ក្រុមហ៊ុនដឹកនាំដោយឧកញ៉ាល្បីឈ្មោះមួយរូបបានចាប់ផ្តើមដំណើរការសុំការអនុញ្ញាតធ្វើប្រតិបត្តិការសាងសង់ទំនប់វារីអគ្គិសនីចំនួនពីរ ដែលត្រូវបានផ្អាកមួយរយៈ នៅខេត្តរតនគិរី។ នេះបើយោងតាមឯកសារពិនិត្យដោយវីអូអេ។ ការណ៍នេះបានបង្កការព្រួយបារម្ភដល់អ្នកការពារបរិស្ថានដែលនិយាយថា គម្រោងទំនប់វារីអគ្គិសនីនេះអាចបង្អាក់ជីវភាពជនជាតិដើមភាគតិច និងប្រព័ន្ធអេកូឡូស៊ីនៅទន្លេមេគង្គ។
ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ និងទំនប់វារីអគ្គិសនីសេសានក្រោម ៣ ជាដៃទន្លេមេគង្គ ទីដែលទំនប់វារីអគ្គិសនីទាំងនេះគ្រោងនឹងត្រូវសាងសង់ឡើង និងជាផ្នែកមួយប្រព័ន្ធទំនប់វារីអគ្គិសនីនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០០៣ មក នៅពេលដែលក្រុមហ៊ុនចិនមួយចំនួនបានព្យាយាមដើម្បីទទួលបានការអនុញ្ញាតឱ្យសាងសង់ទំនប់វារីអគ្គិសនីកាលពីប្រមាណមួយទសវត្សរ៍កន្លងទៅ ប៉ុន្តែគម្រោងទាំងនោះមិនបានវិវត្តទៅមុខនោះទេ។
ឥឡូវនេះ ការងារវាយតម្លៃនៅទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ កំពុងត្រូវបានធ្វើឡើងម្តងទៀត ដោយផែនការនឹងមានដូចគ្នាសម្រាប់ទំនប់វារីអគ្គិសនីសេសានក្រោម ៣ ដែលនាពេលនេះស្ថិតក្រោមក្រុមហ៊ុនចំនួនពីរគ្រប់គ្រងដោយឧកញ៉ា គិត ម៉េង។ លិខិតមួយបញ្ជូនទៅកាន់សាលាស្រុកមួយចំនួននៅខេត្តរតនគិរី រូបថតបង្ហាញពីរបាយការណ៍សិក្សាពីសមិទ្ធិលទ្ធភាព និងកំណត់ត្រារបស់ក្រុមហ៊ុនបង្ហាញថា ក្រុមហ៊ុន China (Cambodia) Rich International Co. និងក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង កំពុងធ្វើការដើម្បីបញ្ចប់ការសិក្សាពីសមិទ្ធិលទ្ធភាពនៃការសាងសង់ទំនប់វារីអគ្គិសនីនៅឯទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ និងទំនប់វារីអគ្គិសនីសេសានក្រោម ៣។ ការសិក្សានេះនឹងត្រួសត្រាយផ្លូវឱ្យមានការអនុញ្ញាតឱ្យសាងសង់ទំនប់វារីអគ្គិសនីទាំងនេះ។
លោក លាង ប៊ុនលាភ នាយកអង្គការបណ្តាញការពារទន្លេបី (3S Rivers Protection Network) ប្រចាំខេត្តរតនគិរី បាននិយាយថា ប្រជាជនប្រមាណ ១ម៉ឺនគ្រួសារ អាចរងការប៉ះពាល់ដោយទំនប់វារីអគ្គិសនីតាមបណ្តោយដៃទន្លេមេគង្គទាំងបី។
ដោយសំដៅលើរដ្ឋាភិបាលនិងអ្នកវិនិយោគ លោក ប៊ុនលាភ បានប្រាប់វីអូអេថា៖ «ពួកគេប្រយ័ត្នប្រយែងខ្លាំងក្នុងការចែករំលែកព័ត៌មានថា តើពួកគេកំពុងរៀបចំគម្រោងទំនប់វារីអគ្គិសនី ឬយ៉ាងណានោះ។ ពួកគេមិនបើកចំហនោះទេ។ មនុស្សជាច្រើននៅក្នុងសហគមន៍មិនបានដឹងពីរឿងនេះនោះទេ»។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ស្រុកចំនួនបីក្នុងខេត្តរតនគិរី រួមមាន ស្រុកវើនសៃ ស្រុកតាវែង និងស្រុកអណ្តូងមាស បានទទួលលិខិតពីអាជ្ញាធរខេត្តស្វែងរកការសហការក្នុងការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ទំនប់វារីអគ្គិសនីសេសាន ៣។
