ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ សង្ឃឹម​ថា​ជំនួប​ជាមួយ​លោក ​Kishida ​នឹង​សម្រួល​ការទាក់ទង​ជាមួយ​​បស្ចិមប្រទេស​


រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​នៅ​ផ្សារ​ទំនើប AEON ក្នុង​រាជធានី​ភ្នំពេញ​​កាល​ពី​ឆ្នាំ​២០១៤​ ជាមួយ​អតីត​រដ្ឋមន្ត្រី​ការ​​បរទេស​ជប៉ុន​លោក Fumio Kishida ដែល​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ ហើយ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ។
រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​នៅ​ផ្សារ​ទំនើប AEON ក្នុង​រាជធានី​ភ្នំពេញ​​កាល​ពី​ឆ្នាំ​២០១៤​ ជាមួយ​អតីត​រដ្ឋមន្ត្រី​ការ​​បរទេស​ជប៉ុន​លោក Fumio Kishida ដែល​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ ហើយ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ។

​ពួក​អ្នកវិភាគ ​និយាយ​ថា ​អាទិភាព​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ ដែល​បាន​គ្រោង​ជួប​ជាមួយនាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida នៅ​ចុង​សប្តាហ៍​នេះ​ នឹង​ស្វែងរក​ប្រភពថវិកា​ថ្មីៗ ​និង​ជួសជុល​ចំណង​ទាក់ទង​ដែល​រងការខូចខាត​ជាមួយ​ប្រទេស​លោក​ខាង​លិច ​នៅពេល​ដែល​ការវិនិយោគ​ដ៏​ធំ​របស់​ចិន ​បាន​ធ្លាក់​ចុះ​ហើយ​នឹង​ផលវិបាក​នៃ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ១៩​ចាប់ផ្តើម​មាន។

លោក Carl Shuster ​សាស្ត្រាចារ្យ​គោចរនៅឯ​សាកលវិទ្យាល័យ Hawaii Pacific ​បាន​និយាយ​ថា កម្ពុជា​ បាន​រង​ការគំរាម​កំហែង​ពី​អន្ទាក់​បំណុល​ដ៏​ខ្លាំង​ ពីព្រោះ​តែ​ប្រាក់​កម្ចី​អភិវឌ្ឍ​របស់​ចិន​ដែល​កំពុង​បង្ខំ​ឲ្យ​លោក​ហ៊ុន សែន​វាយតម្លៃ​ឡើង​វិញ​នូវ​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​លោក​ខាង​លិច ​ហើយ​ជប៉ុន ជា​អ្នក​សម្របសម្រួល​ដ៏ពិតប្រាកដ​មួយ។

លោក បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ជប៉ុន កំពុង​ចាប់ផ្តើម​និយាយ​ម៉ឺងម៉ាត់។ អារម្មណ៍​ល្អ​ចំពោះ​ជប៉ុន​បាន​រីកកាន់តែ​ធំ​ឡើង​ ពីព្រោះតែ​អាកប្បកិរិយា​របស់​ចិន»។

លោក Shuster បាន​បន្ថែម​ទៀត​ថា៖ «លោក​ហ៊ុន សែន បាន​ដឹង​អំពី​ការពិត​ថា ចិន មិន​មែន​ជា​ដៃគូ​មាន​សុវត្ថិភាព​ដូច​ដែល​លោក​បាន​គិត​កាលពី​មុន​ទេ។ ខ្ញុំ​គិតថា​លោក​ជឿ​ថា​ប្រសិន​បើ​លោក​អាច​យក​ការវិនិយោគ​របស់​ជប៉ុន​មក​ទប់​ចិន​បាន​ ពេលនោះ​អាច​ផ្តល់​លទ្ធភាព​ឲ្យ​លោក​ទប់ទល់​នឹង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​បាន»។

