ្លែង​ថា​ ការបិទ​ផ្លូវ​ បាន​ចាប់​ផ្តើម​នៅ​ម៉ោង​ប្រមាណ​ជាង​ ១០​ ហើយ​ការ​បិទ​ផ្លូវ​នេះ​ បាន​បញ្ចប់​វិញ​នៅ​ម៉ោង​ ប្រមាណ​ ជាង​ ១១​ និង​ ៤០​នាទីថ្ងៃ​ត្រង់​ គឺ​ក្រោយ​ពេល​ការ​អន្តរាគមន៍​របស់​ លោក​ ចាន់​ សុផល​ អភិបាល​ខេត្ត​បាត់​ដំបង​។​

លោក​បន្ត​ថា​ ក្រោយ​ការ​សម្រប​សម្រួល​ ភាគី​ខាង​ធនាគារ​ស្រូវ​ បាន​សន្យា​ទិញស្រូវពី​កសិករ​ក្នុង​ថ្ងៃ​មាន​ការ​តវ៉ា​នោះ​ឲ្យ​បានចំនួន ៨០តោន​ ហើយ​ថ្ងៃ​បន្តបន្ទាប់​ទៅមុខទៀត​ ការ​ទិញស្រូវ​នឹង​ចំនួនលើសពី​៨តោន​ក្នុង​មួយថ្ងៃ​ ក្នុង​តម្លៃ​ ៨៤០​រៀល​ ក្នុង​មួយ​គីឡូ​ សម្រាប់​ស្រូវ​ លេខ​មួយ។​

VOA មិន​ទាន់​អាច​ទាក់​ទង​ លោក​ ចាន់​ សុផល​ អភិបាល​ខេត្ត​បាត់ដំបង​បាន​ទេ​ កាល​ពី​ថ្ងៃ​ អាទិត្យ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

​អ្នកស្រី​ អ៊ឹម​ សារ៉ែន​ ប្រជា​កសិករ​ដែល​ចូលរួម​ក្នុងការ​តវ៉ានោះ​ ថ្លែង​ថា​ មុនការ​តវ៉ា​ មាន​ឈ្មួញ​កណ្តាល​មក​ចរចា​ទិញ​ស្រូវ​ពីកសិករ​ ក្នុង​តម្លៃ​ ៦០០​រៀល​ ក្នុង​មួយ​គីឡូ​សម្រាប់​ស្រូវ​ប្រភេទលេខ​២​ និង​ ៦៥០​ រៀល សម្រាប់​ ប្រភេទ​ ១​។​ ក៏ប៉ុន្តែ​ ពេល​កសិករយក​ស្រូវ​ទៅ​លក់​ ឈ្មួញកណ្តាល​បែរ​ជា​មិន​ទិញ ក៏​បាន​ធ្វើ​ឲ្យ​កសិករ​មាន​ការ​ខឹង​សម្បារ។​ អ្នកស្រី​មិន​អាច​បញ្ជាក់​ថា​ នរណា​ជា​ឈ្មួញកណ្តាល​នោះ​ទេ។​

«​គេមក​ទិញ​ស្រូវ​ក្នុង​ឃុំ​កំពង់​ព្រៀង​ហ្នឹង​ ដល់​ពេល​ហើយ​ ស្រូវហ្នឹង​គេ​អត់​ទិញ​ អត់​ទិញ​ដល់​ទៅដល់​ថា​ ដល់​ស្រូវ​ថោក​ពេក​ គេ​អត់​ទិញ​ទេ​ ប្រជាជន​ដឹក​មកវិញ​ ក៏មិន​ដឹង​ថា​ អត់​មាន​ជម្រើស​ ក៏ប្រជាជន​ ដាក់​តាម​ថ្នល់​នឹង​បណ្តោយ​ឲ្យ​គេ​មក​ដោះស្រាយ​ឲ្យ»។​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ កាលពី​សប្តាហ៍មុន​ បាន​ថ្លែង​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក​ ថា​ ដើម្បី​ឆ្លើយ​តបនឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​អន្តរាគមន៍​ជួយ​លើក​តម្លៃ​ស្រូវ​ ក្នុង​នោះរួមមាន​ការ​បញ្ចេញ​ថវិកា​យ៉ាង​តិច​ ២០លាន​ដុល្លារ​ ដើម្បី​រួម​ជាមួយ​ទុន​នៃ​ផ្នែក​ផ្សេង​ទៀត​ ដើម្បី​គាំទ្រ​លើតម្លៃ​ស្រូវ។​

ក្រោយការ​ថ្លែងរបស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ភ្លាម​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ថ្លែង​អំពី​ «កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល»​ ដែល​ជាការ​សម្រេច​របស់​ លោក​នាយករដ្ឋមន្ត្រី។​ សេចក្តីប្រកាស​ព័ត៌មាន​នោះ​បាន​ឲ្យ​ដឹង​ថា​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ដាក់​ទុន​បន្ថែម​ចំនួន​ ៧លាន​ដុល្លារ​ សម្រាប់​ការ​ទិញស្រូវ​ ហើយ​ធនាគារ​នេះ​ជា​ ប្រតិបត្តិករអនុវត្តគម្រោង​ពិសេស​នេះ​ដោយផ្ទាល់។​

តាម​រយៈ​កម្មវិធី​ពិសេស​នេះ​ រដ្ឋាភិបាល​អាច​នឹង​ជំរុញ​ប្រមូល​ទិញ​ស្រូវ​ បាន​ ៩០ ០០០​ តោន​ហើយ​អាច​ធ្វើ​ឲ្យ​តម្លៃ​ប្រមូល​ទិញស្រូវ​មាន​កម្រិត​លើស​ពី​ ៩៤​ម៉ឺន​រៀល​ (ប្រមាណ​ ៨.០០០​ បាត)​ ក្នុង​មួយតោន​ស្រូវ​សែន​ក្រអូប។​

ក្នុង​ការ​អនុវត្ត​កម្មវិធី​ទិញ​ស្រូវ​នេះ​ ទីតាំង​ស្តុក​ស្រូវ​ គឺ​ត្រូវ​បាន​កំណត់​ចំនួន​ ៥​កន្លែង​ រួម​មាន ២​ទីតាំង​សម្រាប់​តំបន់​ខេត្តពោធិ៍សាត់​ បាត់ដំបង​ បន្ទាយ​មានជ័យ​ និង​សៀម​រាប​ ចំនួន​ ១​ទីតាំង​សម្រាប់​ខេត្តកំពង់​ចាម​ និង​ត្បូងឃ្មុំ​ ចំនួន​ ១​ ទីតាំង​សម្រាប់​តំបន់ខេត្ត​ព្រៃ​វែង​ និង​ស្វាយរៀង​ និង​ចំនួន​ ១​ទី​តាំង​ សម្រាប់​តំបន់​ខេត្តកណ្តាល​ តាកែវ​ កំពត​ កំពង់​ស្ពឺ​ និង​ភ្នំពេញ៕

XS
SM
MD
LG