លិខិតដែលវីអូអេបានពិនិត្យមើលបានលើកឡើងថា ក្រុមហ៊ុន China (Cambodia) Rich International Co. ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់មួយកាលពីឆ្នាំ ២០២០ ជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីសិក្សាពីទីតាំងរបស់ទំនប់វារីអគ្គិសនី។ កំណត់ត្រាពីក្រសួងពាណិជ្ជកម្មបានបង្ហាញឈ្មោះប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុននេះ ក្រៅពីលោក គិត ម៉េង រួមមានលោក Thomas Pianka និងលោក Mark Hanna ដែលមានតំណែងជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង។ ទាំងលោក Thomas Pianka និងលោក Mark Hanna មិនបានឆ្លើយតបសំណើសុំការអធិប្បាយនោះទេ។
ដំណាលគ្នានេះ រូបថតបង្ហាញពីរបាយការណ៍សមិទ្ធិលទ្ធភាពនៃទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ នៅស្រុកលំផាត់ ដែលវីអូអេបានពិនិត្យមើល បានសំដៅទៅលើ «គម្រោងទំនប់វារីអគ្គិសនីស្រែពក ៣អា ទំហំ ៣០០ មេហ្កាវ៉ាត់»។ គម្រោងនេះជារឿយៗត្រូវបានសំដៅជា «ទំនប់វារីអគ្គិសនីស្រែពក ក្រោម ៣» ប៉ុន្តែពេលខ្លះក្រោមឈ្មោះជា «ទំនប់វារីអគ្គិសនីស្រែពក ៣អា»។
ជាការឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមហ៊ុន China (Cambodia) Rich International Co. នៅទំនប់វារីអគ្គិសនីសេសានក្រោម ៣ អភិបាលខេត្តរតនគិរីលោក ញ៉ែម សំអឿន បានឆ្លើយតបអំពីទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ ដោយប្រាប់វីអូអេតាមរយៈសារជាលាយលក្ខណ៍អក្សរថា «ក្រុមហ៊ុននេះ» បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពចំពោះទំនប់វារីអគ្គិសនីស្រែពកក្រោម៣ និងជួបជាមួយអាជ្ញាធរខេត្ត ហើយឥឡូវនេះ ក្រុមហ៊ុនមានគម្រោងបញ្ចប់ដំណាក់កាលបន្ទាប់នៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន។ លោក សំអឿនបានបន្តថា គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម ៣ នឹងទទួលបានការសិក្សាបន្ទាប់។ ក្រោយពីនេះមក លោកមិនបានលើកទូរសព្ទចំពោះការទាក់ទងសុំការអធិប្បាយបន្ថែមនោះទេ។
កិច្ចប្រឹងប្រែងដើម្បីសើរើគម្រោងទំនប់វារីអគ្គិសនីខាងលើឡើងវិញបានធ្វើឡើង ស្របពេលរដ្ឋាភិបាលកម្ពុជាកំពុងដាក់ខ្លួនឱ្យឃ្លាតឆ្ងាយពីគម្រោងទំនប់វារីអគ្គិសនីដទៃទៀត។ កាលពីចុងខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាននិយាយថា រដ្ឋាភិបាលនឹង «មិនសាងសង់ទំនប់វារីអគ្គិសនីណាមួយតាមដងទន្លេមេគង្គនោះទេ» ដោយសារផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ ដោយលើកឡើងពីការផ្អាកបណ្តោះអាសន្នរយៈពេល ១០ឆ្នាំ ដែលត្រូវបានប្រកាសឡើងកាលពីឆ្នាំ ២០២០។