លោក បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «លោក​ហ៊ុន សែន​ កំពុង​ពិនិត្យ​មើល​បញ្ហា​នេះ​ ហើយ​លោក​កំពុង​ពិនិត្យ​មើល​អ្វី​ដែល​លោក ​បាន​ហៅ​ថា «ការកើន​ឡើង​ទៅមុខ​បន្តិច​ម្តងៗ​នៃ​អំណាច​របស់​ចិន» ហើយ ខ្ញុំ​មិន​គិត​ថា លោក កំពុង​មាន​ប្រតិកម្ម​នៅពេល​ឥឡូវនេះ។ ខ្ញុំ​គិត​ថា លោក ​នឹង​មាន​ប្រតិកម្ម​ពីឥឡូវ​នេះ​រហូត​ដល់១០ឆ្នាំ​ទៀត»។ លោក បាន​ចង្អុល​បង្ហាញ​ដល់​ផលប្រយោជន៍​នៃ​ឥទ្ធិពល​រាប់​ទសវត្សរ៍​របស់​ជប៉ុន​នៅ​ក្នុង​តំបន់។

ជប៉ុន​ជា​ម្ចាស់​ជំនួយ​ទ្វេភាគី​ដ៏​ធំ​របស់​កម្ពុជា​ដែល​មាន​ចំនួន២៥ភាគរយ​នៃ​ជំនួយ​បរទេស​ក្នុង​រយៈពេល​ជាង១០ឆ្នាំ​ចុងក្រោយ​នេះ​ដែល​មាន​ចំនួន​សរុប​ប្រហែល​៧២៥លាន​ដុល្លារ។ ជប៉ុន បាន​គាំទ្រ​តុលាការ​ខ្មែរ​ក្រហម ​ផ្តល់​ថវិកា​ដល់​ការដោះមីន ​ស្ថាបនា​ផ្លូវ​ថ្នល់ ស្ពាន​និង​កំពង់ផែ និង​បាន​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត​ក្នុង​ពេល​នៃ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

លោក ​ហ៊ុន សែន​ ក៏​ចង់​បាន​ការគាំទ្រ​ជា​ច្រើន​ចំពោះ​លោក​ជា​ប្រធាន​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ក្នុង​ការជំរុញ​របស់​លោក​ឲ្យ​មាន​ការចរចា​ជាមួយ​ពួក​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ហើយ​លោក កំពុង​ស្ទាបស្ទង់​ការគាំទ្រ​កូនប្រុស​ច្បង​របស់​លោក​គឺ​លោក​ហ៊ុន ម៉ាណែត ដែល​ត្រូវ​គេ​រំពឹង​ថា នឹង​ជំនួស​លោក​ជា​នាយក​រដ្ឋមន្ត្រី​ក្រោយ​ការបោះឆ្នោត​ខែ​កក្កដា ឆ្នាំ​ក្រោយ។

លោក Carl Shuster បាន​និយាយ​ទៀត​ថា ​ដំណើរ​ទស្សនកិច្ច​កាលពីពេល​ថ្មីៗ​នេះ​ដោយ​លោក​ហ៊ុន ម៉ាណែត​ទៅកាន់​ប្រទេស​ជប៉ុន បាន​ក្រាលផ្លូវ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក Kishida ហើយ​ជា​សូចនាករ​ដំបូង​នៃ​ការចេញរូបរាង​ឡើង​វិញនូវ​នយោបាយ​ក្នុង​តំបន់​មួយ​ផ្នែក​បណ្តាល​មកពី​ការរាតត្បាត​នៃ​ជំងឺ​និង​ការធ្លាក់ចុះ​នៃ​ការវិនិយោគ​ចិន។

លោក បាន​និយាយ​ទៀត​ថា៖ «លោក​ហ៊ុន សែន មិន​ចង់​ស្ថិត​នៅ​ក្រោម​ការត្រួតត្រា​របស់​ចិន​ទេ»។

