ជិតពីរឆ្នាំមុន លោក W. Patrick Murphy មានវត្តមាននៅគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅរាជធានីភ្នំពេញ ដោយថ្លែងទៅកាន់អ្នកសារព័ត៌មានពីក្តីព្រួយបារម្ភរបស់លោកអំពីការបង្ក្រាបទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលកម្ពុជាលើក្រុមគណបក្សប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ។
លោក Murphy បានថ្លែងនៅគ្រានោះថា៖ «នៅពេលដែលអាមេរិកនិយាយថា ខ្លួនមានក្តីបារម្ភ ខ្លួនមានករណីយកិច្ចក្នុងការចាត់វិធានការនៅរាល់ការវិលថយក្រោយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា»។ លោក Murphy បានលើកឡើងដូច្នេះកាលពីខែធ្នូ ឆ្នាំ២០១៧ ដែលកាលណោះលោកមានតួនាទីជាឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ កិច្ចការរបស់លោក W. Patrick Murphy ក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសកម្ពុជា នឹងស្ថិតនៅក្នុងការយកចិត្តទុកដាក់យ៉ាងចម្បងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាវិលរកគន្លងប្រជាធិបតេយ្យវិញ។ ក្រោយពីមានការពន្យារពេលជិតមួយឆ្នាំមក លោក Murphy អ្នកកាទូតជាន់ខ្ពស់ម្នាក់ដែលមានបទពិសោធន៍ស៊ីជម្រៅអំពីតំបន់អាស៊ី ត្រូវបានព្រឹទ្ធសភាអាមេរិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១ ខែសីហាកន្លងទៅ ដើម្បីជំនួសលោក William A. Heidt អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានបញ្ចប់អាណត្តិរបស់លោកកាលពីចុងឆ្នាំ ២០១៨។
លោក Murphy នឹងត្រូវធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដែលសព្វថ្ងៃកំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលចិន ដែលបានបណ្តាក់ទុននៅកម្ពុជាគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ហើយដែលបានការពារប្រទេសកម្ពុជាពីការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស។ បច្ចុប្បន្នភាពនៃស្ថានភាពនយោបាយរបស់កម្ពុជាគឺថា សកម្មជនគណបក្សប្រឆាំងនៅតែបន្តរងការបង្ក្រាប និងធ្វើទុក្ខបុកម្នេញ ក្រុមសកម្មជនសិទ្ធិមនុស្សតាមមូលដ្ឋានត្រូវបានបន្តហាមឃាត់មិនឲ្យធ្វើសកម្មភាពនានា ហើយសេរីភាពក្នុងការបញ្ចេញមតិនៅតែត្រូវបានរឹតត្បិត។
ក៏ប៉ុន្តែ អ្នកជំនាញមើលឃើញថា ការតែងតាំងលោក Murphy ដែលជាអ្នកកាទូតជាន់ខ្ពស់របស់អាមេរិកម្នាក់ មកកាន់តំណែងនៅកម្ពុជា អាចជាសញ្ញាមួយទៅកាន់រដ្ឋាភិបាលកម្ពុជាថា សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនចំពោះកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ «ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន» និងអ្នកជំនាញខាងនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Sebastian Strangio បានប្រាប់ VOA ថា៖ «ខ្ញុំគិតថា នេះគឺជាសញ្ញាដ៏ល្អមួយ។ លោក [Murphy] គឺជាអ្នកកាទូតជាន់ខ្ពស់ដ៏ជំនាញម្នាក់ ហើយការចាត់តាំងលោកនេះ អាចទំនងជាបង្ហាញថា កម្ពុជាកំពុងតែក្លាយជាប្រទេសដ៏មានសារៈសំខាន់មួយសម្រាប់សហរដ្ឋអាមេរិក»។
