ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ស្ទើរ​តែ​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ

រូបឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិប្រមូលផ្ដុំ​គ្នានៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​នៅ​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦​ ខណៈពេល​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ចោទប្រកាន់​លោក​កឹម សុខា​ ប្រធានស្ដីទី​គណបក្ស​សង្រ្គោះជាតិ​អំពីរឿង​អាស្រូវ​ផ្លូវភេទ​រវាង​នាង​ខុម ចាន់តារាទី ហៅស្រី​មុំ​។ (ឡេង ឡែន/VOA)

លោក ឆាំ ប៊ុនថេត ថ្លែង​ថា ការ​ប្រកែក​មិន​ទទួល​ស្គាល់​ការ​ពិត​ពី​សំណាក់​គណបក្ស​កាន់អំណាច គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ ប្រៀប​ដូច​អ្នក​ដែល​បាន​ប្រព្រឹត្តិ​កំហុស តែ​មិន​ដែល​ហ៊ាន​ឆ្លើយ​ថា​ខ្លួន​ធ្វើខុស​ដូច្នោះ​ដែរ។

អ្នក​ឃ្លាំមើល​ការវិវត្តន៍​ខាង​សង្គម​និង​នយោបាយ​នៅ​កម្ពុជា លើកឡើង​ថា ការ​វិវត្ត​នៃ​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ស្ទើរ​តែ​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​សោះឡើយ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​លើកឡើង​នេះ កើត​ឡើង​ ក្រោយ​ពី​មាន​ហេតុការណ៍​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ ការ​ចោទប្រកាន់​និង​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​គណបក្ស​ប្រឆាំង ដាក់​ពន្ធនាគារ ជា​ហូរហែ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗនេះ។

លោក ឆាំ ប៊ុនថេត សមាជិក​ក្រុម​អ្នកវិភាគ​ឯករាជ្យ​វ័យក្មេង នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រាជធានី​ភ្នំពេញ នៅ​ពេល​ដែល​លោក​ចូលរួម​ជា​វាគ្មិន​នៅក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

លោក ឆាំ ប៊ុនថេត សមាជិក​ម្នាក់​នៃ​ក្រុម​អ្នកវិភាគ​ឯករាជ្យ​វ័យក្មេង បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ «Hello VOA»​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១២​ ខែ​កញ្ញា​នេះ​ថា ក្រុម​អ្នក​នយោបាយ​ខ្មែរ ​មិន​បាន​ផ្ដោត​ទៅ​លើ​ការប្រកួតប្រជែងគ្នា ដោយ​ស្មើ​ភាព​និង​ដោយ​សេចក្ដី​ថ្លៃថ្នូរ​នោះ​ទេ តែ​បែរ​ជា​ចូលចិត្ត​ដើរ​តួ​នយោបាយ​ដូច​តួ​ក្នុង​រឿង​និទាន​ខ្មែរ​ទៅ​វិញ។

«‍អ្នក​នយោបាយ​ស្រុកខ្មែរ ដូច​តួអង្គ​ ដែល​លេង​ក្នុង​រឿង​និទាន​កូរ​សមុទ្រ​ទឹក​ដោះ​ ខ្មែរ​យើង ដែល​មួយ​ដើរ​តួ​ជា​ទេវតា និង​មួយ​ទៀត​ដើរ​តួ​ជា​យក្ស ហើយ​យក​ពស់​មក​ចង​គ្នា ហើយ​កូរ​ទឹក​សមុទ្រ​ហ្នឹង ឲ្យ​បាន​ជា​ទឹក​អម្រឹត ដើម្បី​ចែក​គ្នា​ផឹក។ ហើយ​នរណា​ អ្នក​រងគ្រោះ? គឺ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កន្លែង​ហ្នឹង»។​

គណបក្ស​ប្រជាជន​កម្ពុជា ​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នេះ ត្រូវ​បាន​អ្នក​វិភាគ​ខ្លះ មើល​ឃើញ​ថា បាន​និង​កំពុង​យាយី​ហើយ​និង​គាបសង្កត់​គូរ​ប្រជែង​នយោបាយ​ដ៏​សំខាន់​របស់​ខ្លួន គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ស្រុក ដើម្បី​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង ក្រោម​បទ​ចោទប្រកាន់ ដែល​អ្នក​វិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង និយាយ​ថា ជា​រឿង​នយោបាយ។

ប៉ុន្តែ លោក សុខ​ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច បាន​ថ្លែង​ប្រាប់​ VOA ថា គណបក្ស​របស់​លោក ពុំ​បាន​គាបសង្កត់​គូរ​ប្រជែង​នយោបាយ​របស់​ខ្លួន​ទេ។

«អត់​មាន​គាបសង្កត់​ទេ គឺ​ថា​ស្ថាន​ភាព​ដែល​កើតឡើង​កន្លង​ទៅ​ អត់​មាន​ការ​គាបសង្កត់​ពី​គណបក្ស​ប្រជាជន​ទេ ក៏​ប៉ុន្តែ សាមីជន​ដែល​ប្រព្រឹត្តិ​ល្មើស​ហ្នឹង​ គាបសង្កត់​ខ្លួន​ឯង។ បើ​គាត់​កុំ​ប្រព្រឹត្តិ​ល្មើស​ទៅ មាន​នរណា​ទៅ​ចាប់​គាត់ មាន​នរណា​ទៅ​ចោទប្រកាន់​គាត់?»។

លោក ឆាំ ប៊ុនថេត ថ្លែង​ថា ការ​ប្រកែក​មិន​ទទួល​ស្គាល់​ការ​ពិត​ពី​សំណាក់​គណបក្ស​កាន់អំណាច គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ ប្រៀប​ដូច​អ្នក​ដែល​បាន​ប្រព្រឹត្តិ​កំហុស តែ​មិន​ដែល​ហ៊ាន​ឆ្លើយ​ថា​ខ្លួន​ធ្វើខុស​ដូច្នោះ​ដែរ។

​លោក​ បន្ត​ថា គណបក្ស​ប្រឆាំង ក៏​ប្រសព្វ​ដើរ​តួ​ជា​ជន​រងគ្រោះ​ណាស់​ដែរ នៅ​ក្នុង​ការ​ប្រកួតប្រជែង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«គឺ​គាត់​ដើរ​តួ​ហ្នឹង​រហូត ពេល​ណា​មាន​វិបត្តិ​ គាត់​រត់​អី​អញ្ចឹង​ទៅ ហើយ​គាត់​ស្រែក​ប្រាប់​ប្រជាពលរដ្ឋ​ថា គេ​ធ្វើ​បាប​គាត់។ »

ប៉ុន្តែ កញ្ញា កឹម មនោវិទ្យា អគ្គនាយករង​ផ្នែក​ទំនាក់​ទំនងសាធារណៈ​នៃ​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ថា គណបក្ស​ប្រឆាំង​ មិន​ចង់​ឲ្យ​គណបក្ស​កាន់អំណាច​ ដើរ​តួ​ជា​យក្ស ហើយ​ខ្លួន​ឯង​ ដើរ​តួ​ជា​ជន​រងគ្រោះ​នោះ​ទេ។

«គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​គណបក្ស​ប្រជាធិបតេយ្យមួយ​ដែល​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន ដូច្នេះ យើង​មិន​ត្រូវ​ការ ហើយ​យើង​មិន​គួរ​ប្រើ​មធ្យោបាយ​មិន​ថ្លៃ​ថ្នូរ​ណា ឧទាហរណ៍​ដូច​ថា សុខចិត្ត​ចូល​គុក ដើម្បី​ឲ្យ​មាន​ប្រជាប្រិយភាព​ យើង​អត់​សុខ​ចិត្ត​ធ្វើ​បែប​ហ្នឹង​ទេ។ យើង​អត់​ចង់​ដើរ​តួ​កម្សត់​ទេ។ យើង​ចង់​ដើរ​តួ​ពូកែ ​ត្រឹមត្រូវ»៕

XS
SM
MD
LG