តាម​បណ្តាញ​ព័ត៌មាន Fresh News បាន​ឲ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi ​បាន​សរសើរ​លោក ​ហ៊ុន ម៉ាណែត​ ថា ជា«អ្នក​នយោបាយ​ដែល​មាន​ទស្សនៈ​វែង​ឆ្ងាយ»។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ កាសែត The Japan Times បាន​និយាយ​ថា លោក​បាន​ត្រូវ​គេ​ប្រាប់​ថា ​ជប៉ុន ចង់បាន​ការបោះឆ្នោត​ទូទៅ​មួយ​នៅ​ឆ្នាំ​ក្រោយ​ធ្វើ​ឡើង​ក្នុង​របៀប​ប្រជាធិបតេយ្យ។

លោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពលខេមរភូមិន្ទ​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២។
លោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពលខេមរភូមិន្ទ​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច ​បាន​ឈ្នះ​ អាសនៈ​នៅ​ក្នុង​ការបោះ​ឆ្នោត​ឆ្នាំ២០១៨ ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ​បាន​ត្រូវ​គេ​រារាំង​មិន​ឲ្យ​ប្រកួត​ប្រជែង ​ធ្វើ​ឲ្យ​មាន​ការរិះគន់​ពី​ក្រុម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​អះអាង​ថា​ ការបោះឆ្នោត​នោះ ​មាន​ការលួច​បន្លំ។ ចាប់តាំង​ពី​ពេល​នោះ​មក ពួក​អ្នក​ប្រឆាំង​រាប់រយ​នាក់ បាន​ត្រូវ​ចោទប្រកាន់​និង​ត្រូវ​បាន​ជាប់​គុក។

ជា​ការឆ្លើយតប​ សហភាព​អឺរ៉ុប​ បាន​ដក​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​ខ្លះ ​ហើយ​សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​លើ​ពួក​ឧត្តមសេនីយ៍​កម្ពុជា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​បាន​ទាក់ទិន​នឹង​គម្រោង​ដ៏​ធំ​របស់​ចិន ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ក៏​ត្រូវ​បាន​រំខាន​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ចិន​ដែល​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ទៅ​ជា​ទីក្រុង​ល្បែង​ស៊ីសង​ដ៏​ឃោរឃៅ​ខណៈដែល​ស្ថាបនា​កំពង់ផែ​ទឹក​ជ្រៅ។

កិច្ចប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ចិន ​បាន​ពង្រីក​នៅ​តំបន់​ភាគ​ខាង​ជើង​និង​ភាគ​ខាង​កើត​ប្រវែង ៣០​គីឡូម៉ែត្រ​ដោយ​មាន​ផ្លូវ Highway ដែល​មាន៨គន្លង​ដែល​ព័ទ្ធ​ជុំវិញ​ចំណត​អាកាស​យានដ្ឋានអន្តរជាតិ​និង​មូលដ្ឋាន​ទាហាន​ជើង​ទឹករាម ដែល​ត្រូវ​បាន​ចិន​ជួសជុល​ឲ្យ​ទំនើប​ឡើង​វិញ។ ភ្នំ​តូច​ៗ​នៅ​ជិត​នោះ ត្រូវ​បាន​គេ​ឈូសឆាយ​និង​ចាក់​ដីលុបនៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​នោះ។

នៅ​ក្នុង​ការដោះដូរ​ការវិនិយោគ​ប្រាក់​ដុល្លារ​ទាំង​នោះ ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​បាន​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះបញ្ហា​នានា​ដូចជា​ សមុទ្រ​ចិន​ខាង​ត្បូង​និង​ក្រម​ប្រតិបត្តិ​របស់​ចិន​ដែល​បាន​ធ្វើ​ឲ្យ​អាស៊ាន​បែកបាក់។