បទពិសោធន៍កាទូតស៊ីជម្រៅ
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជារូបនេះមានបទពិសោធន៍ស៊ីជម្រៅខ្លាំងអំពីកាទូតក្នុងតំបន់អាស៊ី។ កើតនៅទីក្រុង Brattleboro នៃរដ្ឋ Vermont សហរដ្ឋអាមេរិក លោក W. Patrick Murphy បានចាប់ផ្តើមប្រឡូកក្នុងវិស័យកាទូតនៅអាស៊ីតាំងពីឆ្នាំ ១៩៩២ នៅគ្រាដែលប្រទេសកម្ពុជាកំពុងតែឆ្លងអន្តរកាលពីប្រទេសកុម្មុយនិស្តទៅជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ដោយទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិឬហៅថា UNTAC។
ក្នុងរយៈពេលជាង២៦ឆ្នាំដោយបានបម្រើការងារកាទូតឲ្យរដ្ឋាភិបាលអាមេរិក លោក Murphy បានកាន់តំណែងធំៗជាច្រើននៅក្រសួងការបរទេសអាមេរិក ក្នុងនោះរួមមានឧបការីរងចម្បងរដ្ឋមន្ត្រីការបរទេសអាមេរិក និងឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសប្រចាំការិយាល័យកិច្ចការអាស៊ីខាងកើតនិងអាស៊ីប៉ាស៊ីហ្វិក។
នៅតំបន់អាស៊ីអាគ្នេយ៍ លោក Murphy បានបំពេញតួនាទីជាភារធារីនៃស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ក្នុងអំឡុងពេលយោធាថៃបានឡើងកាន់កាប់អំណាចក្នុងប្រទេសពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។ មុនកាន់តំណែងនេះ លោកគឺជាអ្នកតំណាងស្តីទីពិសេសនិងជាអ្នកសម្របសម្រួលបេសកកម្មផ្សះផ្សារនិងកែទម្រង់នយោបាយនៅប្រទេសមីយ៉ាន់ម៉ា ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំមីយ៉ាន់ម៉ា គឺលោក Derek Mitchell។
ដោយមានបទពិសោធន៍ការងារជាមួយលោក Murphy នៅប្រទេសមីយ៉ាន់ម៉ា លោក Derek Mitchell បានលើកឡើងថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា មានលក្ខណៈសម្បត្តិល្អបំផុតក្នុងការពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា ដែលកំពុងតែមានភាពរកាំរកូស។
អតីតឯកអគ្គរដ្ឋទូតអាមេរិកនៅភូមារូបនេះ បានប្រាប់ VOA តាមសារអេឡិចត្រូនិក ឬអ៊ីមែលជាភាសាអង់គ្លេសដែលត្រូវបានបកប្រែជាភាសាខ្មែរថា៖
«ខ្ញុំពិតជារីករាយ ដែលលោក [Murphy] នឹងដឹកនាំស្ថានទូតអាមេរិករបស់យើងនៅកម្ពុជា ក្នុងដំណាក់កាលដែលទំនាក់ទំនងទ្វេរភាគីរបស់យើងជាមួយកម្ពុជាកំពុងតែជួបការលំបាកខ្លាំង និងដើម្បីកសាងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ»។
សព្វថ្ងៃនេះ លោក Mitchell គឺជាប្រធានវិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលទីស្នាក់ការរបស់វិទ្យាស្ថាននេះនៅកម្ពុជាត្រូវបានរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេសកាលពីឆ្នាំ២០១៧ ក្នុងអំឡុងពេលដែលរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមបង្ក្រាបលើក្រុមគណបក្សប្រឆាំងនិងអ្នករិះគន់រដ្ឋាភិបាល មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨។
