ភ្នំពេញ —
ក្រុមគ្រួសាររបស់កម្មកររោងចក្រកាត់ដេរ ដែលត្រូវបានកងកម្លាំងរដ្ឋាភិបាលកម្ពុជាបាញ់ស្លាប់នៅក្នុងការបង្រ្កាបបាតុកម្មដោយហិង្សានៅលើផ្លូវវ៉េងស្រេងក្នុងរាជធានីភ្នំពេញ បាននិងកំពុងទន្ទឹងរង់ចាំយុត្តិធម៌សម្រាប់ប្តីនិងកូនៗរបស់ពួកគេ។
អ្នកស្រី ខាត់ សំនាង នៅពេលនេះ បានឃើញត្រឹមតែរូបថតសពប្តីជាទីស្រឡាញ់របស់អ្នកស្រីប៉ុណ្ណោះ។
ប្តីរបស់អ្នកស្រីគឺលោកកឹម ផល្លាបស្ថិតក្នុងចំណោមកម្មកររោងចក្រកាត់ដេរយ៉ាងតិច៤នាក់ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកម្ពុជាបាញ់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាមួយនៅខាងមុខសួនឧស្សាហកម្មកាណាឌីយ៉ាលើផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ខែមករា។
ជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ដែរ អ្នកស្រីខាត់ សំនាងដែលទើបសម្រាលកូនបាន២ខែ បានថ្លែងថា អ្នកស្រីសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតប្តីជាទីស្រឡាញ់របស់អ្នកស្រី។
«បាត់ប្តីមួយ ហើយខ្លួនជាស្រ្តីមេម៉ាយ មានកូនអាយុ២ខែនេះ ពេលវាធំឡើងអត់ឪហៅនឹងគេ តើវាមានអារម្មណ៍ឈឺចាប់ប៉ុន្មាន? មានសង្ឃឹមអីទៅ បើខ្ញុំសរសៃខ្ចីផង មិនដឹងទៅទីពឹងនរណាទេ»។
អ្នកស្រីសំនាង ស្នាក់នៅក្នុងបន្ទប់ជួលតូចមួយក្បែររោងចក្រជាមួយប្តីរបស់អ្នកស្រីមុនពេលហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល និងកម្មកររោងចក្រកាត់ដេរដែលធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ។
«សូមជួយរកយុត្តិធម៌ឲ្យប្តីខ្ញុំផង ព្រោះប្តីខ្ញុំអត់មានអ្វីទេ មានតែដៃទទេ ហើយគេយកគ្រាប់កាំភ្លើងពិតៗមកបាញ់ប្តីខ្ញុំតែម្តង។ គាត់គ្រាន់តែតវ៉ាប្រាក់ខែឲ្យបាន១៦០ដុល្លារ និងទំនិញចុះថោក និងដំឡើងប្រាក់ខែដល់គ្រូបង្រៀនតែប៉ុណ្ណឹងសោះ»។
នៅថ្ងៃទី៣ ខែមករា កម្មកររោងចក្រកាត់ដេរជាច្រើនរយនាក់បានតវ៉ា ទាមទារដំឡើងប្រាក់ឈ្នួលតិចបំផុតបច្ចុប្បន្នពី៨០ដុល្លារឲ្យបាន១៦០ដុល្លារក្នុងមួយខែ។ ប៉ុន្តែការតវ៉ារបស់ពួកគេត្រូវបានបង្រ្កាបដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលដែលបានបាញ់គ្រាប់កាំភ្លើងពិតដើម្បីបំបែកហ្វូងបាតុករ។
ក្រៅពីបណ្តាលឲ្យស្លាប់កម្មករហើយនោះ ប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធក៏បានបណ្តាលឲ្យរងរបួសកម្មករជាង៣០នាក់ និងការចាប់ខ្លួនមនុស្ស២៣នាក់ផ្សេងទៀត។
លោកសួស សំអុលគឺជាឪពុករបស់សពកម្មករកឹម ផល្លាប។
«សូមលោកមេត្តាជួយរកយុត្តិធម៌ជូនកូនខ្ញុំបាទផង ព្រោះកូនខ្ញុំបាទធ្វើបាតុកម្មនេះ សុំទាមទារប្រាក់ខែត្រឹមតែមួយរស់ទេ អត់មានយកទៅទិញវីឡា ទិញឡាន ធ្វើមានបានអីទេ សុំត្រឹមតែរស់សមរម្យនឹងគេនឹងឯង។ ឥឡូវគ្នាស្លាប់បាត់បង់ជីវិតហ្នឹង ខ្ញុំមានការសោកស្តាយ ព្រោះទើបនឹងបានកូនមួយអាយុទើបតែបាន២ខែ»។
ក្រុមគ្រួសារនៃសពកម្មករដែលត្រូវបានបាញ់ស្លាប់បានមកជួបជុំគ្នានៅក្នុងពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធនៃសពកម្មករទាំងនោះ ដែលរៀបចំឡើងដោយប្រជាសហគមន៍បឹងកក់ និងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។
តំណាងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមមានសង្ឃដីកាថា៖ «កាលពីថ្ងៃទី២និងទី៣ ខែមករា កម្មករយើងបានតស៊ូទាមទារដំឡើងប្រាក់ខែ១៦០ដុល្លារក្នុងមួយខែនោះ ត្រូវបានបង្ក្រាបដោយអាជ្ញាធររដ្ឋាភិបាលផ្តាច់ការរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន។ អញ្ចឹងទេ ថ្ងៃនេះ បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានផ្តួចផ្តើមគំនិតគ្នាជាមួយសមាគម សហគមន៍នានា ធ្វើបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធនៃវីរបុរសយើង»។
អ្នកស្រី ទេព វន្នី គឺជាតំណាងប្រជាសហគមន៍បឹងកក់នេះ។
អ្នកស្រីនិយាយថា៖ «ពួកគាត់ទាំងបួននាក់ដែលបានលះបង់ជីវិត មិនបានធ្វើដើម្បីតែខ្លួនឯងទេ គឺសម្រាប់កម្មករទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យមានប្រាក់ខែអប្បបរមា១៦០ដុល្លារ ដើម្បីក្រពះ និងរស់រានមានជីវិតឲ្យបានសមរម្យដូចគេដូចឯង។ ដូច្នេះ ពួកយើងបានចារទុកក្នុងក្រអៅបេះដូងថា ពួកគាត់ជាវីរកម្មករដ៏អស្ចារ្យជាទីបំផុតសម្រាប់ពួកយើងទាំងអស់គ្នា»។
អ្នកស្រីសំ ថៃគឺជាម្តាយរបស់សពកម្មករ សំ រ៉ាវី ដែលស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់កងកម្លាំងរដ្ឋាភិបាល។
«ខ្ញុំសោកស្តាយ កូនខ្ញុំណាស់! ខ្ញុំចង់ឲ្យក្មួយជួយឲ្យខាងបរទេសទាំងក្នុងប្រទេស ទាំងក្រៅប្រទេសជួយរកយុត្តិធម៌ឲ្យកូនខ្ញុំ ព្រោះខ្ញុំសោកស្តាយកូនខ្ញុំជាពន់ពេក។ គ្មាននរណារកស៊ីចិញ្ចឹមខ្ញុំទេគឺមានតែកូនខ្ញុំហ្នឹងហើយដែលតស៊ូដើម្បីម៉ែ បងប្អូន និងកូនចៅទាំងអស់»។
មន្ត្រីរដ្ឋាភិបាលបានថ្លែងជាហូរហែថា អាជ្ញាធរនឹងធ្វើការស៊ើបអង្កេតទៅលើករណីនេះ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងឲ្យពិតប្រាកដ ថាតើដំណើរការស៊ើបអង្កេតនោះបានចាប់ផ្តើមហើយឬនៅ ឬមានការវិវត្តដល់ណានៅឡើយទេ។
លោកផៃ ស៊ីផានគឺជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី។
លោកនិយាយថា៖ «ត្រូវតែរកអ្នកទទួលខុសត្រូវ ប៉ុន្តែចាប់ផ្តើមពីអ្នកញុះញង់និងអ្នកបាតុកម្ម បាទ»។
លោកខេង ទីតូ គឺជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកបានថ្លែងប្រាប់វីអូអេថា អាជ្ញាធរមិនអាចស្វែងរកអ្នកទទួលខុសត្រូវលើការបាញ់កម្មករទាំងនោះបាននៅឡើយទេ។
លោកនិយាយថា៖ «យើងម៉េចដឹងថា នរណាជាអ្នកបាញ់គាត់។ យើងអត់ដឹង ព្រោះស្ថានភាពពេលនោះ វាច្របូកច្របល់ មិនដឹងនរណាជានរណា។ អញ្ចឹងយើងម៉េចអាចចោទប្រកាន់នរណាម្នាក់ថា បានបាញ់?»
យ៉ាងណាក៏ដោយ ក្រុមគ្រួសារសពកម្មករបានលើកឡើងថា ពួកគេកំពុងទទឹងរង់ចាំយុត្តិធម៌មួយសម្រាប់ប្តី និងកូនៗជាទីស្រឡាញ់របស់ពួកគេ ដែលបានស្លាប់ដោយគ្រាប់កាំភ្លើងរបស់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល៕