ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​វិភាគ​ពី​ទំនាក់​ទំនង​​ដ៏​រកាំ​រកូស​រវាង​អាមេរិក​និង​កម្ពុជា ខណៈ​ចិន​លូក​ដៃ​កាន់​តែ​ជ្រៅ​ក្នុង​កម្ពុជា


រូបឯកសារ៖ ស្ត្រីខ្មែរម្នាក់កាន់ទង់ជាតិចិន នៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥។
រូបឯកសារ៖ ស្ត្រីខ្មែរម្នាក់កាន់ទង់ជាតិចិន នៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥។

ខណៈ​ពេល​ដែល​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ចិន​កាន់តែ​ស្អិត​រមួត​ទាំង​ផ្នែក​ការទូត សេដ្ឋកិច្ច​ និង​យោធា ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​អាមេរិក​កំពុង​តែ​មាន​ភាព​រកាំរកូស​កាន់​តែ​ខ្លាំង​ឡើង។ អ្នក​ជំនាញបាន​បង្ហាញ​ទស្សនៈ​ចម្រុះ​លើ​ទំនាក់ទំនង​ត្រីកោណនេះហើយ​ផ្តល់​អនុសាសន៍​មួយ​ចំនួន។​

ស្របពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​រឹត​បន្តឹង​សម្ព័ន្ធភាព​ដ៏​វិជ្ជមាន​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ចិន​ដឹកនាំ​លោក ស៊ី ជីនពីង អ្នក​ជំនាញ​ខាង​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​បាន​កត់​សម្គាល់​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​អាមេរិក​មាន​ភាព​រកាំ​រកូស​ ដោយ​គេ​ឃើញ​មាន​ការបង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ការ​ផ្តោះផ្តង​ពាក្យ​សម្តី​ដាក់​គ្នា​ទៅវិញ​ទៅមក​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

បន្ថែម​លើ​នេះ ​រឿង​ដ៏​រស៊ើប​មួយ​កាន់​តែ​រុញទំនាក់​ទំនង​រវាង​វ៉ាស៊ីនតោន និង​ភ្នំពេញ​ឲ្យ​ធ្លាក់​ក្នុង​ដំណាក់កាល​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ ដោយ​បង្ក​ជា​ការ​ខ្វះ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក​កាន់តែ​ខ្លាំង​ឡើង នៅ​ពេល​ដែល​កាសែត​ The Wall Street Journal បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដោយ​បាន​ដកស្រង់​ពាក្យ​សម្តី​របស់​មន្ត្រី​អាមេរិក​ដោយ​មិន​បញ្ចេញ​ឈ្មោះ ដែល​អះអាង​ថា កម្ពុជា​និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​រួម​គ្នា​មួយ។ កាសែត​នេះ​អះអាង​ថា កិច្ចព្រមព្រៀង​នោះ​បាន​អនុញ្ញាត​ឲ្យ​យោធា​ចិន​ដាក់​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​របស់​ខ្លួន រយៈពេល​៣០ឆ្នាំ​នៅតំបន់​រាម ខេត្តព្រះសីហនុ។​ ​ទាំង​ភាគី​កម្ពុជា​និង​ចិន​បាន​បដិសេធ​លើ​សេចក្តី​រាយការណ៍​ខាង​លើ​នេះ។

លោក​ Sebastian Strangio អ្នក​និពន្ធ​សៀវភៅ “Hun Sen's Cambodia” ឬ​ជា​ភាសា​ខ្មែរ «​ប្រទេស​កម្ពុជា​របស់​លោក​ហ៊ុន សែន» និង​ជា​អ្នក​តានដាន​ស្ថានភាព​នយោបាយ​កម្ពុជា​និង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​លើក​ឡើង​ថា ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​អាច​ធ្លាក់​ដល់​ «ដំណាក់កាល​មាន​វិបត្តិ» ដែល​សហរដ្ឋ​អាមេរិក​គួរ​តែ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ខ្លួន ខណៈ​ដែល​រដ្ឋាភិបាល​របស់​លោក​ ស៊ី ជីនពឹង កាន់តែ​ស្អិត​រមួត​ជាមួយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

