កាលពីចុងខែមេសា នៅឯវេទិកាកិច្ចប្រជុំប្រចាំឆ្នាំលើកទីពីរ នៅក្រុងប៉េកាំងស្តីពីគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មចិន លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានជីករណ្តៅដាំកូនឈើនៅវាលស្មៅមួយជិតសាលសន្និបាតនៃវេទិកាកិច្ចប្រជុំនោះ ដែលនេះជានិមិត្តរូបនៃការពួតដៃគ្នា ដើម្បីបុព្វហេតុរីកចម្រើនទៅមុខរួមគ្នារវាងកម្ពុជា និងចិន។
ស្របពេលដែលប្រទេសចិនកំពុងតែពង្រឹងការវិនិយោគក្នុងវិស័យសេដ្ឋកិច្ចធំៗនៅកម្ពុជា ការណ៍នេះបានបង្ហាញឲ្យឃើញថា រដ្ឋាភិបាលក្រុងប៉េកាំងអាចមានឥទ្ធិពលជាប្រយោលទៅលើកិច្ចព្រមព្រៀងអាស៊ាននានា ដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់ចិន។
កត្តាផ្តោតសំខាន់នៃការរឹតបន្តឹងចំណងរបស់ចិនទៅនឹងតំបន់អាស៊ីអាគ្នេយ៍គឺគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មចិន។ ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ នោះ សេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍យឺតជាងគេនានា នៅក្នុងតំបន់ ដូចជាកម្ពុជា នឹងពឹងផ្អែកខ្លាំងទៅលើគម្រោងនោះ ដែលគាំទ្រការសន្មតដែលថាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍យឺតជាងគេទាំងនោះ មានទំនោរទៅតាមការបត់បែនរបស់រដ្ឋាភិបាលចិន។
កម្ពុជាគឺជាប្រទេសទទួលផលប្រយោជន៍ពីគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់រដ្ឋាភិបាលចិន ដែលត្រូវបានប្រកាសឡើងដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីឆ្នាំ២០១៣។ កម្ពុជា ដែលជាមិត្តជិតស្និទ្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង បានចាត់ទុកគម្រោងនេះថា ជាផ្នែកស្នូលនៃការរៀបចំផែនការនយោបាយរបស់ខ្លួន។
លោកបណ្ឌិតឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) នៅក្រុងភ្នំពេញ យល់ឃើញថា វត្តមាននៃការវិនិយោគរបស់ចិនជាគន្លឹះនៃភាពស្របច្បាប់របស់កម្ពុជាក្នុងបរិបទសេដ្ឋកិច្ច។
«ចិន ក្នុងក្រសែភ្នែកថ្នាក់ដឹកនាំ ឬ Ruling Eliteហ្នឹងចិនគឺជា source of economic legitimacy (ប្រភពនៃភាពស្របច្បាប់ផ្នែកសេដ្ឋកិច្ច)»។