លោក Kurt Campbell អតីតអ្នកជំនាញកាទូតជាន់ខ្ពស់របស់អាមេរិកម្នាក់ និងជាអតីតឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ីខាងកើតនិងអាស៊ីប៉ាស៊ីហ្វិក ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣ បានប្រាប់ VOA តាមសារអេឡិចត្រូនិកឬអ៊ីមែលថា លោក Murphy «មានបទពិសោធន៍ជ្រៅជ្រះខាងកាទូត» នៅតំបន់អាស៊ី។
លោក Campbell ដែលសព្វថ្ងៃជានាយកប្រតិបត្តិនៃក្រុមហ៊ុន The Asia Group បានប្រាប់ VOA តាមសារអេឡិចត្រូនិក ឬអ៊ីមែលជាភាសាអង់គ្លេសដែលត្រូវបានបកប្រែជាភាសាខ្មែរថា៖
«លោក Patrick Murphy គឺជាអ្នកជំនាញខាងតំបន់អាស៊ីនិងអាស៊ីអាគ្នេយ៍ដ៏សំខាន់មួយរូបរបស់អាមេរិក»។
ទោះបីជាលោកមានបទពិសោធន៍ស៊ីជម្រៅលើតំបន់អាស៊ីក្តី លោក Murphy អាចនឹងប្រឈមកិច្ចការកាទូតរបស់លោក ដោយសារការកើនឡើងនៃឥទ្ធិពលដ៏ខ្លាំងក្លារបស់ចិននៅក្នុងប្រទេសកម្ពុជា។
កាលពីចុងខែកក្កដា កាសែត The Wall Street Journal បានរាយការណ៍ថា រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាសម្ងាត់ជាមួយចិន ដោយអនុញ្ញាតឲ្យចិនដាក់មូលដ្ឋានទ័ពជើងទឹកនៅតំបន់រាម ខេត្តព្រះសីហនុ។ ប្រទេសចិនបានក្លាយជាទីផ្សារធំបំផុតរបស់កម្ពុជាក្នុងការនាំចេញអង្ករ ហើយក្រៅពីនេះ ចិនបានបង្កើនការវិនិយោគទុនខាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់នៅកម្ពុជា និងការផ្តល់សព្វាវុធយោធាដល់កងយោធាកម្ពុជា។
លោក អ៊ៀ សុផល សាស្ត្រាចារ្យខាងកាទូត និងកិច្ចការពិភពលោកប្រចាំសាកលវិទ្យាល័យ Occidental College នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក យល់ថា ទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជានិងចិននាពេលបច្ចុប្បន្ននេះ នឹងធ្វើឲ្យលោក Murphy ជួបការលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលកម្ពុជា ដែលបាន«មុជខ្លួនកាន់តែជ្រៅក្នុងការបម្រើផលប្រយោជន៍របស់ចិន»។
លោកបានប្រាប់ VOA តាមសារអេឡិចត្រូនិក ឬអ៊ីមែលជាភាសាអង់គ្លេសដែលត្រូវបានបកប្រែជាភាសាខ្មែរថា៖
«ចិនកំពុងតែគាំទ្ររដ្ឋាភិបាលកម្ពុជាខ្លាំង ហើយវាពិតជាលំបាកក្នុងការចរចារឿងអ្វីមួយរដ្ឋាភិបាលកម្ពុជាចង់បាន ដែលចិនមិនអាចផ្តល់ឲ្យកម្ពុជាបាន។ រដ្ឋាភិបាលកម្ពុជាមិនចង់បានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ។ រដ្ឋាភិបាលកម្ពុជាចង់បានតែសិទ្ធិមនុស្សក្លែងក្លាយ និងលទ្ធិប្រជាធិបតេយ្យក្លែងក្លាយតែប៉ុណ្ណោះ»។
«អ្នកការពារលទ្ធិប្រជាធិបតេយ្យ»
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋសភាអាមេរិកបានដាក់សម្ពាធកាន់តែច្រើនឡើងលើរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានស្នើជាសេចក្តីព្រាងច្បាប់មួយចំនួនក្នុងគោលបំណងដាក់ទណ្ឌកម្មលើកម្ពុជា។
