បើតាមរបាយការណ៍មួយរបស់កាសែត The Wall Street Journal បានរាយការណ៍មកថាប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយដើម្បីអនុញាត ឲ្យកងទ័ពរបស់ខ្លួនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជានៅជិតចិន ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងដំណើរការបង្កើនសមត្ថភាពយោធាខ្លួនក្នុងការពិនិត្យមើលពីឥទ្ធិពលយោធានៅជុំវិញពិភពលោក។ នេះបើតាមការអះអាងរបស់មន្ត្រីម្នាក់ដែលធ្វើកិច្ចការរឿងនេះ តែមិនបានប្រាប់ឈ្មោះ។
កាសែត The Wall Street Journal ដែលចេញផ្សាយនៅថ្ងៃអាទិត្យ បានរាយការណ៍បន្ថែមថាកិច្ចព្រមព្រៀងសម្ងាត់នោះ បានចុះហត្ថលេខាកាលពីនិទាឃរដូវកន្លងទៅ តែភាគីទាំងពីរមិនទាន់បានបញ្ចេញឲ្យដឹងជាសាធារណៈនៅឡើយទេ។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹក ចិនមួយផ្នែកនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិន។ គេគ្មានឃើញការបញ្ជាក់ពីព័ត៌មានលម្អិតទេ តែបើតាមកាសែត The Wall Street Journal បានបញ្ជាក់ថាកិច្ចព្រមព្រៀងជាសេចក្តីព្រាងដែលមន្ត្រីអាមេរិក ដដែលនោះបានឃើញគឺនឹងអនុញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយ:ពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតនាវាជាដើម។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងកម្ពុជាបានផ្លាស់ប្តូរលិខិតជាផ្លូវការអំពីរឿងនេះ ដោយ ភាគីកម្ពុជានិងមន្ត្រីរបស់ខ្លួនបដិសេធព័ត៌មានអំពីមូលដ្ឋានយោធាជើងទឹកចិននៅក្នុងប្រទេសកម្ពុជានេះ ក្រោយពីសហរដ្ឋអាមេរិក បានចោទជាសំណួរ និងបង្ហាញពីក្តីបារម្ភ។ មេដឹកនាំកំពូលៗនិងមន្ត្រីយោធាកំពូលៗកម្ពុជាបដិសេធជាសាធារណៈអំពីក្តីបារម្ភរបស់អាមេរិក ដោយបញ្ជាក់ថាកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ហើយច្បាប់ កំពូលរបស់ប្រទេសគឺច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនមិនអនុញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួនឡើយ។
កាសែត The Wall Street Journal បានរាយការណ៍ដែរថា ប្រសិនបើចិនមានមូលដ្ឋានទ័ពជើងទឹកនៅក្នុងឈូងសមុទ្រប្រទេសកម្ពុជា នោះចិននឹងមានឥទ្ធិពលខ្លាំងឡើងចំពោះបញ្ហាសេដ្ឋកិច្ច និងមានប្រៀបលើដែនសមុទ្រចិនខាងត្បូងដែល កំពុងមានវិវាទជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន៕
ទោះជាយ៉ាងណាក៍ដោយមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានបដិសេធដាច់ខាតចំពោះព័ត៌មាននេះដោយអះអាងថា៖
«នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេស វាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ម្យ៉ាងទៀត តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មាន ក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជាដើម្បីប្រឆាំងនឹងយើងហើយ។»