ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សម្លឹង​ឃើញ​សក្តានុពល​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​ខ្យល់


រូបឯកសារ៖ ទួរប៊ីនខ្យល់​ដែល​ផលិតថាមពល​ត្រូវបាន​ថត​ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៧។
រូបឯកសារ៖ ទួរប៊ីនខ្យល់​ដែល​ផលិតថាមពល​ត្រូវបាន​ថត​ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៧។

អ្នក​ជំនាញ​មើល​ឃើញ​ពី​សក្តានុពល​របស់​កម្ពុជា​នៅ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ថាម​ពល​ខ្យល់​ ដែល​ជា​ប្រភេទ​ថាមពល​ស្អាត ខណៈ​រដ្ឋាភិបាល​គ្រោង​នឹង​ដំណើរ​ការ​គម្រោង​ថាមពល​ខ្យល់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​នា​ពេល​ខាង​មុខ។

កាល​ពី​ខែ​មករា លោក ហ៊ុន ម៉ាណែត បាន​ជួប​ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន Blue Circle របស់​បារាំង ហើយ​លោក​បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​នេះ​បាន​ជ្រើស​រើស​ខេត្ត​មណ្ឌល​គិរី ដើម្បី​អនុវត្ត​គម្រោង​ទីមួយ​របស់​ក្រុមហ៊ុន​លើ​គម្រោង​ទាញ​យក​ថាម​ពល​ខ្យល់​បំប្លែង​ជា​អគ្គិសនី ដែល​គ្រោង​នឹង​បើក​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ ​២០២៦។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​នាយក​រដ្ឋមន្រ្តី​កាល​ពី​ថ្ងៃ​ទី ​១៥ ខែ​មករា ឆ្នាំ​ ២០២៤។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វីអូអេ លោក Brian Eyler នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍ និង​កម្មវិធី​ថាមពល​ធនធាន​ទឹក និង​ចីរភាព​ នៅ​មជ្ឈមណ្ឌល Stimson​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក លើក​ឡើង​ថា ​ប្រទេសក​ម្ពុជា​មាន​សក្តានុពល​ល្អ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ខ្យល់ និង​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ដែល​ជា​មធ្យោ​បាយ ដើម្បី​បញ្ចៀស​ពី​ថាម​ពល​ធ្យូងថ្ម​និង​គម្រោង​វារី​អគ្គិសនី​ដែល​បង្ក​ផល​ប៉ះ​ពាល់​ផ្សេងៗ។ លោក​បន្ត​ថា កម្ពុជា​ប្តេជ្ញា​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេមេគង្គ ដោយ​ផ្តល់​សារៈ​សំខាន់​នៃ​ជល​ផល​មេគង្គ​ដល់​សន្តិសុខ​ស្បៀង​របស់​កម្ពុជា ហេតុ​នេះ​បាន​កម្ពុជា​ផ្អាក​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​លើ​តួ​ទន្លេ​មេគង្គ។ លោក​ហៅ​ថា​នេះ​ជា «វិធាន​ការ​ដ៏​ឈ្លាស​វៃមួយ»។