ដោយមានលំហូរចូលនៃការវិនិយោគរបស់ចិនកម្ពុជាទទួលបានការវិនិយោគជាច្រើន ជាពិសេសនៅក្នុងផ្នែកសណ្ឋាគារ និងអចលនទ្រព្យ ដើម្បីទទួលអ្នកទេសចរជនជាតិចិន ដែលបានមកខេត្តព្រះសីហនុយ៉ាងច្រើនកុះករ សម្រាប់ការកម្សាន្តក្រោមភ្លើងពណ៌ និងកាស៊ីណូ។
លោក Kavi Chongkittakorn សមាជិកជាន់ខ្ពស់វិទ្យាស្ថានសន្តិសុខ និងការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ បាននិយាយថា ហេតុផលនៅពីក្រោយទំនោររបស់កម្ពុជាទៅកាន់ចិនគឺពាក់ព័ន្ធនឹងសេដ្ឋកិច្ច។
«អាកប្បកិរិយាទោរទន់របស់កម្ពុជាទៅកាន់ចិនគឺផ្សារភ្ជាប់យ៉ាងជិតដិតទៅនឹងសេចក្តីសម្រេចនៅក្នុងការប្រើប្រាស់មូលធនវិនិយោគពីចិន»។
យ៉ាងណាក៏ដោយលោក Chongkittakorn គិតថានៅពេលអនាគត ទំនាក់ទំនងរបស់ចិនជាមួយអាស៊ាននឹងប្រឈម«ការគិតគូរ និងពិនិត្យពិច័យ»ឡើងវិញ។
កាលពីដើមខែឧសភា ក្នុងសេចក្តីថ្លែងការណ៍ចំនួនបួនទំព័រ លោក Wang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបកស្រាយពាក់ព័ន្ធនឹងគោលបំណងក្នុងការបង្កើតសហគមន៍ជោគវាសនារួមគ្នាកម្ពុជាចិន។ ផែនការសកម្មភាពក្នុងការបង្កើតសហគមន៍នេះមានលក្ខណៈ«ពេញលេញ ពិតប្រាកដ ស៊ីជម្រៅ និងមានលក្ខណៈខ្ពស់» ហើយនឹងធ្វើឡើងអំឡុងឆ្នាំ២០១៩ និង២០២៣។
លោក Wentian បានបកស្រាយថាសហគមន៍នេះ «នឹងជួយឲ្យទំនាក់ទំនងចិននិងកម្ពុជាធ្វើដំណើរទៅមុខកាន់តែវែងឆ្ងាយ និងមានស្ថិរភាព»។
លោកបណ្ឌិត អ៊ា សុផល សាស្រា្តចារ្យផ្នែកការទូត និងកិច្ចការអន្តរជាតិនៅមហាវិទ្យាល័យ Occidental ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក មានមន្ទិលលើការផ្តួចផ្តើមបង្កើតសហគមន៍ជោគវាសនារួមគ្នាកម្ពុជាចិននេះ។ លោកសួរថា តើការណ៍នេះនឹងអាចធ្វើឲ្យកម្ពុជាធ្លាក់ក្នុងអំណាចចិនកាន់តែខ្លាំងឡើង ឬយ៉ាងណា?
ក្នុងសារអេឡិចត្រូនិកជាភាសាអង់គ្លេសផ្ញើមួយមកកាន់ VOA និងត្រូវបានប្រែសម្រួលជាភាសាខ្មែរ លោកសុផលបានសរសេរថា៖
«ប្រសិនបើបញ្ហានេះស្តាប់មើលទៅដូចជាការរៀបការ អ៊ីចឹងពិតណាស់គឺគ្មានការលែងលះនោះទេ! ការរឹតបន្តឹងចំណងនឹងមានកាន់តែខ្លាំងជាងនេះ។ ប៉ុន្តែឃ្លាថា «សហគមន៍ជោគវាសនារួមគ្នា»ត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំមុនមកម្ល៉េះ ហើយជាមួយកម្ពុជា វាស្តាប់មើលទៅហាក់ដូចជារួមគ្នា … ជាប្រទេសតែមួយឬ?»