កាលពីថ្ងៃទី១៥ ខែកក្កដា រដ្ឋសភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ ២០១៩ (Cambodia Democracy Act 2019) ដែលដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជា ទាមទារឲ្យមានការដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយកាលពីចុងឆ្នាំ ២០១៧ និងទាមទារឲ្យកម្ពុជាវិលរកគន្លងលទ្ធិប្រជាធិបតេយ្យឡើងវិញ។ កាលពីខែមិថុនា ឆ្នាំ២០១៧ តាមរយៈច្បាប់ Magnitsky Act ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
នៅក្នុងអំឡុងសវនាការតែងតាំងតំណែងថ្មីរបស់លោក កាលពីខែធ្នូ ឆ្នាំ ២០១៨ លោក Murphy បានថ្លែងថា លោកប្តេជ្ញាធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាអាមេរិក ដើម្បីជំរុញឲ្យកម្ពុជាគាំទ្រគោលនយោបាយចម្បងរបស់អាមេរិក។
លោក Murphy បានថ្លែងថា៖ «បើត្រូវបានតែងតាំង ខ្ញុំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភា ដើម្បីពង្រីកផលប្រយោជន៍របស់អាមេរិកនៅកម្ពុជា ដោយលើកកម្ពស់កម្ពុជាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពមូលដ្ឋាន ដោយផ្តោតលើការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាដែលបានផ្តល់ឲ្យសហរដ្ឋអាមេរិក»។
លោកក៏បានលើកឡើងថា លោកក៏នឹងជំរុញឲ្យមានការផ្សះផ្សារខាងនយោបាយរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងនៅកម្ពុជា។
យ៉ាងណាមិញ ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញឲ្យឃើញពីគោលជំហររបស់ខ្លួនក្នុងការធ្វើឲ្យស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើងវិញឡើយ។ លោក កឹម សុខា នៅតែជាប់ឃុំខ្លួននៅគេហដ្ឋាន រាល់ការជួបជុំ និងការតវ៉ានានា ត្រូវបានបង្ក្រាបដោយមន្ត្រីប៉ូលិស ហើយក៏មានការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ដែលបានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក។
បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានសហរដ្ឋអាមេរិកថា រាល់ការដាក់ទណ្ឌកម្មណាមួយមកលើកម្ពុជា មានន័យថា សហរដ្ឋអាមេរិកសម្រេចកាត់ផ្តាច់ទំនាក់ទំនងជាមួយកម្ពុជា។
លោក ហ៊ុន សែន ធ្លាប់បានលើកឡើងថា៖ «ដាក់ ទៀ បាញ់ ស្មើនឹងផ្តាច់ទំនាក់ទំនងយោធា ដាក់ ស ខេង ស្មើនឹងផ្តាច់ទំនាក់ទំនងខាងនគរបាល ដាក់ប្រាក់ សុខុន ស្មើនឹងផ្តាច់ទំនាក់ទំនងខាងទូត ដាក់ទៅលើ អូន ព័ន្ធមុនីរ័ត្ន ស្មើនឹងផ្តាច់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច»។