លោក​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​៖ ​«ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជាមួយ​នឹង​គម្រោង​ផ្សេង​ទៀត​ដូច​ជា​គម្រោង​ខ្យល់​ ១០០​ មេហ្គាវ៉ាត់ កម្ពុជា​គួរ​តែ​រក្សា​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការការ​ពារ​បរិស្ថាន និង​ស្វែង​យល់​ឱ្យ​បានពេញ​លេញ​អំពី​ផល​វិបាក​នៃ​ផល​ប៉ះ​ពាល់​បរិស្ថាន មុន​ពេល​ឆ្ពោះ​ទៅ​មុខ»។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ហ៊ុន Blue Circle ចុះ​ថ្ងៃ​ទី ​១៧ ខែមករា​ ឆ្នាំ ​២០២៤ នៅ​លើ​គេហទំព័រ​របស់​ខ្លួន ក្រុមហ៊ុន Blue Circle និង​ក្រុមហ៊ុន Royal Group ​ដែល​គ្រប់គ្រង​ដោយ​ឧកញ៉ា គិត ម៉េង បាន​សហការ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ខ្យល់​ដំបូង​របស់​កម្ពុជា​ដែល​មាន​កម្លាំង​ ១០០ ​មេហ្គាវ៉ាត់​នៅ​ខេត្ត​មណ្ឌល​គិរី។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា​ គម្រោង​មួយ​នេះ​ត្រូវបាន​វាស់​ខ្យល់​ចាប់​តាំង​ពី​ឆ្នាំ ២០១៩ ដោយ​មាន​បង្គោល​ប្រវែង​១២០​ម៉ែត្រ និង​ឧបក​រណ៍ SPIDAR ផ្សេងៗ។ បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ ខេត្ត​មណ្ឌលគិរី​ គឺ​ជា​ទីតាំង​ដែល​មាន​ខ្យល់​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​ចំណោម​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «គំរូ​ខ្យល់​ពិសេស​នៃ​ផ្នែក​នៃ​តំបន់​ទន្លេ​មេគង្គ​ក្រោម​នេះ នឹង​ជំរុញ​ការ​ផលិត​ថាមពល​ដែលមាន​សក្តានុពល​ជា​ចម្បង​ក្នុង​រដូវ​ប្រាំង ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែមេ​សា។ ខ្យល់​មូសុង​តាម​រដូវ​នេះ​នឹង​បំពេញ​បន្ថែម​នូវ​ឧត្តម​ភាព​ផលិត​កម្ម​ថាមព​ល​វារី​អគ្គីស​នី​ដែល​តំណាង​ឱ្យ​ជាង ​៤៥% ​នៃ​ល្បាយ​ថាមពល​របស់​ប្រទេស​កម្ពុជា ហើយ​ទំនប់​វារី​អគ្គិសនី​ផលិតថាមពល​ជា​ចម្បង​ក្នុង​រដូវ​វស្សា ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​តុលា»។

ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន Blue Circle និង Royal Group នឹង​រួម​ចំណែក​ដល់​គោល​ដៅ​អព្យាក្រឹត​កាបូន​ឆ្នាំ ២០៥០ របស់​កម្ពុជា​ ដែល​កំណត់​ដោយ​ក្រសួង​បរិស្ថាន កាល​ពី​ឆ្នាំ ២០២២ និង​ថា​ការ​បន្ថែម​ថាមពល​ខ្យល់​ទៅ​ក្នុងល្បាយ​ថាម​ពល​របស់​ប្រទេស​កម្ពុជា​នឹង​មិន​ត្រឹម​តែ​កាត់​បន្ថយ​ថ្លៃ​ដើម និ​ង​ការ​ប្រែប្រួល​តម្លៃ ប្រភព​ផ្គត់ផ្គង់​ដល់​អគ្គិសនី​កម្ពុជា​ដែល​ជា​ស្ថាប័ន​ថាម​ពល​របស់​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ពង្រឹង​ឯករាជ្យ​ភាព​ថាមពល​របស់​ប្រទេស​ជាមួយ​នឹង​ថាម​ពល​ផលិត​ក្នុង​ស្រុក​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​ Blue Circle និង​ក្រុមហ៊ុន Royal Group បាន​នៅ​ឡើយ​ទេ។

ទោះជាយ៉ាងណា មន្រ្តី​កម្ពុជា​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​ថាមពល​ខ្យល់​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​នេះ​នៅ​ឡើយ​ទេ។

រូបឯកសារ៖ ទិដ្ឋភាពចរាចរណ៍នាពេលព្រឹកមេឃស្រទុំ នៅម្តុំវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។
រូបឯកសារ៖ ទិដ្ឋភាពចរាចរណ៍នាពេលព្រឹកមេឃស្រទុំ នៅម្តុំវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។