ទោះជាយ៉ាងណាក៏ដោយ ​ការអភិវឌ្ឍ​នានា​របស់​ចិន​បាន​គាំង​ដោយ​សារ​ជំងឺ​រាត ត្បាត។ ក្រុង​ព្រះសីហនុ ​ពោរពេញ​ទៅដោយ​កាស៊ីណូ​បិទ​ទ្វារ សំណង់​អាគារ​ខ្ពស់​ដែល​សង់​មិនទាន់​រួចរាល់​និង​អាគារ​ផ្ទះល្វែង​គ្មាន​មនុស្ស​នៅ​ហើយ​គ្មាន​សញ្ញា​បង្ហាញ​ថា ជនជាតិ​ចិន នឹង​ត្រឡប់​ទៅវិញ​ដែល​អ្នកវិភាគ​ថា ស្ថានភាព​ទាំ​ងនេះ​បង្ក​ការលំបាក​ដល់​លោក​ហ៊ុន សែន។

លោក Bart Edes ​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សម្រាប់ការ​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្រ្ត​ដែល​មាន​មូលដ្ឋាន​នៅរដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែង​ថា៖ «លោក​ហ៊ុន សែន មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន ប៉ុន្តែ ជប៉ុនចង់​មានទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ និងក្រុម​ប្រទេស Quad ដើម្បីកាត់​បន្ថយ​ឥទ្ធិពល​ចិន​និង​គម្រោង​ផ្លូវក្រវ៉ាត់​ពាណិជ្ជកម្ម​ចិន Belt and Road Initiative»។

លោក Bart Edes ​បាន​ថ្លែង​បន្ត​ដោយ​សំដៅ​ដល់​លោក​ហ៊ុន ​សែន​ថា៖ «ខ្ញុំ គិត​ថា​វា​ជានយោបាយ​ឆ្លាតវៃ។ ខ្ញុំ​មើល​មិនឃើញ​ថា វា​ជា​ការផ្លាស់ប្តូរ​មូលដ្ឋាន​នយោបាយរបស់​លោក​ហ៊ុន សែន​ទេ ប៉ុន្តែ​ហេតុអ្វី​មិន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មហាអំណោយ​នាំមុខ​ទាំង​ពីរ​នៅ​អាស៊ី​បូព៌ា​នេះ​ទៅ»។

នាវា​កង​កម្លាំង​ស្វ័យ​ការពារ​ដែន​សមុទ្រ​ជប៉ុន​ពីរ​គ្រឿង​បាន​ចូលចត​នៅមូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ ខណៈ​ដែល​លោកហ៊ុន សែន​បាន​និយាយ​ថា កំពង់ផែ​នៅ​ក្រុង​ព្រះសីហនុ ​នឹង​មិន​ជាប់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ដូច​ប្រទេស​ស្រីលង្កា​ ដែល​មិន​អាច​បង់ថ្លៃ​សាងសង់​កំពង់ផែ ​Hambantota ហើយ​បាន​និយាយ​ទៀត​ថា ជប៉ុន​បាន​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ដោយ​បានផ្តល់​ហិរញ្ញប្បទានចំនួន ២០០ លាន​ដុល្លារ។

លោក​ Kishida ​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌា​មុនគេ​និង​ធានា​អះអាង​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា Narendra Modi អំពី​ការធ្វើឲ្យ​មានសេរីភាព​និងបើក​ចំហរ​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្លាយ​ជា​សមាជិក​ក្រុមប្រទេស Quad ដូច​ទៅនឹង​ប្រទេស​អូស្រា្តលី​និង​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធភាព​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន។

រូបឯកសារ៖ ប្រជាជន​កម្ពុជា​កាន់​ទង់ជាតិ​ខ្មែរ និង​ទង់ជាតិ​ជប៉ុន ខណៈ​ដែល​ពួកគេ​កំពុង​ស្ដាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ដែល​ឧបត្ថម្ភ​ដោយ​ជប៉ុន នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។ (AP)
រូបឯកសារ៖ ប្រជាជន​កម្ពុជា​កាន់​ទង់ជាតិ​ខ្មែរ និង​ទង់ជាតិ​ជប៉ុន ខណៈ​ដែល​ពួកគេ​កំពុង​ស្ដាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ដែល​ឧបត្ថម្ភ​ដោយ​ជប៉ុន នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។ (AP)

បន្ទាប់មក លោក Kashida នឹង​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា ខណៈលោក Edes និយាយ ថា៖ «មាន​ការរំពឹង​ថា លោក Kashida នឹង​ដាក់សម្ពាធ​ឲ្យ​លោក​ហ៊ុន សែន​គាំទ្រ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​អ៊ុយក្រែន​ហើយ​ជា​ការពិត​ណាស់​នឹង​មាន​ការពិភាក្សា​អំពី​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ផងដែរ»។

រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល កម្ពុជា​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដែល​ជា​សម្ព័ន្ធមិត្ត​សម័យ​សង្គ្រាម​ត្រជាក់​នូវ​ចម្លើយ​រួចហើយដោយ​ការចូលរួម​ជា​សហស្ថាបនិកសេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិនៅ​ក្នុង​ខែ​នេះ​ដែល​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

ពួក​អ្នក​វិភាគ និយាយ​ថា ជំហរ​នេះ ទំនង​នៅ​ដដែល ហើយ​លោក Kishida ត្រូវ​គេ​រំពឹង​នឹង​គាំទ្រ​ការបន្ត​ការចរចា​រវាង​អាស៊ាន​និង​មីយ៉ាន់ម៉ា។

លោក Shuster និយាយ​ទៀត​ថា ការគាំទ្រ​សម្រាប់​លោក ​ហ៊ុន ម៉ាណែត​ មិន​ត្រូវ​បាន​ធានា ហើយ​ជំនួយ​ហិរញ្ញវត្ថុ​ដើម្បី​ទប់ទល់​ផលប្រយោជន៍​ចិន​ដែល​កំពុង​ធ្លាក់ចុះ​ ក៏​មិន​ទទួល​បាន​ដោយ​ស្រួលៗ​ទេ។ លោក និយាយ​ថា កម្ពុជា ត្រូវតែ​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​ប្រវត្តិ​ប្រជាធិបតេយ្យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ហើយ​នឹង​សម្រេច​ថា​តើ​ខ្លួន​ប្រុងប្រៀប​គាំទ្រ​ចិន​នៅ​បរទេស​ត្រឹម​កម្រិត​ណា។

លោក បាន​និយាយ​បន្ត​ទៀត​ថា កម្ពុជា បាន​ពិចារណា​មាគ៌ា​ដែល​បាន​ប្រកាន់​យក​ដោយ​ហ្វីលីពីន​និង​វៀតណាម។ លោក បាន​បន្ថែម​ទៀត​ថា ប្រទេស​ទាំង២ បាន​ចាប់ផ្តើម​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ ជប៉ុន​កាលពីជាង២០ឆ្នាំ​មុន​ដើម្បី​ទប់ទល់​ចិន​ហើយ​ទំនាក់​ទំនង​របស់​ពួកគេ​ឥឡូវនេះ បាន​បន្ត​ហួស​ពីសេដ្ឋកិច្ច​ហើយ​បាន​ចូល​ក្នុងវិស័យ​សន្តិសុខ។

លោក បាន​បន្ថែម​ថា៖ «ឥឡូវនេះ វិធី​ដែល​ជប៉ុន​ធ្វើការគឺ​និយាយ​នៅ​ថ្ងៃ​នេះ មិនមែន​មាន​ន័យ​ថា វា​នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃ​ស្អែក​នោះ​ទេ។ វា​ត្រូវការ​ចំណាយពេល​ពី៣ទៅ៥ឆ្នាំ​ដើម្បី​ធ្វើ​ការ​សម្រេច​អំពី​បញ្ហា​នេះ»៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

អត្ថបទ​ទាក់ទង

XS
SM
MD
LG