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានច្រានចោលការអះអាងដែលថាកម្ពុជាបានធ្លាក់ចូលក្នុងលំហក្តោបក្តាប់របស់ចិន ដោយលោកបាននិយាយថា៖ «ភាសាទាំងអស់ដែលលើកឡើងនេះគ្រាន់តែជាអ្នកនាំពាក្យ ឬអ្នកប្រឆាំងជាមួយចិនទេ»។
នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១២ អំឡុងពេលដែលជម្លោះសមុទ្រចិនខាងត្បូងត្រូវបានពិភពលោកយកចិត្តទុកដាក់នោះ នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំកំពូល និងជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តនោះ អាស៊ានខកខានក្នុងការចេញសេចក្តីថ្លែងការណ៍រួមទេ។
នៅគ្រានោះ អាស៊ានក៏បានខកខានក្នុងការព្រមព្រៀងលើក្រមប្រតិបត្តិដើម្បីបន្ធូរបន្ថយភាពតានតឹងទាក់ទងបញ្ហាសមុទ្រចិនខាងត្បូង ទីដែលបណ្តាប្រទេសសមាជិកអាស៊ានចំនួនបួនមានការទាមទារជាន់គ្នាជាមួយចិន។
ក្រុមអ្នកវិភាគក្នុងតំបន់បានចង្អុលបង្ហាញថា អាកប្បកិរិយារបស់កម្ពុជាអំឡុងពេលកិច្ចប្រជុំ ដែលហាក់ដូចជាគាំទ្រជំហររបស់ចិនពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ជាហេតុផលមួយនៅពីក្រោយការខកខាននោះ។ កម្ពុជាបានជំទាស់មិនឱ្យនិយាយដល់បញ្ហាជម្លោះនោះទេ ក្នុងខណៈពេលដែលហ្វីលីពីន និងវៀតណាមចង់ឱ្យអាស៊ានជំទាស់នឹងការទាមទាររបស់ចិនដែលចង់ឱ្យដោះស្រាយបញ្ហានេះទ្វេភាគី។
រដ្ឋាភិបាលកម្ពុជាបានច្រានចោលការលើកឡើងខាងលើ និងបាននិយាយថា ខ្លួនព្យាយាមសម្រាលទម្ងន់ជម្លោះទៅវិញទេ។
លោកអ៊ា សុផល សាស្រា្តចារ្យផ្នែកការទូត និងកិច្ចការអន្តរជាតិ បានលើកឡើងពីភាពរាំងស្ទះដែលអាចកើតមានឡើងដល់ដំណើរការរបស់អាស៊ាន ខណៈដែលកម្ពុជាកំពុងទទួលរងឥទ្ធិពលខ្លាំងពីប្រទេសចិន។
លោកអ៊ា សុផលបានសរសេរថា៖
«ឥឡូវនេះ អាស៊ានកំពុងតែប្រេះស្រាំ ហើយជាមួយនឹងចិនជិះពីក្រោយ អាស៊ានក្នុងឋានៈជាក្រុមផ្អែកលើការព្រមព្រៀងជារួម (កុងសង់ស៊ីស)ក្នុងតំបន់ មិនអាចមានដំណើរការទៅមុខនោះទេ ដោយសារកម្ពុជាជាសមាជិក ដែលជាប្រទេសបង្កឲ្យមានការខកខាន»។
កម្ពុជាបានរងការរិះគន់សារជាថ្មីម្តងទៀតនៅអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៩ នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីឆ្នាំ២០១៧ ចំពោះការបង្អាក់ផ្នែកភាសាលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមអាស៊ានពាក់ព័ន្ធនឹងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស។ ការណ៍នេះកើតមានឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានសេចក្តីសម្រេចពីតុលាការអន្តរជាតិដែលបានច្រានចោលការទាមទារដែនទឹកដោយរដ្ឋាភិបាលចិន។
លោកអ៊ា សុផល បានសរសេរថា៖
«ទំនាក់ទំនងចិននិងកម្ពុជាគឺកាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់ ហើយប្រហែលជាជិតស្និទ្ធជាងអំឡុងឆ្នាំ១៩៧៥និង១៩៧៩ទៅទៀត។ តាមរយៈទំនាក់ទំនងអាស៊ាននិងចិននាពេលបច្ចុប្បន្ន និងអភិបាលកិច្ចអាស៊ាន ដែលតែងតែផ្តោតលើការព្រមព្រៀងទាំងស្រុងពីសំណាក់ភាគីទាំងអស់នោះ នោះកម្ពុជាអាចបង្អាក់អាស៊ានបាន»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់ VOA ថា កម្ពុជាមិនមានគោលបំណង«បំផ្លាញមិត្តភាពរវាងអាស៊ាននិងសមាជិកអាស៊ាននោះទេ» ហើយថា ប្រទេសចិនគឺគ្រាន់តែជា«ដៃគូពិភាក្សា និងអភិវឌ្ឍន៍»ប៉ុណ្ណោះ។
ជាការណ៍ពិត មិនត្រឹមតែកម្ពុជានោះទេដែលមានទំនោរទៅកាន់ប្រទេសចិននោះ ប្រទេសឡាវ មីយ៉ាន់ម៉ា ប្រ៊ុយណេ ហាក់ដូចជាស្ថិតនៅលើមាគ៌ាដូចគ្នានេះផងដែរ។
សម្រាប់លោកអ៊ា សុផល ការណ៍នេះមានន័យថា ទោះបីចិនមិនអាចបោះឆ្នោតបានក៏ដោយ ក៏ចិនអាចជំរុញឲ្យ«មានការបោះឆ្នោតសម្របតាមគោលការណ៍ខ្លួន ដោយប្រើអំណាចផងដែរ»។
លោកក៏ចង្អុលបង្ហាញថា តាមរយៈហេតុផលនេះ «ចិនងាយនឹងទទួលបានសំឡេងគាំទ្រច្រើន និងអាចគ្រប់គ្រងក្តារអុកនៅតំបន់អាស៊ីអាគ្នេយ៍បាន»។
ការប្រទាក់ក្រឡាគ្នាផ្នែកសន្តិសុខក្នុងតំបន់?
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយ VOA នៅទីស្នាក់ការអ.ស.ប.ក្នុងទីក្រុងញូវយ៉កកាលពីខែមេសារដ្ឋមន្រ្តីការពារជាតិលោកទៀ បាញ់ បានច្រានចោលការព្រួយបារម្ភដែលថា គម្រោងអភិវឌ្ឍន៍របស់ចិននៅខេត្តកោះកុងអាចត្រូវបានប្រើប្រាស់សម្រាប់ហេតុផលយោធា ហើយលោកបានលើកឡើងសារជាថ្មីអំពីការប្តេជ្ញារបស់កម្ពុជានៅក្នុងការរក្សាបូរណភាពទីកដី មិនឲ្យមានការប្រើប្រាស់ជាមូលដ្ឋានយោធាបរទេស។
ក្រុមហ៊ុនចិនឈ្មោះ Union Development Group ត្រូវបានរាយការណ៍ថា បានគ្រប់គ្រងលើដីទំហំ៤៥.០០០ហិចតា ក្នុងនោះរួមមាន២០ភាគរយជាតំបន់ឆ្នេរនៅខេត្តកោះកុង។ ដីនោះនឹងត្រូវប្រើប្រាស់សម្រាប់វិស័យអេកូទេសចរណ៍ និងសម្រាកលំហែកាយតែប៉ុណ្ណោះ។ នេះបើយោងទៅតាមលោករដ្ឋមន្រ្តីការពារជាតិ ទៀ បាញ់។
របាយការណ៍ព័ត៌មានឲ្យដឹងថា មួយភាគធំនៃប្រាក់វិនិយោគចំនួន៣,៨ពាន់លានដុល្លារដោយក្រុមហ៊ុនខាងលើនេះ នឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ព្រលានយន្តហោះអន្តរជាតិនិងកំពង់ផែទឹកជ្រៅដែលបានបង្កឲ្យមានការព្រួយបារម្ភអំពីការប្រើប្រាស់ដើម្បីហេតុផលយោធានៅថ្ងៃអនាគត។
តែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រារព្ធខ្នាតធំនៃពិធីរំឭកខួបនៃការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហមនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ មានរបាយការណ៍ថា នាវាប្រយុទ្ធធំៗរបស់ចិនចំនួនបីគ្រឿងបានមកសំចតនៅកំពង់ផែខេត្តព្រះសីហនុ។ ហើយកាលពីខែមីនា រដ្ឋាភិបាលកម្ពុជាក៏បានធ្វើ «សមយុទ្ធនាគមាស» ដែលជាសមយុទ្ធយោធារួមជាមួយចិន ធំជាងគេបង្អស់មកទល់ពេលនេះផងដែរ។
កាលពីខែមិថុនាឆ្នាំ២០១៨ រដ្ឋាភិបាលចិនក៏បានប្តេជ្ញាផ្តល់ជំនួយយោធាចំនួន ១០០លានដុល្លារបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិចិនលោក Wei Fenghe មកកាន់កម្ពុជា។ ការប្តេជ្ញាពង្រឹងវិស័យការពារជាតិ និងសន្តិសុខក៏ត្រូវបានលើកឡើងនៅក្នុងសេចក្តីការណ៍រួម ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅកាន់ប្រទេសចិន កាលពីខែមករាឆ្នាំនេះផងដែរ។
លោកអ៊ា សុផល សាស្រា្តចារ្យផ្នែកការទូត និងកិច្ចការអន្តរជាតិ បានលើកឡើងថា ឥទ្ធិពលរបស់ចិនក៏នឹងជ្រាបចូលទៅក្នុងបរិបទសន្តិសុខផងដែរ ដោយសារតែកង្វះប្រសិទ្ធភាពនៃវេទិកាសន្តិសុខអាស៊ាន។
«នេះមានន័យថា ចិនឥឡូវនេះកំពុងតែពង្រីកខ្លួនលើសពីដែនសេដ្ឋកិច្ច និងចូលទៅក្នុងដែនសន្តិសុខ ដែលនឹងមានគ្រោះថ្នាក់សម្រាប់អាស៊ាន។ វេទិកាសន្តិសុខអាស៊ាននឹងមិនមានន័យច្រើនទេ»។
ងាកចេញពីរដ្ឋាភិបាលហាណូយទៅរដ្ឋាភិបាលប៉េកាំង?
បែបផែន «ចំណងមិត្តភាពយូរយារ» រវាងកម្ពុជា និងវៀតណាម ចាប់តាំងពីវៀតណាមបានរំដោះកម្ពុជាចេញពីកណ្តាប់ដៃពួកខ្មែរក្រហមនៅឆ្នាំ១៩៧៩ មកទល់ពេលនេះ អាចរងការប៉ះទង្គិចផងដែរ ប្រសិនបើទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែជិតស្និទ្ធជាងនេះ។
វៀតណាមដែលជាសមាជិកអាស៊ានមួយទៀតគឺជាគូប្រជែងដ៏មុតមាំមួយរបស់ចិន ខណៈពេលមានជម្លោះសមុទ្រចិនខាងត្បូង។ ប្រសិនបើចិនក្តោបក្តាប់កម្ពុជាតាមរយៈអំណាចសេដ្ឋកិច្ច និងនយោបាយ នោះចំណុចផ្តោតនឹងមានផលប៉ះពាល់រយៈពេលវែងទៅលើទំនាក់ទំនងកម្ពុជា និងវៀតណាម។
លោកអ៊ា សុផល បានសរសេរថា៖
«សេណារីយ៉ូអាក្រក់បំផុតនោះគឺថា អាស៊ាននឹងមានភាពរអាក់រអ៊ួលជាងពេលនេះទៅទៀត ឬប្រហែលជាមានការបែកបាក់អាស៊ាន ឬអាស៊ានក្លាយជាឧបករណ៍មួយរបស់ចិន។ ប៉ុន្តែបញ្ហានេះនឹងត្រូវដើរកន្លងខ្មោចប្រទេសវៀតណាមសិន»។
សេចក្តីប្រកាសការទូតមួយដែលមិនត្រូវបានចេញជាសាធារណៈ ដែល VOA ទទួលបាន បានបង្ហាញថា បញ្ហាព្រំដែនកាលពីឆ្នាំមុនបាននាំឲ្យមានការឆ្គាំឆ្គងដាក់គ្នា បន្ទាប់ពីយោធាវៀតណាមបានបោះបង្គោលព្រំដែនជាឯកតោភាគីនៅតាមបណ្តោយព្រំដែនឆ្នេរកម្ពុជា ដែលកំពុងមានភាពចម្រូងចម្រាស។