ការសន្យានេះទទួលបានការកោតសរសើរពីអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ ដែលនិយាយថា នេះនឹងជួយការពារទន្លេមេគង្គ និងបឹងទន្លេសាប ដែលជាប្រភពជលផលចម្បងមួយនៅលើពិភពលោក។
លោក Ian Baird សាស្រ្តាចារ្យសាកលវិទ្យាល័យ Wisconsin ដែលសិក្សាពីការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គ បាននិយាយថា គម្រោងទំនប់វារីអគ្គិសនី ដែលត្រូវបានគ្រោងលើដងទន្លេមេគង្គ នៅស្រុកសំបូរ និងនៅខេត្តស្ទឹងត្រែង អាចនឹង «បង្កការប៉ះពាល់ធ្ងន់ធ្ងរ» ទៅលើធនធានជលផល ជលវិទ្យានិងប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេនេះ។
លោក Baird បានថ្លែងថា៖ «ទំនប់វារីអគ្គិសនីទាំងពីរនេះនឹងមានផលប៉ះពាល់ខ្លាំង ដូច្នេះជារឿងល្អមួយ ដែលមាន [ការប្រកាស] ឡើង។ នេះមិនមែនត្រឹមតែពាក់ព័ន្ធនឹងកម្ពុជាប៉ុណ្ណោះទេ។ វាពាក់ព័ន្ធនឹងតំបន់ទាំងមូល ហើយខ្ញុំគិតថា កម្ពុជាគួរតែទទួលបានការណែនាំអំពីរឿងនេះ»។
ប៉ុន្តែសេចក្តីប្រកាសពីផ្អាកជាបណ្តោះអាសន្នមិនអនុវត្តលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីតាមដៃទន្លេ ដូចជា គម្រោងទំនប់វារីអគ្គិសនីទាំងពីរនៅខេត្តរតនគិរីនោះទេ។
អ្នកស្រី ហ្វៃ សុត ពលរដ្ឋកម្ពុជាកាត់ឡាវវ័យ ៦៨ឆ្នាំ និងជាតំណាងក្រុមពលរដ្ឋជនជាតិដើមភាគតិចនៅស្រុកវើនសៃ បាននិយាយថា អ្នកស្រីបានដឹងកាលពីឆ្នាំមុនថា ទំនប់វារីអគ្គិសនីសេសានក្រោម ៣ នឹងបន្តទៅមុខ។ ដូចអ្នកជិតខាងរបស់អ្នកស្រី អ្នកស្រីរស់នៅចម្ងាយ ១០ ម៉ែត្រពីទន្លេ ហើយពឹងផ្អែកលើទន្លេសម្រាប់ការនេសាទប្រចាំថ្ងៃនិងការធ្វើកសិកម្ម។
កាលពីជាង ១០ឆ្នាំមុន នៅពេលទំនប់វារីអគ្គិសនីត្រូវបានសិក្សាលើកដំបូងសម្រាប់ការអភិវឌ្ឍ ពលរដ្ឋក្នុងស្រុកវើនសៃបានដាក់ញត្តិទៅកាន់រដ្ឋាភិបាលប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីនេះ។
អ្នកស្រី សុត បានថ្លែងថា៖ «នៅពេលទំនប់វារីអគ្គិសនីត្រូវបានសង់ឡើង បរិមាណទឹកទន្លេនឹងថយចុះ ហើយវានឹងមានការលំបាកសម្រាប់ពួកយើងក្នុងការធ្វើស្រែចម្ការ នេសាទ ឬសូម្បីតែប្រើប្រាស់ទឹកទន្លេសម្រាប់ផឹក»។
អ្នកស្រីបានបន្ថែមថា៖ «យើងមិនចង់ត្រូវរងការបង្ខំឱ្យចាកចេញពីទីនេះនោះទេ។ ប្រសិនបើយើងចាកចេញ យើងនឹងចាប់ផ្តើមពីចំណុចសូន្យឡើងវិញ»។
មេដឹកនាំមូលដ្ឋាននិយាយថា ពួកគេមិនទាន់ទទួលបានសេចក្តីលម្អិតពីគម្រោងទំនប់វារីអគ្គិសនីនៅឡើយទេ។ អភិបាលស្រុកវើនសៃលោក ហេង សាវឿន បាននិយាយថា គ្មានតំណាងណាម្នាក់ពីក្រុមហ៊ុនបានមកទាក់ទងសាលាស្រុកដើម្បីពិភាក្សាពីការសិក្សាសមិទ្ធិលទ្ធភាពនោះទេ។ មន្រ្តីស្រុកលំផាត់ បានបដិសេធមិនធ្វើការអធិប្បាយ ឬបាននិយាយថា ពួកគេមិនដឹងថា ក្រុមហ៊ុនណាមួយជាប់ពាក់ព័ន្ធនោះទេ។
