គ្រឿងសព្វាវុធដែលបញ្ជាទិញពីប្រទេសចិននឹងមកដល់ប្រទេសកម្ពុជានៅក្នុងអំឡុងខែសីហាខាងមុខនេះ។
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានប្រាប់វីអូអេ នៅថ្ងៃពុធនេះថា សព្វាវុធទាំងនោះកំពុងស្ថិតនៅតាមផ្លូវមកកាន់ប្រទេសកម្ពុជាហើយ។
«ក្នុងខណៈហ្នឹង វាជិតមកដល់ហើយ! ប៉ុន្តែអត់ទាន់កំណត់ច្បាស់។ គេមិនទាន់ជូនព័ត៌មានច្បាស់លាស់ថា មកដល់ថ្ងៃណា»។
កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា លោកសម្រេចផ្តល់ថវិកាជិត៤០លានដុល្លារបន្ថែមទៀត«ដើម្បីទិញកាំភ្លើងរាប់ម៉ឺនដើម»សម្រាប់ពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។ លោកបន្ថែមថា ថវិកានេះគឺជាការបន្ថែមលើទឹកប្រាក់ចំនួន២០០លានដុលា្លរដែលបានបញ្ជាទិញសព្វាវុធកន្លងទៅ។
លោក ហ៊ុន សែន បញ្ជាក់ថា សព្វាវុធទាំងនោះកំពុងដឹកតាមនាវាមកកាន់ប្រទេសកម្ពុជា។
ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយវីអូអេ លោក ទៀ បាញ់ បដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីប្រភេទសព្វាវុធដែលទិញពីប្រទេសចិននោះទេ។ ប៉ុន្តែលោកបង្ហើបថា អាវុធទាំងនោះនឹងយកមកជំនួសអាវុធចាស់ៗដែលកម្ពុជាកំពុងមានស្រាប់។
លោក ទៀ បាញ់ ពន្យល់ពីមូលហេតុនៃការសម្រេចទិញគ្រឿងសព្វាវុធពីប្រទេសចិននោះ។ លោកបកស្រាយថា ដោយសារចិនផលិតស្របតាមតម្រូវការរបស់កម្ពុជា និងមានតម្លៃថោក។
«និយាយឲ្យមែនទែនទៅ រឿងទិញហ្នឹងក៏មានការចរចារឿងតម្លៃដែរ។ នៅឯណេះ[ចិន] តម្លៃគេគិតគូរតម្លៃមិត្តភាព ឬក៏គេអាចហៅថា ចុះតម្លៃអីបានខ្លះមួយចំនួនទៀតទើបយើងទៅទិញបាន។ យើងក្រណាស់»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យ លើកឡើងថា ការប្រកាសពីចំនួនទឹកប្រាក់ក្នុងការទិញគ្រឿងសព្វាវុធពីបរទេសគឺបង្ហាញពីតម្លាភាពនៃការប្រើប្រាស់ថវិកាជាតិ ប៉ុន្តែលោកថា ការបង្ហាញតែការទិញពីចិនអាចធ្វើឲ្យកម្ពុជាស្ថិតក្នុងរូបភាពកាន់តែលម្អៀងទៅកាន់ចិន។
«យើងទាក់ទងទាំងអស់ទៅ គ្រប់វិស័យយោធា ឬវិស័យអីហ្នឹង។ យើងបើកចំហឲ្យមានឱកាសទំនាក់ទំនងនឹងលោកខាងលិច លោកខាងកើតអី ឲ្យមានការថ្លឹងថ្លែងគ្នាបាន មានតុល្យភាពទៅ ខ្ញុំគិតថា បញ្ហាគេគិតថា ជំហរកម្ពុជាឈរខាងណាៗហ្នឹង វាអាចកាត់បន្ថយបានហើយ»។
ប្រទេសកម្ពុជាបានទិញសព្វាវុធជាច្រើនពីអតីតសហភាពសូវៀតដែលជាប្លុកកុម្មុយនីស្ត ក្នុងអំឡុងទសវត្សរ៍១៩៨០។ សព្វាវុធទាំងនោះត្រូវបានប្រើប្រាស់ក្នុងការធ្វើសង្គ្រាមស៊ីវិលជាមួយពួកខ្មែរក្រហម មុនពេលអង្គការចាត់តាំងរបស់ក្រុមទ័ពព្រៃកុម្មុយនីស្តទាំងនោះបានដួលរលំជាស្ថាពរនៅឆ្នាំ១៩៩៨។
ទោះជាយ៉ាងណា ការទិញសព្វាវុធកាលណោះបានធ្វើឲ្យកម្ពុជាជំពាក់បំណុលអតីតសហភាពសូវៀតរាប់រយលានដុល្លារ។
ដោយឡែកកម្ពុជាបានចាប់ផ្តើមទិញសព្វាវុធពីប្រទេសចិនជាច្រើនក្នុងអំឡុងមានការប៉ះទង្គិចដោយប្រដាប់អាវុធជាមួយកងទ័ពប្រទេសថៃ នៅតាមបណ្តោយព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្នុងអំឡុងឆ្នាំ២០០៨៕