ក្រសួងយុត្តិធម៌ស.រ.អា.បានចោទប្រកាន់ជនជាតិចិន៦នាក់ពីបទធ្វើចារកម្មសេដ្ឋកិច្ចនិងអំពីការលួចការសម្ងាត់ពាណិជ្ជកម្មដោយថា ជនទាំងនេះបានលួចការសម្ងាត់បច្ចេកវិជ្ជាស.រ.អា.ហើយបានចែកចាយការសម្ងាត់ទាំងនេះទៅឲ្យសាកលវិទ្យាល័យនិងក្រុមហ៊ុនដែលត្រូតត្រាដោយរដ្ឋាភិបាលចិន។
ពួកមន្ត្រីស.រ.អ.បានលាតត្រដាងដីកាចោទប្រកាន់ដែលបានត្រូវដាក់ស្នើកាលពីខែមុននៅក្នុងរដ្ឋធានី Washington ហើយបានប្រកាសអំពីការចោទប្រកាន់ទាំងនេះកាលពីថ្ងៃអង្គារ។ ពួកចុងចោទទាំងនេះដែលសុទ្ធតែជាជនជាតិចិនមានរួមបញ្ចូលឈ្មោះ Hao Zhang ដែលកំពុងជាប់ឃុំឃាំង ឈ្មោះ Wei Pang
ដែលជាវិស្វករដូចឈ្មោះ Hao Zhang ដែរ រួមទាំងមនុស្សបួននាក់ទៀតដែលជាវិស្វករនិងសាស្ត្រាចារ្យចិន។ ពួកគេត្រូវបានចោទប្រកាន់ថា បានលួចការសម្ងាត់ពាណិជ្ជកម្មពីក្រុមហ៊ុនបច្ចេកវិជ្ជាស.រ.អា.ពីរគឺក្រុមហ៊ុន Skyworks Solutions និងក្រុមហ៊ុន Avago Technologies។
ក្រុមហ៊ុនអាមេរិកាំងទាំងនេះផលិតតម្រងរលកធាតុអាកាសវិទ្យុដែលគេហៅថា Film Bulk Acoustic Resonators ហៅកាត់ថា FBARs ដែលជាប្រដាប់ប្រើប្រាស់ក្នុងទូរស័ព្ទ cellphones និងប្រដាប់ចល័តឯទៀតៗដែលទទួលនិងបញ្ជូនសញ្ញាទិន្នន័យតាមរលកធាតុអាកាស៕