ក្រុមហ៊ុនចិន Sinohydro Group ពីមុនមកត្រូវបានគេរំពឹងថា នឹងអភិវឌ្ឍទំនប់វារីអគ្គិសនីសេនសានក្រោម ៣។ ក្រុមហ៊ុនកូរ៉េ KTC Cable Co. ក៏បានសិក្សាពីគម្រោងនេះផងដែរ ស្របពេលក្រុមហ៊ុនចិន Huadian Hong Kong Co. Ltd ត្រូវបានផ្សារភ្ជាប់នឹងគម្រោងទំនប់វារីអគ្គិសនីស្រែពកក្រោម ៣។ នេះបើយោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុក។ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលមិនឆ្លើយតបនឹងសំណើសុំការអធិប្បាយនោះទេ។
ក្រៅពីផ្នែកទូរគមនាគមន៍ ធនាគារ និងអចលនទ្រព្យ ក្រុមហ៊ុន Royal Group ត្រូវបានគេដឹងថា បានសហការអភិវឌ្ឍគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម ២ នៅខេត្តស្ទឹងត្រែង ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ចាត់ទុកថាជា «គ្រោះមហន្តរាយ» បន្ទាប់ពីការសាងសង់រួចរាល់នៅឆ្នាំ ២០១៨។ ប្រជាជនប្រមាណ ៥.០០០នាក់ ដែលភាគច្រើនជាសមាជិកក្រុមជនជាតិដើមភាគតិច ត្រូវបានបង្ខំឱ្យចាកចេញ ឬបាត់បង់ជីវភាពរបស់ខ្លួន ស្របពេលគម្រោងនេះបានបំផ្លាញទិន្នផលត្រី និងប្រព័ន្ធអេកូឡូស៊ី។
ក្រុមហ៊ុននេះក៏ត្រៀមនឹងអភិវឌ្ឍគម្រោងទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង មុនពេលការប្រកាសពីសំណាក់លោក ហ៊ុន ម៉ាណែត អំពីការផ្អាកមួយរយៈ។
លោក ម៉ក់ ប៊ុនធឿន ប្រធានគ្រប់គ្រងកម្មវិធីប្រចាំវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ដែលធ្វើការគាំពារសិទ្ធិសហគមន៍នៅក្នុងការរៀបចំផែនការគម្រោងទំនប់វារីអគ្គិសនី បាននិយាយថា លោកជឿថា ការសោកស្តាយជុំវិញផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម ២ បានជះឥទ្ធិពលមកលើសេចក្តីសម្រេចកាលពីពេលថ្មីៗរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេធំ។
លោកបានថ្លែងថា៖ «ពួកគេព្យាយាមរក្សាភាពស្ងប់ស្ងាត់ និងលើកឡើងពីរឿងល្អតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំគិតថា រដ្ឋាភិបាលបានរៀនមេរៀនពីការអភិវឌ្ឍនេះ និងបានប្រើប្រាស់ជាមូលដ្ឋាន ឬជាភស្តុតាង ដើម្បីសម្រេចថាតើគម្រោងទំនប់វារីអគ្គិសនីលើដងទន្លេធំគួរតែបន្តទៅមុខ ឬទេ»។
ចំនួននៃគម្រោងទំនប់វារីអគ្គិសនីដែលមានសក្តានុពលនៅកម្ពុជាគឺ មិនមានភាពច្បាស់លាស់នោះទេ។ គម្រោង «តាមដានទំនប់វារីអគ្គិសនីតំបន់ទន្លេមេគង្គ» របស់មជ្ឈមណ្ឌល Stimson បានតាមដានគម្រោងទំនប់វារីអគ្គិសនីដែលត្រូវបានកំណត់ឡើងចំនួន ៦០ គម្រោងចាប់ពីទសវត្សរ៍ឆ្នាំ ២០០០មក។ ការស្រាវជ្រាវពីអង្គការវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ជាមួយនឹងផែនការអភិវឌ្ឍវិស័យថាមពលឆ្នាំ ២០៤០ របស់រដ្ឋាភិបាលកាលពីដើមឆ្នាំនេះបង្ហាញថា មានគម្រោងទំនប់វារីអគ្គិសនីប្រហែល ១៧គម្រោង៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា
វេទិកាបញ្ចេញមតិ