នៅក្នុងលិខិតមួយទៅកាន់ស្ថានទូតវៀតណាម កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៨ក្រសួងការបរទេសកម្ពុជាបានទាមទារឲ្យវៀតណាមដកចេញបង្គោលព្រំដែន ដែលត្រូវបានបោះនៅតំបន់ព្រំដែនទឹក ដែលមិនទាន់បានគូសកំណត់ជាផ្លូវការ។
ក្នុងលិខិតនោះ មន្រ្តីកម្ពុជាមួយរូបបានអះអាងថា រដ្ឋាភិបាលភ្នំពេញបានធ្វើកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលក្រុងហាណូយពាក់ព័ន្ធនឹងបញ្ហានេះ។ មកទល់ពេលនេះ គ្មានការលើកឡើងពីជម្លោះពាក់ព័ន្ធនឹងការបោះបង្គោលដោយប្រទេសវៀតណាម និងមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា មានការព្រមព្រៀងតាមការទាមទាររបស់កម្ពុជាឲ្យមានការដកបង្គោលនោះ។
នៅពេលសួរថា តើទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា និងចិនមានការប៉ះពាល់ដល់កម្រិតណាទៅលើទំនាក់ទំនងកម្ពុជា និងវៀតណាម លោកអ៊ា សុផល បានលើកឡើងថា៖
«វៀតណាមមិនសប្បាយចិត្តនោះទេ។ ប៉ុន្តែតើវៀតណាមអាចធ្វើអ្វីបានទៅ? ងាកទៅរកពួតដៃជាមួយសហរដ្ឋអាមេរិក? ឬបង្អាក់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលមានទំនោរទៅចិន? ខ្ញុំគិតថា ទាំងអស់គ្នាត្រូវតែរៀនរួមរស់ជាមួយគ្នា ហើយវាមិនងាយស្រួលនោះទេ ក្នុងការកាត់ផ្តាច់ពីរដ្ឋមួយដែលធ្លាប់មកសុំជំនួយពីខ្លួន។ អ្នកចង់ឲ្យរដ្ឋនោះស្ថិតនៅក្នុងគន្លងរបស់អ្នក ប្រសិនបើអ្នកជាវៀតណាម»។
ខណៈដែលចិនកំពុងពង្រឹងអំណាចសេដ្ឋកិច្ចរបស់ខ្លួនជាលក្ខណៈយុទ្ធសាស្រ្តនៅក្នុងតំបន់អាស៊ាននោះចង់មិនចង់គឺចិនមានទំនោរនៅក្នុងការពាក់ព័ន្ធនឹងបញ្ហាដែលទាក់ទិននឹងខ្លួន និងទាក់ទិននឹងតំបន់។ ការប្រឡូកប្រទាក់ក្រឡាគ្នា និងការប៉ះទង្គិចគ្នាងាយនឹងកើតឡើងប្រសិនបើផលប្រយោជន៍ផ្សេងៗមិនស្ថិតលើមាគ៌ាស្របគ្នា។ ហើយការណ៍នេះក៏នឹងជាការសាកល្បងមួយទៅលើភាពរឹងមាំ និងសាមគ្គីភាពរបស់អាស៊ាន។
ដោយបង្ហាញមន្ទិលអំពីរាល់ជំនួយរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលោក ឈាង វណ្ណារិទ្ធិ បាននិយាយថា៖
«ធម្មតាទេ ក្នុងប្រវត្តិសាស្រ្ត អត់មានមហាអំណាចណាគាត់ទៅជួយដោយស្មោះត្រង់ដល់ប្រទេសតូចទេ។ ប្រទេសតូចហ្នឹងត្រូវខំប្រឹងរួបរួមគ្នាដើម្បីការពារផលប្រយោជន៍គ្នា»៕
អត្ថបទនេះផលិតឡើងដោយមានការគាំទ្រពីគម្រោងរបស់កម្មវិធី Reporting ASEAN ពាក់ព័ន្ធនឹងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដោយមានការសហការពី Lower Mekong Initiative និង US States department។ Reporting ASEAN រៀបចំដោយ Probe Media Foundation Inc។