អ្នកនាំ​ពាក្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​ លោក ហេង គុណលាង ប្រាប់​វីអូអេ​ថា​ លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ពី​គម្រោង​ផលិត​ថាម​ពល​ខ្យល់​ក្នុង​ខេត្ត​មណ្ឌល​គិរី​នេះ​នៅ​ឡើយ​ទេ។

អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ជាក់ ម៉េង​ហ៊ាង​ ប្រាប់​វីអូអេ​ថា ​សាលាខេត្ត​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជា​ផ្លូវការ​ណា​មួយ​ទេ​ ប៉ុន្តែ​លោក​ថា​កន្លង​មក​ធ្លាប់​មា​នក្រុម​ហ៊ុន​សិក្សា​នៅ​ក្នុង​ស្រុក​អូររាំង​និង​ស្រុក​សែន​មនោរម្យ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ច្បាស់​ដែរ​ចាំ​មើល​មាន​ព័ត៌មាន​អីថ្មី​ យើ​ង​នឹង​ជូន​ព័ត៌មាន​តាម​ក្រោយ ប៉ុន្តែ​ឥឡូវ​នេះ​វា​ថ្មី​ម៉ង​ថ្មី​ចែស​។ អត់​ទាន់ដឹង​ថា​តើ​ក្រុម​ហ៊ុន​ណា​ឬមួយ​ស្អី​ គ្រាន់​តែ​ដឹង​ថា​មាន​ក្រុមហ៊ុន​ធ្លាប់​សិក្សា​ពី​ប្រភព​ខ្យល់​អី​ហ្នឹង​ដែរ​ ប៉ុន្តែ​យើង​អត់​ច្បាស់​ដែរ​»។

អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា​ លើក​ឡើង​ថា​ គម្រោង​អភិវឌ្ឍ​ថាម​ពល​កន្លង​ម​ក​ធ្លាប់​មាន​ការ​សិក្សា​ពី​គ្រោង​ថាមពល​ខ្យល់​នៅ​កម្ពុជា​ ដែល​ភាគ​ច្រើនថា​មពល​ខ្យល់​អាច​មាន​សក្តានុពល​នៅ​តំបន់​ជាប់​មាត់​សមុទ្រ​ប្រទេស​មាន​ដូចជា​ខេត្តកំ​ពត​ជាដើម​។ ទោះជាយ៉ាង​ណា​ លោក​បន្ត​ថា ​គម្រោង​អភិវឌ្ឍ​ថាម​ពល​ខ្យល់​ខ្នាត​ធំ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ប្រាប់​វីអូអេ​តាមប្រព័ន្ធ​តេឡេក្រាម​ជា​អក្សរ​ថា​៖ «គម្រោង​ថាមពលខ្យល់​គឺជា​គម្រោងថា​មពល​ស្អាត​ដែល​កម្ពុជាកំពុង​យក​ចិត្តទុកដាក់​និង​លើក​ទឹក​ចិត្ត​ក្នុង​ការ​ផលិត​ថាម​ពល​ស្អាត​នៅ​ក្នុង​ប្រទេស ដែល​ជា​ប្រភេទ​ថាមពល​កកើត​ឡើង​ក្នុង​ថាមពល​កើត​ឡើង​វិញ​ផ្សេង​ទៀត ​ដែល​កម្ពុជា​បាន​អភិវឌ្ឍ​រួមមាន​ថាមពល​ពន្លឺព្រះ​អាទិត្យ​ និង​ថាមពល​វារី​អគ្គិ​ស​នី។ ថាមពល​កកើត​ឡើង​វិញ​ទាំង​នេះ​ក៏​ស្ថិត​នៅ​ក្នុង​ផែន​មេ​សម្រាប់​អភិវឌ្ឍថាម​ពល»។

ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ លោក ហេង គឹម​ហុង ប្រាប់​វីអូអេ​ថា ​លោក​សាទរ​ចំពោះ​ការ​វិវឌ្ឍថ្មី​មួយ​នេះ​ ដែល​លោក​ថា កម្ពុជា​អាច​ឈាន​ទៅ​រក​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ជំនួស​ឱ្យ​ប្រភេទ​ថាមពល​កើត​ចេញ​ពី​ទំនប់​វារី​អគ្គី​សនី ដែល​នៅ​តែ​ជា​ក្តី​បារម្ភ​នៃ​ការ​បង្ក​ផល​ប៉ះពាល់​ទឹក​ទន្លេ។ លោក​បន្ត​ថា​ ខណៈ​រដ្ឋាភិ​បាល​គ្រោង​កសាង​ថាម​ពល​ខ្យល់​ រដ្ឋាភិបាល​ក៏​គួរតែ​លុប​ចោល​វិញ​ចំពោះ​គម្រោង​ទំនប់​វារីអគ្គី​សនី​នានា​ផង​ដែរ​។

លោក​ថ្លែ​ងថា៖ «ហើយ​យើង​សង្ឃឹម​ថា ​គម្រោង​នេះ​នឹង​ដំណើរ​ការ​ឆាប់​ៗ​ ហើយ​ទន្ទឹម​នឹងការ​អភិវឌ្ឍ​គម្រោង​នេះ​ ក៏​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ដែល​គ្រោង​កំពុង​សិក្សា​អំពី​គម្រោ​ង​កសាង​ទំនប់​វារីអគ្គី​សនី​តាម​បណ្តោយ​ទន្លេស្រែ​ពក​ហ្នឹង​គួរ​តែ​ពិចារ​ណា​លុប​ចោល​គម្រោង​នេះ​វិញ ដើម្បី​បញ្ចៀស​នូវ​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ទៅ​ដល់​អេកូឡូស៊ី​ទន្លេ ហើយ​និង​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ»។

បើ​តាម​លោក ហេង គឹមហុង​ រដ្ឋាភិបាល​គួរ​តែ​ជំរុញ​នូវ​ការ​អភិវឌ្ឍ​ថាម​ពល​ខ្យល់​នេះ​ឱ្យ​បាន​លឿន ខណៈ​កម្ពុជា​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​កាត់​បន្ថយ​ឬក៏​លុប​ចោល​នូវ​គម្រោង​ធ្យូង​ថ្ម។

​ក្រៅ​ពី​ក្រុមហ៊ុន​បារាំង ក៏​មាន​ក្រុមហ៊ុន​ចិន​ឈ្មោះ ​China Datang Corporation Ltd បង្ហាញ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​ផលិត​ថាមពល​ខ្យល់​នេះ​ផង​ដែរ។ កាល​ពី​ខែ​តុលា ឆ្នាំ​មុន លោក ហ៊ុន ម៉ាណែត បាន​ជួប​តំណាង​ក្រុម​ហ៊ុន​នេះ «ហើយ​ក្រុមហ៊ុន​បាន​ប្តេជ្ញា​ក្នុង​ការ​បង្កើន​ទុន​វិនិយោគ​ចំនួន ៦០០​លានដុល្លារ​អាមេរិក​បន្ថែម​ទៀត លើ​គម្រោង​ក្នុង​វិស័យ​ថាមពលពន្លឺ​ព្រះ​អាទិត្យ និង​ថាមពល​ខ្យល់ ដើម្បី​ជា​ការ​រួម​ចំណែក​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិទី៧ថ្មីនេះ»។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បង្ហោះ​លើ​ហ្វេស​ប៊ុក​នាយក​រដ្ឋមន្រ្តី។

បើ​តាម​យោង​តាម ​Global Energy Monitor ប្រទេស​សមាជិក​អាស៊ាន​ទាំង ​១០ ​មាន​តែ​ប្រទេស​វៀតណាម ថៃ​ ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​ តែ​ប៉ុណ្ណោះ​ដែល​កំពុង​ដំណើរ​ការការ​ថាម​ពល​ខ្យល់​ ខណៈ​ប្រទេស​ជា​សមាជិកផ្សេង​ទៀត​មិន​ទាន់​មាន​នោះ​ទេ រួម​ទាំង​កម្ពុជា​ផង​ដែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG