ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖​ ​ចលាចល​ក្នុង​ទីផ្សារភាគ​ហ៊ុន​ចិន​បង្ក​​ហានិភ័យ​តិចតួច​ទៅលើ​ការ​រីកសាយ​បញ្ហា​ហិរញ្ញវត្ថុ


វិនិយោគិន​ម្នាក់​កំពុង​សម្លឹង​មើល​ផ្ទាំង​ព័ត៌មាន​អំពី​ផ្សារភាគហ៊ុន​ នៅឯ​ការិយាល័យឈ្មួញ​កណ្តាល​មួយ​ ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេសចិន កាលពីថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ២០១៥។
វិនិយោគិន​ម្នាក់​កំពុង​សម្លឹង​មើល​ផ្ទាំង​ព័ត៌មាន​អំពី​ផ្សារភាគហ៊ុន​ នៅឯ​ការិយាល័យឈ្មួញ​កណ្តាល​មួយ​ ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេសចិន កាលពីថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ២០១៥។

ចលាចល​ក្នុង​ទីផ្សារ​ភាគហ៊ុន​ចិន​ក្នុង​ពេលថ្មីៗ​នេះ​ បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​តម្លៃ​ភាគ​ហ៊ុន​និងទំនិញ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត ក៏​ប៉ុន្តែ​អ្នក​ជំនាញ​មួយ​ចំនួន​អះ​អាង​ថា ​ផល​ប៉ះពាល់​នោះ​ ស្ថិត​ក្នុង​កម្រិត​មួយ​តិច​តួច​ប៉ុណ្ណោះ​ទៅ​លើ​សេដ្ឋកិច្ច​សកលោក។

ទីផ្សារ​ភាគហ៊ុន​ចិន​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង ​ហើយ​ទើប​តែ​បាន​ងើប​ឡើង​បន្តិច​ក្រោយ​ពី​មាន​អន្តរាគមន៍​របស់​រដ្ឋាភិបាល ដែល​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​ចំនួន​ ប៉ុន្តែក៏​បាន​ជួយ​គាំទ្រ​ដល់​ពាណិជ្ជកម្ម​មួយ​ចំនួន​ផ្សេង​ទៀត។ អ្នក​ដែល​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ប្រទេស​ចិន ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។

ស្រ្តី​អ្នក​វិនិយោគ​ម្នាក់ ​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ក៏ប៉ុន្តែ​ពេល​នេះ​ នាង​បែរ​ជា​មាន​ការ​ព្រួយ​បារម្ភ​ហើយងឿង​ឆ្លល់​ថា ​«តើ​យើង​អាច​ទ្រាំទ្រ​បាន​ដោយ​របៀប​ណា?»

លោក Jack Lew ​រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា ​ការ​គ្រប់គ្រង​យ៉ាង​តឹង​រ៉ឺង​របស់​រដ្ឋាភិបាល​ទៅលើ​ទីផ្សារ​នានា​ អាច​ធ្វើ​ឲ្យរាំងស្ទះ​ដល់​សេដ្ឋកិច្ច​ ក៏​ប៉ុន្តែ​ការ​គ្រប់គ្រង​នេះ​ ក៏​មាន​ន័យ​ថា​ ប្រទេស​ចិន​នឹង​មិន​អាច​នាំ​យក​បញ្ហា​របស់​ខ្លួន​ឲ្យ​សាយភាយ​ទៅ​ដល់​បណ្តា​ប្រទេស​ដទៃទៀត​ដែរ។

«ទីផ្សារ​ចិន​ស្ថិត​នៅ​ដាច់​តែ​ឯង​ពី​ទីផ្សារ​ពិភពលោក។ ទីផ្សារ​ទាំង​នោះ​ពិត​ណាស់​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​ជាមួយ​នឹង​ទីផ្សា​រដទៃ​ទៀត ​ក៏ប៉ុន្តែ​ ពេល​នេះ​វា​មិនទាន់​អញ្ចឹងទេ»។

លោក​ Derek Scissors ​អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​វិទ្យាស្ថាន​សហគ្រិន​អាមេរិក​ និយាយ​ថា​ ទីផ្សារ​ភាគហ៊ុន​ចិន​មាន​ទំនាក់​ទំនង​តិចតួច​ប៉ុណ្ណោះ​ជា​មួយ​នឹង​សេដ្ឋកិច្ច​ស្នូលរបស់​ខ្លួន​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ឯទៀតៗ។
«ប្រជាជន​ចំនួន​៩០​លាន​នាក់​មាន​ប័ណ្ណ​ភាគ​ហ៊ុន​នៅ​ប្រទេស​ចិន ​ដែល​នេះ​ស្ដាប់​ទៅ​ហាក់​ដូច​ជា​ច្រើន​ណាស់ ​មុន​ពេល​ដែល​យើងនឹក​ឃើញ​ថា​ មាន​មនុស្ស​រហូត​ដល់​ទៅ​១,៣​ពាន់​លាន​នាក់​ឯណោះ​ដែល​គ្មាន​ប័ណ្ណ​ភាគហ៊ុន»។

ការ​កើន​ឡើង​នៃ​តម្លៃ​ហ៊ុន​បាន​បណ្ដាល​ឲ្យ​វិនិយោគិនមាន​អារម្មណ៍​ថា ​ខ្លួន​មាន​ទ្រព្យ​ច្រើន​ជាង​មុន ដែលធ្វើ​ឲ្យ​ប្រជាជន​ចំណាយ​ច្រើន​ជាង​មុនហើយ​និង​នាំ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។ ​ក៏ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ចិន​ «ឥទ្ធិពល​នៃ​ទ្រព្យ​សម្បត្តិ​នេះ»​មាន​តែ​ចំពោះ​ប្រជាជន​ក្នុង​កម្រិត​មួយ​តូច​ប៉ុណ្ណោះ​ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​ដៃ។

លោក BILL ADAMS ​អ្នក​សេដ្ឋសាស្ត្រ​ប្រចាំ​ធនាគារ​ PNC​ មាន​ប្រសាសន៍​តាម​ប្រព័ន្ធ ​Skype​ ថា​ មាន​ការ​ជាប់​ទាក់​ទង​គ្នា​តិច​តួច​រវាង​ភាគ​ហ៊ុន​និង​កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន។ លោក​បាន​បញ្ជាក់​ដែរ​ថា​ កំណើន​សេដ្ឋកិច្ច​មាន​ភាព​យឺតយ៉ាវ ​ក៏ប៉ុន្តែ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ខ្លាំង​ដដែល។

«យើង​នៅ​តែ​សង្ឃឹម​ថា​ កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​ពិត​ប្រាកដ​នឹង​មាន​ចន្លោះ​ពី៦,៥ ទៅ៧​ភាគរយ​នៅ​ឆ្នាំ​២០១៥​ នេះ»។

ប្រទេស​ចិន​កំពុង​តែ​ផ្លាស់​ប្តូរ​យឺតៗ​ពី​សេដ្ឋកិច្ច​ឧស្សាហកម្ម​ដែល​មាន​លក្ខណៈ​មជ្ឈការ​ខ្លាំង​ ទៅ​ជា​សេដ្ឋកិច្ច​បែប​ទីផ្សារ​ដែល​យក​ចិត្ត​ទុកដាក់​លើ​តម្រូវ​ការ​អ្នក​ប្រើប្រាស់​វិញ។

លោក​ Lew ​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ​មាន​ការ​បារម្ភ​ថា​ ភាព​វឹកវរ​ផ្នែក​ទីផ្សារ​ភាគហ៊ុន​អាច​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​កំណែ​ទម្រង់​ដែល​អាច​ជួ​យ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។

«ភាពវឹកវរ​នេះនឹង​នាំ​ឲ្យ​មាន​កំណើន​យឺតៗ​ ប៉ុន្តែ​យើង​សង្ឃឹម​ថា​ វា​ជា​កម្រិត​កំណើន​មួយ​ដែល​មាន​និរន្តរភាព ដែល​នឹង​អាច​ជួយ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​ប្រជាជន​ចិន ហើយ​ក៏ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ដល់​សេដ្ឋកិច្ច​សាកលលោក​ផង​ដែរ»។

ហេតុ​ដូច្នេះ ​លោក ​Lew ​បាន​បញ្ជាក់​ថា​ វា​ជា​រឿង​ចាំ​បាច់​ណាស់​សម្រាប់​ទីក្រុង​ប៉េកាំង​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​ចលាចល​នៃ​ផ្សារ​ភាគហ៊ុន​នេះ ​តាមវិ​ធីសាស្ត្រ​ណា​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​លក្ខណៈ​ជា​សេដ្ឋកិច្ច​ទីផ្សារ​ពេញ​លេញ។ ក៏​ប៉ុន្តែ​ លោក ​Scissors ​ឯណោះ​វិញ ​បាន​លើក​ឡើង​ថា ​ពេល​នេះ ប្រទេស​ចិន​កំពុងតែ​ដើរ​ទៅ​តាម​ផ្លូវ​មួយ​ផ្សេងទៀត៕

ប្រែសម្រួល​ដោយ​ ស៊ុន សុខេន

XS
SM
MD
LG