លោក Andrew Mertha សាស្ត្រាចារ្យខាងការសិក្សាអំពីប្រទេសចិននិងតំបន់អាស៊ី ប្រចាំដេប៉ាតេម៉ង់ការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Johns Hopkins នៅរដ្ឋធានីវ៉ាស៊ីនតោន យល់ថា គោលជំហរការពារលទ្ធិប្រជាធិបតេយ្យរបស់លោក Murphy ទំនងជាធ្វើឲ្យលោកអាចប៉ះទង្គិចគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចតាំងពីឆ្នាំ ១៩៨៥។ ក៏ប៉ុន្តែ លោកក៏យល់ថា ការប៉ះទង្គិចគ្នានេះអាចបង្កើតជាឱកាសក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក។
លោកសាស្ត្រាចារ្យ Mertha បានប្រាប់ VOA តាមសារអេឡិចត្រូនិក ឬអ៊ីមែលជាភាសាអង់គ្លេសដែលត្រូវបានបកប្រែជាភាសាខ្មែរថា៖
«ការណ៍ដែលលោក [Murphy] គឺជាអ្នកការពារលទ្ធិប្រជាធិបតេយ្យ មានន័យថា លោកអាចនឹងប៉ះទង្គិចគ្នាជាមួយលោក ហ៊ុន សែន ប៉ុន្តែការណ៍នេះមិនមែនមានន័យថាជារឿងមិនល្អនោះទេ។ លោក ហ៊ុន សែន ជាមនុស្សគោរពភាពខ្លាំងរបស់បុគ្គល។ បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត Murphy មានទំនាក់ទំនងផ្ទាល់ជាមួយក្រុមសមាជិករដ្ឋសភាអាមេរិកដែលយកចិត្តដាក់លើស្ថានភាពនៅកម្ពុជា ដូច្នេះគោលជំហររបស់លោក Murphy នឹងមានប្រសិទ្ធភាព»។
កម្ពុជាស្វាគមន៍លោក Murphy
នៅកម្ពុជាវិញ សមាជិករដ្ឋាភិបាលបានស្វាគមន៍ការតែងតាំងលោក W. Patrick Murphy ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ហើយថា នេះគឺជាឱកាសក្នុងការធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជាមានភាពប្រសើរឡើង។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យឲ្យគណបក្សកាន់អំណាច បានប្រាប់ VOA ថា៖
«ខ្ញុំជឿជាក់ ពីព្រោះទី១ លោកមានបទពិសោធន៍ខាងកាទូត អញ្ចឹងទេ ការធ្វើអីគឺយើងដឹងហើយថា មានបទពិសោធន៍ ការមានចំណេះដឹងអំពីការងារកាទូតហើយ គឺធ្វើអីវាស្របតាមតួនាទី ភារកិច្ចរបស់ឯកអគ្គរដ្ឋទូត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការចាត់តាំងអ្នកកាទូតជាន់ខ្ពស់អាមេរិកម្នាក់ឲ្យមកកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា នេះ បង្ហាញថា សហរដ្ឋអាមេរិកទទួលស្គាល់តម្លៃរបស់កម្ពុជា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកបានប្រាប់ VOA ថា៖
«ជាតម្លៃមួយដែលគេឲ្យតម្លៃមកកម្ពុជា។ ហើយដូចជាប្រទេសមួយចំនួនដែលគេយកទូតគេចេញពីសហរដ្ឋអាមេរិកឲ្យមកធ្វើការនៅកម្ពុជាហ្នឹង កម្ពុជាបានដើរតួនាទីជាវេទិកាអន្តរជាតិមួយ ដែលមានឥទ្ធិពលនៅក្នុងតំបន់ផង។ អាស្រ័យដោយបទពិសោធន៍របស់លោក Murphy ហើយលោកមកធ្វើកិច្ចការនៅប្រទេសកម្ពុជា បានសេចក្តីថា វាជាមជ្ឈមណ្ឌលនៃអំណាចកាទូតផង»។
ទោះជាមានការបង្ហាញពាក្យពេចន៍វិជ្ជមានពីរដ្ឋាភិបាលកម្ពុជាក្តី លោក អ៊ៀ សុផល យល់ថា រដ្ឋាភិបាលកម្ពុជាមិនទំនងជាចង់ស្តារទំនាក់ទំនងជាមួយអាមេរិក ឬក៏ផ្តល់សម្បទានដល់អាមេរិកនោះទេ។
លោក អ៊ៀ សុផល បានប្រាប់ VOA តាមសារអេឡិចត្រូនិក ឬអ៊ីមែលជាភាសាអង់គ្លេសដែលត្រូវបានបកប្រែជាភាសាខ្មែរថា៖
«គ្មានអ្វីថ្មីកើតចេញពីរដ្ឋាភិបាលកម្ពុជាទេ គឺមានតែយុទ្ធសាស្ត្រដដែល គឺដូចស្រាចាស់ដដែលៗតែក្នុងដបថ្មីតែប៉ុណ្ណោះ»៕