«ខណៈ​ដែល​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​បាន​មក​ដល់​ដំណាក់​កាល​មាន​វិបត្តិ​ វា​ដល់​ពេល​ហើយ​ដែល​រដ្ឋាភិបាល​អាមេរិក​និង​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​លោក​ខាង​លិច ត្រូវ​បោះបង់​ចោល​វិធីសាស្ត្រ​ខាតបង់​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា ហើយ​ត្រូវ​ផ្តួចផ្តើម​ចំណង​ទាក់​ទង​ឡើង​វិញ»។ លោក​ Strangio បាន​សរសេរ​ដូច្នេះ​នៅក្នុង​អត្ថបទ​ទស្សនៈ​មួយ​ដែល​បោះពុម្ពផ្សាយ​ដោយ​សារព័ត៌មាន Asia Times កាលពី​ថ្ងៃទី២៤ ខែ​កក្កដា​កន្លង​ទៅនេះ។

នៅក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ VOA លោក​ Strangio បាន​បកស្រាយ​បន្ថែម​ថា រដ្ឋាភិបាល​អាមេរិក​«មិន​បាន​អើពើរ​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន»​ ជា​ច្រើន​ឆ្នាំ​មក​ហើយ។ សហរដ្ឋ​អាមេរិក​មាន​ទំនោរ​មួយ​ដែល​ថា លុះត្រា​តែ​មាន​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​ការ​គាបសង្កត់​បែប​ធ្ងន់ធ្ងរ​លើ​គណបក្ស​ប្រឆាំង ទើប​រដ្ឋាភិបាល​អាមេរិក​បញ្ចេញ​ប្រតិកម្ម​លើ​កម្ពុជា។

លោក​ Strangio បាន​លើក​ឡើង​ថា៖ «ហើយ​ខ្ញុំ​គិតថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ឥរិយាបថ​បែប​នេះ​បង្ក​ជាការ​យល់​ខុស​ពី​គ្នា​ទៅវិញ​ទៅមក​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា»។

លោក Andrew Mertha សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​ប្រទេស​ចិន​និង​តំបន់​អាស៊ី​ប្រចាំ​ដេប៉ាតេម៉ង់​ស្តីពី​ការ​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ Johns Hopkins នៅ​រដ្ឋធានី​វ៉ាស៊ីនតោន យល់​ឃើញ​ស្រដៀង​គ្នា​នឹង​លោក Strangio ទាក់ទង​នឹង​ឥរិយាបថ​របស់​អាមេរិក​លើ​កម្ពុជា។ ​

លោក​ Mertha បាន​បន្ថែម​ថា ​បើ​សិន​រដ្ឋាភិបាល​អាមេរិក​នៅតែ​បន្ត​គោលនយោបាយ​បែប​ព្រងើយ​កន្តើយ​ និង​ស្តី​បន្ទោស​លើរដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​ការ​ធ្វើ​សេចក្តី​ស្នើច្បាប់​ដាក់​ទណ្ឌកម្ម​នានា នោះ​វានឹង​ជំរុញ​ឲ្យ​កម្ពុជា​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​ចិន​កាន់តែ​ខ្លាំង​ឡើង។ ការណ៍​នេះ​មិន​ផ្តល់​ប្រយោជន៍​និង​ផល​ចំណេញ​ដល់​សហរដ្ឋ​អាមេរិក ក្នុងការ​តទល់​នឹង​ឥទ្ធិពល​ដ៏​កើន​ឡើង​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និងក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

នៅក្នុង​អត្ថបទ​ទស្សនៈ​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន The Hill ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា​កន្លង​ទៅ លោក​សាស្ត្រាចារ្យ​ Mertha បាន​សរសេរ​ថា

«កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ កិច្ច​ខិតខំ​ប្រឹងប្រែង​បែប​នេះ បង្ក​ផល​ប៉ះពាល់​លើ​កម្ពុជា​ក្នុង​ន័យ​ដែល​កាន់​តែ​ធ្វើ​ឲ្យ​កម្ពុជា​ខិត​កាន់តែ​ជិត​ទៅ​រក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​មិន​ងាក​ក្រោយ​វិញ​បាន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

កិច្ច​ខិតខំ​ប្រឹងប្រែង​នោះ ​គឺ​លោក​សំដៅ​ទៅលើ​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋសភា​អាមេរិក​លើ​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន ​ដូចជា​សេចក្តី​ព្រាង​ច្បាប់ Cambodia Democracy Act ឬ H.R 526 ​សេចក្តី​ស្នើច្បាប់​ Cambodia Trade Act ឬ H.R 1376 និងច្បាប់ Magnitsky ឆ្នាំ​២០១៨ ដែល​ដាក់​ទណ្ឌកម្ម​លើ​លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​កងអង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ជាដើម។

លោក​បាន​បកស្រាយ​បន្ថែម​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ VOA ថា មាន​កិច្ចការ​មួយ​ចំនួន​ដែល​ចិន​អាច​ផ្តល់​ឲ្យ​កម្ពុជា ដែល​សហរដ្ឋ​អាមេរិក​មិន​អាច​ផ្តល់​ឲ្យ​កម្ពុជា​បាន។ លោក​បន្ត​ទៀត​ថា លើស​ពីនេះ សហរដ្ឋ​អាមេរិក​បាន​ចាប់​យក​ «យុទ្ធសាស្ត្រ​ត្រូវតែ​សម្រេច​ឲ្យ​បាន ឬ​មិន​ធ្វើ​អ្វី​ទាល់តែ​សោះ» មក​លើ​កម្ពុជា «ដោយ​មិន​ផ្តល់​ការ​ធានា​ថា​ យុទ្ធសាស្ត្រ​នោះ​នឹង​ត្រូវ​បាន​អនុវត្ត​ឲ្យ​ច្បាស់លាស់» ដោយសារ​តែ​អាមេរិក​គិតថា​ប្រទេស​តូចៗ​ជា​ច្រើន​ ដូចជា​កម្ពុជា​ អាច​នឹង​ទទួល​យក​និង​ដើរ​ស្រប​តាម​គោលនយោបាយ​របស់​ខ្លួន។

លោក​ Mertha បាន​ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​មិន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ប្រទេស​តូចៗ​ទាំង​នោះ ដូច្នេះ​យើង​ប្រើប្រាស់​ពាក្យ​សម្តី​ ជំនួស​ការ​ធ្វើ​សកម្មភាព​ដែល​មាន​ប្រយោជន៍ ហើយ​យើង​រំពឹង​ថា ដោយសារ​តែ​ប្រទេស​ទាំង​នោះ​ជា​ប្រទេស​ទន់ខ្សោយ ដូច្នេះ​ពួកគេ​ទំនង​ជា​មិន​អាច​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​អាមេរិក​ ដែល​ឲ្យ​ពួកគេ​ធ្វើការ​ផ្លាស់ប្តូរ​ខាង​នយោបាយ ឲ្យ​ដើរ​ស្រប​តាម​គុណ​តម្លៃ​របស់​យើង»។

លោក Malcolm Davis អ្នក​វិភាគ​ជាន់ខ្ពស់​ប្រចាំ​វិទ្យាស្ថាន​គោលនយោបាយ​យុត្តិសាស្ត្រ​អូស្ត្រាលី ឬ (Australian Strategic Policy Institute) នៅ​ទីក្រុង Canberra ប្រទេស​អូស្ត្រាលី ក៏​យល់​ថា ចិន​ប្រើ​យុទ្ធសាស្ត្រ​ខុស​គ្នា​ពី​សហរដ្ឋ​អាមេរិក ក្នុងការ​ពង្រឹង​ភាព​ជា​ដៃ​គូ​ជាមួយ​កម្ពុជា ក្នុង​ន័យ​ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​លើ​កម្ពុជា​ និង​ក្នុង​តំបន់​អាស៊ី។

លោក Davis បាន​ថ្លែង​ថា៖ «ចិន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​អ្វី​ដែល​កម្ពុជា​មិន​អាច​បដិសេធ​បាន ដោយ​ផ្តល់​ជា​ប្រាក់​កម្ចី និង​ការ​វិនិយោគទុន តែ​កម្ចី​និង​ការ​វិនិយោគទុន​ទាំង​នោះ​មក​ជាមួយ​លក្ខខណ្ឌ​ធ្ងន់ៗ ដូចជា​កម្ពុជា​នឹង​ត្រូវ​បម្រើ​ផល​ប្រយោជន៍​នយោបាយ​និង​យុទ្ធសាស្ត្រ​របស់​ចិន ដូច​ជា​ការ​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​កម្ពុជា​ជាដើម។

លោក Davis បាន​បន្ថែម​ថា៖ «រីឯ​សហរដ្ឋ​អាមេរិក​វិញ​ គឺថា អាមេរិក​នឹង​បណ្តាក់​ទុន​នៅ​កម្ពុជា បើសិន​កម្ពុជា​សម្រេច​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ ប៉ុន្តែ​អាមេរិក​មិន​មាន​មធ្យោបាយដាក់​កំហិត​ធ្ងន់ធ្ងរ​តាមរយៈ​ការ​ផ្តល់​កម្ចី​នោះ​ទេ»។

អ្នក​ជំនាញ​ទាំង​បី​នាក់​យល់​ស្រប​គ្នា​ថា ចិនផ្តល់​ជំនួយ​ដល់​កម្ពុជា​ក្នុង​ឥរិយាបថ​ដែល​កម្ពុជា​ពិបាក​នឹង​បដិសេធ ដោយសារ​ថា វា​ជា​ជំនួយ​បែប​វិនិយោគទុន និង​ការ​ផ្តល់​ជា​កម្ចី​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​នៅ​កម្ពុជា ដែល​កម្ពុជា​ត្រូវការ​ចាំបាច់​ក្នុងការ​បង្កើន​សន្ទុះ​សេដ្ឋកិច្ច​របស់​ខ្លួន។ កាលពី​ខែ​មករា ចិន​បាន​សន្យា​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ជា​ទឹកប្រាក់ ៥៨៨​លាន​ដុល្លារ​អាមេរិក។

រីឯ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​ឲ្យ​កម្ពុជា តែងតែ​តម្រូវ​ឲ្យ​កម្ពុជា​ដើរ​លើ​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ដែល​អ្នក​ជំនាញ​យល់ថា​ ឥរិយាបថ​នេះ​ផ្ទុយ​គ្នា​នឹង​គោល​ជំហរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ផ្តោត​លើ​«ការ​បន្ត​រក្សា​កាន់​អំណាច​របស់​លោក» នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក Sebastian Strangio បានលើកឡើង​ថា៖ «លោក​ហ៊ុន សែន បាន​សម្លឹង​រក​មើល​ប្រទេស​មហា​អំណាច​មួយ​ផ្សេង​ទៀត ដែល​អាច​ផ្តល់​ជំនួយ​ខាង​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​លោក​ ហ៊ុន សែន ត្រូវការ​ដើម្បី​រក្សា​កាន់​អំណាច ហើយ​មហាអំណាច​មួយ​នោះ​នឹង​មិន​រិះគន់​របប​លទ្ធិ​ប្រជាធិបតេយ្យ​របស់​កម្ពុជា ហើយ​មិន​«ជ្រៀតជ្រែក​នឹង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា» ហើយ​ចិន​អាច​ផ្តល់​ទាំង​អស់​នេះ​ឲ្យ​កម្ពុជា​បាន។ ដូច្នេះ​ចិន​គឺជា​ដៃគូ​ដ៏​ល្អ​ប្រសើរ​សម្រាប់​លោក ហ៊ុន សែន។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក​សាស្ត្រាចារ្យ Mertha រំពឹង​ថា ទំនាក់​ទំនង​កម្ពុជា​និង​អាមេរិក​នឹង​មិន​«ដុនដាប»​ជាង​នេះ​ទេ ក៏​ប៉ុន្តែ​លោក​ថា ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ចិន នឹង​កាន់តែ​ស្អិត​រមួត​ជាង​មុន បើសិន​ជា​«សហរដ្ឋ​អាមេរិក​មិន​ទទួល​ស្គាល់​សក្តានុពល​នៃ​តួនាទី​យុទ្ធសាស្ត្រ​របស់​កម្ពុជា​សម្រាប់​ប្រទេស​ចិន»។

លោក​ Mertha បាន​លើក​ឡើង​ទៀត​ថា៖​ «ខ្ញុំ​គិត​ថា សំណួរ​ដែល​យើង​គួរ​សួរ​នៅពេល​នេះ​គឺ​ថា តើ​រដ្ឋាភិបាល​វ៉ាស៊ីនតោន​ចង់​ឃើញ​កម្ពុជា​មាន​ស្អិត​រមួត​ជាមួយ​ចិន​ឬ​ក៏​យ៉ាងណា?»

រូបឯកសារ៖ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ដែល​លោក​មក​ដល់រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ដែល​លោក​មក​ដល់រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ចំណុច​របត់​នៃ​ការ​ផ្តើម​ទំនាក់​ទំនង​ថ្មី​រវាង​អាមេរិក​និង​កម្ពុជា​

យ៉ាងណាមិញ ចំណុច​របត់​ថ្មីមួយ​អាច​កើត​មាន​ឡើង​លើ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន។

អ្នក​ជំនាញ​ទាំងបី​នាក់​ បាន​លើក​យក​ចំណុច​មួយ​ចំនួន​មក​ពិភាក្សា​ ដើម្បី​ផ្តល់​ជា​អនុសាសន៍​ផ្សេងៗ​ដល់​សហរដ្ឋ​អាមេរិក និង​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​ថ្មី​មួយ​នៃ​ទំនាក់​ទំនង​រវាង​អាមេរិក​និង​កម្ពុជា។

លោក​សាស្ត្រាចារ្យ Andrew Mertha យល់​ថា ដើម្បី​ផ្តើម​ជំពូក​ថ្មី​នៃ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​ រដ្ឋាភិបាល​អាមេរិក​គួរ​តែ​ពិចារណា​លុបចោល​បំណុល​ថ្លៃ​សព្វាវុធ​ដែល​កម្ពុជា​បាន​ជំពាក់​អាមេរិក​ចំនួន ៥០០លាន​ដុល្លារ​អាមេរិក​ ដែល​ជា​កេរដំណែល​បន្សល់​ទុក​ពី​របប​ លន់ នល់។

លោក Mertha ថ្លែង​ថា៖

«ការ​ធ្វើកិច្ចការ​មួយ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​លទ្ធភាព​ភ្លាមៗ​ក្នុងការប្រកួតប្រជែងជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ ក្នុង​ករណី​ដែល​អាមេរិក​ចង់​មាន​ឥទ្ធិពល​លើ​កម្ពុជា»។

លោក​សាស្ត្រាចារ្យ Mertha ក៏​បាន​កត់​សម្គាល់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​មាន​ការ​លើកលែង​បំណុល​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​លោក​ថា ​អ្នក​តាក់តែង​ច្បាប់​អាមេរិក​ទាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​មិន​បាន​អើពើរ​លើ​សំណើ​នេះ​ទាល់​តែ​សោះ ហើយ​បញ្ហា​នេះ​ត្រូវការ​«គណបក្ស​ទាំងពីរ​សម្រេច​រួម​គ្នា»។

រីឯ​លោក Malcolm Davis វិញ លោក​យល់​ឃើញ​ថា ក្នុង​បរិបទ​នៃ​ឥទ្ធិពល​កើន​ឡើង​របស់​ចិន​នៅក្នុង​តំបន់​អាស៊ី វា​ពិបាក​ខ្លាំង​សម្រាប់​អាមេរិក​ក្នុងការ​ធ្វើ​ឲ្យ​ខ្លួន​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប៉ុន្តែ​លោក​ថា សហរដ្ឋ​អាមេរិកគួរតែ​សាក​ល្បង​ប្រើប្រាស់​ទាំង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ការទូត និង​ជាពិសេស​យុទ្ធសាស្ត្រ​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក Davis បាន​ថ្លែងប្រាប់ VOA ​ថា៖ «អ្វី​ដែល​សហរដ្ឋ​អាមេរិក​អាច​ធ្វើបាន​យ៉ាង​ល្អ​នោះ គឺ​ថា​ អាមេរិក​ត្រូវ​ព្យាយាម​បញ្ចុះ​បញ្ចូល​មនុស្ស​ដែល​នៅ​ជុំវិញ​លោក ហ៊ុន សែន ឲ្យ​គិត​សារ​ឡើង​វិញ​ពី​ផលប្រយោជន៍ចម្បង​ក្នុង​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​លោក​ខាង​លិច និង​ជាពិសេស​ជាមួយ​អាមេរិក ដោយ​សាក​ល្បង​យុទ្ធសាស្ត្រ​បែប​ប្រយោល​តាមរយៈ​អាស៊ាន ដើម្បី​បង្ហាញ​ឲ្យ​ច្បាស់​ទៅកាន់​កម្ពុជា​ថា ការ​អនុញ្ញាត​ឲ្យ​ចិន​មាន​វត្តមាន​យោធា​នៅ​កម្ពុជា នឹង​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​អាស៊ាន»។

ចំណែក​ឯ​លោក​ Sebastian Strangio យល់​ថា សហរដ្ឋ​អាមេរិក​គួរ​តែ​បោះបង់​ចោល​គោល​នយោបាយ​បែប​ស្តី​បន្ទោស​លើ​កម្ពុជា ហើយ​គួរយក​គំរូ​តាម​ប្រទេស​ជប៉ុន ដែល​ប្រើប្រាស់​«គោលនយោបាយ​ជាក់​ស្តែង» ជាជាង​អនុវត្ត​តាម​ទ្រឹស្តី ជាមួយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ លោក​ Strangio ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ឲ្យ​តម្លៃ​លើ​គោលនយោបាយ​បែប​នេះ ជាង​គោលនយោបាយ​បែប​ស្តីបន្ទោស​និង​រិះគន់​លើ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន។

ពី​ភាគី​កម្ពុជា​វិញ អ្នក​ជំនាញ​រូប​នេះ​យល់ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ស្វែង​យល់​ និង​បែងចែក​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ផ្នែក​និង​តួនាទី​នានា​នៃ​រដ្ឋាភិបាល​អាមេរិក។ លោក​អះអាង​ថា នៅ​ពេល​ដែល​រដ្ឋសភា​អាមេរិក​ចេញ​ការ​អនុម័ត​ណា​មួយ​ដោយ​រិះគន់​ ឬ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា វា​មិនមែន​មាន​ន័យ​ថា រដ្ឋាភិបាល​អាមេរិក​ទាំង​មូល​យល់​ឃើញ​ដូចនេះ​លើ​រដ្ឋាភិបាល​កម្ពុជា​ទាំង​ស្រុង​នោះ​ទេ។

លោក​ Strangio ក៏បាន​សង្កត់​ធ្ងន់ថា កម្ពុជា​និង​សហរដ្ឋ​អាមេរិក​«ខ្វះ​ការ​ទុក​ចិត្ត​លើ​គ្នា​ទៅវិញ​ទៅមក» ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក្តី រដ្ឋាភិបាល​កម្ពុជា​នៅតែ​ចង់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​អាមេរិក។ ហើយ​គោលជំហរ​ដ៏​សំខាន់​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ ចង់​បាន​ពី​អាមេរិក​គឺ «ការ​ធានា​ថា​ អាមេរិក​នឹង​មិន​ព្យាយាម​គាំទ្រ​ឲ្យ​មាន​ការ​ផ្តួល​រំលំ»​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

លោក Strangio បាន​ថ្លែង​ថា៖​ «ខ្ញុំ​យល់​ថា ជំហាន​មួយ​ក្នុង​ចំណោម​ជំហាន​ជា​ច្រើន​ដែល​អាមេរិក​គួរតែ​ធ្វើគឺ ធានា​សារ​ជា​ថ្មីទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ថា រដ្ឋាភិបាល​វ៉ាស៊ីនតោន​មិន​ព្យាយាម​គាំទ្រ​ការ​ផ្តួល​រំលំ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ នេះ​គឺជា​ការ​ភ័យ​ខ្លាច និង​ការ​ព្រួយ​បារម្ភ​ដ៏​ចម្បង​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មាន។ ច្បាស់ណាស់ ការ​បន្ត​កាន់​អំណាច​គឺ​សំខាន់​ណាស់​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ហើយ​នេះ​គឺជាគោល​ជំហរ​របស់​លោក​ហ៊ុន សែន រហូត​មក»។

លោក​ក៏​បាន​បន្ថែម​ថា ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​និង​អាមេរិក​ក៏​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ពី​ខាង​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ផងដែរ។

លោក​ Strangio បាន​បន្ត​ថា៖ «រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ព្យាយាម​យល់​ថា អាមេរិក​មិនមែន​ជា​ប្រទេស​មហា​អំណាច​ផ្តាច់​ការ​នោះ​ទេ តែ​ជា​ប្រទេស​មួយ​ដែល​កម្ពុជា​អាច​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជាមួយ​បាន ហើយ​ជាក់ស្តែង​កម្ពុជា​ក៏​ធ្លាប់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អាមេរិក​ដែរ​ក្នុង​អំឡុង​ពេល​ជាង ២៥ឆ្នាំ​កន្លង​ទៅ​នេះ»។

យ៉ាងណាមិញ សំណួរ​គឺ​នៅ​ត្រង់​ថា តើ​ទាំង​រដ្ឋាភិបាល​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ទទួល​យក​អនុសាស្ត្រ​ទាំង​នោះ​ទៅ​អនុវត្ត​ឬក៏​យ៉ាងណា៕

XS
SM
MD
LG